ក្នុងឆ្នាំ២០២៣ នាខែឧសភា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ចន្លោះពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ តែមុនព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះមកដល់ គណកម្មាការ CAMSOC និងរៀបចំព្រឹត្តិការណ៍ពីសំខាន់ទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣ គឺកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានជិតខិតចូលមកដល់ហើយ នៅសល់មិនដល់១ឆ្នាំទៀតនោះទេ។ បើតាមរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកម្មវិធីស៊ីហ្គេម។ កម្ពុជាបានត្រៀមរួចជាស្រេចនូវពហុកីឡដ្ឋានថ្មី គឺពហុគីឡដ្ឋានមរតកតេជោ ដើម្បីទទួលបើកកម្មវិធី ជាលើកដំបូងនេះ។
ការប្រកួតស៊ីហ្គេមនៅកម្ពុជាត្រូវបានរំពឺងថាមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ៧០០០នាក់ ហើយក៏មានកីឡាច្រើនប្រភេទដែរចន្លោះពី៣០ទៅ៣៥ ប្រភេទកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននាពហុកីឡដ្ឋានមរតកតេជោកាលពីថ្ងៃទី៧ ឧសភា ថាគ្រោងនឹងមានរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ មុនការប្រកួតមកដល់ ដោយព្រឹត្តិការណ៍ទី១ គឺត្រូវបានរាប់ថយក្រោយរយៈពេល ១០០ថ្ងៃនៅចុងខែធ្នូ ឆ្នាំ២០២២ និងពិធីអុជភ្លើងគប់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅក្នុងខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងអង្គរខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះមហាក្សត្រ។ ឯកឧត្តមបានបញ្ជាក់ថា ភ្លើងគប់នឹងធ្វើដំណើរទៅកាន់ប្រទេសជាសមាជិកស៊ីហ្គេម មុននឹងមកដល់រាជធានីភ្នំពេញ ដែលជាការគោលដៅចុងក្រោយ សម្រាប់ពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
នាពេលកន្លងមក ឯកឧត្តម វ៉ាត ចំរើន ធ្លាប់លើកឡើងដែរថា ការកសាងសមត្ថភាពកីឡាករគឺជារឿងសំខាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា។ ទន្ទឹមនឹងការប្រកួតឈានមកដល់ឆាប់ៗនេះ មានកីឡាករ និងកីឡាការិនីជាច្រើនបានបញ្ជូនទៅហ្វឹកហាត់បន្ថែមនៅក្រៅប្រទេស។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ ក្នុងកម្មវិធីប្រកួតស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពិនជាម្ចាស់ផ្ទះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន១១។ ការប្រកួតស៊ីហ្គេមលើកទី៣១ កំពុងប្រកួតនៅប្រទេសវៀតណាម មិនទាន់ដឹងលទ្ធផលយ៉ាងណាទេ។ តែចំពោះឆ្នាំ២០២៣ខាងមុខនេះ កម្ពុជា បានឱ្យកីឡាករមិនត្រូវផ្ដេកផ្ដួលទៅតាមស្ថានភាពនោះទេ ទោះបីពេលមានវិវត្តិកូវីដ១៩ រាតត្បាតពេញប្រទេសកន្លងមក ក៏តម្រូវឱ្យហ្វឹកហាត់នៅតាមផ្ទះដែរ។
ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់និយាយថា “ដោយសារកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ដូច្នេះហើយយើងមិនអាចផ្តេកផ្តួល នៅក្នុងស្ថានភាពនេះទេ ដោយពេលនេះគឺយើងត្រូវតែខិតខំប្រែក្លាយនៃសម្រាកនេះទៅជាជំនឿចិត្តលើខ្លួនឯង ដោយហ្វឹកហាត់ឱ្យអស់ពីសមត្ថភាពនៅតាមផ្ទះរៀងៗខ្លួន”។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កីឡាករជម្រើសជាតិទាំងអស់របស់កម្ពុជាត្រូវហ្វឹកហាត់ចំនួន៣ម៉ោង យ៉ាងតិច ដើម្បីឱ្យរាងកាយសកម្ម មិនអាចសម្រាកអសកម្មបានទេ។ ការសម្រាកអសកម្មធ្វើឱ្យប៉ះពាល់ដល់គុណផលកីឡាប៉ះពាល់ដល់សមត្ថភាពផ្លូវកាយ បច្ចេកទេសរបស់ពួកគាត់ នៅពេលដែលពួកគាត់ចូលមកហ្វឹកហាត់វិញ។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើនដដែល៕