en     km
en     km

ក្រសួងសុខាភិបាល​ ៖​ ជំងឺគ្រុនឈាម​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧​

Share

​ភ្នំពេញ​ ៖​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម​ងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ដ្រ​ និង​បាណក​សាស្ដ្រ​ នៃ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៧​ កុមារ​កើត​ជំងឺគ្រុនឈាម​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ រហូត​ដល់​ជិត​ ១៣០​ភាគរយ​ បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៦​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

ជំងឺគ្រុនឈាម​ គឺជា​ជំងឺ​ដែល​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​តូចៗ​ តាំងពី​កើត​រហូត​ដល់​អាយុ​ក្រោម​ ១៥​ឆ្នាំ​។​ ជំងឺ​នេះ​ត្រូវ​ចម្លង​ដោយ​ពពួកសត្វ​មូស​ខ្លា​ ។​ តែ​យ៉ាងណា​ ជំងឺ​នេះ​ក៏​មាន​កើត​ផង​ដែរ​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​មូស​ខ្លា​ ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ខាំ​។​

​លោក​ វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ដ្រ​ និង​បាណក​សាស្ដ្រ​ នៃ​ក្រសួងសុខាភិបាល​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ កាលពី​ចុង​ខែមករា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ថា​ ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​២០១៧​ មាន​ចំនួន​ ៦៣៧២​ករណី​ នៅ​ទូ​ទាំង​ប្រទេស​។​ ក្នុង​ចំណោម​អ្នក​ដែល​កើត​ជំងឺគ្រុនឈាម​ទាំង​អស់នេះ​ មាន​កុមារ​ អាយុ​ចន្លោះ​ពី​ ៥​ ទៅ​ ៩​ឆ្នាំ​ ចំនួន​ ០៣​នាក់​ស្លាប់​បាត់បង់​ជិ​វីត​ ស្ថិត​នៅ​ក្នុង​ខេត្ដកំពង់ធំ​ ក្រចេះ​ និង​ខេត្ដព្រៃវែង​។​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កុមារ​ កើត​ជំងឺគ្រុនឈាម​មាន​អាការ​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់​បង់ជីវិត​ ពីព្រោះ​តែ​ពួក​គេ​រស់នៅ​តំបន់​ដាច់​ស្រយាល​ ហើយ​អាណាព្យាបាល​បាន​ពន្យា​ពេល​ក្នុង​ការ​នាំ​កុមារ​មក​ទទួល​សេវា​ព្យាបាល​។​

​ករណី​នេះ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ បង្ហាញ​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ ចំពោះ​ការ​ធ្វេស​ប្រ​ហេ​ស​របស់​មាតា​ បិតា​ ដែល​បណ្ដាល​ឲ្យ​កុមារ​បាត់បង់​អាយុជីវិត​ បើទោះ​បី​ជា​ក្នុង​ឆ្នាំ​២០១៧​ ទាំង​ចំនួន​អ្នក​កើត​ជំងឺគ្រុនឈាម​ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ បាន​ថយ​ចុះ​ខ្លាំង​ជាង​កាលពី​ឆ្នាំ​២០១៦​ រហូត​ដល់​ជិត​ ១៣០​ភាគរយ​ក្ដី​។​ លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្នុង​ឆ្នាំ​២០១៦​ ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន​ ១២៨៤៣​ករណី​ និង​មាន​អ្នក​ស្លាប់​ចំនួន​ ១៨​នាក់​។​

​លោក​ វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ មើលឃើញ​ថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អត្រា​អ្នក​កើត​ជំងឺគ្រុនឈាម​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ដូចនេះ​ ពីព្រោះ​ប្រជាពលរដ្ឋ​តាម​សហគមន៍​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ និង​បំផ្លាញ​ទី​ជ្រក​របស់​ពពួក​មូល​ខ្លា​ ស្រប​ទៅ​តាម​អ្វី​ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រក្សា​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ៖«​ចំណុច​មួយទៀត​នោះ​ គឺ​បាន​ន័យ​ថា​ សេវា​សុខាភិបាល​កាន់តែ​ប្រសើរ​ និង​ទូលំទូលាយ​ បាន​ន័យ​ថា​ បើ​មាន​ករណី​ឈឺ​គាត់​ស្វែងរក​សេវា​សុខាភិបាល​បាន​ទាន់​ពេលវេលា​ហើយ​សេវា​សុខាភិបាល​យើង​ហ្នឹង​គាត់​ផ្ដល់​នូវ​ការ​ព្យាបាល​មួយ​ដ៏​ត្រឹមត្រូវ​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ហេតុ​ដូច្នេះ​ហើយ​នេះ​គឺជា​ករ​រួមចំណែក​ ទៅ​នឹង​ការ​ចម្លង​ទៅ​ជំងឺគ្រុនឈាម​ដែរ​ មិន​ឲ្យ​មូស​ហ្នឹង​ខាំ​ពី​អ្នក​ឈឺ​ទៅ​អ្នកជា​»​។​

​រាជធានី​ ខេត្ដ​ ទាំង​ ២៥​ ក្នុង​ឆ្នាំ​២០១៧​ គឺ​រាជធានី​ភ្នំពេញ​ មាន​អត្រា​កុមារ​កើត​ជំងឺគ្រុនឈាម​ច្រើន​ជាងគេ​ ពីព្រោះ​តែ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សំណង់​អាគារ​ជា​ច្រើន​កំពុង​រីក​ដុះដាល​ ហើយ​ជា​ពិសេស​នៅ​តំបន់​ជាយក្រុង​ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានទឹក​ដក់​ដោយ​កន្លែង​ រួម​ផ្សំ​និង​ការ​ស្ដុក​ទឹក​ទុក​ ពី​ប្រជាពលរដ្ឋ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ គឺជា​ដើមចម​នៃ​ការ​ផ្ដល់​ទីជម្រក​សម្រាប់​មូស​ខ្លា​។​

​ប្រជាពលរដ្ឋ​អាច​កត់សម្គាល់​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​នេះ​បាន​ តាម​រយៈ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង​ចាប់ពី​ ៣៨.៥​អង្សា​សេ​ឡើង​ទៅ​ មុខ​អ្នកជំងឺ​ឡើង​ក្រហម​ ឈឺក្បាល​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ដៃ​ សន្លាក់ជើង​ ឈឺ​ក្នុង​គ្រាប់ភ្នែក​ កុមារ​មាន​ស្ថានភាព​ងងុយគេង​សន្លឹម​ មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក​ និង​ដងខ្លួន​ លើស​ពី​នេះ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ កុមារ​ នឹង​មាន​ស្នាក់​ជាំ​ឈាម​ជា​បន្ទះៗ​ លើ​ដៃ​ ដងខ្លួន​ និង​ជើង​។​ សញ្ញា​ទាំង​អស់នេះ​ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ គឺជា​រោគ​សញ្ញា​ដ៏​គ្រោះថ្នាក់​បំផុត​ ដែល​អាណាព្យាបាល​ទាំងអស់​ត្រូវ​ប្រញាប់​រួសរាន់​នាំ​អ្នកជំងឺ​ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ជា​បន្ទាន់​។​

​លោក​ វិ​ជ្ជ​បណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ៖«​កាលណា​យើង​ទទួល​នៅ​រោគ​សញ្ញា​ ឬ​ក៏​សញ្ញាណ​ នៃ​ជំងឺគ្រុនឈាម​ពិសេស​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ​ សូមកុំ​ពន្យា​ពេល​សាកល្បង​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ ឬ​ក៏​នៅ​សេវា​សុខាភិបាល​ដែល​ជា​សេវា​ឯកជន​មាននៅ​តំបន់​ខ្លះ​ហ្នឹង​ មិនមែន​ជា​សេវា​ស្របច្បាប់​ និង​មិន​ចេះ​ពី​បែបបទ​ព្យាបាល​ត្រឹមត្រូវ​នោះ​ សូមកុំ​ព្យាយាម​ទទួលយក​សេវា​ទាំងនោះ​ ត្រូវ​សម្រេចចិត្ដ​ប្រញាប់​មក​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ឲ្យ​បាន​ទាន់​ពេលវេលា​»​។​

​លោក​ វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺគ្រុនឈាម​ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ទីជម្រក​សម្រាប់​ពួក​មូស​ខ្លា​ឡើង​។​ មូស​ខ្លា​ គឺ​ពង​កូន​ក្នុង​ទឹក​រង​ថ្លា​ មិន​មាន​ក្លិនស្អុយ​ តែ​ប៉ុណ្ណោះ​ ដូច្នេះ​ដើម្បី​បំផ្លាញ​ទីជម្រក​របស់​ពពួកសត្វ​មូស​ខ្លា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ពិនិត្យ​ឲ្យ​បានជា​ប្រចាំ​នូវ​ ថូផ្កា​ ចាន​តម្កល់​ជើង​ទូ​មានទឹក​ ក្រឡ​ សំបក​កំប៉ុង់​ សំបក​កង់​ឡាន​ កង់​ម៉ូតូ​ សំបក​ដូង​ និង​ជា​ពិសេស​ត្រូវ​លាង​សម្អាត​អាង​ ឬ​ពាងទឹក​ឲ្យ​បាន​រៀង​រាល់​ស​ប្ដា​ហ៍​ ឬ​មិន​ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​ត្រី​ ៧​ពណ៌​ ដើម្បី​ឲ្យ​ស៊ី​ដង្កូវទឹក​។​ លើស​ពី​នេះ​អាណាព្យាបាល​ត្រូវ​តែ​ស្លៀកពាក់​ខោអាវ​វែង​ ឲ្យ​កុមារ​តូចៗ​ និង​ដាក់​ឲ្យ​ដេក​ក្នុង​ម៉ុង​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​មូស​ខ្លាខាំ​៕

Share

Image
Image
Image