សហជីពដែលធ្វើការការពារផលប្រយោជន៍ជូនកម្មករក្នុងវិស័យចំណីអាហារ និងសេវាកម្ម ចង់ឱ្យកម្មករដែលបម្រើការងារវិស័យសេវាកម្មចាក់សាំង ត្រូវរួបរួមគ្នាបង្កើតសហជីពខ្លួនឯង ដើម្បីការពារការរំលោភបំពានពីសំណាក់ថៅកែ និងអថិតិជនដែលមកចាក់សាំង។ ក្រោយថ្មីៗនេះ មានករណីស្ត្រីម្នាក់ដែលជាអ្នកចាក់ប្រេងឥន្ធនៈនៅស្ថានីយ៍ប្រេង PTT ក្នុងខេត្តកំពត ព្រួយបារម្ភពីការបញ្ឈប់ពីការងារ ដោយសារទាមទារលុយបន្ថែមពីអតិថិជន។ លោក គីម ចាន់ចាវ រាយការណ៍
យ៉ាងណាករណីនេះ មានការជជែកដេញដោលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គមរកខុសរកត្រូវលើករណីស្ត្រីជាអ្នកចាក់សាំងរូបនេះ ដែលបានទាមទារឱ្យអតិថិជនបន្ថែមលុយ ១ពាន់រៀលពីលើតម្លៃប្រេងដែលបានចាក់រួច។ ការទាមទាររបស់ស្ដ្រីរូបនោះ ជាការអនុវត្តទៅតាមម្ចាស់អាជីវកម្ម ឬថៅកែ ដែលតែងគិតថ្លៃទំនិញជាប្រាក់ដុល្លារខ្ពស់ជាងប្រាក់រៀល នៅពេលអតិថិជនទូទាត់ជាប្រាក់រៀល។
ការអនុវត្តបែបនោះ ស្ដ្រីដែលបម្រើការងារក្នុងវិស័យសេវាកម្មចាក់សាំងត្រូវប្រឈមការស្ដីបន្ទោសពីអតិថិជនផង និងត្រូវព្រួយបារម្ភពីការបាត់បង់ការងារដោយសារនិយោជកបញ្ឈប់ ព្រោះតែអតិថិជនមិនពេញចិត្តចំពោះសេវាកម្មដែលខ្លួនបម្រើ។
ជុំវិញករណីនេះអ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២១ ខែមេសានេះថា អ្នកស្រីសូមណែនាំដល់អតិថិជន ដែលជាអ្នកចាក់សាំង សូមយោគយល់ត្រង់ចំណុចនេះ ព្រោះពេលអតិថិជនឱ្យលុយខ្មែរ កម្មករត្រូវទូទាត់ទៅក្រុមហ៊ុនវិញ គឺខាត ដោយសារអត្រាប្ដូរប្រាក់ ក្រុមហ៊ុន គិតពីកម្មករ ជាលុយដុល្លារខ្ពស់ជាងលុយខ្មែរ។
រូបភាពពីហ្វេសប៊ុករដ្ឋបាលស្រុកទឹកឈូ។
ភ្ជាប់ជាមួយករណីនេះ អ្នកស្រីលើកឡើងថា បច្ចុប្បន្នមានតែក្រុមហ៊ុនកាល់តិចទេ ដែលមានសហជីព ខណៈក្រុមហ៊ុនចាក់សាំងផ្សេងទៀត កម្មករមិនទាន់មានសហជីពការពារនៅឡើយទេ។ វត្តមានសហជីពនៅក្នុងក្រុមហ៊ុនកាល់តិចនេះ អ្នកស្រីថា មានចាប់តាំងពីឆ្នាំ២០០៦មក ក្នុងអំឡុងការបង្កើតដំបូងនោះ មានបញ្ហាជាច្រើនក្នុងការដោះស្រាយរួមមាន ប្រាក់ឈ្នួលគោល និងការងារវេនយប់ដែលធ្វើការទូទាត់មិនបានត្រឹមត្រូវផងដែរ។
ដូច្នេះទម្រាំមានសហជីពក្នុងក្រុមហ៊ុនកាល់តិចនេះ អ្នកស្រី ផល្លីន ថា កម្មករដែលបម្រើការងារក្នុងវិស័យសេវាកម្មចាក់សាំង បានធ្វើការតវ៉ា និងកូដកម្មជាមួយក្រុមហ៊ុន។ ដោយឡែកក្រុមហ៊ុន ចាក់សាំង ផ្សេងទៀត អ្នកស្រីថា កម្មករមិនទាន់ហ៊ានអនុវត្តសិទ្ធិក្នុងការចងក្រងសហជីព ដោយសារមានរឿងចម្រូងចម្រាស់ជាច្រើនពាក់ព័ន្ធនឹងច្បាប់សហជីព ដែលមិនបានផ្ដល់ភាពងាយស្រួលសម្រាប់កម្មករ ព្រោះនិយោជកក្រុមហ៊ុនចាក់សាំងក្នុងស្រុកមួយចំនួន មិនទម្លាប់គោរពសិទ្ធិសេរីភាពសហជីព និងតែងតែមើលឃើញសហជីពជាក្រុមប្រឆាំងជាដើម។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «អ៊ីចឹងហើយបានជាច្បាប់សហជីពហ្នឹងវាក្លាយទៅជាការដកហូតសិទ្ធិ ហើយជាឧបសគ្គដ៏ធំសម្រាប់កម្មករនិយោជិតក្នុងការបង្កើតសហជីព ហើយទៀតសោតកម្មករនិយោជិតហ្នឹងអត់ហ៊ានក្នុងការចូលរួមក្នុងការបង្កើតសហជីពហ្នឹង ដោយសារមានការបញ្ឍប់ពីការងារហ្នឹង គឺថារឿងទាំងអស់ហ្នឹងចាយពេលយូរ ហើយវាអត់ពាំនាំទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយសារការបកស្រាយពីក្រុមមន្ត្រីដោះស្រាយវិវាទ អត់បានបញ្ជូនរឿងហ្នឹង។ ម្ល៉េះហើយវាជារឿងមួយមានការរំលោភសិទ្ធិហើយ ហើយការទទួលបានយុត្តិធម៌វាឆ្ងាយសម្រាប់កម្មករនិយោជិតទៀត សរុបសេចក្ដីមកកម្មករនិយោជិតនៅក្នុងវិស័យណាក៏ដោយគឺត្រូវតែមានសហជីព»។
ករណីខាងលើនេះ នាយរដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ថ្លែងអំពាវនាវឱ្យអ្នកលេងបណ្ដាញសង្គមបញ្ឈប់ការវែកញែកករណីនេះបន្តទៅទៀត និងសូមឱ្យមានការយោគយល់គ្នាដើម្បីបញ្ចប់វិវាទនេះ។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេច ហ៊ុន ម៉ាណែត៖ «ប៉ុន្មានថ្ងៃនេះឃើញរឿងចាក់សាំងៗខ្ញុំថាគួរយោគយល់គ្នាទៅ រឿងហ្នឹងប្រសិនជាលុយអាប់មិនលុយអាប់នេះ ខ្ញុំមិននិយាយទេ ខ្ញុំមិនកាន់ជើងអ្នកណាទេ រឿងនេះវាមិនគួរជារឿងសោះ បើសិនជាយើងចេះយោគយល់គ្នា ខ្វះខាតអីនិយាយគ្នាទៅ ហើយសូមឱ្យអំពាវនាវឱ្យបញ្ចប់ទៅ ហើយសូមឱ្យអ្នកដែលចូលរួមវិភាគ គួរបញ្ចប់ទៅគ្មានអ្នកឈ្នះទេ»។
កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅនេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានអន្តរាគមន៍ដោះស្រាយវិវាទនេះ ដោយស្នើសុំ ៣ចំណុច ដល់អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈPTT និងបុគ្គលិកបំរើការងារនៅទីនោះ។ ទីមួយលោកស្នើសុំឱ្យបុគ្គលិក អនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍របស់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ ទីពីរ ស្នើឱ្យអ្នកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ ពិចារណាលើអត្រាប្ដូរប្រាក់រៀល និងប្រាក់ដុល្លារ និងទីបី ស្នើសុំអ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈប្រជុំបុគ្គលិកជាប្រចាំ ហើយក្នុងករណីបុគ្គលិកមានកំហុសសូមធ្វើការអប់រំណែនាំជាមុនសិន មិនត្រូវបញ្ឈប់ការងាររបស់ពួកគេភ្លាមៗឡើយ៕
អត្ថបទដោយ កញ្ញា ជា សុខនី