មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជាស្ត្រី ដែលបម្រើការងារលើវិស័យកាទូតជិត៤០ឆ្នាំ គឺ លោក ស្រី ទួត បញ្ញា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេសនិងនៅប្រចាំ៥ប្រទេសផ្សេងទៀតនៅអ៊ឺរ៉ុប។
ព្រះរាជក្រឹត្យតែងតាំង របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានខ្លឹមសារថា «ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកជំទាវ ទួត បញ្ញា បច្ចុប្បន្ន រដ្ឋលេខធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍។»
លោកស្រី ទួត បញ្ញា បានបម្រើការនៅក្រសួងការបរទេសចាប់តាំងពីឆ្នាំ១៩៨៣មក ហើយបច្ចុប្បន្នលោកស្រីមានអាយុ៦៣ឆ្នាំ។ លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីបណ្ឌិតសភាការទូតប្រទេសរុស្ស៊ី នៅឆ្នាំ១៩៩២។
ក្នុងការងារជាមួយក្រសួងការបរទេសលោកស្រីក៏ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការពីរលើកផងដែរ ដោយទទួលបន្ទុកកិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ចាប់ពីខែឧសភា ឆ្នាំ២០១៨។
លើការងារជាឯកអគ្គរាជទូតតំណាងកម្ពុជាវិញនេះមិនមែនជាលើកទី១ទេដែលលោកស្រីកាន់តំណែងតំណាងជាតិនេះ។ កាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ លោកស្រី ទួត បញ្ញា ធ្លាប់កាន់តំណែងតំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន៕