en     km
en     km

អង្គការ UNESCOនិងDMC បង្កើតសៀវភៅជំនួយសម្រាប់បណ្តុះបណ្តាលប្រឆាំងព័ត៌មានក្លែងក្លាយនិងការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គការយូណេស្កូ(UNESCO) និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ហៅកាត់ថា DMC បានបើកសិក្ខាសាលាមួយដើម្បីប្រមូលធាតុចូល លើសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រឆាំងព័ត៌មានក្លែងក្លាយ និងការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារសាន់វេ ភ្នំពេញ ដោយមានការចូលរួមពី សាស្រ្តាចារ្យនិងសិស្សនិស្សិតផ្នែកព័ត៌មាន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលផ្នែកផ្សព្វផ្សាយ និងមន្រ្តីផ្នែកព័ត៌មានពីក្រសួងរដ្ឋាភិបាលប្រមាណ ៣០នាក់។

លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​និងសារគមនាគមន៍លើកឡើងពីគោលបំណងនៃការបង្កើតសៀវភៅនេះថា ​សៀវភៅនេះនឹងក្លាយជាធាតុចូលមួយរួមចំណែកដល់គ្រូបង្រៀនសារព័ត៌មាន អ្នកសារព័ត៌មាន បុគ្គលិកអង្គការសង្គមស៊ីវិលនិងស្ថាប័នរដ្ឋអាចយកសៀវភៅនេះ ទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលពង្រឹងចំណេះដឹងដល់សិស្សនិស្សិត យុវជន និងអ្នកសារព័ត៌មានពលរដ្ឋនានាឱ្យបានយល់ដឹងកាន់តែច្បាស់ពីការប្រយុទ្ធប្រឆាំងព័ត៌មានពិតនិងក្លែងក្លាយ ពិសេសការធ្វើសេចក្តីរាយការណ៍មួយប្រកបដោយភាពជាក់លាក់ទាក់ទងការប្រែប្រួលអាកាសធាតុ។

លោកសង្កេតឃើញថា សព្វថ្ងៃនិន្នាការនៃការចង់តាមដានព័ត៌មានរបស់ប្រជាពលរដ្ឋហាក់បានធ្លាក់ចុះ ដោយហេតុថា ព័ត៌មានក្លែងក្លាយឬព័ត៌មានបែបច្របូកច្របល់បានធ្វើឱ្យពលរដ្ឋកាន់តែជិនណាយព្រោះលំបាកបែងចែកព័ត៌មានពិតនិងក្លែងក្លាយ ពិសេសគឺព័ត៌មានទាក់ទងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

លោក អ៊ុង ប៊ុនអ៊ី រំពឹងទុកថា សៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រឆាំងព័ត៌មានក្លែងក្លាយ និងការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុនេះ នឹងក្លាយជាឯកសារដ៏មានសារៈប្រយោជន៍សម្រាប់បណ្តាស្ថាប័ននានា យកទៅបើកវគ្គបង្រៀនផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធកាន់តែយល់ច្បាស់ពីព័ត៌មានពិតនិងក្លែងក្លាយ និងការរាយការណ៍ព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុបានត្រឹមត្រូវ។

លោក អ៊ុង ប៊ុនអ៊ី។

​​ដោយឡែកលោក ចា​ន់ សុខម៉េង គ្រូបង្រៀនផ្នែកសារព័ត៌មានមួយរូបដែលបានធ្វើបទបង្ហាញលើកញ្ចប់បរិធានដែលជាឯកសារបទបង្ហាញនៃសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលខាងលើនិយាយថា ការបង្កើតកញ្ចប់បរិធាននិងការប្រមូលធាតុចូលពីមជ្ឈដ្ឋាននានាលើកញ្ចប់បរិធាននេះ ដ្បិតមានទិន្នន័យបញ្ជាក់ថា អ្នកសារព័ត៌មានមិនទាន់បានផលិតព័ត៌មានទាក់ទងការប្រែប្រួលអាកាសធាតុបានច្រើននោះទេ ហើយព័ត៌មានភាគច្រើនគឺសុទ្ធសឹងតែរាយការណ៍ពីគ្រោះមហន្តរាយ។ ក្នុងន័យនេះលោកថា ស្ថាប័នព័ត៌មានមិនទាន់បានផ្តោតការយកកិច្ចទុកដាក់ឬមិនទាន់ផ្តល់អាទិភាពខ្លាំងលើការរាយការណ៍ព័ត៌មានទាក់ទងការប្រែប្រួលអាកាសធាតុ ផ្អែកលើចំណេះដឹង វិធីសាស្រ្តការពារ ទប់ស្កាត់ កាត់បន្ថយការប្រែប្រួលអាកាសធាតុនៅឡើយទេ។

លោកបញ្ជាក់ថា នៅក្នុងកញ្ចប់បរិធាននេះមានការដាក់បញ្ចូលនូវពាក្យគន្លឹះ ពាក្យបច្ចេកទេសបរិស្ថាន គំរូអត្ថបទ និងទិន្នន័យទាក់ទងបរិស្ថាន ពិសេសមុំលើប្រធានបទល្អៗដែលអាចឱ្យអ្នកសារព័ត៌មានយល់ដឹងបន្ថែមនូវរបៀបរាយការណ៍ព័ត៌មានទាក់ទងបរិស្ថានប្រកបដោយភាពទាក់ទាញ។

លោក ចា​ន់ សុខម៉េង។

ជុំវិញរឿងនេះ អ្នកចូលរួមក្នុងសិក្ខាសាលាបានសាទរចំពោះកម្មវិធីបង្កើតសៀវភៅជំនួយនេះឡើង ដ្បិតជាគុណប្រយោជន៍ដល់អ្នកសារព័ត៌មានអាចស្វែងយល់កាន់តែច្បាស់ពីរបៀបផលិតព័ត៌មានទាក់ទងបរិស្ថាននិងការប្រែប្រួលអាកាសធាតុបានកាន់តែល្អប្រសើរ។ តែយ៉ាងណា ពួកគេចង់ឱ្យស្ថាប័នខាងលើគួរពិចារណាចែកឱ្យដាច់លើមេរៀនក្នុងបទបង្ហាញ ពោលគឺមេរៀនត្រូវសមស្របតាមក្រុមគោលដៅរវាងអ្នកសារព័ត៌មាន និងពលរដ្ឋអ្នកសារព័ត៌មាន។

សូមជម្រាបជូនថា សៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រឆាំងព័ត៌មានក្លែងក្លាយ និងការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុនេះ មានសរុបចំនួន៦ជំពូកធំៗ ផ្តោតសំខាន់ចំណេះដឹងជាមូលដ្ឋាននៃការប្រែប្រួលអាកាសធាតុ។ ​បូករួមទាំងជំនាញប្រឆាំងព័ត៌មានក្លែងក្លាយ ជំនាញរាយការណ៍ព័ត៌មានទាក់ទងបរិស្ថាននិងការប្រែប្រួលអាកាសធាតុផងដែរ។

​​សម្រាប់ជំហានបន្តស្ថាប័នខាងលើនឹងគ្រោងជ្រើសរើសសិក្ខាកាមមកបណ្តុះបណ្តាលឱ្យក្លាយជាគ្រូបង្គោលនាចុងខែកុម្ភៈនេះ ដើម្បីឱ្យពួកគេមានសមត្ថភាពជាក់លាក់យកចំណេះដឹងទៅចែករំលែកបន្តដល់យុវជន និងអ្នកសារព័ត៌មានពលរដ្ឋតាមសហគមន៍។ មួយទៀតដែរ អង្គការយូណេស្កូ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ នឹងដាក់បញ្ចូលសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រឆាំងព័ត៌មានក្លែងក្លាយ និងការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុនេះ ក្នុងសាលាឌីជីថលរបស់ក្រសួងផងដែរ ដែលសាធារណជនអាចទាញយកទៅប្រើប្រាស់បាន៕

 

Share

ព័ត៌មានទាក់ទង