ជាថ្មីម្ដងទៀត ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានហៅការចល័តទ័ពនិងការ បង្ក្រាបសេរីភាពស៊ីវិលថ្មីៗនេះថាជាសកម្មភាព ដ៏ព្រួយបារម្ភ ចំពោះបរិយាកាស នយោបាយ មុនការបោះឆ្នោត។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ធ្វើឡើងកាលពីថ្ងៃអង្គារទី ០៦កញ្ញា នៅទីក្រុង ហ្សឺណែវ។ នេះបើយោងតាម គេហទំព័រ បរទេសមួយគឺ The World Bulletin បានចុះផ្សាយនៅថ្ងៃនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាច ចោទអង្គការ ពិភពលោក មួយនេះថាលំអៀងទៅរកបក្សប្រឆាំង។ កញ្ញា ឆេង ណាតា ជូនសេចក្ដីរាយការណ៍បន្ថែម៖
លោកស្រី Ravina Shamdasani អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា៖« ស្ថាប័នមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាស បំភិតបំភ័យ ទៅលើ ក្រុមប្រឆាំង សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធី ហើយបទចោទទាំងឡាយ ប្រឆាំងក្រុមប្រឆាំង គឺជាការផ្ដើមឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើ ភាពត្រឹមត្រូវនិងដំណើរការបោះឆ្នោត»។
ការព្រួយបារម្ភរបស់ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរកម្ពុជា បាន ដាក់របាំងរាំងផ្លូវខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ រារាំងការហែក្បួនដាក់ញត្តិ របស់អ្នកតំណាងរាស្ត្រទៅស្ថានទូត បរទេស អំពីការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះ និងបន្ទាប់ពីការចល័តទ័ពនិងការហោះហើរ ឧទ្ធម្ភាគចក្រ លើស្នាក់ការ គណបក្សប្រឆាំងនេះ។
លោកស្រី Ravina Shamdasani បន្តថា ៖«ការដាក់របាំង និងការចល័តទ័ពក្បែរស្នាក់ការ គណបក្សប្រឆាំង និងការព្រមានរបស់មេទ័ព គឺជាការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះសុវត្ថិភាព របស់ ក្រុមប្រឆាំង»។
ឆ្លើយតបនឹងអ្នកនាំពាក្យឧត្តមស្នងការសហប្រជាជាតិ ផ្នែកសិទ្ធមនុស្ស លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុស្រី្តនៅថ្ងៃទី ០៧ ខែកញ្ញា នេះថា ការលើកឡើងរបស់ ឧត្តមស្នងការសហប្រជាជាតិ ផ្នែកសិទ្ធមនុស្ស មិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជានោះទេ។ លោកថា ការលើកឡើងបែបនេះ មានភាពលំអៀងទៅគណបក្សប្រឆាំង។
លោកមានប្រសាសន៍បន្តថា រដ្ឋាភិបាលមិនបានធ្វើសកម្មភាព បំភិតបំភ័យ ឬធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សប្រឆាំងនោះទេ។ លោកប្រាប់ថា ការដែលអាជា្ញធរដាក់របាំង រាំងផ្លូវ អំឡុងគណបក្សប្រឆាំងហែ ញត្តិ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារមិនឱ្យមានការកកស្ទះចរាចរណ៍។
លោក សុខ ឥសាន ៖«គេដាក់បារ៉ាស់ដើម្បីទប់កុំឱ្យប្រជាជន មកពីបណ្តាខេត្ត មកពីភ្នំពេញអី ហើយម្យ៉ាងទៀតគេមិឱ្យហែ តែហែដឹងតែស្ទះចរាចរណ៍ អញ្ចឹងអាហ្នឹងរឿងហ្នឹង។ មូលហេតុអីបានគម្រាមកំហែង ហើយបើនិយាយពីគម្រាមកំហែង អ្នកដែលប្រមូលផ្តុំប្រជាជនប្រុងធ្វើឱ្យស្អះចរាចរណ៍ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ទេ ជាអ្នកគម្រាមកំហែង»។
តែយ៉ាងណា ក៏ដោយ លោកស្រី Ravina Shamdasani អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានទទូច៖«យើងទទូចឱ្យរដ្ឋាភិបាលកម្ពុជា ជួយធានាថាបរិយាកាស នៃសេរីភាពសម្ដែងមតិ ការជួបប្រជុំដោយសន្តិវិធី គឺល្អប្រសើរណាស់ មុនការបោះឆ្នោតឆ្នាំ២០១៧ និង ២០១៨»។
ចំណែកអ្នកវិភាគក៏ព្រួយបារម្ភផងដែរ ចំពោះ ស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជា មុនការបោះឆ្នោត។
លោក ឡុង គឹមឃន អ្នកសិក្សាគោលនយោបាយការបរទស និងច្បាប់អន្តរជាតិ យល់ថា ការដែលរដ្ឋាភិបាលកម្ពុជា ព្យាយាម បដិសេធការព្រួយបារម្ភរបស់អន្តរជាតិ នឹងធ្វើឱ្យទំនាក់ទំនង ជាមួយប្រទេសលោកខាងលិច កាន់តែធ្លាក់ ព្រោះថា អ្វីដែលអន្តរជាតិចង់បានគឺគេចង់ឱ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។
លោកបន្តថា កម្ពុជា មិនរស់នៅតែម្នាក់ឯងបានទេ គឺ កម្ពុជាត្រូវសម្របខ្លួន ដោយគោរពទៅតាមប្រព័ន្ធនយោបាយអន្តរជាតិ ទើបកម្ពុជាទទួលបានផលប្រយោជន៍ច្រើន។
លោក ឡុង គឹមឃន៖ «ជាជាងយើងព្យាយាម ដើរផ្ទុយអំពីចរន្តអន្តរជាតិ អាហ្នឹងគឺវាមិនចំណេញអ្វីសម្រាប់កម្ពុជាទេ ប៉ុន្តែក្រៅពីការធ្វើឱ្យកម្ពុជាខូចមុខមាត់ ប៉ុន្តែនឹងអាចធ្វើឱ្យកម្ពុជា ខាតផលប្រយោជន៍ទាំងក្នុង ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយទៅទៀត »។
នេះជាលើកទី៣ហើយ ដែលឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាតិ មួយនេះ ដាក់ការព្រួយបារម្ភអំពីសេរីភាពនៅកម្ពុជា។
កាលពី២ខែមុន ស្ថាប័នអន្តរជាតិមួយនេះក៏បានចេញសេចក្ដីសម្រេចមួយផងដែរ ដោយដាក់ប្រទេសកម្ពជា ជារដ្ឋកត់សម្គាល់អំពីហានិភ័យខ្ពស់ នៃការរំលោភសិទ្ធិមនុស្ស ហើយ នៅចុងខែកញ្ញានេះ អង្គការ នេះ នឹងដាក់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជារបៀបវារៈថ្មីមួយទៀតដោយមានគម្រោងចេញដំណោះស្រាយ សកល ទៀតផង៕