ក្រោយពីតុលាការកំពូល បដិសេធសំណើនៅក្រៅឃុំរបស់យុវជនសមាគមសម្ព័ន្ធនិសិត្សបញ្ញវន្តខ្មែរ ២នាក់នេះ កាលពីខែមុន គឺនៅថ្ងៃទី១៨ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនពួកគេបណ្ដោះអាសន្ន ៦ខែបន្ថែមទៀត ដើម្បីបន្តការស៊ើបសួរ។ យ៉ាងណាសាច់ញាតិពួកគេ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការបន្តឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ព្រោះយុវជនទាំងនោះមិនបានប្រព្រឹត្តអំពើរួមគំនិតក្បត់ដូចការចោទប្រកាន់ឡើយ។ កញ្ញា កែវ សុជាតា រាយការណ៍
យុវជនទាំងនោះរួមមាន កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ដែលអ្នកទាំងពីរមានអាយុ ២៣ឆ្នាំ និងមានតួនាទីជាអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) រងបទចោទ «រួមគំនិតក្បត់» ក្នុងអំឡុងពេលដែលរដ្ឋាភិបាល ត្រៀមកម្លាំងចាប់ខ្លួនពលរដ្ឋណា ដែលហ៊ានចូលរួមបញ្ចេញមតិ ឬលើកឡើងពីផែនការប្រមូលផ្តុំទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។ បទចោទនេះ បើត្រូវផ្តន្ទាទោស ពួកគេនឹងប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២០ ខែកុម្ភៈនេះថា យុវជនទាំងពីរនេះ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលជាទោស «រួមគំនិតក្បត់» ដូច្នេះតាមនីតិវិធីប្រសិនជាចៅក្រមមិនអាចបិទការស៊ើបសួរបានក្នុងរយៈពេល ៦ខែតាមការកំណត់នេះទេ នោះចៅក្រមមានសិទ្ធិឃុំខ្លួនយុវជនទាំងពីរបន្ត ៦ខែបន្ថែមទៀត។ ប៉ុន្តែនៅក្នុងចន្លោះឃុំខ្លួនបន្ត ៦ខែនេះ យុវជនទាំងពីរស្ថិតក្រោមការសាកសួរ និងស៊ើបអង្កេតពីចៅក្រមបន្តទៀតដែរ។
លោក ធី ថន និងកញ្ញា រៀម ស្រីពេជ្ររតនា។
ការឃុំខ្លួនបន្តនេះ លោកយល់ថា សាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីត្រឹមត្រូវហើយ ព្រោះមានដីកាសម្រេចពីចៅក្រមស៊ើបសួរ តែបើនិយាយអំពីសិទ្ធិយុវជនវិញ គឺបានប៉ះពាល់ដល់សិទ្ធិសេរីភាពមូលដ្ឋាន ព្រោះការចាប់ខ្លួន និងឃុំខ្លួនពួកគេរងការរិះគន់ច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោក អំ សំអាត៖ «អ៊ីចឹងបើយើងលើកអំពីសិទ្ធិ បានន័យថាការពន្យារពេលការឃុំខ្លួន វាប៉ះពាល់ដល់សិទ្ធិរបស់គាត់ ព្រោះជនត្រូវចោទមួយៗ មានសិទ្ធិទទួលបានយុត្តិធម៌ចំពោះមុខច្បាប់ សិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័សបាទ។ អ៊ីចឹងការពន្យារពេលនៃការឃុំខ្លួនហ្នឹង វាប៉ះពាល់ដល់សិទ្ធិរបស់គាត់ ហើយជាពិសេសទៅទៀតហ្នឹង គឺវាប៉ះពាល់ទៅដល់ក្រុមគ្រួសារ ដែលត្រូវបន្តដំណើរក្នុងការសួរសុខទុក្ខទៅច្រើន វាប៉ះពាល់ដល់ថវិកាគាត់»។
គួររំលឹកថា កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។
ឳពុកកញ្ញា រៀម ស្រីពេជ្ររតនា លោក ជិន សារូ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា លោក និងភរិយា តែងតែធ្វើដំណើរពីខេត្តកំពង់ធំ មកសួរសុខទុក្ខកូននៅពន្ធនាគារជារៀងរាល់សប្តាហ៍ ខណៈកូនស្រីរបស់លោកមានបញ្ហាច្រមុះ និងដុះសាច់បំពង់ក ត្រូវលេបថ្នាំព្យាបាលជាប្រចាំខែ។ ស្របពេលមានបញ្ហាជំងឺបែបនេះ លោកបញ្ជាក់ថា ក្នុងពន្ធនាគារក៏មានសភាពចង្អៀតណែនដែលលំបាកដល់ការរស់នៅសម្រាប់កូនស្រីរបស់លោក។
លោក ជិន សារូ៖ «វាគ្រាន់តែថាយើងអន់ចិត្ត គ្នាអត់មានកំហុសអីផង វាគួរណាស់តែត្រូវបានដោះលែងឱ្យគ្នាមករៀនសូត្រសទៅ ដល់ពេលយើងគិតតែឃុំខ្លួនគ្នាអ៊ីចឹង គ្នានៅរៀន ហើយមានរោគទៀតទៅអ៊ីចឹងអីៗងាប់ហើយក្មួយអើយ។ អ៊ីចឹងក្នុងនាមជាឳពុកម្ដាយ សោកស្ដាយណាស់ក្មួយអើយ វាដូចថាអយុត្តិធម៌ បើគ្នាគ្មានទោសកំហុសអី ដល់ឃុំខ្លួនគ្នាបន្តទៀតអ៊ីចឹង តែបើគ្នាមានទោសកំហុសអីទៅថា ស្រណោះឪពុកម្ដាយថាមានទៅអី លំបាកអ៊ីចឹងទៀត»។
លោក សារូ ដែលមានវ័យ ៤៦ឆ្នាំ បានរៀបរាប់ដោយត្អូញត្អែរពីថ្លៃចំណាយលើការធ្វើដំណើរ និងថ្លៃអាហារកូន ពិសេសគឺប្រាក់ចាយវាយរបស់កូនក្នុងពន្ធនាគារ ខណៈផលដំណាំដូចជា ស្រូវ ដំឡូង របស់លោកឆ្នាំនេះធ្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើជីវភាពគ្រួសាររបស់លោកជួបការលំបាកគ្រាដែលកូនស្រីជាប់ក្នុងពន្ធនាគារបែបនេះ។
លោក ជិន សារូ៖ «លំបាកដែរហ្នឹងរកអីមិនបានដូចតែគ្នា ជំពាក់លុយធនាគារដូចតែគ្នា ហើយក៏ប្រឹងឱ្យគាត់បានរៀនទៅ គាត់សុំរៀនហើយប៉ា បើយើងមិនរៀនយើងនៅតែខ្វះខាតអ៊ីចឹង ខ្ញុំថាទៅរៀនទៅកូន ទៅឯណេះមានអីជិះតែកង់ទៅរៀន ដល់លំបាកអ៊ីចឹងមានអីនិយាយអត់ចេញ ស្រណេះកូនថាប៉ាមិនអីទេ ៦ខែយើងអាចបានចេញហើយ ព្រោះយើងអត់មានទោសកំហុសអីផង តែមកដល់ឥលូវ៦ខែទៀត ឯសេដ្ឋកិច្ចគ្រួសារនៅផ្ទះហ្នឹងក៏ពិបាក»។
ចំណែកលោក មឿន ធី ដែលជាឳពុកលោក ធី ថន បានឱ្យដឹងដែរថា ក្នុងមួយខែលោកឡើងពីខេត្តកណ្ដាលទៅសួរសុខទុក្ខលោក ធី ថន ក្នុងពន្ធនាគារ បានតែពីរដងទេ ព្រោះដោយសារកត្តាជីវភាពខ្វះខាត និងបញ្ហាសុខភាពលោកមិនល្អ។ ក្នុងគ្រួសារមានជីវភាពខ្វះខាតនេះ ព្រោះកូនៗទាំងអស់សុទ្ធតែនៅរៀន ហើយលោក ធី ថន ជាកូនទី៣ ដែលបានឡើងមករៀនបន្តនៅរាជធានីភ្នំពេញ។
លោក មឿន ធី៖ «ដឹងគិតយ៉ាងម៉េចទេ បើស្នើសុំមួយលើកពីរលើកហើយ ហើយមេធាវីគាត់ថាចាំជួយស្នើសុំឱ្យនៅក្រៅឃុំ គាត់ជួយស្នើសុំហើយតែនៅទៀត មិនដឹងទោសអីផងបើនៅតុលាការកំពូលពីរដង ហើយក៏ទៅតុលាការរាជធានីភ្នំពេញវិញទៀត ហើយគេចោទកូនខ្ញុំពាក់ព័ន្ធនឹងគម្រោង CLV ហ្នឹង កូនខ្ញុំថាអត់មានពាក់ព័ន្ធ អត់បាននិយាយរឿងហ្នឹងទេ ដល់អ៊ីចឹងគិតម៉េច កូនខ្ញុំអត់មានបាននិយាយរឿងគម្រោង CLV ហ្នឹងទេ»។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។ បន្ទាប់ពីរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះ មានសកម្មជនសង្គម និងពលរដ្ឋ ដែលឃុំខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោង CLV នេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នជាបន្តបន្ទាប់ ក្រោយពួកគេចេញវីដេអូសុំទោស៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី