en     km
en     km

ករណីហិង្សាប្រតាយប្រតប់គ្នារវាងក្រុមលោក បេន និងអ្នកភូមិម្នាក់ត្រូវសម្រួលបញ្ចប់រឿង

Share

ខេត្តព្រះវិហារ៖ នៅទីបំផុតករណីលោក បេន និងក្រុមការងារ ផ្ទុះរឿងប្រតាយប្រតប់គ្នាជាមួយអ្នកភូមិម្នាក់ ត្រូវបានសម្របសម្រួលបញ្ចប់រឿងដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ ក្រោមសមត្ថកិច្ចផ្សះផ្សារបស់លោកអភិបាលខេត្តព្រះវិហារ និងលោកអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារ។

សកម្មភាពនៃកិច្ចសម្របសម្រួលរវាងលោក បេន និងលោក កោះ សៀម ពីក្រុមមន្រ្តីពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយ។រូបភាពពី សុវណ្ណារិទ្ធិ។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងកិច្ចសម្របសម្រួលនោះភាគីលោក បេន ដាវីស និងលោក កោះ សៀម បានស្រុះស្រួលគ្នាបញ្ចប់រឿងរ៉ាវដោយព្រមទទួលកំហុស និងព្រមទទួលយកសំណើរបស់គូភាគីទាំងសងខាង។

ក្នុងនោះដែរ លោក កោះ សៀម យល់ព្រមទទួលស្គាល់កំហុស ដោយស្នើសុំពន្យារពេលរុះរើដាយត្រីខុសច្បាប់ពេលទឹកស្រកបន្តិច ហើយលោក បេន ក៏យល់ព្រមទទួលយកសំណើមួយចំនួនទៀតពីលោក កោះ សៀម ផងដែរ។រីឯលោក បេន ដាវីស វិញក៏ព្រមទទួលស្គាល់កំហុស គ្រាដែលលោកនាំកម្លាំងកងរាជអាវុធហត្ថចុះឃាត់ខ្លួនលោក កោះ សៀម ហួសដែនសមត្ថកិច្ចកាលពីថ្ងៃ១២ ខែតុលា ឆ្នាំ២០២៤ នោះ។

ក្រុមការងារចុះជួយសម្របសម្រួលវិវាទរវាងលោក បេន និងសមាជិកក្រុម ប៉ះទង្គិចហិង្សាជាមួយលោក កោះ សៀម។រូបភាពពី សុវណ្ណារិទ្ធិ។

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី១២ ខែតុលា មានផ្ទុះហេតុការណ៍ប្រតាយប្រតប់គ្នាមួយបានកើតឡើងរវាងភាគីក្រុមមន្ត្រីអភិរក្សសហគមន៍ភ្នំត្នោត ភ្នំពក របស់លោក បេន ដាវីស ជាមួយបុរសអ្នកភូមិម្នាក់មានឈ្មោះ កោះ សៀម ត្រង់ចំណុច ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ហេតុការណ៍នោះបណ្ដាលឱ្យមនុស្ស ២ នាក់រងរបួស គឺលោក កោះ សៀម និងលោក សឿង សារ៉ុន ជាកងរាជអាវុធហត្ថនិងជាកម្លាំងសហការណ៍ជាមួយលោក បេន។

ផ្អែកតាមកំណត់ហេតុរបស់លោក បេន ដាវីស ប្រធានក្រុមមន្ត្រីអភិរក្សភ្នំត្នោត ភ្នំពក កាលពីថ្ងៃទី១៤ ខែតុលា និងតាមរយៈវីដេអូឃ្លីបរបស់លោក បេន បានរាប់រៀបដើមចមដែលនាំឱ្យមានរឿងរ៉ាវនេះថា គឺកាលពីថ្ងៃទី១២ ខែតុលា ក្រុមការងាររបស់លោក បេន ចំនួនពីរនាក់បានចុះល្បាតនៅតំបន់ការពារដោយសង្ស័យមានការដាក់ដាយត្រីក្រឡាសំណាញ់សម្រាប់ចាប់ត្រី និងសត្វគ្រប់ប្រភេទនៅក្នុងទឹកខុសច្បាប់។ បន្ទាប់មកគ្រាដែលក្រុមការងារដើរឆ្លងកាត់ចម្ការស្វាយចន្ទីររបស់ឈ្មោះ កោះ សៀម ក៏បុគ្គល កោះ សៀម បានទាញកាំបិទដេញក្រុមការងារលោក បេន ហើយស្រែកគំរាមកុំឱ្យមកម្តងទៀត។

នៅថ្ងៃដដែលនោះ លោក បេន ក៏នាំកម្លាំងកងរាជអាវុធហត្ថនិងក្រុមការងារទៅសួរនាំបញ្ហានេះនៅផ្ទះឈ្មោះ កោះ សៀម តែពេលទៅដល់ក៏ស្រាប់តែផ្ទុះរឿងប្រតាយប្រតប់គ្នាកើតឡើងក្នុងផ្ទះបណ្តាលឱ្យភាគីទាំងសងខាងរងរបួស។

រូបភាពលោក បេន និងភរិយា ក្នុងព្រៃការពាររបស់សមាគកមន៍។រូបភាពពីUSAID។

សំណុំរឿងនេះ ដំបូងឡើយត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្រេចចងក្រងបង្កសំណុំរឿងកាលពីថ្ងៃទី២១ខែតុលា បញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់។ តែសម្រេចសម្រួលចុងបញ្ចប់ក៏មានកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធឱ្យធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ។

សូមបញ្ជាក់ផងដែរថា លោក បេន ដាវីស ជាជនជាតិអាមេរិកកាំងត្រូវបានស្គាល់ថាជាអ្នក​ការពារ​ធម្មជាតិ​កម្ពុជា​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតក្នុង​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារអស់​រយៈពេលជាង១០​​ឆ្នាំ​មកហើយ​ ដោយលោកទទួលបានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង។ តែយ៉ាងណាកន្លងមក បុរសវ័យជិត ៦០ រូបនេះ ​និង​ក្រុមការងារ  ​ធ្លាប់​រង​ការ​គំរាម​គំហែង​ដល់​អាយុជីវិត​ជា​ញឹកញាប់ ពី​សំណាក់​ជនល្មើស​ក្នុង​បរិវេណ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ​នេះ​ផងដែរ​៕

អត្ថបទខ្លីសរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង