en     km
en     km

សមាជិកព្រឹទ្ធសភាអាមេរិកស្នើឲ្យអង្គការសហប្រជាជាតិដាក់កម្ពុជាក្នុងភាពឯកោ តែមន្រ្តីកម្ពុជាថាគ្មានប្រសិទ្ធិភាពឡើយ

Share

ក្រុងភ្នំពេញ៖ សមាជិកព្រឹទ្ធិសភាមកពី ២ គណបក្ស បានស្នើទៅអង្គការសហប្រជាជាតិឲ្យដាក់កម្ពុជានៅក្នុងភាពឯកោ ដែលក្នុងនោះលិខិតនោះបញ្ជាក់ថា ស្ថានភាពនយោបាយកម្ពុជាកំពុងដើរថយក្រោយ។ ខណៈពេលនេះដែរ មន្រ្តីជាន់ខ្ពស់នៃគណបក្សកាន់អំណាច ថាវាជារឿងដែលគ្មានប្រយោជន៍។

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ៖

សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាក់ខេន ប្រធានគណកម្មការកិច្ចការសព្វាវុធនៃព្រឹទ្ធសភាអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ និងលោក បិន កាឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យ រួមជាមួយក្រុមសមាជិកព្រឹទ្ធសភា ៦រូបទៀត បានធ្វើលិខិតរួមគ្នា ស្នើឲ្យលោកស្រី និគី ហាលេយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​ អង្គការសហប្រជាជាតិ ប្រើប្រាស់ឥទ្ធិពលនិងយន្តការឲ្យ  ដាក់កម្ពុជានៅក្នុងភាពឯកោ ដាក់សម្ពាធ ឲ្យបង្វិលស្ថានការណ៍នយោបាយកម្ពុជាទៅក្រោយវិញ។ ហើយសមាជិកព្រឹទ្ធសភាក៏បានទទួចឲ្យលោកស្រី​ នីគី ហាឡេយ ដាក់កម្ពុជាក្នុងរបៀបវិរះ នៃមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចាត់ទុកកម្ពុជានៅក្នុងប្រទេសមួយដែលត្រូវ អន្តរជាតិ ​ចាត់ទុកជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។

លិខិតបានរៀបរាប់បញ្ជាក់ថា “ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនការប្រើប្រាស់ប្រព័ន្ធតុលាការដោយខុសច្បាប់ សម្រាប់ដាក់ទោសអ្នកនយោបាយប្រឆាំងនិងសកម្មជនសិទ្ធមនុស្ស ចាប់ប្រធានបក្សប្រឆាំងនិងចោទថាក្បត់ជាតិដោយគ្មានភស្តុតាងច្បាស់លាស់ រំលាយបក្សប្រឆាំង និងដកសិទ្ធធ្វើនយោបាយ សមាជិកជាង១០០នាក់ ។ ចាប់តាំងពីខែកក្កដាឆ្នាំ២០១៥ អាជ្ញាធរបានចាប់សកម្មជនបក្សប្រឆាំងនិងមេដឹកនាំសង្គមស៊ិវិល៣៥នាក់ ភាគច្រើនពួកគេត្រូវបានកាត់ក្តីនិងដាក់ទោសយ៉ាងប្រញាប់ ដែលខុសពីស្តង់ដាអន្តរជាតិ

ឆ្លើយតបនិងការលើកឡើងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការស្នើសុំបែបនេះ គឺជារឿងដែលឥតបានការ ហើយគ្មានប្រសិទ្ធិភាពនោះទេ។ លោកថា បើចង់ឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញគឺគ្មានផ្លូវដាច់ខាត ។

សំឡេង លោក សុខ ឥសាន្ត៖

សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មកម្ពុជា ដោយបិទទិដ្ឋាការមន្រ្តីរដ្ឋាភិបាល និង ត្រៀមរៀបចំបង្កកទ្រព្យសម្បត្តិ។ តែយ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន សែន បានអះអាងថា ទោះបីជាកម្ពុជារងសម្ពាធអាមេរិកក្តី ប្រទេសណាមួយទៀតក្តី គឺមិនធ្វើសេដ្ឋកិច្ចកម្ពុជារងឥទ្ធិពលធ្ងន់ធ្ងរទេ។ ដោយសម្តេច នាយករដ្ឋមន្រ្តី អះអាងថា នឹងមានការបោះឆ្នោត នៅថ្ងៃទី ០៩ កក្កដា ឆ្នាំ ២០១៨ ទោះបីជាគ្មានការទទួលស្គាល់ពីសហរដ្ឋអាមេរិក និង សហភាពអ៊ឺរ៉ុបក្តី៕

 

 

 

Share

Image
Image
Image