en     km
en     km

វៀតណាមរំលឹកចំពោះមុខសម្ដេច ហ៊ុន សែន អំពីជំនួយ ១០លានដុលា្លរមកកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានរំលឹកថា ប្រទេសវៀតណាម បានផ្ដល់ជំនួយដល់កម្ពុជា ក្នុងការកសាងអគារទីស្តីការក្រសួងការពារជាតិកម្ពុជាចំនួន ១០ លានដុល្លារអាមេរិក ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេបុករបស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ។

ការចុះផ្សាយនេះបញ្ជាក់ថា ការរំលឹកបែបនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ។

លោក Ngo Xuanlich បានប្រាប់សម្ដេច ហ៊ុន សែនថា ជំនួបនិងកិច្ចព្រមព្រៀងរវាងលោក ជាមួយសម្ដេច ទៀបាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ។ ទិសដៅសម្រាប់ឆ្នាំ ២០១៩ រួមមានកិច្ចការពង្រឹងសមត្ថភាពកងទ័ព និងកងទ័ពកិច្ចសហប្រតិបត្តិការក្នុងការសង្គ្រោះនៅពេលមានគ្រោះមហន្តរាយដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀត។

នាឱកាសនោះ លោក Ngo Xuanlich បានបញ្ជាក់ឱ្យដឹងថាប្រទេសវៀតណាមបានផ្តល់ថវិកាចំនួន១០លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយធ្វើការសាងសង់នូវអគារទីស្តីការក្រសួងការពារជាតិកម្ពុជា ។

នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឲ្យស្ថាប័នទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ។ យ៉ាងណា សម្ដេច បានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានផ្តល់ថវិកាជួយកសាងអគារក្រសួងការពារជាតិផងដែរ ៕

អត្តបទដោយ៖ សោម លាភ 

Share

Image
Image
Image