loader

ស្ដ្រី​ ក្នុង​វិស័យ​កាត់ដេរ​នៅ​តែ​ប្រឈមបញ្ហា​សុវត្ថិភាព​ និង​កិច្ចសន្យាការងារ​

​ភ្នំពេញ​ ៖​ មេដឹកនាំ​សហជីព​ធំ​មួយ​ មើលឃើញ​ថា​ ឆ្នាំ​២០១៧​ កន្លង​មក​ ស្ដ្រី​ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ នៅ​តែ​ប្រឈម​បញ្ហា​សុវត្ថិភាព​ និង​កិច្ចសន្យាការងារ​ ដែល​ជា​ផល​លំបាក​សម្រាប់​ស្ដ្រី​។​ មេដឹកនាំ​សហជីព​នេះ​ សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ដ្រី​ក្នុង​វិស័យ​អាទិភាព​មួយ​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាង​ ៨០​មឺ​ន​នាក់​ ហើយ​ជាង​ ៧០​ម៉ឺន​នាក់​ជា​ស្ដ្រី​។​ ជា​រឿយៗ​ នៅ​ពេល​រោងចក្រ​មាន​ស្ថានភាព​អាប់អួ​ ឬ​ក៏​ឆេះ​រោងចក្រ​ គេ​តែង​សង្កេត​ឃើញ​ ស្ដ្រី​ ជា​បុគ្គល​ទី​មួយ​ ដែល​ងាយ​ទទួល​រង​គ្រោះ​ពី​បញ្ហា​ទាំង​អស់នេះ​។​ ដោយសារ​ភាព​ងាយ​ប្រឈម​គ្រោះថ្នាក់​របស់​ កម្មការិនី​ រោងចក្រ​កាត់ដេរ​នេះ​ មេដឹកនាំ​សហជីព​ធំ​មួយ​ បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​២០១៧​ លោក​មើលឃើញ​បញ្ហា​ប្រឈម​ចំនួន​ ៤​ចំណុច​ដែល​កម្មករ​ កម្មការិនី​ ជួប​ផល​លំបាក​។​ បញ្ហា​ទាំងនោះ​រួម​មាន​ សម្ពាធ​ការងារ​ សុវត្ថិភាព​ការងារ​ កិច្ចសន្យាការងារ​រយៈពេល​ខ្លី​ និង​បញ្ហា​ប្រាក់បៀវត្ស​។​

​លោក​ អាត់​ ធន់​ ប្រធាន​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បញ្ហា​ទាំង​ ៤​ចំណុច​នេះ​ គឺ​រឿង​ដែល​គួរ​ឲ្យ​ព្រួ​បារម្ភ​ ពី​ស្ថិរភាព​ការងារ​របស់​កម្មករ​ ពិសេស​គឺ​ស្ដ្រី​ ដែល​លោក​សង្កត់ធ្ងន់​ថា​ ជា​និច្ចកាល​ស្ដ្រី​បាន​ទទួល​រង​ឥទ្ធិពល​ពី​បញ្ហា​ទាំងនេះ​ច្រើន​ជាង​បុរស​។​ លោក​បន្ដ​ថា​ ស្ដ្រី​ភាគច្រើន​គាត់​មិន​ងាយ​ទៅ​តវ៉ា​ជាមួយ​ថៅកែ​នោះ​ទេ​ នៅ​ពេល​ដែល​មានការ​បន្ថែម​ទំហំ​ការងារ​ ហើយ​លើស​ពី​នេះ​ រាល់ពេល​មាន​ហេតុ​ការ​ដួល​សន្លប់​កើតឡើង​ ភាគច្រើន​ ក៏​មាន​តែ​ស្ដ្រី​ តែ​ប៉ុណ្ណោះ​ដែល​ជា​ជន​រង​គ្រោះ​។​

​លោក​ អាត់​ ធន់​ ៖«​វា​ខុស​គ្នា​ ស្ដ្រី​ប្រឈម​ជាង​ ឧទាហរណ៍​ដូច​ជា​នៅ​កន្លែង​ការងារ​ភាគច្រើន​ ស្ដ្រី​គាត់​មិនសូវ​ជា​អ្នក​តវ៉ា​អី​ច្រើន​ទេ​។​ ថៅកែ​ តែងតែ​ឲ្យ​ធ្វើការ​ច្រើន​ ហើយ​ពេល​ខ្លះទៅ​ស្ដ្រី​គាត់​មាន​បញ្ហា​សុខភាព​ ហើយ​ប្រុសៗ​នៅ​កន្លែង​ការងារ​ មិន​មាន​ច្រើន​ទេ​ ប្រហែល​ ៤​ ឬ​ ៥​ភាគរយ​ ហើយ​ភាគច្រើន​គេ​ធ្វើការ​នៅ​កន្លែង​ឃ្លាំង​ នៅ​កន្លែង​ជាង​ម៉ា​ស៊ិ​ន​ ឬ​ក៏​កន្លែង​ចល័ត​អី​ទេ​ វា​អត់​ធ្វើ​ដូច​កម្មករ​ ស្ដ្រី​ ជាប់​ប្រចាំ​»​។​

​ប្រធាន​សភាព​ការងារ​កម្ពុជា​ បន្ដ​ថា​ រហូត​មក​ដល់​ពេល​នេះ​រាជរដ្ឋាភិបាល​បាន​រក​ដំណោះស្រាយ​បញ្ហា​ទាំ​អស់នេះ​បាន​ខ្លះៗ​ តែ​ប៉ុណ្ណោះ​ ដែល​ជាក់ស្ដែង​ដូច​ជា​បញ្ហា​សុខភាព​របស់​កម្មករ​ ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បង្ហាញ​សកម្មភាព​យកចិត្ដទុកដាក់​ល្អ​ប្រសើរ​ ក៏​ប៉ុន្ដែ​លោក​មើលឃើញ​ថា​ បញ្ហា​កិច្ចសន្យា​រយៈពេល​ខ្លី​ និង​យន្ដការ​ជាក់លាក់​ដោះស្រាយ​បញ្ហា​កម្មករ​ ដួល​សន្លប់​ មិន​ទាន់​មាននៅ​ឡើយ​។​ «​បើ​និយាយ​ជា​ទូទៅ​គឺ​ធ្វើ​បាន​មួយ​ចំនួន​ដែរ​ ប៉ុន្ដែ​នៅ​តិច​ វា​មិន​ទាន់​បាន​ដល់​កម្រិត​ល្អ​ ដែល​អាច​ជួយ​ដល់​កម្មករ​ បាន​នៅឡើយ​ទេ​»​។​

​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​ការងារ​កម្ពុជា​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​ការ​រក្សា​សុវត្ថិភាព​កម្មករ​ កម្មការិនី​ ពេល​បំពេញការងារ​។​ ក្រសួង​នេះ​បាន​ដាក់ចុះ​វិធានការ​ចំនួន​ ១១​ចំណុច​ ដែល​តម្រូវ​ឲ្យ​ម្ចាស់​គ្រឹះស្ថាន​ និង​នាយក​សហគ្រាស​ ទាំងអស់​អនុ​វត្ថ​តាម​ ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ការងារ​ ព្រមទាំង​បង្ការ​ការ​កើត​មាន​ករណី​ដួល​សន្លប់​ជាយថាហេតុ​ ដែល​បណ្ដាល​មក​ពី​បរិយាកាស​ទាំង​ក្នុង​ និង​ក្រៅ​អគារ​ផលិតកម្ម​ក​។​ តាម​សេចក្ដីជូនដំណឹង​នេះ​ ក្រសួង​ នឹង​ចាត់វិធានការ​តឹង​រឹង​បំផុត​ ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​នានា​ ដែល​មាន​ជា​ធរ​មា​ចំពោះ​ម្ចាស់​គ្រឹះស្ថាន​ និង​នាយក​សហគ្រាស​ទាំងអស់​ ដែល​មិន​គោរព​តាម​។​

​ជុំវិញ​សេចក្ដីជូនដំណឹង​នេះ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ គាំទ្រ​ ដោយ​បញ្ជាក់​ថា​ ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​មាន​យន្ដការ​ជាក់លាក់​ដើម្បី​ទប់​ស្ដា​ត់​ការ​ដួល​សន្លប់​របស់​កម្មករ​ដូចនេះ​។​ លោក​ អាត់​ ធន់​ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ ពង្រឹង​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត​ ជុំវិញ​ការ​ចុះ​អធិការកិច្ច​តាម​រោងចក្រ​ ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​ការងារ​ បរិយាកាស​ការងារ​ ឬ​កិច្ចសន្យាការងារ​ជាដើម​។​ លោក​បន្ដ​ថា​ រដ្ឋអំណាច​គួរតែ​បិទ​រោងចក្រ​ណា​ ដែល​បាន​ធ្វើ​ល្មើសច្បាប់​ការងារ​កម្ពុជា​។​

​លោក​ អាត់​ ធន់​ ៖«​ អ​ញ្ចឹ​ង​គឺ​ទាល់តែ​កែ​ចំណុច​ហ្នឹង​ឲ្យ​បាន​ លុប​បំបាត់​អ្នកធំ​កាង​ក្រុមហ៊ុន​ លុប​បំបាត់​ចោល​នូវ​ទីប្រឹក្សា​របស់​ក្រុមហ៊ុន​ ពី​ពួក​អធិការកិច្ច​ របស់​ក្រសួង​ហ្នឹង​ ហើយ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ ហើយ​បើ​ឃើញ​អ្វី​គឺ​អនុវត្ដ​ច្បាប់​ខ្ញុំ​គិត​ថា​វា​ល្អ​ហើយ​ មិនបាច់​ធ្វើ​អី​ទេ​ គឺ​ធ្វើ​តែ​ប៉ុណ្ណឹង​បាន​គឺ​ល្អ​ហើយ​»​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​យល់​ឃើញ​ពី​ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​នៅ​ថ្ងៃនេះ​ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​លើក​។​

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ បាន​ចុះ​ជួប​កម្មករ​ កម្មការិនី​ ជា​ញឹកញាប់​ ក្នុង​បំណង​ស្ដាប់​ពី​ក្ដី​កង្វល់​របស់​កម្មករ​ និយោជិត​។​ ជា​លទ្ធផល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កម្មករ​ កម្មការិនី​ ទាំង​ក្នុង​នឹង​ក្រៅ​ប្រព័ន្ធ​ ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​ អាច​ស្វែងរក​សេវា​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិតថ្លៃ​។​ បន្ថែម​ពី​នេះ​ សម្ដេច​បាន​ប្រាប់​ថៅកែ​ និយោជក​ ឲ្យ​បណ្ដេញ​ប្រធាន​ក្រុម​ ឬ​ក៏​ប្រធាន​ផ្នែក​ចេញពី​ការងារ​ក្នុង​ករណី​ដែល​បុគ្គលិក​រូប​នោះ​ បាន​ប្រើ​ពាក្យ​ប្រមាថ​ កម្មករ​ កម្មការិនី​។​

​លើស​ពី​នេះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ ក៏​បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ឲ្យ​គ្រប់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ទាំងអស់​នៅ​កម្ពុជា​ ត្រូវ​អនុញ្ញាត​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ បាន​ចេញពី​ការងារ​ មុន​ម៉ោង​ចំនួន​ ១៥​នាទី​។​ លើស​ពី​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ផ្ដល់​ការ​ឧ​ប​ត្ថ​ម​ជា​សាច់ប្រាក់​សុទ្ធ​ដល់​កម្មការិនី​ នៅ​ពេល​សម្រាលកូន​ ម្នាក់​ នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​ ៤០​ម៉ឺន​រៀល​ សម្រាល​បានកូន​ភ្លោះ​ ២​នាក់​ នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ ៨០​ម៉ឺន​រៀល​ ហើយ​បើ​បានកូន​ភ្លោះ​ ៣​នាក់​ នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ ១​លាន​ ២០​ម៉ឺន​រៀល​ ហើយ​កូនភ្លោះ​ទាំង​ ០៣​នាក់​នោះ​ សម្ដេច​នឹង​យក​ធ្វើ​កូន​ ហើយនឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែមចំនួន​ ៥​លាន​រៀល​៕

ព័ត៌មានទាក់ទង

បទសម្ភាស៖ តើស្រ្ដីនៅពេលអំឡុងពេលពរពោះ និងពេលជិតសម្រាលកូន ត្រូវប្រុងប្រយ័ត្តដូចម្ដេចខ្លះ?

កញ្ញា ហ៊ុយ ស្រីពៅ វេជ្ជបណ្ឌិតឯកទេសទូទៅ នៃមន្ទ[...]

  បទសម្ភាស៖ អ្នកស្រីសួសសុម៉ាលីបង្ហាញអំពីសមត្ថភាពស្រ្ដីក្នុងជំនាញដោះមីននៅកម្ពុជា

ភ្នំពេញ៖ អ្នកស្រី សួស សុម៉ាលី ពីបុគ្គលិកដោះមី[...]

ករណី​ស្មុំ​កូន​៖​ឪពុក​ម្តាយ​ស្វែងរក​ជួប​មុខ​កូន​បន្ទាប់​ពី​បែក​គ្នា​ជិត​២០​ឆ្នាំ​​

យ៉ាងតិច​ឪពុក​ម្តាយ​ប្រាំ​គ្រួ​សារបាន​មក​ស្វះស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត