ភ្នំពេញ៖ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចចំនួន ២ ភូមិមានគ្នាប្រមាណ ៨០នាក់ បានប្រមូលផ្តុំគ្នាលើកបដាបង្ហាញការទាមទាររបស់ពួកគេដល់អាជ្ញាធរពាក់ព័ន្ធឱ្យរក្សាដីព្រៃ និងដីស្រែសហគមន៍ឱ្យពលរដ្ឋបានអាស្រ័យផល ខណៈរយៈពេលចុងក្រោយនេះមានបក្ខពួកក្រុមឧញ៉ាបានប្រើគ្រឿងចក្រឈូសឆាយចូលដីរបស់ពលរដ្ឋ។ ជាជំហររបស់ពលរដ្ឋជនជាតិដើមភាគកួយទាំងពីរភូមិអះអាងថា ពួកគេនឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីតតាំងជាមួយក្រុមឧញ៉ាដែលចូលមកបំពានក្នុងដីរបស់ពួកគេបន្តទៀត ទោះបីជាត្រូវរងការប៉ះទង្គិចគ្នាដោយហិង្សាក៏ដោយចុះ។ ក្នុងរឿងនេះអភិបាលរងខេត្តបញ្ជាក់ថា អាជ្ញាធរដែនដីបាននិងកំពុងរៀបចំនីតិវិធីឱ្យពលរដ្ឋស្នើសុំកម្មសិទ្ធិលើដីស្រែដែលមានទំនាស់នោះជាបណ្តើរៗហើយ ដោយអំពាវនាវដល់ពលរដ្ឋគួរមកសាលាឃុំដើម្បីបញ្ជាក់ភាពស្របច្បាប់លើដីឈានទៅបញ្ចប់រឿង។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រជាពលរដ្ឋក្នុងភូមិដងផ្លិតនិងភូមិណារ៉ុងប្រមាណ ៨០នាក់ តំណាងឱ្យពលរដ្ឋជិត២០០គ្រួសារ បាន ជួបជុំគ្នារៀបចំពិធីសែនព្រេននៅតំបន់ព្រលានតាដៀវ ដែលជាតំបន់ព្រៃជំនឿរបស់ជនជាតិដើមភាគតិចកួយ និងថែមទាំងបានលើកបដាស្រែតវ៉ា ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចពិចារណារក្សាទុកដីដែលកំពុងចម្រូងចម្រាស់ជាមួយក្រុមឧញ៉ា ដល់ពលរដ្ឋបានអាស្រ័យដូចមុននិងដាក់ជាសម្បត្តិសមូហភាព។
ក្នុងពិធីនោះផងដែរ ពលរដ្ឋបានប្រកាសជំហរស្ម័គ្រការពារដីសហគមន៍ពីការចូលទន្ទ្រានរបស់បក្ខពួកក្រុមឧញ៉ា ទោះបីជាត្រូវរងការប៉ះទង្គិចគ្នាឈានដល់ការរងរបួស ឬត្រូវប្រឈមនឹងផ្លូវច្បាប់ក៏ដោយ។
សកម្មភាពតវ៉ារបស់អ្នកភូមិដងផ្លិតនិងណារ៉ុងសុំដាក់ដីព្រៃជាដីសមូហភព។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
លោក ប្រុស ឆេត ជាចាស់ព្រឹទ្ធាចារ្យម្នាក់និងជាជនជាតិដើមភាគតិចកួយរស់នៅភូមិឃុំឆែត២ ស្រុកឆែប ខេត្តព្រះវិហារ និយាយថា ព្រៃតំបន់នេះជាព្រៃជំនឿ និងជាព្រៃដែលជនជាតិដើមភាគតិចធ្លាប់អាស្រ័យផលដូចជារកជ័រទឹក បេះផ្សិត បន្លែព្រៃ ក៏ដូចជាត្រីសាច់ និងអនុផលព្រៃឈើផ្សេងៗទ្រទ្រង់ជីវិតជាយូរណាស់មកហើយ។ លោកថា រយៈពេលចុងក្រោយនេះ មានបក្ខពួកខាងក្រុមឧញ៉ាដែលសង្ស័យថាមានមន្រ្តីខេត្តជាខ្នងបង្អែកពីក្រោយ ក៏បានធ្វើសកម្មភាពឈូសឆាយព្រៃសហគមន៍រហូតបំពានលើដីស្រែរបស់ពលរដ្ឋថែមទៀតផង ក្រោមលេសថាបានទិញពីពលរដ្ឋមួយចំនួន។
លោក ប្រុស ឆេត៖«ប្រជាពលរដ្ឋពីរភូមិហ្នឹងឯងអាស្រ័យផលរកជ័រ រកល្ល័រ បេះផ្សិត រហូតដល់រកត្រីសាច់ណា ចឹងបានជាប្រជាពលរដ្ឋហាមមិនឱ្យក្រុមហ៊ុនចូលឈូសឆាយដែលទុកដីហ្នឹងជាដីសមូហភាព ហើយដីស្រែចម្ការរបស់ពលរដ្ឋក៏នៅជុំវិញនោះដែរ»។
លោក ប្រុស ឆេត ផ្តល់បទសម្ភាសន៍ក្រោយធ្វើពិធីសែនព្រេននិងការតវ៉ានៅព្រលានតាដៀវ។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅថ្មីៗនេះ ជនជាតិដើមភាគតិចកួយរស់នៅភូមិឃុំខាងលើប្រមាណ ២០០នាក់ បានប៉ះទង្គិចជាមួយក្រុមបក្ខពួករបស់ឧញ៉ា គ្រាដែលពលរដ្ឋបានឃាត់យកត្រាក់ទ័រមួយគ្រឿងរបស់ក្រុមពួកឧញ៉ាមករក្សានៅប៉ុស្តិ៍រដ្ឋបាលឃុំ ក្រោយក្រុមឧញ៉ាចូលមកឈូសឆាយដីស្រែនិងដីព្រៃតំបន់សហគមន៍។ ក្នុងហេតុការណ៍រំដោះយកត្រាក់ទ័រពីប្រជាពលរដ្ឋវិញនោះ ពលរដ្ឋអះអាងថា ពួកក្រុមឧញ៉ាបានបើកគ្រឿងចក្រចំនួន ៨គ្រឿង មានគ្នាជិត១០នាក់ បើកសម្រុកមកបុកក្រុមពលរដ្ឋតែម្តង ទើបបណ្តាលឱ្យមានជម្លោះកើតឡើង។ តែយ៉ាងណា ការខូចខាតនានាក្នុងការប៉ះទង្គិចគ្នានោះត្រូវបានអាជ្ញាធរខេត្តសម្របសម្រួលដោះស្រាយសំណងរួចរាល់ហើយ តែនៅឡើយការសម្រេចកម្មសិទ្ធិលើដីជម្លោះនៅមិនទាន់បែងចែកច្បាស់លាស់ ដ្បិតមន្រ្តីខេត្តចង់ឱ្យពលរដ្ឋបង្ហាញឯកសារកាន់កាប់ដីនោះដើម្បីឈានផ្តល់ប្លង់កម្មសិទ្ធិ។
សកម្មភាពប៉ះទង្គិចគ្នារវាងអ្នកភូមិនិងក្រុមបក្ខពួកឧញ៉ាកាលពីពេលកន្លងទៅ។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
តែបើតាមការបញ្ជាក់របស់លោក ប្រុស ឆេត ដីស្រែនិងដីព្រៃសហគមន៍គឺសុទ្ធសឹងជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋក្នុងភូមិនៅតែការពារការចូលទន្ទ្រានណាមួយពីបុគ្គលឯកជន ទោះបីជាត្រូវផ្ទុះហិង្សាដាក់គ្នាក៏ដោយចុះ។លោកថា ពលរដ្ឋចង់ឱ្យអាជ្ញាធរបញ្ចូលដីព្រៃត្រង់តំបន់ទំនាស់ជាដីព្រៃសមូហភាពរួមដែលអាចឱ្យពលរដ្ឋអាស្រ័យផលអនុផលព្រៃឈើរួមគ្នាដើម្បីចិញ្ចឹមជីវិត។
លោក ប្រុស ឆេត៖«បើអស់លោកនៅតែមកតទៀតប្រជាពលរដ្ឋក៏មិនព្រមដកថយដែរ មិនឈប់តទល់នៅតែប្រឆាំងបើគេនៅតែចុះមកទៀត»។
ជុំវិញរឿងនេះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារតបថា ក្រោយពីកើតហេតុហិង្សាប្រទូសរ៉ាយគ្នាមក អភិបាលខេត្តបានចាត់តាំងមន្រ្តីចុះជួបពលរដ្ឋដើម្បីស្វែងរកដំណោះស្រាយ និងស្តាប់សំណើចង់បានរបស់ពលរដ្ឋលើដីទំនាស់នោះ។ សម្រាប់យន្តការដោះស្រាយលោកអភិបាលរងបញ្ជាក់ថា ខេត្តបានបង្កើតគណៈកម្មការដើម្បីទទួលពាក្យបណ្តឹងតវ៉ា និងសំណូមពរសុំកិច្ចអន្តរាគមន៍បញ្ជាក់កម្មសិទ្ធិលើដីស្រែអាស្រ័យផល ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៥ខែកុម្ភៈ មានចំនួនអ្នកដាក់ពាក្យ ៣៣ គ្រួសារស្មើនឹង៤១ក្បាលដីមានទំហំសរុបប្រហែល២០០ហិកតា។ ក្នុងចំណោមឯកសារស្នើសុំក្បាលដីនេះ អាជ្ញាធរបានចុះវាស់វែងនៅទីតាំងជាក់ស្តែងរួចរាល់ចំនួន ១៨គ្រួសារស្មើ ២០ក្បាលដី ហើយអាជ្ញាធរក៏នៅតែបន្តចាំទទួលពាក្យស្នើសុំរបស់ពលរដ្ឋទាំងពីរភូមិបន្តទៀតផងដែរ។
សកម្មភាពពលរដ្ឋមកដាក់ពាក្យស្នើសុំប្រកាសកម្មសិទ្ធិនៅសាលាឃុំ។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
សម្រាប់លោក គឹម ចាន់បញ្ញា ប្រការដែលប្រជាពលរដ្ឋមួយចំនួននៅមិនទាន់សុខចិត្តមកទទួលការស្នើសុំដីស្រែជាកម្មសិទ្ធិ ព្រោះពលរដ្ឋបានភ្ជាប់ករណីដីព្រៃខាងក្រោយដីស្រែរបស់ខ្លួនថាជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដីព្រៃនោះគឺមានម្ចាស់រួចទៅហើយ។ លោកថា ក្រសួងពាក់ព័ន្ធបានបង្កើតតំបន់ការពារធម្មជាតិមានសហគមន៍អណ្តូងដងផ្លិត ដែលពលរដ្ឋភូមិដងផ្លិតនិងភូមិណារ៉ុងអាចចូលអាស្រ័យផលអនុផលព្រៃឈើនៅទីនោះបាន ពោលគឺពុំមែនដីព្រៃមានជម្លោះសព្វថ្ងៃនេះទេ។
លោក គឹម ចាន់បញ្ញា៖«អ្វីដែលគាត់អាស្រ័យផល គឺគាត់[ពលរដ្ឋ]មានក្បាលដីស្រែប្រមាណ៣០ម៉ែត្រហើយគាត់ប្រកាន់ថាដីព្រៃនៅហ្នឹងជារបស់គាត់ទៀត តែសួរថាដីព្រៃហ្នឹងមានម្ចាស់អត់ គឺមានម្ចាស់គ្រប់កន្លែង។ទី២ នៅភូមិដងផ្លិតមានតំបន់ការពារធម្មជាតិមួយឈ្មោះអណ្តូងដងផ្លិតមានផ្ទៃដីចំនួន២៤០០ហិកតា ដែលប្រជាជនអណ្តូងដងផ្លិតនិងណារ៉ុងមានសិទ្ធិចូលដកយកអនុផលព្រៃឈើមានផ្សិត ជ័រ ល្ល័រ ជាដើម»។
មន្រ្តីចុះជាមួយពលរដ្ឋពិនិត្យលើដីដែលបានស្នើសុំកម្មសិទ្ធិ។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
ជុំវិញរឿងនេះ ពលរដ្ឋម្នាក់ដែលបានទៅស្នើសូមប្រកាសក្បាលដីនៅមន្រ្តីមូលដ្ឋានបញ្ជាក់ថា លោកពុំចង់ដាក់ដីដែលមានទំនាស់នោះជាដីសមូហភាពរបស់ជនជាតិដើមភាគតិចកួយនោះទេ ដ្បិតលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនទិញដីតំបន់នោះកាលពីពេលកន្លងទៅ។ ហេតុដូច្នេះបើសិនលោកយល់ព្រមដាក់ជាសម្បត្តិរួមនោះមានន័យថា លោកត្រូវបាត់បង់ដីដែលលោកបានទិញនោះជាពុំខាន។
ពលរដ្ឋដាក់ពាក្យស្នើសុំប្រកាសដីកម្មសិទ្ធិ៖«ដីខ្ញុំទិញពីប្អូនធម៌ខ្ញុំគេចែកឱ្យ ហើយខ្ញុំទៅធ្វើសំបុត្រជាមួយមេភូមិ។តែលឺមកថា សហគមន៍ជនជាតិដើមភាគតិចកួយសុំចង់បញ្ចូលដីជាដីសហគមន៍ជនជាតិកួយ ជាដីសមូហភាព មានប្លង់រួម។តែដីនេះខ្ញុំទិញគេ ខ្ញុំចង់បានប្លង់រឹង ខ្ញុំមិនអាចដាក់ដីនេះជាសមូហភាពបានទេ ខ្ញុំចង់មានប្លង់បែងចែកឱ្យកូនខ្ញុំ ចឹងបើជាដីសមូហភាពខ្ញុំមិនអាចដកចេញឱ្យកូនខ្ញុំបានទេ»។
ពលរដ្ឋដែលបានទៅដាក់ពាក្យស្នើសុំប្រកាសដីកម្មសិទ្ធិនៅសាលាឃុំ។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
ជានីតិវិធីឬជាយន្តការឈានទៅបញ្ចប់ទំនាស់លើដីខាងលើលោកអភិបាលរងខេត្តព្រះវិហារ ស្នើឱ្យប្រជាពលរដ្ឋចូលមកទទួលពាក្យស្នើសូមធ្វើស្វ័យប្រកាសលើដីដែលធ្លាប់អះអាងថាធ្លាប់បានអាស្រ័យផល ដើម្បីមន្រ្តីចុះពិនិត្យឈានទៅកំណត់កម្មសិទ្ធិជូនបានឆាប់រហ័ស។
លោក គឹម ចាន់បញ្ញា៖«ក្នុងករណីនេះយើងអត់ទាមទារឱ្យពលរដ្ឋបង្ហាញឯកសារពីភូមិឃុំអីទេ គឺគាត់មកជួបអាជ្ញាធរនៅឃុំនេះគឺមានតែអត្តសញ្ញាណប័ណ្ណហើយនឹងធ្វើស្វ័យប្រការថាគាត់មានដីនៅតំបន់ណាមួយច្បាស់លាស់។ក្នុងនោះយើងមានទម្រង់ដែលមន្រ្តីនៅទីនោះជួយបំពេញឱ្យគាត់ថាខាងជើងទល់អ្នកណា ខាងកើតទល់អ្នកណា។ពេលគាត់ស្វ័យប្រកាសហើយក្រុមការងារហ្នឹងធ្វើការជាមួយអាជ្ញាធរភូមិឃុំដើម្បីបញ្ជាក់ថា គាត់ពិតជាពលរដ្ឋភូមិណារ៉ុងនិងភូមិដងផ្លិតពិតមែន និងមានដីពិតប្រាដកមែន។បន្ទាប់មកយើងបញ្ជាក់ច្បាស់លាស់ហើយយើងនឹងណាត់ពលរដ្ឋចុះទៅទីតាំងជាក់ស្តែង »។
សកម្មភាពអាជ្ញាធរចុះវាសវែងដីជូនពលរដ្ឋដែលដាក់ពាក្យស្នើសុំ។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។
តាមការបញ្ជាក់របស់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីឧទ្យានុរក្សតំបន់ការពារព្រះរកា ឆែប នៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានបញ្ជាក់ថា ដីតំបន់ទំនាស់ខាងលើពុំមែនជាព្រៃអារក្ស ឬព្រៃជំនឿរបស់សហគមន៍ជនជាដើមភាតិកួយនោះទេ ពោលគឺមានតែជនជាតិកួយ ០៩ គ្រួសារតែប៉ុណ្ណោះរស់ក្នុងភូមិដងផ្លិត។ លោកអភិបាលរងខេត្តថាតំបន់នោះ គឺជាដីស្រែ ចម្ការរបស់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលប៉ុណ្ណោះ។
លោកអភិបាលរងបញ្ជាក់បន្ថែមទៀតថា នៅភូមិដងផ្លិត មានសហគមន៍ការពារធម្មជាតិ (CPA) ដែលមានឈ្មោះថាសហគមន៍ការពារអណ្ដូងដងផ្លិត បង្កើតឡើងតាំងពីឆ្នាំ ២០១៨ ដោយប្រកាសក្រសួងបរិស្ថាន មានផ្ទៃដីទំហំ ២,៤២៨ ហិកតា ដែលប្រជាពលរដ្ឋចំនួន ១៤៩ គ្រួសារ ជាសមាជិកសហគមន៍។
តំបន់សហគមន៍ការពារធម្មជាតិបណ្ដូងដងផ្លិត គឺជាព្រៃការពារសម្រាប់សហគមន៍មកពីភូមិដងផ្លិត ចូលទៅដកហូតផលអនុផលព្រៃឈើ ក៏ដូចជាទីកន្លែងសម្រាប់ឃ្វាល គោ ក្របី របស់អ្នកភូមិដងផ្លិត និងអ្នកភូមិណារុងផងដែរ៕