ភ្នំពេញ៖ អង្គការ UNICEF សហការជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម វិទ្យាស្ថាន IRD នៃប្រទេសបារាំង និងសាកលវិទ្យាល័យកូភិនហាហ្គេននៃប្រទេសដាណឺម៉ាក បានធ្វើបទបង្ហាញនៃលទ្ធផលស្ដីពី«ការសិក្សាអាហារបំប៉នផលិតក្នុងស្រុកដែលផ្អែកលើសាច់ត្រីជាចំបង»។
នេះគឺជាការបង្ហាញការសាកល្បងផលិតនំត្រី ពីសាច់ត្រី ដើម្បីជំនួសអាហារកុមារព្យាបាល។ កម្មពិធីនេះធ្វើឡើង មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក នៅព្រឹកថ្ងៃពុធ ទី២២ កុម្ភៈនេះ។
ខណៈកម្ពុជាកំពុងចំណាយលុយជាង ២០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០១១ មកដើម្បីទិញអាហារ សម្រាប់កុមារដែលមានជំងឺកង្វះអាហារូបបត្ថម្ភ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយលទ្ធផលនៃការសិក្សាសាកល្បងនៅមូលដ្ឋាន ពីប្រសិទ្ធភាពរបស់នំត្រី ដែលជាការផលិតអាហារធ្វើពីសាច់ត្រី សម្រាប់ព្យាបាលនិងបង្ការកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ និងស្ដ្រីក្នុងប្រទេសកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានលោកស្រី ដេបូរ៉ា កូមីនី ប្រធានយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា បើទោះជាប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយប៉ុន្ដែបញ្ហា កង្វះអាហារូបត្ថម្ភសម្រាប់ស្ដ្រីនិងកុមារនៅតែមានបញ្ហាប្រឈម។ លោកស្រីថា អង្គការ UNICEF បានផ្ដួចផ្ដើមគំនិតផលិតនំត្រីនេះឡើងដោយសង្ឃឹមថា កុមារនិងស្ដ្រីក្នុងប្រទេសកម្ពុជាអាចរួចផុត ពីបញ្ហាកង្វះអាហារូបត្ថម្ភនាពេលអនាគត។
លោកស្រី អ៊ីម៉ាន ម៉ូរូកា៖«ក្រោយពីសាកល្បងអស់រយៈពេលពីរឆ្នាំ ឃើញថា មានដំណើការដើម្បីព្យាបាលដល់កុមារដែលកង្វះអាហាររូបត្ថមធ្ងន់ធ្ងរហ្នឹង ហើយយើងឃើញថា នៅថ្ងៃនេះយើងបានបង្ហាញលទ្ធផលនេះទៅដល់សាធារណៈជនថា វាជាដំណោះស្រាយមួយជួយដល់ស្ដ្រីនិងកុមារ»។
យ៉ាងណា ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា បន្ថែមថា ក្រៅតែពីការសហការជាមួយក្រសួង គឺUNICEF ក៏ត្រូវការការចូលរួមពីវិស័យឯកជនផងដែរ ក្នុងការសម្រួលដល់ការផលិតឲ្យមានតម្លៃសមរម្យ ដើម្បីអាចឲ្យពលរដ្ឋធម្មតាងាយទិញយកទៅប្រើប្រាស់។ នំត្រីនេះ បើគិតពីដើមឆ្នាំ២០១៥ មកដល់ពេលនេះ គឺចំណាយទៅលើការផលិតអស់ជាង ១០ម៉ឺនដុល្លា។
ចំណែកលោកស្រី ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកឲ្យដឹងថា បច្ចុប្បន្ននេះក្រសួងកំពុងសិក្សាទៅលើកុមារជាង ៤០០នាក់ អំពីប្រសិទ្ធភាពនៃនំត្រីដើម្បីព្យាបាលជំងឺកង្វះអាហារូបត្ថម្ភចំពោះស្រីនិងកុមារ។
បញ្ហាកុមារកង្វះអាហារូបត្ថមនេះប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកមានប្រសាសន៍ថា ភាគច្រើនមិនថា នៅទីក្រុងឬទីជនបទទេ អត្រានៃកុមារកង្វះអាហារូបត្ថម្ភនេះប្រហាក់ប្រហែលគ្នា ព្រោះតែអ្នកទាំងនោះខ្លះមិនចាប់អារម្មណ៍លើបញ្ហានេះ និងខ្លះទៀតកង្វះថវិកាដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។
លោកស្រី ទុង រដ្ឋាវី ៖«ពេលខ្លះមិនមែនមកពីគាត់ក្រទេ ជួនកាលជីវភាពគាត់សមរម្យតែការបរិភោគអាហាររបស់គាត់មិនត្រឹមត្រូវបានន័យថា គាត់ហូបអាហារមិនគ្រប់ ឬគុណភាពអាហារមិនល្អ ឬមិនទៀងទាត់»។
ជុំវិញការផលិតនំត្រី ដែលធ្វើពីសាច់ត្រីនេះលោកស្រី ទុង រដ្ឋាវី រំពឹងថា នឹងអាចជួយដល់កុមារកម្ពុជាដែលកង្វះអាហារូបត្ថម្ភបាន ២៥០០នាក់ រហូតដល់ឆ្នាំ២០២០។ យ៉ាងណាលោកស្រីក៏ទទូចដល់បុរស ស្ដ្រីមុនពេលសម្រេចចិត្ដយកកូន ត្រូវធ្វើការពិនិត្យសុខភាពរបស់ខ្លួនឲ្យច្បាស់លាស់ជាមុនសិន ដើម្បីបង្ការបញ្ហាក្រោយពេលសម្រាលកូន។
នំត្រី ដែលកំពុងដំណើរកាផលិតនិងអនុវត្ដន៍នាពេលនេះចែកចេញជាអាហារបន្ថែមពីរប្រភេទខុសៗគ្នា គឺទី១ជាអាហារព្យាបាល ដើម្បីព្យាបាលកុមារដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ និងទី២ជាអាហារសម្រន់សម្រាប់ការពារកុមារពីកង្វះអាហារូបត្ថម្ភ។ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅតែជាបញ្ហាគួរឲ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។
បើតាមការអង្កេតប្រជាសាស្ដ្រនិសុខភាពកម្ពុជា ហៅកាត់ថា CDHS ឆ្នាំ២០១៤ មានកុមារអាយុក្រោម៥ឆ្នាំ ចំនួន៣២ភាគរយ មានបញ្ហក្រិសក្រិន (កុមារមានកម្ពស់ទាបពេកធៀបនឹងអាយុ) ១០ភាគរយមានបញ្ហខ្វះអាហារូបត្ថម្ភននិងចំនួន២៤ភាគរយខ្វះទម្ងន់។ កង្វះអាហារូបត្ថម្ភបណ្ដាលឲ្យកុមារប្រមាណ ៤ពាន់ ៥រយនាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ប្រហែលស្នើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ទាំងអស់ក្នុងប្រទេសកម្ពុជា៕