en     km
en     km

​តុលាការ​ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ​ក្រោម​បទ​ចោទ​ជួញដូរ​ស្ត្រី​

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ ឧសភា​ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​បុរស​ជនជាតិ​ចិន ​៣ ​នាក់​ និង​ស្ត្រី​ខ្មែរ​ម្នាក់​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ពាក់ព័ន្ធ​នឹង​ការ​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន​។

សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ ឧសភា​ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ ឃុំខ្លួន​បណ្តោះអាសន្ន​បុរស​ជនជាតិ​ចិន ​៣ ​នាក់​ និង​ស្ត្រី​ខ្មែរ​ម្នាក់​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ពាក់ព័ន្ធ​នឹង​ការ​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន។ រូបភាព៖ Freshnews

 

​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ «​ការ​នាំ​យក​ចេញ​ដោយ​ខុសច្បាប់​ ដោយ​មាន​គោលដៅ​»​ តាម​មាត្រា​ ១០​ នៃ​ច្បាប់​ស្តី​ពី​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​ជន​ត្រូវ​ចោទ​ជនជាតិ​ចិន​ទាំងនេះ​គឺ​ ឈ្មោះ​ JI​ JIAXIN​ ភេទ​ប្រុស​ ត្រូវជា​ប្តី​របស​អ្នកស្រី​ តែម​ អឿ​ន​ ជា​ជនជាតិ​ខ្មែរ​ និង​ ឈ្មោះ​ ZHANG​ LIANG​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ហើយ​និង​ឈ្មោះ​ YAN​ FAN​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​។​

​ជនជាតិ​ជន​ចិន​ទាំងនោះ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ មេ​សា​ នៅផ្ទះ​សំណាក់​មួយ​នៅ​ខណ្ឌមាន ជ័យ​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​មាត្រា​ ១០​ នៃ​ច្បាប់​ស្តី​ពី​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ បាន​ចែង​ថា​ ជន​ណា​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្របច្បាប់​ក្នុង​គោលដៅ​ស្វែងរក​ប្រយោជន៍​ បំពាន​ខាង​ផ្លូវភេទ​ ផលិត​រូបភាព​អាសអាភាស​ រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆ​ន្ទះ​របស់​ជន​រង​គ្រោះ​ ស្មុំ​កូន​ ឬ​ ទម្រង់​ណាមួយ​នៃ​ការ​កេងប្រវ័ញ្ច​ផ្សេង​ទៀត​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ ឆ្នាំ​ ទៅ​ ១៥​ ឆ្នាំ​ ហើយ​ ដាក់​ពន្ធនាគារ​ពី​ ១៥​ ដល់​ ២០​ ឆ្នាំ​ ក្នុង​ករណី​ជន​រង​គ្រោះ​អនីតិជន​។​

ករណី​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស​ កាលពី​ថ្ងៃ​ទី​២៧​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បញ្ជូន​ស្ត្រី​ម្នាក់​ឈ្មោះ​ វ៉ា​ន់​ ធា​រី​ អាយុ​៤៥​ ឆ្នាំ​ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​ និង​ពល​ការិនី​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​៩៦​នាក់​។​ ក្នុង​នោះ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​និង​ថៃ​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​សរុប​២៧​នាក់​។​

​ករណី​ជួញដូរ​ស្ត្រី​យក​ទៅ​រៀប​ការ​ដោយ​បង្ខំ​ជាមួយ​បុរស​ជនជាតិ​ចិន​ អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្រី្ត​និង​កុមារ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ឲ្យ​ដឹង​ថា​ ចាប់ពី​ខែ​ មក​រា​ ដល់​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​នេះ​ អង្គការ​ស្ត្រី​ទទួល​ពាក្យបណ្តឹង​ពី​សាច់ញាត្តិ​ជន​រង​គ្រោះ​យ៉ាងតិច​ ១១​ ករណី​។​ក្នុង​នោះ​នារី​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បញ្ជូន​មក​ប្រទេស​កំណើត​វិញ​។​ អ្នកស្រី​ថា​ ស្ត្រី​ខ្មែរ​ភាគច្រើន​ចាញ់​ការ​អូស​ទាញ​ និង​លួងលោម​ពី​ក្រុម​មេខ្យល់​យក​ទៅ​លក់​ ដើម្បី​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​។

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​៖​ «​ភាគច្រើន​គឺ​មាន​អ្នកខ្លះ​ពេល​មេខ្យល់​មក​បញ្ចុះបញ្ចូល​គឺ​អត់​ប្រាប់​គាត់​ថា​ទៅ​ការ​ទេ​។​គឺ​ទៅ​ប្រទេស​ផ្សេង​ដូច​ជា​ ទៅ​កូរ៉េ​ ម៉ា​ឡេ​ ជប៉ុន​ ហុងកុង​ ដើម្បី​ទៅ​ធ្វើការ​បាន​ប្រាក់ខែ​ច្រើន​ ប៉ុន្តែ​ពេល​គាត់​ទៅ​ដល់​នោះ​រូបភាព​បុរស​ជនជាតិ​មើល​ ឬ​ទោះបី​ពេញចិត្ត​ ឬ​មិន​ពេញចិត្ត​ត្រូវ​តែ​បង្ខំចិត្ត​យក​បុរស​និង​ ហើយ​មាន​ករណី​ខ្លះ​ទៀត​គឺ​គាត់​ដឹង​។​»

​អ្នកស្រី​ថា​ ករណី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ និង​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស​ក្រោម​រូបភាព​រៀប​ការ​ដោយ​បង្ខំ​ក្នុង​ឆ្នាំ​២០១៧​ មាន​ចំនួន​១៥២​ករណី​។​

​ អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ អះអាង​ថា​ នារី​រង​គ្រោះ​ខ្មែរ​ភាគច្រើន​ត្រូវ​បាន​បុរស​ជា​ប្តី​ជនជាតិ​ចិន​ប្រើ​អំពើ​ហិង្សា​វាយដំ​ បង្ខំ​ផ្លូវភេទ​ និង​លក់​បន្ត​ជាដើម​។​

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​៖​ «​បើ​ករណី​ដែល​ខ្ញុំ​ទទួល​បាន​គេ​នៅ​ពេល​ដែល​គាត់​ទៅ​គេ​មាន​បង្ខំ​ឲ្យ​រួម​ភេទ​ ហើយ​អ្នកខ្លះ​នៅ​ពេល​អត់​ងា​ច​មានកូន​គាត់​លក់​បន្ត​ ឬ​គាត់​រស់នៅ​ជាមួយ​គ្នា​អស់ចិត្ត​គាត់​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​ ហើយ​គាត់​ប្រើ​អំពើ​ហិង្សា​អ​ញ្ចឹ​ង​ទៅ​។​»

​លោក​វរសេនីយ៍ឯក​ គឹ​ម​ ចិន្ដា​ នាយការិយាល័យ​ឆ្លង​ដែន​ នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ​មាន​ប្រសា​ន៍​ថា​ ក្នុង​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ស្ដ្រី​រង​គ្រោះ​ពី​ក្រៅប្រទេស​បាន​ចំនួន​ ២៦២​នាក់​។​ ក្នុង​នោះ​ស្ដ្រី​ ៥៨​នាក់​ ដែល​បាន​រៀប​ការ​ជាមួយ​ជនជាតិ​ចិន​។​ ក៏​ប៉ុន្ដែ​មាន​តែ​ស្ដ្រី​ ២៩​នាក់​តែ​ប៉ុណ្ណោះ​ដែល​ជា​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​លក់​បន្ដ​ពី​ប្ដី​ជា​ជន​ចិន​ម្នាក់​ ទៅ​ឲ្យ​បុរស​ជាន​ជនជាតិ​ចិន​ម្នាក់​ទៀត​។​

​របាយការណ៍​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៧​ ឲ្យ​ដឹង​ថា​ ពលករ​ចំណាក់ស្រុក​ចំនួន​ ៩៨៦​ ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ថៃ​ វៀតណាម​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ សឹ​ង្ហ​បុរី​ ចិន​ និង​ជប៉ុន​។​

​ក្នុង​ចំណោម​នោះ​ពលករ​ចំណាក់ស្រុក​ពី​ប្រទេស​ថៃ​ ២៨៨​នាក់​ វៀតណាម​១៧១​នាក់​ ៣៨២​នាក់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ៤៩​នាក់​ពី​ប្រទេស​ឡាវ​ ២៣​នាក់​ពី​ឥណ្ឌូ​នេ​ស៊ី​ ៥៣​នាក់​ពី​ប្រទេស​ចិន​ ១២​នាក់​ពី​ជប៉ុន​និង​ ៣​នាក់​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​

​បើ​តាម​លោក​វរសេនីយ៍ឯក​ គឹ​ម​ ចិន្ដា​ ទទួលស្គាល់​ថា​ ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ ក៏​ជា​រឿង​ល្អ​មួយ​ដែរ​ ដែល​អាច​រក​ចំណូល​បាន​ច្រើន​សម្រាប់​គ្រួសារ​ តែ​លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ដឹង​ព័ត៌មាន​ឲ្យ​បាន​ច្បាប់​លាស់​ និង​កំណត់​គោលដៅ​ឲ្យ​ជាក់លាក់​ មុន​ពេល​ដែល​ចាក​ចេញពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ ហើយ​ប្រជាពលរដ្ឋ​រក្សា​លេខ​ទូរស័ព្ទ​ របស់​អាជ្ញាធរ​កម្ពុជា​ទុក​ដើម្បី​សុំ​ជំនួយ​ ដែល​មាន​លេខ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ១១៧​ ១១៨​ និង​លេខ​របស់​ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ១២៨៨​ និង​លេខ​មួយ​ខ្សែ​ទៀត​ដែល​ជា​លេខ​ប្រចាំការ​ ២៤​ម៉ោង​ លើ​ ២៤​ម៉ោង​ ០១៧​ ៤៤​ ៣៥​ ៣៦៕

Share

Image
Image
Image