en     km
en     km

ភរិយាថ្នាក់ដឹកនាំមូលដ្ឋានសមាគម IDEA រ៉ាប់រងជីវភាពតែឯង ក្រោយស្វាមីជាប់ឃុំដោយសារធ្វើការសង្គម

Share

លោក ជា ចាន់ថា ដែលគេស្គាល់ជាថ្នាក់ដឹកនាំមូលដ្ឋានម្នាក់របស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវជាប់ឃុំដល់ ១៨ខែ ក្នុងពន្ធនាគារ ដោយសារសកម្មភាពការងារលោកចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយពីជាប់ឃុំជាង ៧ខែនេះ ជីវភាពក្រុមគ្រួសារលោកកាន់តែលំបាក ដោយភរិយាថ្នាក់ដឹកនាំមូលដ្ឋានរូបនេះ ត្រូវរ៉ាប់រងជីវភាពគ្រួសារផង និងត្រូវចំណាយថ្លៃស្វាមីរស់នៅក្នុងពន្ធនាគារ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

 

ភរិយាមេសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង លោក ជា ចាន់ថា គឺអ្នកស្រី ឡេង ចន្ធី ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា កាលលោក ចាន់ថា មិនទាន់ជាប់ឃុំ ស្វាមីអ្នកស្រីបានជួយមើលថែកូន និងជួយកិច្ចការ​ក្នុងផ្ទះទាំងការគ្រប់គ្រងចំណូល ហើយនិងចំណាយជាដើម។ ក្រៅពីនេះលោក ចាន់ថា ក៏ជួយរកចំណូលសម្រាប់ផ្តត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។

ថ្វីដ្បិតចំណូលរកបានរួមចំណែកជួយគ្រួសារតិចតួចក្ដី តែលោក ចាន់ថា បានផ្ដល់ភាពកក់ក្ដៅជូនអ្នកស្រី និងកូន យ៉ាងពេញលេញ។ ប៉ុន្តែក្រោយពីស្វាមីជាប់ឃុំក្នុងពន្ធនាគារ ស្ដ្រីវ័យ ៤៤ឆ្នាំរូបនេះ ត្រូវរងសម្ពាធផ្លូវចិត្តផង ផ្លូវកាយផង ជាពិសេសត្រូវបង្ខំចិត្តយកកូនទៅផ្ញើសាច់ញាតិ ដើម្បីអាចឱ្យខ្លួនមានពេលវេលាទៅធ្វើការឱ្យគេ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។

អ្នកស្រី ឡេង ចន្ធី៖ «ធម្មតាពេលយើងឡើងទៅមើលគាត់អ៊‌ីចឹង ដូចជាយើងទិញម្ហូប ទិញអាហារ ឬមួយធ្វើម្ហូបអ៊‌ីចឹងណា ហើយសាហ៊ុយឡាន ទៅដល់នោះជូនលុយជូនកាក់គាត់តិចអ៊‌ីចឹងណា ញ៉ាំអីនៅក្នុងហ្នឹងអ៊‌ីចឹងណា ហើយមួយខែបង់ឱ្យគេមួយរយដែរហ្នឹង ហើយបាយ កង្ហារ ទូរទស្សន៍ផង វាចូល៤០ម៉ឺន ក្នុងមួយខែបង់ឱ្យគាត់ ហើយលុយយើងចាយទៀត អ៊‌ីចឹងយើងចំណាយច្រើនដែរហ្នឹង គ្រាន់តែផ្ដល់នេះនោះ កូនផង ទឹកដោះគោកូន ខោទឹកនោមកូនផង និយាយរួមទៅយើងពិបាកមួយចំណែកទៀតអ៊‌ីចឹង តែបើបានគាត់​មួយចំណែកទៀតអ៊‌ីចឹងគឺយើងជួយគ្នា»។

បើតាមអ្នកស្រី ចន្ធី សព្វថ្ងៃនេះរស់នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជីវភាពគ្រួសារកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ដោយចំណាយច្រើនជាងចំណូល។ ងាកមកស្ថានភាពលោក ចាន់ថា ដែលរស់នៅក្នុងពន្ធនាគារវិញ ក៏មានសុខភាពមិនសូវល្អទៀត ដោយដៃ និងជើងរបស់លោកឡើងហើម និងមានឡើងជាតិអាស៊ីតជាដើម។

លោក ជា ចាន់ នៅខាងឆ្វេង អ្នកស្រី ឡេង ចន្ធី នៅខាងស្ដាំ។ 

អ្នកស្រី ឡេង ចន្ធី៖ «មួយអាទិត្យឡើងទៅមើលសួរសុខទុក្ខគាត់ម្ដង សុខភាពគាត់ គាត់ឈឺ ឡើងអាស៊ីត និយាយរួមទៅឡើងអាស៊ីតហ្នឹងតាំងពីដើម តែសុខភាពគាត់អត់ល្អ ឧស្សាហ៍ឈឺក្បាល ចុកពោះ ចុកអី ចេះតែអត់ស្រួល អត់អីអត់មានកម្លាំងកំហែង ស្លេកសម្បុរគាត់ស្លេក ឃើញទៅស្គម និយាយទៅការហូបចុក ធម្មតាតែនៅខាងក្នុងហ្នឹងដឹងស្រាប់ហើយវាមិនស្រួលទេអូន»។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង សម្រេចឱ្យលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានសមាគម​ IDEA ជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទ «ឆបោក» និងបទ «ធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។ បទចោទនេះ ពាក់ព័ន្ធនឹងសកម្មភាពលោក ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រោយពីតុលាការខេត្តស្វាយរៀង សម្រេចផ្តន្ទទោសលោក ចាន់ថា រហូតមកដល់ពេលនេះ អ្នកស្រី ឡេង ចន្ធី ថា មេធាវីបានដាក់សំណើទៅកាន់តុលាការ ដើម្បីស្នើឱ្យស្វាមីអ្នកស្រីបាននៅក្រៅឃុំ ប៉ុន្តែជាង ២ខែនេះ ខាងតុលាការមានសភាពស្ងប់ស្ងាត់ មិនមានការឆ្លើយតបចំពោះសំណើសុំនៅក្រៅឃុំនេះនៅឡើយ។

អ្នកស្រី ឡេង ចន្ធី៖ «ខ្ញុំម្នាក់ឯងធ្វើម៉េចឥលូវ វាត្រូវកើតឡើងហើយ យើងត្រូវទទួលយកហើយធ្វើម៉េចឥលូវ វាអត់មានអីត្រូវខុសទេ យើងធ្វើនេះធ្វើតាម វាមិនសាកសមឃុំឃាំងគាត់អ៊‌ីចឹង វាអត់សម វាអត់ត្រូវ ចង់និយាយថាអ្វីដែលគាត់ធ្វើគឺធ្វើដើម្បីជួយសង្គម វាអត់មានអីត្រូវខុស»។

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនលោក ជា ចាន់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលលោកចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។ ក្រោយពីឃាត់ខ្លួន សាលាដំបូងខេត្ត​ស្វាយរៀង​ សម្រេច​ចោទប្រកាន់​លោកចំនួនពីរបទ គឺទីមួយ «​បទ​ឆបោក​​» យោង​តាម​មាត្រា​​៣​៧​៧ និងមាត្រា​៣​៧​៨​ និងទីពីរ «​​បទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» យោងតាមយោង​តាម​មាត្រា​​៦​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ។

ចំពោះបទចោទប្រកាន់ទាំងពីរនេះ កន្លងមកសាលាដំបូងខេត្តអះអាងថា ផ្អែកតាមរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ និងតាមរយៈការរាយការណ៍របស់ប្រជាពលរដ្ឋ បង្ហាញភស្ដុតាងថា លោក ជា ចាន់ថា បានប្រមូលលុយពីប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូឌុប និងជាអ្នករត់កង់បី នៅក្រុងបាវិត ក្រោមលេសចុះទៅធ្វើសកម្មភាពផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណប.ស.ស៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង