ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ស្នើរឱ្យមានកិច្ចសហប្រតិបត្តិការស្មោះត្រង់រវាងជាតិ និងអន្តរជាតិក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស ដោយអ្នកស្រីអះអាងថានេះជាភាពចាំបាច់ ជាជាងការណ៍ដែលចេញរបាយការណ៍ដោយមិនមានការសើបអង្កេតច្បាស់លាស់។ ជាមួយគ្នានេះអង្គការសង្គមស៊ីវិលក៏បានមើលឃើញពីដំណោះស្រាយមួយចំនួនដែលភាគីរដ្ឋាភិបាលគួរតែធ្វើការពិចារណា ក្នុងការកាត់បន្ថយ និងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែមានលក្ខណៈល្អប្រសើរ។
កញ្ញា គុជ ស៊ីកុល រាយការណ៍ …
បន្ទាប់ពីមានរបាយការណ៍បង្ហាញថាកម្ពុជានៅតែមានឧក្រិដ្ឋកម្មជួញដូរមនុស្សពីមួយឆ្នាំទៅមួយឆ្នាំ ហើយថ្មីៗនេះ ក្នុងរបាយការណ៍អង្គការសហប្រជាជាតិ(UN)ក៏ទើបតែរកឃើញថាមានមនុស្សប្រមាណ១០ម៉ឺននាក់នៅកម្ពុជារងការបង្ខំឱ្យធ្វើការខុសច្បាប់ ដែលជាករណីព័ន្ធការជួញដូរមនុស្ស។
ជុំវិញបញ្ហានេះបណ្តាលឱ្យមានការជជែក វែកញែកស្ទើតែគ្រប់ភាគីដែលមានទាំង អង្គការសង្គមស៊ីវិល អ្នកជំនាញសិទ្ធិមនុស្ស និងសំណាក់រដ្ឋាភិបាលផងដែរ។ យ៉ាងណាមិញមកទល់នឹងពេលនេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង នៅតែច្រានចោលនូវរបាយការណ៍ដែលបង្ហាញថាមានមនុស្សប្រមាណ ១០ម៉ឺននាក់ ពាក់ព័ន្ធករណីជួញដូរមនុស្ស។ យ៉ាងណាក្នុងពេលផ្ដល់បទសម្ភាសដល់វិទ្យុស្រ្តីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកស្រីទទួលស្គាល់ថា ក្រោយពីធ្វើការស្រាវជ្រាវកន្លងមករបស់ក្រុមលោកស្រីឃើញថា ឧក្រិដ្ឋកម្មជួញដូរមនុស្សនៅតែកើតមាន ក៏ប៉ុន្តែអ្នកស្រីសំអាងទៅលើទិន្នន័យថាករណីនេះមិនមានចំនួនច្រើនដូចដែលរបាយការណ៍បានបង្ហាញឡើយ។
លោកស្រី ជូ ប៊ុនអេង៖ «យើងទទួលស្គាល់ថានៅតែមានប៉ុន្តែយើងមិនទទួលស្គាល់ដែលថាមានព័ត៌មាននៅកម្ពុជាដែលគេហៅថាជនដែលស្ថិតនៅក្រោមការគាបសង្គត់ដោយអំពើជួញដូរមនុស្សដល់ទៅ១០ម៉ឺននាក់ ពីព្រោះយើងបានរកគ្រប់ច្រកល្ហកដោយសារនៅកម្ពុជាយើងបើកទូលាយណាស់នូវក្នុងការស្វែងរកបទល្មើសដោយបើកឱ្យអ្នកដែលគេហៅថាផ្តល់ព័ត៌មានគ្រប់ទីកន្លែងបរទេសក៏ដោយ ខ្មែរក៏ដោយឱ្យតែមានថាគាត់នៅកន្លែងណាគឺយើងឱ្យគាត់ផ្តល់ព័ត៌មានមកដើម្បីធ្វើប្រតិបត្តិការ ហើយយើងបានធ្វើប្រតិបត្តិការបច្ចប្បន្នហើយនៅទូទាំងព្រះរាជាណាចក្រកម្ពុជាគឺយើងរកមិនឃើញនូវអ្វីដែលគេបានចោទប្រកាន់នោះទេ»។
ចំណែកលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក នៅតែស្នើឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ហើយត្រួតពិនិត្យ និងធ្វើការពិចារណាជាថ្មីទៅលើរបាយការណ៍។ លោកបញ្ជាក់ថានូវរាល់របាយការណ៍ដែលចេញផ្សាយមិនមែនជាការប្រឌិតឡើងក្នុងការចោទប្រកាន់ឡើយ ដោយលោកសំអាងថាមុននឹងចេញបានជារបាយការណ៍តែងតែមានរំបកគំហើញច្បាស់លាស់ និងមានការប្រមូលព័ត៌មានច្បាស់លាស់តាមរយៈការចុះជួបដោយផ្ទាល់។
លោក សឹង សែនករុណា៖«បាទ! បើខ្ញុំពិនិត្យមើលសម្រាប់ការដែលទទួលស្គាល់ជារឿងល្អមួយហើយ ហើយហ្នឹងហើយបើទោះបីជាមានបញ្ហាលើកឡើងអំពីទិន្នន័យហ្នឹងច្រើនមែនក៏ដោយក៏បញ្ហាហ្នឹងគួរតែខាងក្រសួង ស្ថាប័នពាក់ព័ន្ធហ្នឹងមានការទំនាក់ទំនងជាផ្លូវការពិភាក្សាទៅលើករណីហ្នឹងថាតើការណ៍ចេញរបាយការណ៍របស់អង្គការសហប្រជាជាតិហ្នឹងតើគាត់មានមូលដ្ឋានរបៀបមិចជាធម្មតាតាមការកតសម្គាល់របស់ខ្ញុំទាំងអង្គការជាតិ និងអន្តរជាតិទាំងខាងខ្ញុំក្តីហ្នឹងមុននឹងចេញរបាយការណ៍ណាមួយសុទ្ធសឹងតែចុះទៅជួប និងប្រមូលព័ត៌មានច្បាស់លាស់មិនមែនថាយើងអង្គុយនៅតែលើតុ ហើយសរសេររបាយការណ៍ហ្នឹងអត់ទេ…»។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Türk ចេញរបាយការណ៍មួយ ដែលរកឃើញថា ក្នុតំបន់អាស៊ីអាគ្នេយ៍មានមនុស្សរាប់ពាន់នាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងត្រូវបានបង្ខំឲ្យធ្វើការខុសច្បាប់តាមរយៈការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ លោកលើកឡើងទៀតថា នៅកម្ពុជាមានមនុស្សប្រមាណ ១០ម៉ឺននាក់ត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអនឡាញ ហើយមានជនរងគ្រោះប្រឈមមុខនឹងការរំលោភបំពាន និងការគំរាមកំហែងសុវត្ថិភាព ដោយក្រុមឧក្រិដ្ឋជនជួញដូរ។
ជាការឆ្លើយតប លោកស្រី ជូ ប៊ុនអេង អះអាងថាក្នុងការធានាថាចំនួនដែលអង្គការសហប្រជាជាតិរកឃើញថាជាការពិត អ្នកស្រីស្នើឱ្យភ្នាក់ងារអង្គការសហប្រជាជាតិបើកឱ្យមានការសើបអង្កេតដោយផ្ទាល់នៅកម្ពុជា។ អ្នកស្រីសង្កតធ្ងន់ថា ដើម្បីបោសសម្អាតករណីជួញដូរមនុស្ស គឺទាមទារឱ្យមានការសហការរវាងជាតិ និងអន្តរជាតិ ប្រកបដោយភាពស្មោះត្រង់ មិនបំភ្លៃ ហើយចៀសវាងការចេញរបាយការណ៍ ដែលមិនការអង្កេតគ្រប់ជ្រងជ្រោយ។
អ្នកស្រី ជូ ប៊ុនអេង៖«រឿងជួញដូរមនុស្សជាឧក្រិដ្ឋកម្មឆ្លងដែនអ៊ីចឹងសូមឱ្យមានកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសពាក់ព័ន្ធប្រទេសជាប់ព្រំដែន ក៏ដូចជាអន្តរជាតិ កម្ពុជាបើកទូលាយក្នុងកិច្ចសហប្រតិបត្តិការហើយសូមឱ្យជាកិច្ចសហប្រតិបត្តិការស្មោះត្រង់ជាមួយគ្នា ហើយកុំចេះតែផ្សព្វផ្សាយចង្អុលគ្នាទៅវិញទៅមកអត់បានប្រយោជន៍អីទេ ទីបំផុតគេហៅថាជាឱកាសសម្រាប់ជនល្មើសវិញ ពីព្រោះយើងធ្វើឱ្យគេហៅថាការរំជើបរំជួលខ្លាំងតែមិនមានអ្វីជាគេហៅថាមធ្យោបាយសម្រាប់ទប់ស្កាត់ជនល្មើសទៅវិញចឹងធ្វើឱ្យជនល្មើសគាត់រកវិធីថ្មីៗដើម្បីកេងប្រវ័ញ្ច ឬក៏ដើម្បីជួញដូរ»។
ពាក់ព័ន្ធករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿនិងការពារសិទ្ធិមនុស្ស (លីកាដូ) មើលឃើញថាក្នុងការចូលរួមធ្វើឱ្យបញ្ហាសិទ្ធមនុស្សមានលក្ខណៈល្អប្រសើរ រដ្ឋាភិបាលគួរតែពង្រឹង និងបង្កើតឱ្យមានការហ្វឹកហ្វឺនបន្ថែមទៅលើអ្នកជំនាញដែលធ្វើការលើបញ្ហាប្រឆាំងការជួញដូរមនុស្ស ដោយលោកចាត់ទុកថាបច្ចប្បន្នបញ្ហាទាំងនេះប្រៀបបានជាការជួញដូរបែបទំនើបកម្ម ស្របពេលមានបច្ចេកវិទ្យាទំនើប។
លោក អំ សំអាត៖«អ៊ីចឹងអ្វីដែលសំខាន់គឺថាកម្ពុជាយើងត្រូវតែខិតខំបន្ថែមទៀតក្នុងការទប់ស្កាត់ ការបង្រ្កាបទៅលើការជួញដូរមនុស្សទោះបីជាតាមរយៈណាក៏ដោយប៉ុន្តែយើងឃើញថាបច្ចប្បន្ននេះបញ្ហា Cyber crime នេះជាការជួញដូរមួយបែបទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើបហាស៎ អ៊ីចឹងហើយដែលទាមទារឱ្យកម្ពុជាយើងមានការហ្វឹកហ្វឺនបន្ថែមជំនាញអ្នកអនុវត្តច្បាប់ហ្នឹងឱ្យមានការហ្វឹកហ្វឺនបន្ថែមឱ្យទាន់ទៅនឹងសម័យទំនើបដែលមានបច្ចេកវិទ្យា ឬក៏បទល្មើសទំនើបកម្មហ្នឹង មួយទៀតការទប់ស្កាត់ ការបង្រ្កាបការជួញដូរមនុស្សនេះគឺត្រូវការសហប្រតិបត្តិការទាំងក្នុងប្រទេស ទាំងបណ្តាប្រទេសជិតខាងក៏ដូចជាប្រទេសក្នុងបណ្តាពិភពលោកជាពិសេសអន្តរជាតិដើម្បីរួមគ្នាទប់ស្កាត់ទង្វើនៃការជួញដូរមនុស្សហ្នឹង»។
ស្រដៀងគ្នាដែរ លោក សឹង សែនករុណា ក៏មើលឃើញពីដំណោះស្រាយមួយចំនួនដែលរដ្ឋាភិបាលគួរធ្វើការពិចារណាផងដែរ។ ក្នុងនោះលោកលើកឡើងថា អជ្ញាធររដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវដឹកនាំការចូលរួមបោសសម្អាតនូវរាល់បញ្ហាជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការការខុសច្បាប់លើប្រព័ន្ធអនឡាញជាដើម តាមរយៈការបង្កើតឱ្យមានទំនុកចិត្ត និងបង្កើនការយកចិត្តទុកដាក់ ដោយធ្វើការសើបអង្កេតឱ្យចេញជាលទ្ធផលជាក់លាក់ ធានាបាននូវប្រសិទ្ធិភាពការងារ និងចៀសវាងការរកឃើញនូវករណីអាក្រក់ផ្សេងៗ ដែលប៉ះពាល់វិស័យមួយចំនួនក្នុងប្រទេសហើយបង្កឱ្យជាប់ស្មោះមិនល្អ។
លោក សឹង សែនករុណា៖«ខ្ញុំយល់ថាចំណុចនេះរឿងដែលសំខាន់គឺសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានតួនាទីគួរតែពិនិត្ និងឆ្លុះបញ្ចាំងយឡើងវិញនូវអ្វីដែលធ្វើបានជោគជ័យ និងអ្វីដែលមិនបានជោគជ័យហ្នឹងនៅចំណុចណា ហើយក្នុងកម្រិតណាដែលគួរធ្វើបន្តទៅទៀត ហើយជាធម្មតាការលើកឡើងក្នុងរបាយការណ៍ ការរិះគន់ វាអាចនឹងកើតមានឡើងនៅក្នុងសង្គមកម្ពុជាហើយ ហើយការណ៍ដែលកើតមានទាំងអស់នេះយើងអាចលុបបំបាត់ទៅបានលុះត្រាតែមន្រ្តីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលលោកធ្វើការមានភាពច្បាស់លាស់ មានភាពសកម្មក្នុងការទប់ស្កាត់ ហើយមានលទ្ធផលដែលគេអាចជឿជាក់ទុកចិត្តបាន នោះបើលទ្ធផលបន្តបន្ទាប់គេអាចជឿជាក់ទៅបាន អ៊ីចឹងភាពដែលគេរិះគន់ប៉ះពាល់កិត្តិយសមុខមាត់កម្ពុជាក៏សាបរលាបទៅតាមហ្នឹងវិញដែរ»។
តាមរយៈសកម្មភាពលើការងារនេះ លោកស្រី ជូ ប៊ុនអេង បានប្តេជ្ញាថា ក្រសួងមហាផ្ទៃនឹងបន្តស្រាវជ្រាវស្វែងរកបន្តទៀត ស្របពេលដែលរបាយការណ៍សិក្សាស៊ើបអង្កេតរបស់លោកស្រីកន្លងមករកឃើញថាមានតែ ៤១ករណីដែលរកឃើញថាមានជាប់ពាក់ព័ន្ធករណីបទល្មើសបង្ខាំង និងសង្ស័យថាជាការជួញដូរមនុស្ស៕