ភ្នំពេញ៖ អត្រាមរណភាពទារកទើបនឹងកើត និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះប្រមាណ ៥៤%នៅចន្លោះឆ្នាំ២០១៤-២០២២ ដែលលើសពីមធ្យមភាគសកល។ បើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក តួលេខធ្លាក់ចុះនេះបានសបង្ហាញថា ស្រ្តីមានផ្ទៃពោះយល់ដឹងច្រើនពាក់ព័ន្ធនឹងវិធានការបង្ការកុំឱ្យកូនរលត់មុនសម្រាល របៀបមើលថែទាំកូនឱ្យរឹងមាំនិងមានសុខភាពល្អ ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការសាងសង់មន្ទីរពេទ្យ និងការផ្តល់ជូននូវសេវាសុខភាពដែលសម្បូរទៅដោយអ្នកជំនាញ។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO) ប្រទេសកម្ពុជាធ្លាក់ប្រឈមនឹងសូចនាករគួរឱ្យព្រួយបារម្ភចំពោះសុខភាពរបស់មាតា ទារកទើបនឹងកើត និងកុមារតូចៗនៅដើមឆ្នាំ២០០០។ អ្វីដែលជាការកត់សម្គាល់នោះ គឺហេដ្ឋារចនាសម្ព័ន្ធដូចជាមន្ទីរពេទ្យជាដើម នៅមានចំនួនតិចតួច ខណៈខ្វះខាតអ្នកជំនាញខាងសម្ភពដើម្បីជួយសម្រាលទារកនៅក្នុងផ្ទៃម្តាយ និងជួបឧបសគ្គខាងផ្នែកហិរញ្ញវត្ថុ។ កត្តាទាំងនេះបានធ្វើឱ្យអត្រាមរណៈមាតាមានចំនួនរហូតដល់ ៤៣៧ ក្នុងចំណោម ១០ម៉ឺននៃកំណើតរស់ ខណៈអត្រាមរណៈទារកទើបនឹងកើតមានចំនួន ៣៧ និងអត្រាមរណៈកុមារតូចៗមានចំនួន ១២៤ ក្នុងចំណោម ១ពាន់នៃកំណើតរស់។
ដោយឡែក នាពេលបច្ចុប្បន្ននេះស្រ្តីមានផ្ទៃពោះអាចទៅរកសេវាសម្រាលកូននៅតាមមន្ទីរពេទ្យដែលមានអ្នកជំនាញសុខភាពច្បាស់លាស់ប្រមាណ ៩៧.៥% និងមានអ្នកជំនាញខាងផ្នែកសម្រាលកូនតាមបច្ចេកទេសត្រឹមត្រូវប្រមាណ ៩៨.៧%។
នៅចន្លោះឆ្នាំ២០១៤-២០២២ អត្រាមរណភាពទារកទើបនឹងកើត និងអាយុក្រោមប្រាំឆ្នាំបានធ្លាក់ចុះ ៥៤% ពោលគឺធ្លាក់ចុះពី ១៨នាក់ មកត្រឹម ៨នាក់ និងពី ៣៥នាក់ មកត្រឹម ១៦នាក់ ក្នុង ១ពាន់កំណើតរស់ ដែលតួលេខនេះលើសពីការថយចុះជាមធ្យមប្រមាណ ១៤% របស់សកលលោក។ ការប្រែប្រួលតួលេខនេះ បានមកពីការផ្លាស់ប្តូរចក្ខុវិស័យ និងការចាប់ផ្តើមពង្រឹងសេវាសុខភាពសម្រាប់មាតា និងទារក ដោយធានាបាននូវលទ្ធភាពទទួលបានការថែទាំប្រកបដោយគុណភាព និងសមធម៌ ដែលក្នុងនោះមានការចូលរួមពីភាគីរដ្ឋាភិបាលកម្ពុជា ការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូសំខាន់ៗ។
តាមរបាយការណ៍ WHO ចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ដដែល បង្ហាញទៀតថា រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តទៅដល់ស្រ្តីមានផ្ទៃពោះ និងបើកដំណើរការកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងទារកចំពោះគ្រួសារក្រីក្រនៅឆ្នាំ២០១៩។ គំនិតផ្តួចផ្តើមទាំងនេះ បានលើកទឹកចិត្តស្រ្តីមានផ្ទៃពោះឱ្យស្វែងរកការថែទាំសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល ដោយធានាបាននូវលទ្ធភាពទទួលបានកញ្ចប់សេវាសុខភាពសំខាន់ៗនិងពេញលេញ។ យន្តការហិរញ្ញវត្ថុដូចជាមូលនិធិសមធម៌សុខភាព ការផ្ទេរសាច់ប្រាក់ និងការលើកលែងថ្លៃសេវាបានកាត់បន្ថយឧបសគ្គសេដ្ឋកិច្ច និងធ្វើឱ្យការថែទាំកាន់តែងាយស្រួលទៅដល់ប្រជាជនដែលងាយរងគ្រោះ។ ជាងនេះ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាដើមនោះ បានរួមចំណែកយ៉ាងសំខាន់ទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យបានយល់ដឹងពីសារៈប្រយោជន៍នៃការរស់នៅដោយមានផាសុកភាព ពិសេសចៀសឆ្ងាយពីជំងឺរោគាផ្សេងៗ។
វេជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា សុខភាពមាតា ទារក និងកុមារ គឺជាធាតុផ្សំដ៏សំខាន់នៃការវិនិយោគលើធនធានមនុស្សនៅក្នុងប្រទេស។ ក្នុងនោះ ការផ្តល់ការថែទាំប្រកបដោយគុណភាពសម្រាប់ម្តាយ និងទារកទើបនឹងកើតនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេងមិនត្រឹមតែសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ និងសេដ្ឋកិច្ចទាំងមូល។ ក្រសួងសុខាភិបាលកម្ពុជាបានដាក់យុទ្ធសាស្រ្តសំខាន់ៗចំនួនពីរដើម្បីសម្របសម្រួលបញ្ហានេះ ដោយមានក្រុមការងារអនុបច្ចេកទេសសម្រាប់ពិនិត្យលើសុខភាពមាតានិងទារក និងមានគណៈកម្មាធិការសម្របសម្រួលការថែទាំទារកទើបនឹងកើតដំបូង (EENC)។
ទោះបីជាមានសមិទ្ធផលសំខាន់ៗមួយចំនួនហើយក្តី តែបញ្ហាប្រឈមនៅតែមាន។ ក្នុងនោះអង្គការសុខភាពពិភពលោករកឃើញថា ទោះស្រ្តីជាម្តាយមានអត្រាមរណៈធ្លាក់ចុះ តែស្រ្តីទាំងនេះនៅតែប្រឈមនឹងការធ្លាក់ឈាម និងជំងឺលើសឈាមដែលបណ្តាលមកពីការមានផ្ទៃពោះ ដែលករណីខ្លះអាចធ្វើឱ្យស្រ្តីស្លាប់បាត់បង់អាយុជីវិត។ ដូចគ្នានេះដែរ កុមារមួយចំនួននៅតែបន្តខ្វះអាហារូបត្ថម្ភសម្រាប់បរិភោគ ដ្បិតដោយសារជីវភាពគ្រួសារ ដែលធ្វើឱ្យការធំធាត់របស់កុមារក្នុងរយៈពេលវែងដោយ ២២%នៃកុមារអាយុក្រោម ៥ឆ្នាំមានបញ្ហាក្រិន និង ១0%ផ្សេងទៀត មានសភាពទន់ខ្សោយជាងកុមារដទៃ៕