en     km
en     km

អាណាព្យាបាល​ កាន់តែ​បារម្ភ​ពី​សុវត្ថិភាព​កូនៗ​ បន្ទាប់​ពី​មាន​ករណី​រំលោភ​ ហើយ​សម្លាប់​កុមារី​ អាយុ​ ០៥​ឆ្នាំ​

Share

​ភ្នំពេញ​ ៖​ អាណាព្យាបាល​ ដែល​មានកូន​ស្រី​តូចៗ​ បាន​បង្ហាញ​ ក្ដី​បារម្ភ​ពី​សុវត្ថិភាព​កូនៗ​របស់​ខ្លួន​ បន្ទាប់​ពី​មាន​ករណី​ រំលោភ​ ហើយ​សម្លាប់​កុមារី​មា្ន​ក់​នៅ​ខេត្ដព្រៃវែង​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​។​ មេដឹកនាំ​ អង្គការ​សង្គម​ស៊ី​វិល​ យល់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ជនល្មើស​ហ៊ាន​ ដល់​ថ្នាក់​រំលោភ​ និង​សម្លាប់​ ដោយសារ​តែការខ្មាស់អៀនរបស់ ក្រុមគ្រួសារជន រងគ្រោះ លាក់បាំងព័ត៌មាន និងការអនុវត្ដច្បាប់ហាក់មិនទាន់ល្អប្រសើរ។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត រស់នៅក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង

 

​ជា​រឿង​ដែល​សង្គម​ខ្មែរ​ស្អប់ខ្ពើម​បំផុត​ អំពើ​រំលោភ​សេពសន្ថវៈ​ ហើយ​រឹតតែ​ថ្កោលទោស​ថែម​ទៀត​ បើ​អំពើ​នោះ​បាន​ប្រព្រឹត្ដ​លើ​កុមារី​ ។​ កាល​ពេល​ថ្មីៗ​ទៅ​កន្លង​ទៅ​នេះ​ ករណី​រំលោភ​សម្លាប់​កុមារី​ អាយុ​ ០៥​ ឆ្នាំ​ម្នាក់​ បាន​កើតឡើង​ នៅ​ខេត្ដព្រៃវែង​។​ នេះ​ជា​ដំណឹង​ដ៏​សែន​រន្ធត់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ នៅ​ទូ​ទាំង​ប្រទេស​ ពិសេស​គឺ​ឪពុក​ ម្ដាយ​ កុមារី​រង​គ្រោះ​ និង​អាណាព្យាបាល​ផ្សេងៗ​ទៀត​ ដែល​មានកូន​ស្រី​។​

​អ្នកស្រី​ ឈឹ​ម​ សុ​គ​ន្ធា​ វ័យ​ ៣៩​ឆ្នាំ​ មានមុខរ​បរជា​កម្មការិនី​រោងចក្រ​ មានកូន​ប្រុស​ស្រី​ចំនួន​ ២​នាក់​។​ អ្នកស្រី​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ដំណឹង​ពី​ការ​រំលោភ​សម្លាប់​កុមារី​នៅ​ខេត្ដព្រៃវែង​នេះ​ គឺ​ពិតជា​រន្ធត់​ណាស់​សម្រាប់​អ្នកស្រី​។​អ្នកស្រី​បន្ដ​ ថា​ ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​នឹក​បារម្ភ​ពី​កូន​របស់​ខ្លួន​គ្រប់ពេល​ ៖«​ខ្ញុំ​ចាប់អារម្មណ៍​ ខ្ញុំ​ពិបាកចិត្ដ​ណាស់​ ព្រោះ​អី​ខ្ញុំ​ចិញ្ចឹម​កូន​ មិនមែន​ដូច​គេ​ចិញ្ចឹម​កូន​ដូច​ថា​ ប្រ​លេង​អី​ទេ​។​ ខ្ញុំ​ចិញ្ចឹម​កូន​ ខ្ញុំ​មើល​កូន​ខ្ញុំ​ណាស់​ សូ​ម្បី​តែ​កូនប្រុស​ក៏​ដោយ​។​ ដូច​ថា​ គាត់​ចេញ​មក​ពី​រៀន​អ​ញ្ចឹ​ង​ ដល់​ម៉ោង​ដល់​ពេល​ម៉ោង​ ៥​កន្លះ​ អត់​ទាន់​មក​ដល់​ផ្ទះ​អ​ញ្ចឹ​ង​ខ្ញុំ​អោយ​ប្ដី​ខ្ញុំ​ ជិះ​ម៉ូតូ​អី​ទៅ​មើល​ហើយ​ ខ្ញុំ​អត់​ប្រ​លេង​ អត់​បណ្ដែតបណ្ដោយ​កូន​ដូច​គេ​ទេ​»​។​

​អ្នកស្រី​ សុ​គ​ន្ធា​ បាន​ធ្វើ​ដូចនេះ​ជា​រៀងរាល់ថ្ងៃ​ ពីព្រោះ​អ្នកស្រី​បារម្ភ​ពី​សុវត្ថិភាព​កូនៗ​។​ សម្រាប់​កូនស្រី​ អ្នកស្រី​បារម្ភ​ពី​ការ​ចាប់រំលោភ​ ចំណែក​កូនប្រុស​ អ្នកស្រី​ បារម្ភ​ពី​ការ​អូស​ទាញ​ឲ្យ​ចូល​ទៅ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​ អ្នកស្រី​យល់​ឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ហ៊ាន​ ប្រព្រឹត្ដ​ទ​ង្វើ​អាក្រក់​ដូចនេះ​ ពីព្រោះ​តែ​ការ​សេព​គ្រឿងញៀន​ ឬ​ក៏​គ្រឿង​ស្រវឹង​។​ អ្នកស្រី​ សុ​គ​ន្ធា​ បន្ថែម​ថា​ ដើម្បី​ទប់ស្កាត់​អំពើ​ចាប់រំលោភ​ ដែល​ឈាន​ដល់​ការ​សម្លាប់​បែប​នេះ​ គឺ​មានការ​ប្រឹង​លុប​បំបាត់​ឲ្យ​បាន​ នូវ​វត្ដមាន​គ្រឿងញៀន​ និង​គ្រឿង​ស្រវឹង​តែ​ប៉ុណ្ណោះ​ ៖«​សុំ​សំណូមពរ​ ឲ្យ​ខាង​អាជ្ញាធរ​ ខាង​នាយក​រដ្ឋមន្ដ្រី​អីហ្នឹង​ ឲ្យ​គាត់​រឹត​បន្ដឹង​ខាង​គ្រឿ​ញៀន​ ខាង​អីហ្នឹង​បន្ដិច​ទៅ​ សម្បូរ​ចោរ​ សម្បូរ​គ្រឿងញៀន​ណាស់​។​ បើ​មិន​អ​ញ្ចឹ​ង​ទេ​ ងាប់​ហើយ​កូន​ជំនាន់​ក្រោយ​ហ្នឹង​ ប្រហែល​មិន​បាន​ ចេះ​ដឹង​អី​ទេ​ បើ​ប៉ិច​ឡើង​មើលទៅ​គេ​រំលោភ​ ប៉ិច​ឡើង​គ្រឿងញៀន​ ឲ្យ​ធ្វើ​ម៉េច​ទៅ​»​។​

​ដូច​គ្នា​ដែរ​អ្នកស្រី​ ស៊ឹ​ម​ ស៊ី​ថា​ ពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្ដកណ្ដាល​ បាន​និយាយ​ថា​ ក្រោយ​ពី​បានឮ​ដំណឹង​ពី​ករណី​រំលោភ​កុមារី​ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដូចនេះ​ នាំ​ឲ្យ​អ្នកស្រី​បារម្ភ​ពី​កូនៗ​របស់​ខ្លួន​ជា​ខ្លាំង​ ខណៈ​តំបន់​ដែល​អ្នកស្រី​រស់នៅ​ហាក់​សម្បូរ​ទៅ​ដោយ​ក្រុម​មនុស្ស​ដែល​ញៀន​ថ្នាំ​ ៖«​ចា​ សម្រាប់​ខ្ញុំ​ជា​ម្ដាយ​ ឥឡូវ​គឺថា​ មានការ​ក្ដី​បារម្ភ​ខ្លាំង​ដែរ​ ហើយ​ណាមួយ​ក៏​អត់​សូវ​ធ្វេសប្រហែស​ជាមួយ​និង​កូន​ដែរ​ ហើយ​ណាមួយ​នៅ​ប្លុកៗ​ហ្នឹង​ វា​ភាគច្រើន​ ក៏​សម្បូរ​ក្មេង​ញៀន​ថ្នាំ​ដែរ​ អ​ញ្ចឹ​ង​យើង​បារម្ភ​ណាស់​»​។​

​អ្នកស្រី​ ស៊ី​ថា​ បន្ដ​ទៀត​ថា​ បញ្ហា​ថ្នាំ​ញៀន​ហាក់ដូចជា​ ការ​ទប់ស្កាត់​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ​ ហើយ​មួយវិញទៀត​ការ​សម្រុះសម្រួល​ពី​អាជ្ញាធរ​ ឲ្យ​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ ជាមួយ​ជនល្មើស​ បញ្ឈប់​ការ​ប្ដឹងផ្ដល់​ក៏​នៅ​តែ​មាន​ផង​ដែរ​ នៅ​តាម​ភូមិ​ស្រុក​មួយ​ចំនួន​។​ ស្ដ្រី​រូប​នេះ​ មាន​បំណង​ចង់​ឲ្យ​អាជ្ញាធរ​ បញ្ឈប់​ការ​ធ្វើ​បែប​នេះ​ ហើយ​ត្រូវ​ចាប់​ជនល្មើស​ យក​ផ្ដន្ទាទោស​ ដោយ​មិន​ត្រូវ​មានការ​យោគយល់​អ្វី​ទាំងអស់​ ៖«​អាជ្ញាធរ​នៅ​តាម​ស្រុកស្រែ​ឥឡូវ​ ពេល​ខ្លះ​មិនមែន​គាត់​មិនដឹង​ មិន​ឮ​ទេ​។​ តែ​ព្រោះថា​ គាត់​ចេះ​តែ​យោគយល់​អី​អ​ញ្ចឹ​ង​ទៅ​ ដោយសារ​យល់​ម្ដាយ​ យល់​អី​ អា​រឿង​ហ្នឹង​ ខ្ញុំ​ពិបាក​និយាយ​។​ តែបើ​តាម​ចិត្ដ​ខ្ញុំ​ គឺ​ចង់​ឲ្យ​គាត់​ហ្នឹង​អនុវត្ដន៍​ច្បាប់​ឲ្យ​វា​មាន​ប្រសិទ្ធិ​ភាព​ កុំ​មានការ​យោគយល់​ បើ​មិន​អ​ញ្ចឹ​ង​ទេ​ តាម​ស្រុក​ តាម​ភូមិ​ក៏​វា​ពិបាក​ដែរ​ឥឡូវ​»​។​

​ពាក់ព័ន្ធ​ករណី​នេះ​ លោកស្រី​ ធីតា​ ឃឹះ​ នាយិការ​ អង្គការ​សីល​ការ​ ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ មាន​ប្រសាសន៍​ថា​ យោង​តាម​ការ​សង្កេត​របស់​លោកស្រី​ មូលហេតុ​ដែល​នាំ​ឲ្យ​ជនល្មើស​ ហ៊ាន​ដល់​ថ្នាក់​រំលោភ​សម្លាប់​បែប​នេះ​ ពីព្រោះ​តែ​ការ​លាក់បាំង​ព័ត៌មាន​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដើម្បី​រក្សា​កិត្ដិយស់​កូនស្រី​ និង​ការ​យោគយល់​គ្នា​ក្នុង​នាម​ជា​អ្នក​ជិតខាង​ ៖«​ប្រព័ន្ធ​សង្គម​យើង​ហ្នឹង​ មើលទៅ​ការពារ​កិត្ដិយស់​របស់​កូនស្រី​ បើ​ប្ដឹងផ្ដល់​ទៅ​វា​ធ្វើ​ឲ្យ​មានការ​ខ្មាស់​គេ​សម្រាប់​អនាគត​កូន​ហ្នឹង​អាច​មាន​បញ្ហា​ទី​១​ ទី​២​អ្នក​ដែល​រំលោភ​នេះ​មិនមែន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទេ​ គឺ​អ្នក​នៅ​ជិត​ផ្ទះ​ ហើយ​អ្នក​ដែល​ស្គាល់​។​ ដូច្នេះ​ខ្មែរ​យើង​មាន​អារម្មណ៍​ដូច​ជា​ ខ្លាច​ខ្មាស់​គេ​ផង​ ហើយ​មនុស្ស​ស្គាល់​ណ្ហើយ​ទៅ​ក៏​ស្រុះស្រួល​គ្នា​ទៅ​ ពីព្រោះ​មាន​ករណី​កូន​បង​វា​រំលោភ​ម្ដង​ហើយ​ ប៉ុន្ដែ​អត់​បាន​ធ្វើ​តាម​ផ្លូវច្បាប់​ត្រឹមត្រូវ​។​ ដូ​ច្នេ​ក៏​វា​រឿង​ហ្នឹង​មនុស្ស​ហ្នឹង​នៅ​មាន​ទៀត​ មិនតែប៉ុណ្ណោះ​ឈាន​ចូល​ដល់​ការ​សម្លាប់​»​។​

​ក្រៅ​តែ​ពី​ចំណុច​ទាំងនេះ​ លោកស្រី​ មើលឃើញ​ទៀត​ថា​ ការ​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​ជន​រង​គ្រោះ​ និង​ជនល្មើស​ស្រុះស្រួល​គ្នា​ ក៏​ជាដើម​ចមនាំ​ឲ្យ​ជនល្មើស​នៅ​តែ​ហ៊ាន​ប្រព្រឹត្ដ​ការ​ចាប់រំលោភ​ជន​រង​គ្រោះ​ដោយ​មិន​ខ្លាចរអា​ច្បាប់​ផង​ដែរ​។​ ជាង​នេះ​ លោកស្រី​ចង់​ឲ្យ​ប្រព័ន្ធ​ច្បាប់​មានការ​រឹត​បន្ដឹង​ឲ្យ​កាន់តែ​ខ្លាំង​ ក្នុង​ការ​ដាក់​វិធានការ​ការពារ​កុមារី​ និង​កូ​ស្រី​។​

​លោកស្រី​ ធីតា​ សង្កត់ធ្ងន់​ថា​ ករណី​រំលោភ​គឺជា​ករណី​ព្រហ្មទណ្ឌ​ បើ​ទោះជា​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង​ ក៏​អាជ្ញាធរ​ត្រូវ​តែ​ចាប់​ជន​នោះ​មក​ផ្ដន្ទាទោស​ដែរ​ ព្រោះ​វា​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ​ទៅ​លើ​ស្ដ្រី​។​ លោកស្រី​ចង់​ឃើញ​ការ​អនុវត្ដ​ច្បាប់​ដ៏​តឹងរ៉ឹង​មួយ​កើតឡើង​ ដើម្បី​រក​យុត្ដិធម៌​សម្រាប់​ស្ដ្រី​ ដែល​រង​គ្រោះ​ព្រោះ​ការ​ចាប់រំលោភ​នេះ​ ៖«​វា​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ វា​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​កូនស្រី​របស់​សង្គម​ របស់​យើង​ ហើយ​វា​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ចិត្ដសាស្ដ្រ​របស់​កូនស្រី​ដទៃ​ទៀត​ និង​ឪពុក​ម្ដាយ​ ដទៃ​ទៀត​ នៅ​ក្នុង​សង្គម​របស់​យើង​»​។​

​គួរ​ជម្រាប​ថា​ ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៨​នេះ​ ទាំង​ករណី​រំលោភ​ និង​ករណី​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នៅ​តែ​បន្ដ​កើតឡើង​ គឺ​មិន​ខុស​ពី​ឆ្នាំ​មុន​ប៉ុន្មាន​ទេ​ ក៏​ប៉ុន្ដែ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មើលឃើញ​ថា​ អំពើ​ហិង្សា​ និង​ការ​រំលោភ​សេព​ន្ថ​វៈ​ បាន​បង្ហាញ​រូបភាព​កាន់តែ​សាហាវ​ និង​កាន់តែ​អ​សីលធម៌​យ៉ាង​ខ្លាំង​ក្នុង​សង្គម​ខ្មែរ​ ។​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ យល់​ឃើញ​ថា​ ប្រសិនបើ​ប្រព័ន្ធ​ច្បាប់​មិន​ពង្រឹង​អំណាច​របស់​ខ្លួន​ ឲ្យ​កាន់តែ​ខ្លាំង​ទេ​ នោះ​អំពើ​ទាំង​អស់នេះ​ នឹង​នៅ​តែ​បន្ដ​កើត​មាន​ ហើយ​ជា​រឿង​ដែល​គ្រោះ​បំផុត​សម្រាប់​កុមារី​ និង​ស្ដ្រី​គ្រប់​រូប​៕

Share

Image
Image
Image