loader

ក្រសួង​ការងារ​ រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ រក​វិធានការ​ដោះស្រាយ​ករណី ​កម្មករ ​កម្មការិនី​សន្លប់​

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​នេះ​ បាន​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​មួយ​ នៅ​ទីស្ដីការក្រសួង​ការងារ​ ដើម្បី​ពិភាក្សា​រក​វិធានការ​ទប់ស្កាត់​ករណី​កម្មករ​ កម្មការិនី​ដួល​សន្លប់​។​ កិច្ចប្រជុំ​នេះ​ រួម​មាន​ភាគី​រដ្ឋាភិបាល​ និយោជក​ សហជីព​ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​របាយការណ៍​ឆ្នាំ​២០១៧​ ដែល​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះ​ បាន​រក​ឃើញ​ពី​មូលហេតុ​មួយ​ចំនួន​ ដែល​បង្ក​ឲ្យ​ កម្មករ​ កម្មការិនី​ ដួល​សន្លប់​។​ មូលហេតុ​ទាំងនោះ​រួម​មាន​ បញ្ហា​ចិត្ដសាស្ដ្រ​សង្គម​ បញ្ហា​រូបសាស្ដ្រ​ បញ្ហា​គីមី​ និង​បញ្ហា​ ជីវសាស្ដ្រ​ ។​ ជា​រួម​ស្ដ្រី​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​អត្រា​ភាគរយ​ខ្ពស់​ពី​ការ​ដួល​សន្លប់​ រហូត​ដល់​៨២​ភាគរយ​។​

​យោង​តាម​ប្រសាសន៍​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ ដែល​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​ដល់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​ បញ្ជាក់​ថា​ តាម​រយៈ​កិច្ចប្រជុំ​នេះ​ ក្រសួង​ការងារ​បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ​ ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ផ្ទាល់​ និង​មានការ​ចូលរួម​ពី​ក្រសួងសុខាភិបាល​ សហជីព​ និយោជក​ អង្គការ​អន្ដរជាតិ​ខាង​ការងារ​ ILO​ និង​ អង្គការ​សុខភាព​ពិភពលោក​ WHO​ ដើម្បី​ពិភាក្សា​ និង​ផ្ដល់​ជា​មតិយោបល់​ដោយ​ធ្វើ​យ៉ាងណា​ ទប់ស្កាត់​ កាត់​បន្ថយ​ និង​លុប​បំបាត់​ឲ្យ​បាន​ទាំងស្រុង​នៅ​ករណី​កម្មករ​ កម្មការិនី​ ដួល​សន្លប់​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​នៅ​ក្នុង​ហ្នឹង​គឺ​យើង​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​នៅ​ការ​ផ្ដល់​យោបល់​ខាង​ផ្នែក​បច្ចេកទេស​ តើ​ត្រូវ​រក​វិធី​អ្វីខ្លះ​ ដើម្បី​នឹង​ទប់ស្កាត់​ កាត់​បន្ថយ​ករណី​ដួល​សន្លប់​ឲ្យ​នៅ​តិច​បំផុត​ និង​លុប​បំបាត់​វា​ឲ្យ​បាន​ទាំងស្រុង​»​។​

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ

លើស​ពី​នេះ​ ក្រសួង​ការងារ​ រួម​ជាមួយ​ក្រសួងសុខាភិបាល​ នឹង​ចេញ​សេចក្ដី​ប្រកាស​រួម​ ឬ​ជា​បទ​បញ្ញត្ដ​ ដើម្បី​កំណត់​នៅ​នីតិវិធី​សម្រាប់​ការ​អនុវត្ដ​។​ ក្រសួង​ការងារ​ ក៏​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​កម្មករ​ កម្ម​ការ​នី​ មានការ​ប្រុង​ប្រយ័ត្ន​ ករណី​ដួល​សន្លប់​នេះ​។​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ទៀត​ថា​ ក្រសួង​ការងារ​ នឹង​បង្កើន​នូវ​វិធានការ​អនុវត្ដ​ច្បាប់​ ការ​ចុះ​អធិការកិច្ច​ បំណង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ករណី​ដួល​សន្លប់​នេះ​ កើត​ឡើងជា​បន្ដ​ទៀត​។​

​គួរ​ឮ​កថា​ កិច្ចប្រជុំ​ត្រីភាគី​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ស្ដី​ពី​ការ​ទប់ស្កាត់​ករណី​កម្មករ​ កម្មការិនី​ ដួល​ស្លប់​នេះ​ គឺ​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ពី​កង្វល់​ករណី​នេះ​ នឹង​បាន​ផ្ដល់​ជា​អនុសាសន៍​ ឲ្យ​ក្រសួង​ការងារ​ រួម​ជាមួយ​ក្រសួងសុខាភិបាល​ សិក្សា​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ ករណី​កម្មករ​ ដួល​សន្លប់​នេះ​ ហើយ​ចាត់វិធានការ​ទប់ស្កាត់​។​

​កន្លង​មក​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ប្រាប់​ទៅ​កាន់​ម្ចាស់​ និង​នាយក​សហគ្រាស់​ គ្រឹះស្ថាន​ នូវ​គោលការណ៍​ចំនួន​ ១១​ចំណុច​ ដែល​បញ្ជា​ ឲ្យ​ក្រុម​និយោជក​ អនុវត្ដ​តាម​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ការងារ​ ព្រមទាំង​បង្ការ​ការ​កើត​មាន​ករណី​ដួល​សន្លប់​ជា​ យថាហេតុ​ ដែល​បណ្ដ​លម​ក​ពី​បរិយាកាស​ទាំង​ក្នុង​ និង​ក្រៅ​អាគារ​ផលិតកម្ម​ ។​ ក្នុង​សេចក្ដីជូនដំណឹង​នោះ​ ក្រសួង​ការងារ​ក៏​បាន​ព្រមាន​ទុកជា​មុន​ផង​ដែរ​ ចំពោះ​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ ដែល​ប្រព្រឹត្ដ​ល្មើស​ ផ្ទុយ​នឹង​សេចក្ដីជូនដំណឹង​នេះ​ ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​បំផុត​ ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន​ ។​

​តែ​យ៉ាងណា​ ក្រុម​សហជីព​មួយ​ចំនួន​ បាន​បង្ហាញ​ការ​មើលឃើញ​របស់​ពួក​គេ​ថា​ ក្រុម​ថៅកែ​ និយោជក​មួយ​ចំនួន​ មិន​ទាន់​បាន​អនុវត្ដ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ ល្អ​ប្រសើរ​នៅឡើយ​ទេ​។​

​គួរ​ជម្រាប​ថា​ ក្នុង​ឆ្នាំ​២០១៧​ ករណី​កម្មករ​ ដួល​សន្លប់​ បាន​កើតឡើង​នៅ​រោងចក្រ​ចំនួន​ ២២​ ហើយ​មានកម្ម​ក​សន្លប់​សរុប​ ១៦០៣​នាក់​ ហើយ​នៅ​ក្នុង​ចំនួន​នេះ​មាន​បុរស​ត្រឹមតែ​ ០៤​នាក់​តែ​ប៉ុណ្ណោះ​៕

ព័ត៌មានទាក់ទង

អង្គការ​ WCS​ ៖​ រក​ឃើញ​អណ្ដើក​ហ្លួង​មួយ​សំបុក​ នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​

ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ខេត្ដកោ[...]

រយៈពេល​ ២​ស​ប្ដា​ហ៍​ក្នុង​ខែកុម្ភៈ​ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ៧​ករណី​មក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​

រយៈពេល​ពីរ​ ស​ប្ដា​ហ៍​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១[...]

លោក សម រង្ស៊ី ថា អូស្ត្រាលីប្រហែលជាពិចារណាសំណើរបស់លោកផ្ដល់សិទិ្ធជ្រកកោនជូនគ្រួសារលោក កែម ឡី  

លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងបាននិយាយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត