en     km
en     km

មន្ត្រីUNទទូចសុំកម្ពុជាកុំចាត់ការលើអ្នកសំដែងមតិថាមិនទៅបោះឆ្នោត

Share

ក្រុងភ្នំពេញ៖ ក្រុមសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទូចដល់ រដ្ឋាភិបាលកម្ពុជា កុំមានវិធានការ ដល់ ប្រជាពលរដ្ឋដែលសំដែងមតិ ទស្សនៈនយោបាយផ្សេងៗ រួមទាំងការសម្រេចចិត្តមិនទៅបោះឆ្នោត ដោយសំអាងថាច្បាប់របស់កម្ពុជា មិនបានចែងពីកាតព្វកិច្ចរបស់ពលរដ្ឋត្រូវទៅបោះឆ្នោតនោះទេ។ តែ អ្នកនាំពាក្យបក្សកាន់អំណាចច្រានចោលសេចក្តីអំពាវនាវនេះ ហើយចាត់ទុកថាសេចក្តីថ្លែងការណ៍នេះ លម្អៀងទៅរកបក្សប្រឆាំង។ 

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ៖ 

ខណៈដែលរដ្ឋាភិបាលដាក់ចេញនូវវិធានការឈានទៅដល់ការពិន័យឬដាក់ទោស​ ចំពោះជនណាបង្ហោះសារញុះញង់ អំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត  ក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤មិថុនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងជាច្រើនពីក្ដីបារម្ភរបស់ពួកគេ ទាក់ទងនឹង សិទិ្ធសេរីភាពរបស់ពលរដ្ឋខ្មែរ។

អ្ន​កធ្វើសេចក្ដីថ្លេងការណ៍នេះរួមមាន លោកស្រី រ៉ូណា ស្មីត(Rhona Smith) អ្នករាយការណ៍​ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដេវី កាយេ (David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងសម្តែងមតិ និង លោក Clement Nyalesossi Vou Le អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិ​ជួបប្រជុំដោយ​សន្តិវិធី និងចងក្រងសមាគម។

ក្រុមអ្នកជំនាញ សិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ប្រើប្រាស់វិធានការដែលជាហេតុការណ៍មួយដើម្បីធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋកម្ពុជាដែលធ្វើការសំដែងមតិ ទស្សនៈនយោបាយផ្សេង និង ការសម្រេចចិត្តទៅឬមិនទៅបោះឆ្នោត ព្រោះថាគ្មានច្បាប់ណាមួយរបស់កម្ពុជា​ចែងថា ការបោះឆ្នោតគឺជាកាតព្វកិច្ចនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បានសរសេរថា «ទោះជាច្បាប់សិទ្ធិមនុស្សកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហាមប្រាម ចំពោះការបំភិតបំភ័យ ឬ ការគំរាមកំហែងអ្នកបោះឆ្នោតក៏ដោយ ក៏ការអំពាវនាវឲ្យធ្វើពហិការមិនទៅបោះឆ្នោត មិនមែនជាការបង្ខិតបង្ខំ ឬ បំភិតបំភ័យឡើយ ។ ការអំពាវនាវនោះទៀតសោត ក៏មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ។ ផ្ទុយទៅវិញការអំពាវនាវនេះគឺទុកឲ្យអ្នកបោះឆ្នោតសម្រេចដោយសេរីថាត្រូវចូលរួម ឬ មិនចូលរួមបោះឆ្នោត»។

ដោយមិនយល់ស្របនឹងការអំពាវនាវនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា បានច្រានចោលនូវការអំពាវនាវរបស់ក្រុមអង្គការមួយនេះ ហើយចាត់ទុកថាជាទង្វើលម្អៀងទៅរកបក្សប្រឆាំង។

លោក សុខ ឥសាន្ត បាននិយាយថា​ ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋថាទៅឬមិនទៅបោះឆ្នោត នោះគឺគ្មានទោស ទេ តែការញុះញង់គ្រប់រូបភាព ដូចដែលលោក សម រង្សី អតីតប្រធានគណបក្សប្រឆាំង បានអំពាវនាវតាមរយៈបណ្តាញសង្គមដោយបង្កើតនូវឃ្លាមួយថា « ដេកផ្ទះឈ្នះស្អាត» នោះគឺជារឿងដែលមិនអាចលើកលែងបាន។ លោកថាបុគ្គលណា អនុវត្តបែបនេះនឹងប្រឈមនឹងផ្លូវច្បាប់។

សំឡេង លោក សុខ ឥសាន្ត៖ អាញុះញង់ហ្នឹងហើយ កុំយកអង្គកាសិទ្ធិមនុស្សណាមកនិយាយ អាហ្នឹងនិយាយកាន់ជើងតែពួកប្រឆាំងហ្នឹង អញ្ជឹងកុំឆ្ងល់ ការញុះញង់ ការគៀងគរ ការបន្លាចប្រជាជនកុំឲ្យទៅបោះឆ្នោត ដូចគេស្រែកថានៅផ្ទះឈ្នះឯង អីអាហ្នឹង សុទ្ធតែមិនអាចលើកលែងបានហើយ ព្រោះថា គេយកសន្លឹកឆ្នោត វាមិនដែលដេកផ្ទះឈ្នះទេ មូលហេតុអីបានជាឈ្នះកើត អញ្ជឹងទេ អាហ្នឹងវាជាការបោកប្រាស់របស់ទណ្ឌិត សម រង្សី ធ្វើឲ្យប្រជាពលរដ្ឋ វិលវល់ក្នុងអារម្មណ៍។

នៅក្នុងជំនួបមួយជាមួយកម្មករ កាលពីថ្មីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានព្រមានថា ការមិនទៅបោះឆ្នោត ហើយ បន្លំជ្រលក់ម្រាមដៃនឹងទឹកថ្នាំខ្មៅ គឺទោសព្រហ្មទណ្ឌ ។ សម្ដេចថា ទង្វើនេះ គឺជាការបង្កះអសន្តិសុខ ជាតិ ។ តែបែបនេះក្ដី សម្ដេច នាយករដ្ឋមន្ត្រីអះអាងថា អ្នកមិនទៅបោះឆ្នោត គឺមិនមានទោស ទេ។

កម្ពុជា នឹងធ្វើការបោះឆ្នោតសភានីតិកាលទី៦នៅចុងខែកក្កដា ខែក្រោយនេះ ដែលមានគណបក្ស នយោបាយ ចូលរួម២០បក្ស។ តែលើកនេះ គ្មានគណបក្សសង្រ្គោះជាតិទេ ព្រោះបក្សនេះ ត្រូវបានរំលាយក្រោមទោសក្បត់ជាតិ៕

 

អត្ថបទដោយ៖ សេរី វឌ្ឍនៈ 

 

Share

Image
Image
Image