ស្ដ្រីដែលត្រូវមេខ្យល់ជួញដូរទៅចិន ស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍បានវិលត្រឡប់មកប្រទេសវិញ ដោយសារស្ដ្រីរងគ្រោះត្រូវប្ដីជនជាតិចិនបំបិទសិទ្ធិសេរីភាព និងបង្ខំឱ្យមានកូន។ យ៉ាងណាអង្គការសិទ្ធិមនុស្ស ស្នើឱ្យរាជរដ្ឋាភិបាលចាត់វិធានការឱ្យម៉ឺងម៉ាត់ទៅលើមេខ្យល់។ គេចាត់ទុកថា ករណីដែលស្ត្រីខ្មែរចាញ់បោកមេខ្យល់នេះ គឺដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានទូលំទូលាយអំពីបទល្មើសឆបោក។ លោកគីម ចាន់ចាវ រាយការណ៍
តាមលិខិតស្នើសុំអន្តរាគមន៍ដែលបានដាក់ជូនប្រធាននាយកដ្ឋានប្រឆាំងនឹងការជួញដូរមនុស្ស និងការពារអនីតិជន របស់អ្នកស្រី ដួង សុខន ចុះថ្ងៃទី២៨ ខែវិច្ឆិកាកន្លងមកនេះថា កូនស្រីខ្លួនអាយុ ៣៧ឆ្នាំ បានចាញ់បោកមេខ្យល់ឈ្មោះលីន បញ្ចុះបញ្ជូលទៅយកប្ដីជនជាតិចិន ធានាបានការងារល្អៗ និងមានប្រាក់ខែច្រើន។ តែនៅពេលទៅដល់ប្រទេសចិន ស្ដ្រីរងគ្រោះដែលជាកូន ត្រូវ ប្ដីជនជាតិចិនឃុំនៅក្នុងផ្ទះ បំបិទសិទ្ធិសេរីភាព បង្ខំឱ្យឆាប់មានកូន។
លិខិតស្នើសុំអន្តរាគមន៍បញ្ជាក់ថា បច្ចុប្បន្នស្ដ្រីរងគ្រោះ កំពុងស្នាក់នៅផ្ទះប្ដីជនជាតិចិននៅភូមិអ៊ីជូជីន ឃុំវួយធាន ស្រុកសុងសឺ ខេត្តហ៊ូចៀន ប្រទេសចិន។
អ្នកស្រី ដួង សុខន ម្ដាយស្ដ្រីរងគ្រោះដែលត្រូវមេខ្យល់យកទៅលក់ធ្វើជាប្រពន្ធជនជាតិចិន រៀបរាប់ ប្រាប់វិទ្យុស្ដ្រីថា កូនស្រីបាត់ខ្លួនចាប់តាំងពីខែកញ្ញាមក ដោយមុនការបាត់ខ្លួន អ្នកស្រីថា កូនខ្លួនគ្រាន់តែប្រាប់ថាទៅដើរជាមួយមិត្តភក្ដិ តែក្រោយពីរសប្ដាហ៍មកកូនស្រីខ្លួនក៏ទាក់ទងមកប្រាប់ថា ឥលូវកំពុងនៅប្រទេសចិន។ មកដល់ពេលនេះ អ្នកស្រីបានប្ដឹងទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សហើយ ប៉ុន្តែនៅមិនទាន់មានព័ត៌មានអ្វីនៅឡើយទេ។
អ្នកស្រី ដួង សុខន៖ «និយាយថាយំបណ្ដើរអីបណ្ដើរ ដល់ពេលអ៊ីចឹងខ្ញុំពិបាកណាស់អូន វាថាម៉ាក់អើយខ្ញុំស្មានថាមកហ្នឹងគេរកការងារឱ្យធ្វើ មានឯណាគេយកមកដូចមកធ្វើស្អីគេឯណាដូចរបៀបបង្កើតកូនឱ្យគេអ៊ីចឹងណាអូន។ ខ្ញុំលឺសូរអ៊ីចឹងខ្ញុំស្លុតអាណិតកូន វាថានឹកផ្ទះ នឹកកូន ហើយវាថាអត់ធ្វើអីទេនៅតែក្នុងផ្ទះ ហើយវាដេកភ័យរាល់ថ្ងៃ ជាពិសេសភ័យខ្លាចបំផុតគេដកទូរស័ព្ទមិនឱ្យទាក់ទងមកម៉ែឯងទេ»។
សព្វថ្ងៃនេះ អ្នកស្រីថា កូនខ្លួនត្រូវបានប្ដីជនជាតិចិន ឃុំខ្លួនក្នុងផ្ទះ ហើយរាល់ពេលដែលទាក់ទងមកអ្នកស្រី គឺតែងតែលឺសំឡេងកូនខ្លួនឱ្យជួយប្រាប់អាជ្ញាធរ ដើម្បីអន្តរាគមន៍ឱ្យកូនអ្នកស្រីត្រឡប់មកប្រទេសកម្ពុជាវិញ។
អ្នកស្រី ដួង សុខន៖ «គ្រាន់តែសុំអស់លោកណាដែលគេថាមានអ៊ីចឹងណាជួយម៉េចឱ្យកូនខ្ញុំត្រឡប់មកស្រុកវិញមក ខ្ញុំអរគុណច្រើនណាស់លោកអើយមិនដឹងធ្វើម៉េចទេ គ្រាន់តែចិត្តហ្នឹងចង់ឱ្យតែកូនត្រឡប់មកវិញទេ»។
ស្ដ្រីរងគ្រោះដែលត្រូវមេខ្យល់ជួញដូរនេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅយប់ថ្ងៃទី១២ ខែធ្នូថា មុនមកប្រទេសចិននេះ មេខ្យល់ប្រាប់ថា មានការងារល្អ ប្រាក់ខែច្រើន និងជួយរកស្វាមីជនជាតិចិនដែលល្អហើយអាចពឹងផ្អែកបាន។ ដោយសារមេខ្យល់និយាយបែបនេះហើយ ធ្វើឱ្យអ្នកស្រីទុកចិត្ត ហើយយល់ព្រមមកប្រទេសចិន ដោយសុខចិត្តបោះបង់គ្រួសារ តែពេលមកដល់បែរជាឱ្យអ្នកស្រីធ្វើជាប្រពន្ធជនជាតិចិន និងមិនឱ្យធ្វើការងារអ្វីនោះទេ គឺគ្រាន់តែទុកធ្វើជាស្ដ្រីចាំបង្កើតកូនឱ្យជនជាតិចិនប៉ុណ្ណោះ។
ជាង ៣ខែដែលរស់នៅជាមួយស្វាមីជនជាតិចិននេះ អ្នកស្រីថា ខ្លួនត្រូវបង្ខំតែរឿងផ្លូវភេទ ដើម្បីឱ្យឆាប់មានកូន ហើយបើសិនស្វាមីជនជាតិចិន ទុកអ្នកស្រីជាប្រពន្ធមែន គឺមិនគួរបង្ខំឱ្យខ្លួនឆាប់មានកូន និងបង្ខំតែរឿងផ្លូវភេទនោះទេ។
អ្នកស្រី ហេង ទិត្យចន្ទ្រា៖ «ប្ដីហ្នឹងលក្ខណៈថា ជីវិតប្ដីប្រពន្ធ គឺមិនមែនអ៊ីចឹងទេបង បងឯងមើលបង្ខំខ្ញុំផឹកថ្នាំឆាប់មានកូនហើយដេកជាមួយខ្ញុំ ប្ដីហ្នឹងដេកជាមួយខ្ញុំ ហើយឱ្យខ្ញុំរើម៉េចបើខ្ញុំអត់ស្គាល់គេផងហ្នឹង អត់ចេះនិយាយភាសាចិនផងហ្នឹង»។
អ្នកស្រីនិយាយទាំងបារម្ភ និងភ័យខ្លាចថា ស្ថានភាពនៅពេលនេះ ត្រូវស្វាមីជនជាតិចិនដកយកលិខិតឆ្លងដែន ហើយក្រុមគ្រួសារស្វាមីខ្លួន ព្រួតគ្នាមិនអនុញ្ញាតឱ្យអ្នកស្រីត្រឡប់មកប្រទេសកម្ពុជាវិញឡើយ។ ដូច្នេះមូលហេតុដែលប្ដីជនជាតិចិនមិនឱ្យត្រឡប់មកកម្ពុជាវិញ ដោយសារអ្នកស្រីមានកិច្ចសន្យាជាមួយមេខ្យល់រយៈពេល ២ឆ្នាំ ដោយត្រូវរស់នៅជាមួយស្វាមីជនជាតិចិន។
អ្នកស្រី ហេង ទិត្យចន្ទ្រា៖ «ខ្ញុំរើអត់កើតទេបងដោយសារទឹកដីនៅប្រទេសចិន គឺវាធំខ្លាំង អ៊ីចឹងមានតែអាជ្ញាធរខាងខ្មែរយើងទេដែលអាចជួយនាងខ្ញុំបានអ៊ីចឹងណា។ មានតែស្នើសុំឱ្យបងជួយអន្តរាគមន៍ ដល់អាជ្ញាធរខ្មែរយើងទេតែប៉ុណ្ណឹងបងអើយ ខ្ញុំអត់មានអីនិយាយទៀត ខ្ញុំវាហួសចិត្តហេតុអ្វីវាល្មើសច្បាប់ នៅមុខប៉ូលីសចិនឱ្យប៉ាស្ព័រខ្ញុំ (លិខិតឆ្លងដែន) ដល់ពេលប៉ូលីសទៅបាត់ដករបស់ខ្ញុំវិញ»។
ជុំវិញរឿងនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លើកឡើងថា មូលហេតុចម្បងចំនួនពីរដែលបណ្ដាលឱ្យស្ដ្រីខ្មែរត្រូវបានមេខ្យល់ជួញដូរទៅប្រទេសចិន គឺចំណុចទី១ ការផ្សព្វផ្សាយព័ត៌មានមិនបានទូលំទូលាយអំពីបទល្មើសឆបោក។ ដូច្នេះនៅពេលកង្វះខាតព័ត៌មានទាំងនេះ លោកថា ធ្វើឱ្យស្ដ្រីខ្មែរនៅពេលទៅចិនពួកគេមិនដឹងថាមេខ្យល់ទាំងនោះជួញដូរពួកគេឡើយ ហើយការណ៍ដែលរៀបការជាមួយបុរសជនជាតិចិន ពួកគេយល់ថានឹងមានសុភមង្គល ជាពិសេសដោះស្រាយបំណុលក្នុងគ្រួសារ។
លោកបន្តទៀតថា មូលហេតុចម្បងមួយទៀត គឺបញ្ហាជីវភាព និងភាពអត់ការងារធ្វើ ដែលជំរុញឱ្យស្ដ្រីខ្មែរដែលមានជីវភាពក្រីក្រនៅតាមតំបន់ជនបទ ត្រូវប្រឈមនឹងការជួញដូរ ពីព្រោះពួកគេត្រូវការងារ ដើម្បីបានចំណូលជួយដោះស្រាយបំណុល និងជួយដោះស្រាយក្នុងសេដ្ឋកិច្ចគ្រួសារ។
លោក នី សុខា៖ «ចង់ ឬមិនចង់វាត្រូវតែបង្ខំចិត្តដើម្បីរៀបការទៅតាមមេខ្យល់ក្ដី ទៅតាមរយៈការណែនាំពីបងប្អូនក្ដី ឬក៏អ្នកខ្លះក៏ទៅតាមរយៈក្រុមហ៊ុនអីក្ដីអ៊ីចឹងទៅ។ អ៊ីចឹងអានេះវាជារឿងមួយដែលយើងមានការបារម្ភនៅក្នុងការដែលយើងអត់បានផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ហើយនិងដោះស្រាយបញ្ហាជីវភាព និងការងាររបស់ប្រជាពលរដ្ឋ ដែលជាបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ»។
កាលពីថ្ងៃទី១២ ខែធ្នូ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថា ការជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះត្រូវរួមគ្នាការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹងការពាររូបភាព កិត្តិយស និងការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍នៅកម្ពុជាផងដែរ។
រូបភាពពីហ្វេសប៊ុកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេច ហ៊ុន ម៉ាណែត៖ «ការទប់ស្កាត់ការជួញដូរមនុស្សមិនមែនត្រឹមតែការបង្ក្រាប ការដោះស្រាយ ការឆ្លើយតបនោះទេ ការបង្ការគឺជាកិច្ចការសំខាន់ ហើយកិច្ចការងារកន្លងទៅក៏បានពិភាក្សា ហើយក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានដាក់ចេញគោលការណ៍មួយចំនួនក្នុងរៀបចំ ជាពិសេសទាំងការពិនិត្យទាំងអ្នកចូលទាំងអ្នកចេញ រូបភាពវាយតម្លៃថាតើស្ថានភាពដែលចេញនិងចូលមកនេះ តើអាចជាជនរងគ្រោះនោះទេ។ រឿងនេះជារឿងស្មុគស្មាញ ត្រង់ថាយើងពិបាកអាទម្រង់នៃការជួញដូរមនុស្សនេះវាអត់មានអីដែលច្បាស់លាស់ វាបន្លំជាមួយអីដែលស្របច្បាប់»។
ប៉ុន្តែលោក នី សុខា ក្រៅពីមូលហេតុទាំងនេះ ក៏មានកត្តារួមផ្សំដូចជា៖ ស្ដ្រីរងគ្រោះ ពួកគេចង់បានសម្ភារៈទំនើប ចង់បានរបស់របរប្រើប្រាស់ ហើយនិងចង់ឱ្យខ្លួនឯងស្អាតដូចជាអ្នកផ្សេងទៀតដែរ។ ដូច្នេះជាដំណោះស្រាយលោកថា រាជរដ្ឋាភិបាល ត្រូវបង្កើនឱកាសការងារក្នុងប្រទេសឱ្យបានច្រើន ដោយផ្ដល់ចំណូលសមរម្យ និងត្រូវបង្កើនការអប់រំផ្សព្វផ្សាយពីហានិភ័យនានាពេលចំណាកស្រុក។
លោក នី សុខា៖ «យើងក៏ត្រូវមានវិធានការដែរ ប្រសិនបើមានដឹងថាមានអ្នកដែលរកស៊ី ឈ្មួញដែលជួញដូររឿងទាំងអស់ហ្នឹងដោយខុសច្បាប់ ស្របទៅតាមគោលការណ៍ច្បាប់អីហ្នឹង គួរតែមានការដាក់ទណ្ឌកម្មទៅតាមផ្លូវច្បាប់ណា កុំឱ្យអ្នកទាំងអស់ហ្នឹងរួចខ្លួន ព្រោះកន្លងទៅគ្រាន់តែយើងរំដោះបានមនុស្សចេញពីតំបន់ដែលគ្រោះថ្នាក់ រងគ្រោះ ក៏ប៉ុន្តែទាក់ទងអ្នកដែលជួញដូរ អ្នកដែលប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង យើងមិនសូវឃើញមានការដាក់ទណ្ឌកម្ម ទោសទណ្ឌទេ សូម្បីតែរឿងបុគ្គលក៏ដោយ រឿងក្រុមហ៊ុនទៀត គឺរឹតតែមានការលំបាក មិនដែលមានការទណ្ឌកម្មលើក្រុមហ៊ុនណាមួយប្រព្រឹត្តមិនត្រឹមត្រូវនោះទេ។ អ៊ីចឹងគួរតែមានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មកដល់រសៀលនេះមិនមានការឆ្លើយតបនៅឡើយ។
របាយការណ៍ផ្នែកស្ត្រី និងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បង្ហាញថា ក្នុងឆ្នាំ២០២៣ សមាគមបានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៣៤នាក់ ពីការជួញដូរផ្លូវភេទ ក្នុងប្រទេសចិន និងប្រទេសអាស៊ីមួយចំនួនទៀត។ ស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរទាំងនោះ ត្រូវគេជួយសង្គ្រោះចេញពីខេត្តហឺណាន (Henan) ក័ងចូវ (Guangzhou) ជាំងស៊ី (Jiangxi) ក្រុងសៀងហៃ (Shanghai) និងក្វាងចូវ (Guangzhou)៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី