ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងកិច្ចការនារី បានទទូចឲ្យបុរសបញ្ឈប់ការរើសអើង និងការប្រើហិង្សាលើស្ដ្រី ដោយចាត់ទុកស្ដ្រីគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ នាយិកាអង្គការ GAD/C សំណូមពរឲ្យពង្រឹងការអនុវច្បាប់ទៅលើបុរសដែលប្រព្រឹត្ដហិង្សាលើស្ដ្រី។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោកស្រី គីម ស៊ីផាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានថ្លែងក្នុងឱកាសនៃពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្ដរជាតិ កាលពីថ្ងៃទី០៧ ខែមីនា នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា កូរ៉េ រាជធានីភ្នំពេញ ដោយស្នើដល់បុរសគ្រប់រូបបញ្ឈប់ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើស្ដ្រីបន្ដទៀត។ ការទទូចរបស់លោកស្រីដូចនេះពីព្រោះតែលោកស្រីមើលឃើញថា អំពើហិង្សាលើស្ដ្រីនៅតែបន្ដកើតមាន ការប្រើប្រាស់ស្ដ្រីដើម្បីប្រព្រឹត្ដបទល្មើសផ្សេងៗមាន ដូចជាការជួញដូរគ្រឿងញៀនជាដើម។ ត្រង់ចំណុចនេះ លោកស្រី ស៊ីផាត់ គិតថា គឺជាបញ្ហាដែលនាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។
លោកស្រី បន្ដទៀតថា ប្រទេសមួយដែលមានការរីកចម្រើនទៅបានលុះត្រាតែមានការចូលរួមដោយស្មើភាពគ្នារវាងស្ដ្រី និងបុរស ។ ដើម្បីឲ្យស្ដ្រីអាចបង្ហាញសមត្ថភាពចូលរួមអភិវឌ្ឍប្រទេសជាតិ លោកស្រី គីម ស៊ីផាត ទទូចឲ្យបុរស និងក្មេងប្រុស រួមគ្នាផ្ដល់ឱកាស លើកទឹកចិត្ដ និងគោរពសេចក្ដីសម្រេចចិត្ដរបស់ស្ដ្រី។
លោកស្រី គីម ស៊ីផាត់ ៖«អ្វីដែលជាសំណូមពរ និងជាសារដ៏សំខាន់ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ខ្ញុំសុំឲ្យបុរស និងក្មេងប្រុសកម្ពុជាទាំងអស់ រួមគ្នាផ្ដល់ឱកាស ឲ្យតម្លៃ គោរពស្រឡាញ់ស្ដ្រី ដែលជាកូនជាភរិយាជាមាតា ជាក្រុមគ្រួសាររបស់យើងទាំងមូល ធ្វើម៉េចត្រូវគិតថា ឲ្យក្មេងស្រី និងក្មេងប្រុស ទាំងពីរគឺគាត់ទទួលបាននូវអត្ថបប្រយោជន៍ដូចៗគ្នាពីអ្វីដែលគាត់ចង់បាន»។
យ៉ាងណា ក្រៅតែពីការសំណូមពរដល់បុរសឲ្យបញ្ឈប់ការរើសអើង និងប្រព្រឹត្ដហិង្សាលើស្ដ្រីហើយ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី ក៏សំណូមពរដល់ស្ដ្រី ឲ្យបង្កើនសមត្ថភាព និងចាប់យកឱកាស ដើម្បីធ្វើឲ្យខ្លួនក្លាយជាគំរូ សម្រាប់ស្ដ្រីវ័យក្មេងជំនាន់ក្រោយ។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C មានប្រសាសន៍ថា តាមពិតទៅបុរស កម្ពុជា បានយល់បានដឹងច្រើនហើយ ជុំវិញថា ស្ដ្រីមានសិទ្ធិស្នើនឹងបុរស ក្នុងកិច្ចអភិវឌ្ឍន៍។ តែយ៉ាងណា ចំពោះស្ថានភាពជាក់ស្ដែងវិញ គឺ ស្ដ្រីនៅតែទទួលរងនូវការរើសអើង ការស្ដីបន្ទោសក្រោយពីត្រូវបានជនល្មើសវាយដំ ឬក៏ចាប់រំលោភ។ បន្ថែមពីនេះលោកស្រី មើលឃើញទៀតថា ក្រុមបុរសនៅតែចាត់ទុកស្ដ្រី ជាមនុស្សដែលមិនមានចំណេះដឹង និងមិនអាចធ្វើការងារដូចបុរសបានទេ។
លោកស្រី រស់ សុភាព សំណូមពរឲ្យស្ដ្រី ត្រូវហ៊ានរាយការណ៍ដោយកុំមានការភ័យខ្លាច នៅពេលមានការវាយដំ ឬក៏អំពើរំលោភបំពានណាមួយកើតឡើង។ លើសពីនេះលោកស្រីក៏សំណូមផងដែរ ដោយសុំឲ្យអាជ្ញាធរពង្រឹងការអនុវត្ដច្បាប់ ឲ្យបានខ្លាំងត្រូវនាំជនល្មើសមកកាត់ទោស ដើម្បីជាការព្រមានដល់ជនដទៃទៀត។
លោកស្រី រស់ សុភាព ៖«សុំឲ្យគាត់ជាស្ដ្រី បន្ដភាពក្លាយហានរបស់ខ្លួន ដើម្បីរាយការណ៍ រាល់បញ្ហាទាំងឡាយដែលធ្វើមកលើគាត់ ទៅលើអំពើហិង្សាឬក៏ការរំលោភសេពសន្ថវៈទៅលើខ្លួនគាត់ហើយយើងទាំងអស់គ្នាសហការគ្នាក្នុងការវែកមុខជនល្មើស ធ្វើយ៉ាងណានាំជនល្មើសទៅកាត់ទោសទៅតាមច្បាប់ ធ្វើយ៉ាងនេះគឺដើម្បីឲ្យសង្គមយើងអាចកាត់បន្ថយ និងឈានទៅបញ្ឈប់អំពើហិង្សា ឬការរើសអើង»។
បច្ចុប្បន្ននេះ ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការធ្វើការងារជាច្រើន មានទាំងការងារផ្ទះ មើលថែកូន អប់រំកូន និងការចូលក្នុងសង្គមដើម្បីស្វែងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ និងជាសេដ្ឋកិច្ចជាតិ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី មានប្រសាសន៍ក្នុងវិដេអូខ្លី របស់ក្រសួង ដោយបញ្ជាក់ថា ស្ដ្រីជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យសង្គមមានការរីកចម្រើន។ លោកស្រី បន្ដថា ដំណើរនៃការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី គឺនៅវែងឆ្ងាយទៀត ដែលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ក្នុងការធ្វើឲ្យបុរសបានយល់ដឹងកាន់តែច្បាស់អំពីភាពមិនអាចខ្វះបាន នូវការរួមចំណែករបស់ស្ដ្រី ដើម្បីឲ្យសង្គមពោរពេញទៅដោយភាពរុងរឿង សិរីសួស្ដី និងសុភមង្គល៕