ជនជាតិខ្មែរជិត ២ពាន់នាក់ ស្ថិតក្នុងបញ្ជីបណ្ដេញចេញពីសហអាមេរិក ដោយសារតែពួកគេជាជនអន្តោប្រវេសន៍រស់នៅមិនស្របច្បាប់។ មន្ត្រីរដ្ឋាភិបាល ទទួលស្គាល់ថាចំនួនជនអន្តោប្រវេសន៍ទាំងនោះ ពិតជារស់នៅមិនស្របច្បាប់របស់អាមេរិក ហើយប្រសិនជាបញ្ជូនត្រឡប់មកវិញ កម្ពុជានឹងផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងករណីមិនមានដី និងលំនៅឋាន។ លោក គីម ចាន់ចាវ រាយការណ៍
យោងតាមឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថាមានជនអន្តោប្រវេសន៍ចំនួន ១, ៤៤៥, ៥៤៩នាក់ នឹងត្រូវបណ្ដេញចេញពីអាមេរិក ក្នុងនោះមានជនជាតិខ្មែរចំនួន ១ ៧៤៧នាក់។ ក្រៅពីកម្ពុជា ស្ថិតក្នុងបញ្ជីបណ្ដេញចេញពីសហអាមេរិក ក្នុងនោះក៏មានប្រទេសជិតខាងកម្ពុជាផងដែរ រួមមាន៖ ថៃមាន ៦១៩នាក់ ឡាវមាន ៤ ៨៥០នាក់ និងវៀតណាមមាន ៨,៦៧៥នាក់។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់វិទ្យុស្ដ្រីនៅថ្ងែទី៣១ ខែមករាថា ពិតជាមានពលរដ្ឋជិត ២ពាន់នាក់ ដែលរស់មិនស្របច្បាប់នៅសហរដ្ឋអាមេរិកមែន ហើយពលរដ្ឋខ្មែរទាំងនោះ នឹងត្រូវបញ្ជូនមកវិញ ដោយសារពុំមានឯកសារគ្រប់គ្រាន់ស្របតាមច្បាប់សហរដ្ឋអាមេរិក។ ពលរដ្ឋខ្មែរដែលត្រូវបញ្ជូនមកវិញនេះ មិនត្រូវបានទុកចោលឡើយ ដោយរដ្ឋាភិបាលនឹងរៀបចំផែនការទទួល និងចាត់ចែងពលរដ្ឋទាំងនោះ ប្រសិនជាគ្មានដី ឬលំនៅឋាន គឺនឹងផ្ដល់ដីសម្បទានសង្គមកិច្ចជូនដល់ពលរដ្ឋដែលបញ្ជូនមកវិញ។
លោក ទូច សុខៈ៖ «មិនមែនមានតែបងប្អូនខ្មែរយើងប្រមាណតែ ២ពាន់នាក់ហ្នឹងទេ ដែលរស់នៅមិនស្របច្បាប់លើទឹកដីសហរដ្ឋអាមេរិក គឺមានជាតិសាសន៍ច្រើនណាស់ដែលរស់នៅមិនស្របច្បាប់ ឬជាជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅលើទឹកដីសហរដ្ឋអាមេរិក។ អ៊ីចឹងមានន័យជនអន្តោប្រវេសន៍ ឬអ្នកដែលរស់នៅខុសច្បាប់ផ្ដាច់មុខលើតែប្រទេសណាមួយទេ ឧទាហរណ៍ថាមានតែប្រទេសកម្ពុជា ដែលត្រូវគេបង្កើតទៅជាប្រធានបទវាយប្រហារមកលើកម្ពុជា ឬរដ្ឋាភិបាលកម្ពុជា ប៉ុន្តែផ្ទុយទៅវិញសបញ្ជាក់ឃើញជនអន្តោប្រវេសន៍ខុសច្បាប់ រស់នៅពេសពេញពិភពលោកតែម្ដង ហើយជាពិសេសនៅបណ្ដាប្រទេសមហាអំណាច»។
ចំណែកលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សរសេរបញ្ជាក់តាមប្រព័ន្ធតេលេក្រាមថា ក្រសួងមិនទាន់ទទួលបាន ការជូនដំណឹងផ្លូវការណាមួយពីភាគីអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាក្នុងបរិបទថ្មីនេះនៅឡើយទេ។ តែកន្លងមក កម្ពុជាបានផ្តល់កិច្ចសហការពេញលេញជាមួយសហរដ្ឋអមេរិក លើការបញ្ជូន និងទទួលពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជា ស្របតាមស្មារតីចុះអនុស្សារណៈយោគយល់ (MOU) រវាងប្រទេសទាំងពីរ។
លោកបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានជួយធ្វើសមាហរណកម្មពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញទៅក្នុងសហគមន៍ដែលគេត្រូវរស់នៅ ហើយកម្ពុជា ក៏នឹងបន្តផ្តល់កិច្ចសហការដ៏ល្អនេះបន្តទៅទៀតជាមួយសហរដ្ឋអាមេរិក។
ដោយឡែកលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនបានផ្ដល់ចម្លើយដល់វិទ្យុស្ដ្រីជុំវិញសំណួរដែលថា ពលរដ្ឋខ្មែរជិត ២ពាន់នាក់ នឹងបណ្ដេញចេញពីអាមេរិក តើជាការពិត ឬមិនពិតឡើយ ប៉ុន្តែលោកឆ្លើយតបតាមប្រព័ន្ធតេលេក្រាមដោយសរសេរយ៉ាងខ្លីថា ក្នុងករណីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកស្រុកកំណើតវិញ ដោយមិនអាចចៀសវាងបាន រាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីទទួលពលរដ្ឋទាំងនោះ ពីព្រោះពួកគេជាពលរដ្ឋខ្មែរ។
លោកសរសេរបញ្ជាក់ទៀតថា ការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកប្រទេសកំណើតវិញ មិនមែនជារឿងថ្មីឡើយសម្រាប់កម្ពុជា ព្រោះកន្លងទៅសហរដ្ឋអាមេរិកក៏ធ្លាប់បានចាប់បញ្ជូនពលរដ្ឋខ្មែរដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅលើទឹកដីអាមេរិកត្រឡប់មកកម្ពុជាវិញជាហូរហែផងដែរ។
វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជុំវិញពលរដ្ឋខ្មែរជិត ២ពាន់នាក់ នឹងត្រូវបញ្ជូនចេញពីអាមេរិក មកដល់រសៀលថ្ងៃទី៣១ ខែមករានេះ មិនមានការឆ្លើយតបពីលោកឡើយ។
កាលពីថ្ងៃទី៣០ ខែមករានេះ ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថា ជនអន្តោប្រវេសន៍រាប់រយនាក់ក្នុងសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ និងរាប់រយនាក់ទៀតត្រូវបានដឹកតាមយន្តហោះយោធាចេញពីសហរដ្ឋអាមេរិក តាមការសន្យារបស់លោកប្រធានាធិបតី Donald Trump ក្រោយពីលោកជាប់ឆ្នោតអាណត្តិទីពីរ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី