en     km
en     km

មន្ត្រីកម្ពុជា៖ អង់គ្លេសនៅបន្តផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា 

Share

ក្រុងភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានអះអាងថាប្រទេសអង់គ្លេស នៅតែ បន្តអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា ។

លោក សេរីវឌ្ឍនៈ រាយការណ៍៖

ការអះអាងរបស់ មន្ត្រីកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស កម្ពុជា និង លោក ស៊ីម៉ុន ម៉ាកដូណាល់ (Simon Mc Donald) អនុរដ្ឋមន្ត្រី ការបរទេសអចិន្ត្រៃយ៍អង់គ្លេស កាលពីព្រឹកថ្ងៃទី ១៨ ខែ​ឧសភា នេះ នៅទីស្តី្កការក្រសួងការបរទេស។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ​បានបញ្ជាក់ថា បើទោះបីជាប្រទេសអង់គ្លេស បានចាកចេញ ពីសហភាពអឺរ៉ុប ក៏ដោយ តែជំហរ របស់ប្រទេសមួយនេះ នៅតែបន្តផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាដដែល។

លោកជុំសន្ទរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញថា បន្ទាប់ពីអង់គ្លេសចាកចេញពី EU ជំហររបស់រដ្ឋាភិបាលអង់គ្លេស នៅតែបន្តប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេស ដែលមានការអភិវឌ្ឍន៍តិច ហើយក្នុងនោះក៏មានកម្ពុជាផងដែរ។ ដូច្នេះយើងគិតថា នៅក្នុងអនាគតទៅមុខទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជាអង់គ្លេស មិនមានបញ្ហាអ្វីគួរឲ្យបារម្ភទេ»

លោក បានអះអាង ទៀតថាមកត្រឹមឆ្នាំ ២០១៧ នេះ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អង់គ្លេស កើនឡើងបាន ១ ពាន់លានដុល្លារអាមេរិក ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ គឺផ្តោតទៅលើវិស័យពាណិជ្ជកម្ម ការអប់រំ វិស័យសុខាភិបាល និង ការដោះមីនជាដើម។

យ៉ាងណាក៏ដោយ វិទ្យុស្រ្តីមិនអាចសុំការបញ្ជាក់ពីស្ថានទូតអង់គ្លេសនៅកម្ពុជាបាននោះទេទាក់ទិនការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ។

កាលពីឆ្នាំ ២០១៧ ចាប់តាំងពីតុលាការបានកាត់ក្តី រំលាយគណបក្សប្រឆាំង ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និង ការបិទប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានធ្វើឲ្យសហភាពអឺរ៉ុបបង្ហាញជំហរមិនគាំទ្រ ដោយព្រមានម្តងហើយម្តងទៀតអំពីការបិទកូតានាំចេញពីកម្ពុជា ឬ ការអនុគ្រោះពន្ធនេះ ដោយទាមទារឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ស្តារប្រជាធិបតេយ្យឡើងវិញ។

នាដើមឆ្នាំ ២០១៨នេះ សហរដ្ឋអាមេរិក បានសម្រេចបិទទិដ្ឋាការមន្រ្តីជាន់ខ្ពស់របស់កម្ពុជា និង កាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាក ឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

តែបែបនេះក្ដី ទាំងសម្ដេចហ៊ុនសែន និងមន្ត្រីបក្សកាន់អំណាច នៅតែអះអាងថា បើទោះជាក្រុមសហភាពអឺរ៉ុប និងអាមេរិក បន្ថយសហប្រតិបត្តិការជាមួយកម្ពុជាក៏ដោយ តែនៅមានប្រទេសច្រើនទៀតកំពុងបើកចំហសហប្រតិបត្តិការជាមួយកម្ពុជា៕

 

Share

Image
Image
Image