ភរិយារបស់លោក សាន សិទ្ធិ ដែលសកម្មជនសន្ធិសញ្ញាទីក្រុងប៉ារីសបានធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ចំណែកជីវភាពក៏ជួបការលំបាក ហើយថវិកាសម្រាប់កូនរៀនក៏ខ្វះខាតផងដែរ បន្ទាប់ពីស្វាមីរបស់ខ្លួនបានជាប់ពន្ធនាគារក្នុងសំណុំរឿងរិះគន់លើគម្រោងអភិវឌ្ឍតំបន់ CLV របស់រដ្ឋាភិបាល។ ការលំបាកផ្នែកជីវភាពនេះត្រូវបានអ្នកស្រី ស្វាយ ពៅ ភរិយាលោក សាន សិទ្ធិ ទម្លាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៦ ខែកុម្ភៈ គ្រាដែលសាលាឧទ្ធរណ៍ដំណើរការបើកសវនាការលើបណ្តឹងជំទាស់បំបែកសំណុំរឿងជា ៥ តូចៗដាច់ពីគ្នា។ កញ្ញា កែវ សុជាតា រាយការណ៍
លោក សាន សិទ្ធិ ដែលគេស្គាល់ថាជាពលរដ្ឋសកម្មផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមួយលោក ស៊្រុន ស្រ៊ន ត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារ ក្រោយពួកគេនិយាយពាក់ព័ន្ធនឹងគម្រោង CLV។ យ៉ាងណាការឃុំខ្លួនលោក សាន សិទ្ធិ ជាង ៧ខែនេះ ធ្វើឱ្យគ្រួសារអ្នកជាប់ឃុំរូបនេះជួបជីវភាពលំបាក ចំណែកកូនៗរបស់លោកខ្វះខាតថវិកាសម្រាប់រៀនសូត្រផងដែរ។ ដោយឡែកភរិយាលោក សាន សិទ្ធិ ត្រូវទទួលបន្ទុករកចំណូលតែឯងស្របពេលខ្លួនក៏មានជំងឺប្រចាំកាយ។
អ្នកស្រី ស្វាយ ពៅ បន្តទៀតថា ជីវភាពគ្រួសារសព្វថ្ងៃនេះ កាន់តែលំបាក ព្រោះគ្មានវត្តមានមេគ្រួសារ ហើយបន្ទុកទាំងស្រុងក្នុងគ្រួសារត្រូវធ្លាក់លើអ្នកស្រី។ បន្ទុកទាំងនោះត្រូវឱ្យអ្នកស្រីរកចំណូលសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃ ផ្គត់ផ្គង់ការសិក្សាកូន និងបង់ធានាគារជាដើម។
អ្នកស្រី ស្វាយ ពៅ និងគ្រួសារ។ រូបភាពពីហ្វេសប៊ុកលោក សាន សិទ្ធិ។
អ្នកស្រី ស្វាយ ពៅ៖ «ដ្បិតបើគាត់នៅគាត់បានជួយរកយើងចិញ្ចឹមកូន ចិញ្ចឹមអ៊ីចឹងណា ហើយបើគាត់មកនៅអ៊ីចឹងមកវាបាត់ចំណូល ហើយយើងរកអីម្នាក់ឯងពិបាក ហើយខ្លួនយើងឈឺផង ឈឺជំងឺឡើងប្រាំប្រាំមួយមុខ គីស្តផង គីស្តដៃស្បូន ហើយនិងខ្លាញ់រុំថ្លើម ហើយនិងគ្រោះក្នុងតម្រង់នោម ហើយនិងជាតិកំបោរឡើងខ្ពស់។ អ៊ីចឹងជំងឺវាច្រើនមុខដែរ វាទ្រទ្រង់ ណាមួយបាត់ស្វាមីផង»។
ស្ដ្រីវ័យ ៤៦ឆ្នាំរូបនេះ រៀបរាប់ទាំងទឹកភ្នែកថា នៅក្នុងគ្រួសារទាំងមូល ពឹងផ្អែកលើអ្នកស្រី ខណៈខ្លួនក៏មានជំងឺប្រចាំកាយថែមទៀត ជាពិសេសកូនទាំង ៥នាក់ សុទ្ធតែជាវ័យសិក្សារៀនសូត្រ ត្រូវការលុយផ្គត់ផ្គង់ពួកគេ។ តែចំណូលដែលរកបានពីរបរលក់ដូររាល់ថ្ងៃនេះ រកបានត្រឹមតែផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និងបង់ធនាគារប៉ុណ្ណោះ។
ចំណែកការសិក្សាកូន និងការចំណាយទៅសួរសុខទុក្ខលោក សាន សិទ្ធ អ្នកស្រីថា របរនេះមិនអាចឱ្យខ្លួនមានលទ្ធភាពផ្ដត់ផ្គង់ពួកគេជាប់ជាប្រចាំឡើយ។ ដោយសារភាពខ្វះខាតនេះហើយ ក្រៅពីរបរលក់ដូរ អ្នកស្រី ពៅ ក៏ប្រឹងធ្វើរបរបន្ទាប់បន្សំផ្សេងទៀត ខណៈដែលសុខភាពខ្លួន ត្រូវលេបថ្នាំជាប្រចាំ។
អ្នកស្រី ស្វាយ ពៅ៖ «ខ្ញុំវាពិបាកអូនដូចតើយើង ប្រជាពលរដ្ឋគ្រាន់តែបញ្ចេញមតិ ដល់អ៊ីចឹងយកគាត់មកឃុំខ្លួនអ៊ីចឹង វាបាត់ និយាយទៅម៉ែគាត់ក៏អ៊ីចឹង ម្ដាយគាត់ហ្នឹងណា ទីមួយម្ដាយគាត់បាត់កូន ខ្ញុំហ្នឹងបាត់ប្ដីកូនខ្ញុំហ្នឹងឳពុកទៅទៀត ៣និយាយទៅ»។
បើតាមភរិយាលោក សាន សិទ្ធិ ទោះបីជីវភាពក្នុងគ្រួសារលំបាកខ្លាំង តែអ្នកស្រីនៅតែមានក្ដីសង្ឃឹមថា តុលាការនឹងអនុវត្តទៅតាមច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនស្វាមីខ្លួន ដោយដោះលែងលោក សាន សិទ្ធិ ឱ្យមានសេរីភាពឡើងវិញ ដើម្បីជួយរកចំណូលចិញ្ចឹមកូនៗ។
អ្នកស្រី ស្វាយ ពៅ ភរិយាលោក សាន សិទ្ធិ។ WMC/Chea sokny
អ្នកស្រី ស្វាយ ពៅ៖ «បើថាឱ្យតុលាការធ្វើតាមនីតិវិធីច្បាប់ ជួយពន្លឿនយ៉ាងណា ប្រសិនជាគាត់មិនមានកំហុសទេ សូមឱ្យគាត់មានសិទ្ធិសេរីភាពវិញទាំងអស់គ្នា ដូចជាលោកគ្រូ ស្រ៊ុន ស្រ៊ន ក៏អ៊ីចឹង គាត់បង្រៀនតែសីល៥ទេ»។
លោក សាន សិទ្ធិ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនព្រមជាមួយលោក ស៊្រុន ស្រ៊ន និងកញ្ញា ភឹង សោភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីពួកគេចេញវីដេអូនិយាយលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV។ ក្រោយមក ពួកគេត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី