រដ្ឋមន្ត្រីការបរទេសប៉េរ៉ូ លោក Nestor Popolizio បាននិយាយថា លោកមានផែនការស្នើទៅកាន់ប្រទេសជាសមាជិកនៃក្រុម Lima កាត់ផ្ដាច់ចំណងការទូតជាមួយរបបរបស់ប្រទេសវេណេហ្សូអេឡាដឹកនាំដោយលោក នីកូឡាស់ ម៉ាឌូរ៉ូ។
លោករដ្ឋមន្រ្តីប៉េរ៉ូបានពន្យល់ថា គេមិនត្រូវទទួលស្គាល់ របបរបស់លោកម៉ាឌូរ៉ូនោះទេព្រោះ មេដឹកនាំរូបនេះកើតចេញពីការបោះឆ្នោតមួយដែលមិនស្របច្បាប់ព្រោះតែ គ្មានបេក្ខជនគណបក្សប្រឆាំង ចូលរួមប្រកួត។
សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយថា ប្រទេសប៉េរ៉ូដែលមានព្រំដែនជាប់នឹងវេណេហ្សូអេឡាក៏គ្រោងស្នើដកសមាជិកភាពរបស់វេណេហ្សូអេឡាចេញពីប្រទេសក្រុម Lima នេះដែរ។
យោងតាមប្រភពការទូតនៃប្រទេសប៉េរ៉ូ គោលបំណងនេះដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូអោយបានឆាប់បំផុត។ សំណើរបស់ប៉េរ៉ូនឹងដាក់ទៅចូលសម័យប្រជុំប្រទេសLimaនៅថ្ងៃទី៩ធ្នូនេះ។
ក្រុម Lima មាន២១ ប្រទេស។ ប្រទេសសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើង នៅដើមឆ្នាំ ២០១៧ ដើម្បីជួយដោះស្រាយ វិបត្តិនៅវេណេហ្សូអេឡា ដែលគេចោទថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប៉េរ៉ូ ជាប្រទេសមួយឈានមុខគេនៃប្រទេសចំនួន៦ទៀត រួមានប្រទេសកាណាដា បានស្នើទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាត់ទោសលោកម៉ាឌូរ៉ូ ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធ អាជ្ញាធររបស់លោក បានបង្រ្កាបក្រុមប្រឆាំងដោយបណ្ដាលឱ្យមានអ្នកស្លាប់ជាង១២០នាក់និងរាប់សិបនាក់បានចាប់ខ្លួន៕