ក្រុងភ្នំពេញ៖ ក្រសួងបរិស្ថានហាក់បង្ហាញជំហរស្រពិចស្រពិលពីគម្រោងទំនប់វារីអគ្គីសនីសម្បូណ៍ ខណៈ របាយការណ៍មួយមានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូរ បង្ហាញពីភាពអវិជ្ជមាន និងព្រមានធ្ងន់ៗ ចំពោះសាងសង់ទំនប់វារីអគ្គីសនីនេះ នៅលើផ្ទៃអាងទន្លេមេគង្គ នាំអោយអន្តរាយ ជីវៈចម្រុះរបស់ទន្លេ ដែលហៅថា«ការសំលាប់ជីវិតទន្លេមេគង្គ»។
របាយការណ៍សិក្សាស្រាវជ្រាវដោយវិទ្យាស្ថានមរតកធម្មជាតិ Natural Heritage មួយដែលត្រូវបានបែកធ្លាយ និង យកមកផ្សព្វផ្សាយជាសាធារណៈ ដោយគេហទំព័រកាសែតអង់គ្លេស The Guardian។
កាលពីថ្ងៃទី ១៦ ខែ ឧសភានេះ បានបង្ហាញពីចំណុចអវិជ្ជមាននានាថា គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅស្រុកសម្បូណ៍ ខេត្តក្រចេះ គឺជាការជ្រើសរើសទីតាំងដ៏អាក្រក់មួយ។
របាយការណ៍នេះរកឃើញពីរបកគំហើញសំខាន់ៗ រួមមាន ផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានត្រី ដោយសារតែទំនប់វារីអគ្គិសនីនេះ នឹងធ្វើការរាំងខ្ទប់ ការបំលាស់ទីត្រីពីទន្លេសាប ដែលជាដៃទន្លេមេគង្គ ឆ្ពោះទៅទន្លេមេគង្គ និងតំបន់ផ្នែកខាងលើនៃទន្លេនេះ។
អ្នកជំនាញការផ្នែកធនធានទឹក របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ឬ WWF លោក ម៉ាក ហ្គ័រចូត (Marc Goichot) ដែលត្រូវបានកាសែតនេះសម្រង់ប្រសាសន៍លោកថា ការសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងអភិរក្សសត្វផ្សោត ធនធានត្រី ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់សហគមន៍ជនបទ ព្រមទាំងការធ្លាក់ចុះអត្រាផ្ទៃរងទឹកភ្លៀង នៃតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។
យ៉ាងណាក៏ដោយ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ហាក់បានបង្ហាញជំហរមិនច្បាស់លាស់អំពីគម្រោងសាងសង់ទំនប់វារីអគ្គីសនីតំបន់សម្បូណ៍នេះ។ លោកសុំមិនធ្វើការបកស្រាយអំពីភាពអវិជ្ជមាននៃរបាយការណ៍នេះទេ តែលោកអះអាងថា រដ្ឋាភិបាល ពុំទាន់សម្រេចឲ្យមានការសាងសង់ណាមួយទៅលើគម្រោងនេះ។
សំឡេង លោក សៅ សុភាព៖ ខ្ញុំៗ មិនទាន់ដឹងថាតើ រដ្ឋាភិបាលគាត់សម្រេចចិត្តយ៉ាងណាទេ បាទ! ហើយវាមិនមែនជារឿងអីដែលគួរយកមកពិភាក្សាទេ ហើយមិនមែនជារឿងដែលជ្រួលច្របល់ទេបាទ! ព្រោះថារដ្ឋាភិបាលធ្វើអ្វីមួយមិនមែនចេះតែធ្វើឲ្យតែរួចតែពីដៃទេ គេមានការសិក្សាស្រាវជ្រាវ។
តែបែបនេះក្ដី របាយការណ៍សិក្សាស្រាវជ្រាវដោយវិទ្យាស្ថានមរតកធម្មជាតិ បានបង្ហាញពីភាពអវិជ្ជមាន ដែលជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិ និង ជីវៈចម្រុះ។ ប្រសិនបើទំនប់វារីអគ្គីនេះ ត្រូវស្ថាបនាឡើងនឹងតម្រូវឲ្យមាននូវការសាងសង់ទំនប់ប៉េតុង ប្រវែង ៣៣ គីឡូម៉ែត្រ កាត់ទទឹងផ្ទៃទន្លេមេគង្គ ត្រង់តំបន់មួយនៅស្រុកសម្បូណ៍ខេត្តក្រចេះ និងមានផ្ទៃបាតអាងទំហំរហូតដល់ទៅ ៨២ គីឡូម៉ែត្រ៕