en     km
en     km

រដ្ឋមន្ដ្រីក្រសួង​ការងារ​ ចង់​ឃើញ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ចេញ​ជា​រូបរាង​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ ស្ដី​ពី​សេចក្ដីព្រាងច្បាប់​ ប្រាក់​ឈ្នួល​អប្បបរមា​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​នេះ​ ថា​ លោក​មាន​ឆន្ទៈ​ចង់​ឲ្យ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ចេញ​ជា​រូបរាង​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឈាន​ចូល​មក​ដល់​ ដើម្បី​ធានា​ស្ថិរភាព​យូរអង្វែង​សម្រាប់​យន្ដការ​ប្រាក់​ឈ្នួល​ កម្មករ​។​ ជុំវិញ​រឿង​នេះ​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​ បង្ហាញ​ជំហរ​ឯកភាព​ ។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

រដ្ឋមន្រ្ដីក្រសួងការងារ លោកបណ្ឌិត អ៊ិត សំហេង

សេចក្ដីព្រាងច្បាប់​ ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ លើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ​ បង្កើត​ឱកាស​ការងារ​ និង​បង្កើន​ផលិតភាព​របស់​កម្មករ​និ​យ​ជិត​ និង​មួយវិញទៀត​ជំរុញ​ឲ្យ​មាន​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកបដោយ​ភាព​ទាក់ទាញ​គឺ​គោលបំណង​មួយ​របស់​រដ្ឋាភិបាល​។​

​ក្នុង​ពិធី​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិ​ត​ សំ​ហេង​ មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​បង្កើត​ឲ្យ​មាន​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ សមាហរណកម្ម​អាស៊ាន​សំដៅ​ ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ​ និង​ជាតិ​ នា​ពេល​បច្ចុប្បន្ន​នេះ​។​
​តាម​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ សិក្ខាសាលា​នៅ​ថ្ងៃនេះ​គឺជា​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុង​ក្រោយ​ ដែល​លោក​មាន​បំណង​ចង់​ឲ្យ​សេចក្ដីព្រាងច្បាប់​ស្ដី​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​នេះ​ លេច​ជា​រូបរាង​ឡើង​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឈាន​ចូល​មក​ដល់​ ប្រយោជន៍​ដើម្បី​ធានា​ស្ថិរភាព​យូរអង្វែង​សម្រាប់​យន្ដការ​ប្រាក់​ឈ្នួល​ កម្មករ​។​ មូលហេតុ​ដែល​រដ្ឋមន្ដ្រីក្រសួង​ការងារ​មាន​បំណង​ដូចនេះ​ ពីព្រោះ​តែ​លោក​បារម្ភ​ពី​ការ​អូស​បន្លាយពេល​យូរ​ ក្នុង​ការ​ពិនិត្យ​និង​អនុម័ត​ច្បាប់​នេះ​ ដោយសារ​តែ​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ដ៏​សំខាន់​មួយ​នា​ពេល​ខាង​មុខ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​ព្រោះ​កាលណា​តែ​វិស្សមកាល​ហើយ​ គាត់​ត្រូវ​បោះ​ឆ្នោត​ បោះ​ឆ្នោត​មក​អាណត្ដិ​ថ្មី​ ហើយ​អ​ញ្ចឹ​ង​ទេ​ បើ​ដល់​អាណត្ដិ​ថ្មី​ យើង​គិត​ថា​ គ្រែង​ឡូ​វា​យូរ​ ហើយ​បងប្អូន​យើង​កំពុង​រង់ចាំ​ ហើយ​ច្បាប់​នេះ​ខ្ញុំ​មើលទៅ​វា​មិន​មាន​ផល​ប៉ះពាល់​ដល់​ន​ណា​ម្នាក់​ទេ​ វា​មាន​តែ​ផល​ចំណេញ​គ្រប់​ភាគី​ទាំងអស់​»​។​

​លើស​ពី​នេះ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​បន្ថែម​ទៀត​ថា​ ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​ តាម​រយៈ​យន្ដការ​ច្បាប់​ គឺជា​វិធាន​ ដ៏​រឹង​មាំ​មួយ​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​មួយ​ដែល​សម​ស្រប​ទៅ​តាម​បែប​វិទ្យាសាស្ដ្រ​ ផ្អែក​ទៅ​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ​សង្គម​ និង​សេដ្ឋកិច្ច​តាម​រយៈ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​តំណាង​
​ស្នើៗ​គ្នា​មក​ពី​ភាគី​កម្មករនិយោជិត​ ភាគី​និយោជក​ និង​ភាគី​រាជរដ្ឋាភិបាល​។​

​ទាក់ទិន​នឹង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ លោក​ វ៉ា​ន់​ សូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បង្ហាញ​ជំហរ​គាំទ្រ​ដោយ​បញ្ជាក់​ថា​ គឺជា​រឿង​ល្អ​ ព្រោះតែ​ក្រោយ​ពេល​ដែល​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ នេះ​ចេញ​ វា​នឹង​ក្លាយជា​ជំនួយ​មួយ​សម្រាប់​ឲ្យ​ទាំង​ភាគី​ និយោជក​ និយោជិត​ រួម​ជាមួយ​រាជរដ្ឋាភិបាល​អាច​ពិភាក្សា​គ្នា​ រក​ស្ដង់ដារ​ប្រាក់​ឈ្នួល​ត្រឹមត្រូវ​មួយ​ដើម្បី​យក​មក​ចរចា​។​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ចង់​ឲ្យ​និយោជក​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ មាន​ដូច​វិស័យ​ទេសចរណ៍​ វិស័យ​សណ្ឋាគារ​ ឬ​ក៏​វិស័យ​កសិកម្ម​ មក​ចូលរួម​ចរចា​ដែរ​ តទៅ​ថ្ងៃ​មុខ​ ។​លោក​សង្កត់ធ្ងន់​ថា​ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ គឺ​ដឹង​ត្រឹមតែ​តម្លៃ​ក្នុង​វិស័យ​កាត់ដេរ​ តែ​ប៉ុណ្ណោះ​ ដែល​លោក​គិត​ថា​ ដើម្បី​ឲ្យ​ការ​ចរចា​ការ​កំណត់​ប្រាក់​ឈ្នួល​កាន់​មាន​ភាពល្អ​ប្រសើរ​ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​គ្រប់​វិស័យ​។​

​លោក​ វ៉ា​ន់​ សូ​អៀង​ ៖«​ខ្ញុំ​ចាប់អារម្មណ៍​ឲ្យ​អ្នក​រកស៊ី​ផ្សេងៗ​ ដូច​ជា​ទេសចរណ៍​ កសិកម្ម​ អីហ្នឹង​ឲ្យ​គេ​ចូលរួម​មក​ចរចា​ពីព្រោះ​យើង​ ជី​ម៉ាក់​ ដឹង​តែ​តម្លៃ​ធ្វើ​ម្ចាស់​កាត់ដេរ​ ម្ចាស់​ស្បែកជើង​ទេ​ ប៉ុន្ដែ​តម្លៃ​ផ្សេងៗ​ទៀត​យើង​អត់​ស្គាល់​ អ​ញ្ចឹ​ង​ទាល់តែ​ឲ្យ​គេ​អ្នក​ផ្សេង​ទៀត​ចូលរួម​ដែរ​»​។​

​សូម​ជម្រាប​ថា​ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ ស្ដី​ពី​សេចក្ដីព្រាងច្បាប់​ ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​សង្កត់ធ្ងន់​ថា​ បើ​ទោះ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ចេញ​ក៏​ដោយ​ ក៏​រាជរដ្ឋាភិបាល​នៅ​តែ​បន្ដ​យន្ដ​ការណ៍​ចរចា​ពី​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​ទៀត​ដែរ​ ដែល​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់​ឈ្នួល​កម្មករ​ ឈាន​កម្រិត​ល្អ​ប្រសើរ​មួយ​ នឹង​ឈាន​ទៅ​ជា​ប្រទេស​ដែល​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ពេល​អនាគត​៕

Share

Image
Image
Image