en     km
en     km

វេទិកាសិទិ្ធមនុស្សនៅUN៖សិទ្ធិនយោបាយ នៅតែជាប្រធានបទធំសម្រាប់អន្តរជាតិជម្រុញឱ្យកម្ពុជាដោះស្រាយ

Share

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមការកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា ប្រទេសប្រជាធិបតេយ្យធំៗភាគច្រើននៅតែ លើកយកប្រធានបទសិទ្ធិនយោបាយនៅកម្ពុជា ពាក់ព័ន្ធនឹងការរំលាយ និងហាមឃាត់សិទ្ធិនយោបាយទៅលើមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ និងចាប់ប្រធានគណបក្សនេះដាក់ពន្ធនាគារ ។

រាយការណ៍ដោយ លោក សោម លាភ  

 

សិទ្ធិមនុស្ស សិទ្ធិនយោបាយ សេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងសិទ្ធិផ្សេងៗមួយចំនួនទៀតនៅកម្ពុជា ត្រូវបានប្រទេសប្រជាធិបតេយ្យធំលើកយកមកចោទសួរ ក៏ដូចជាបញ្ចេញមតិយោបល់សម្រាប់កម្ពុជា ។ ក្នុងចំណោម សិទ្ធិទាំងនេះ គឺសិទ្ធិនយោបាយ ជាការទាក់ទាញអារម្មណ៍អន្តរជាតិច្រើនជាងគេ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ ។

យ៉ាងណា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមការកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា ដែលប្រព្រឹត្តទៅនៅប្រទេសស្វ៊ីស កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ ។  

ជាក់ស្ដែង តំណាងសហរដ្ឋអាមេរិក គឺលោក  Jason Ross Mack បានថ្លែងនៅចំពោះតំណាងកម្ពុជា ដោយឱ្យកម្ពុជាត្រូវផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីគណបក្សប្រឆាំងទាំងអស់ និងដោះលែងបុគ្គលទាំងឡាយណា ដែលមិនមានកំហុស ជាប់ការចោទប្រកាន់ដោយរឿងនយោបាយ រួមទាំងលោក កឹម សុខា គឺដោះលែងដោយឥតលក្ខខ័ណ្ឌ ។

តំណាងសហរដ្ឋអាមេរិក ក៏បង្ហាញពីក្ដីព្រួយបារម្ភជាខ្លាំងចំពោះការមិនគោរពសិទ្ធិពលរដ្ឋ សិទ្ធិនៃការជួបជុំ និងសិទ្ធិនយោបាយនៅកម្ពុជា ។

លោក Jason Ross Mack ចង់ឱ្យកម្ពុជាលុបចោលនូវប្រកាសអន្តរក្រសួងជំវិញការតាមដាន ការបញ្ចេញមតិ តាមប្រព័ន្ធអ៊ីនធ័រណេត ។

កន្លងមក សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់ព្រមានថា បច្ចេកវិទ្យានៅកម្ពុជា អាចរកទីតាំងអ្នកដែលបង្ហោះតាមរយៈបណ្ដាញសង្គមឃើញ មិនលើសពី ១០ នាទីនោះទេ ។

យ៉ាងណា ការបោះឆ្នោតសភានីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨  មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលទទួលបានជ័យជំនះភ្លុកទឹកភ្លុកដី ពោល គឺមានតែមួយបក្សនេះតែប៉ុណ្ណោះ ដែលមានអាសន្នៈក្នុងរដ្ឋសភា គឺ ១២៥ លើ ១២៥ ។

សហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប និងអង្គការអន្តរជាតិធំៗ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតសភាជាតិនៅកម្ពុជានោះទេ ។

យ៉ាងណា តំណាងមកពីសហរដ្ឋអាមេរិករូបនេះបន្ថែមទៀតថា ពាក់ព័ន្ធនឹងការមិនគោរពសិទ្ធិដែលបានរៀបរាប់ខាងលើនេះហើយ ដែលជាហេតុធ្វើឱ្យ ការបោះឆ្នោតនៅកម្ពុជាកន្លងទៅ គឺប្រព្រឹត្តទៅដោយមិនមានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានប្រជាធិបតេយ្យ  ។

ដោយឡែក បារាំង​ក៏ចង់ឃើញមន្ត្រីបក្សប្រឆាំងអាចបន្តរស់នៅក្នុងជីវិតនយោបាយឡើងវិញ ដែលការណ៍នេះ បារាំងចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជាគិតគូរ និងដោះស្រាយរឿងនេះឱ្យបានមែនទេន ។  

ប្រទេស កាណាដា ស្នើឱ្យកម្ពុជាធានានូវឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងលំហនៃការធ្វើសកម្មភាពរបស់សហជីព និងសង្គមស៊ីវិល ។

លោក​ស្រី  Tamara Mawhinney បានបង្ហាញចំណង់នៃការចង់ឃើញគណបក្សសង្រ្គោះជាតិរស់ឡើងវិញ និងប្រគល់តំណែងឱ្យមន្ត្រីរបស់គណបក្សនេះទាំងអស់ឡើងវិញ ដែលជាប់ឆ្នោតឱ្យដោយប្រជាពលរដ្ឋ ។

មិនខុសគ្នាពីនេះនោះទេ លោកស្រី Sally Mansfield តំណាងឱ្យប្រទេសអូស្រ្តាលី បានស្នើឱ្យកម្ពុជានិរាសករណ៍ នូវវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលអនុម័តឡើងកាលពីឆ្នាំ​២០១៧ ទាំងអស់ ។

យ៉ាងណា លោក កែវ រ៉េមី ឆ្លើយតបថា ពាក់ព័ន្ធនឹងករណីលោក កឹម សុខា​ គឺជានីតិវិធីរបស់តុលាការ ដែលធ្វើឡើងដើម្បីការពារសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ។ ជាមួយគ្នានេះ លោកថា រាជរដ្ឋាភិបាល មានភស្តុតាជាក់លាក់ដែលថា លោក កឹម សុខា បានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដែលមានការគាំទ្រពីបរទេស  ។

ទោះជាមានការរិះគន់ចំដូចនេះក្ដី តែសម្រាប់មន្ត្រីកម្ពុជាដែលចូលរួមតំណាងឱ្យកម្ពុជា បានសរសេរលើទំព័រហ្វេសបុកខ្លួនថា បានបំពេញបេសកកម្មបានជោគជ័យ ។

មកដល់ថ្ងៃទី៣១ មករានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំជាសកលតាមការកំណត់ UPR ជុំទី ៣សម្រាប់កម្ពុជាផងដែរ ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បញ្ជាក់ថា សិទ្ធិមនុស្សកម្ពុជាមានការរីកចម្រើនយ៉ាងច្រើន ក្រោយការទទួលយកនូវអនុសាសន៍ចំនួន ១៦២ ក្នុងកិច្ចប្រជុំជាសកលតាមការកំណត់លើកទី ២ កាលពីឆ្នាំ ២០១៤ ។

ប្រភពដដែលបញ្ជាក់ទៀតថា កម្ពុជាធ្វើការឆ្លើយតប ក៏ដូចជាការពន្យល់ទៅនឹងការរិះគន់ដែលមិនឆ្លុះបញ្ចាំងនៅនឹងស្ថានភាពពិតប្រាកដ និងជាក់ស្ដែងនៅកម្ពុជា ។ ករណីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្ដៅថា ការចោទសួរ ក៏ដូចជារិះគន់របស់ប្រទេសទាំងអស់នោះ មិនសមស្របទៅនឹងកាលៈទេសៈនៅកម្ពុជានោះទេ ។

គណៈកម្មាធិការសិទ្ធិមនុស្សបញ្ជាក់ទៀថា កិច្ចប្រជុំនេះ កម្ពុជាទទួលបាននូវអនុសាសន៍ចំនួន ២០២ ចំណុច ។ យ៉ាងណា គណៈកម្មាធិការនេះ នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យថា នឹងទទួលយក និងទាត់ចោលនូវចំណុចណាខ្លះ ដែលនឹងឆ្លើយតបជាផ្លូវការទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំពេញអង្គលើកទី ២១ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ ២០១៩ ។

គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។ ប្រធានគណបក្សនេះ ដំបូងឡើយគឺលោក សម រង្ស៊ី បាននិរទេសខ្លួនចេញពីកម្ពុជាព្រោះជាប់បណ្ដឹងច្រើនពេក ។ បន្ទាប់មក លោក កឹម សុខា ធ្វើជាប្រធានបក្សនេះ ត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពីបទក្បត់ជាតិ និងចាប់ដាក់ពន្ធនាគារទាំងយប់កណ្ដាលអធ្រាត្រ ។ ដោយឡែក មន្ត្រីជាន់ខ្ពស់គណបក្សនេះ ត្រូវបានបិទសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពពាក់ព័ន្ធនិងនយោបាយ ។ តំណែងរបស់មន្ត្រីបក្សនេះ ទាំងក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាប ត្រូវបានរំលាយ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image