en     km
en     km

ត្រាំលុបចោលជំនួបជាមួយគីមជុងអ៊ុន​ អ្នកសង្កេតការណ៍ព្រមានពីការបង្កភាពតានតឹងឡើងវិញ

Share

ក្ដីរំពឹងថានឹងមានជំនួបកំពូលរវាងលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិង មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន គ្រោងធ្វើឡើងនៅថ្ងៃទី ១២មិថុនា​នៅប្រទេសសិង្ហបុរីបានរលាយវិញហើយ ដោយសារលោកត្រាំលុបចោល ជំនួប ពិសេសនេះ។ ទោះជាបែបនេះក្ដី កូរ៉េខាងជើងហាក់សុំអង្វរអោយ មានជំនួបនេះកើតឡើង។

លោកសេរីវឌ្ឍនៈជូនសេចក្ដីប្រែសម្រួល ៖ 

លិខិតរបស់លោកដូណាល់ត្រាំដែល ផ្ញើទៅលោកគីមជុងអ៊ុនធ្វើឡើងនៅសេតវិមានកាលពីថ្ងៃទី២៤ឧសភា ដោយមានអត្ថន័យ ការទូតច្រើនជាងការវាយប្រហារ ប៉ុន្តែ លិខិតនេះ បានបញ្ជាក់ថា ជំនួប​ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ មិថុនា នៅប្រទេសសិង្ហបុរីត្រូវបានលុបចោលហើយ ។ តាមលិខិតនេះ លោកត្រាំមានការសោកស្ដាយ ដែលជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងមិនប្រព្រឹត្តទៅបានដូចការគ្រោងទុក។ លោកថាជាការបាត់បង់ពេលវេលាដ៏មានន័យជាប្រវត្តិសាស្ត្រនេះ។

តែបែបនេះក្ដី លោកត្រាំបានបញ្ចប់លិខិតរបស់លោកដោយសង្ឃឹមថា លោកគីមជុង បើចង់ជួបជាមួយដោយត្រូវរើសពេលវេលាសមរម្យនិង ប្រកបដោយបរិយាកាសទុកចិត្តគ្នា។   

បណ្ដាញផ្សាយព័ត៌មាន Channel News Asia បាន ធ្វើការកត់សម្គាល់ថា មុនមួយថ្ងៃដែលលោកត្រាំសម្រេចលុបចោលជំនួបនេះ កូរ៉េខាងជើងបានបង្ហាញការដ្ឋានផលិតអាវុធនុយក្លេអ៊ែរ ដោយអោយអ្នកសារព័ត៌មានទៅផ្ដិតយករូបភាពទៀតផងហើយមិនតែប៉ុណ្ណោះ ក្រុងព្យុងយ៉ាងបានសន្យាជាមួយអាមេរិកថា នឹងលុបចោលកម្មវិធីនុយក្លេអ៊ែរ បើអាមេរិកធាថាមានសន្តិភាពពេញលេញលើឧបទ្វីប។

ដើមហេតុនាំអោយលុបចោលជំនួប

ភាពតានតឹង បានកើតឡើងដោយសារអាមេរិកនិងកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយគ្នាឡើងវិញដែលធ្វើអោយកូរ៉េខាងជើង ខកចិត្តហើយបានទាមទារអោយបញ្ឈប់ជាបន្ទាន់ តែអាមេរិក មិនស្ដាប់ឡើយ។  នេះ ជាចំណុចទីមួយដែលផ្ដើមចេញពី ការមិនទាន់យោគយល់គ្នា។ ចំណុចទី២ លោកដូណាល់ត្រាំបានព្រមានលោកគីមជុងអុនថា បើការចរចាមិនអាចឈានទៅរកការរំលាយអាវុធនុយក្លអ៊ែរ បាននោះទេ គឺរបបព្យុងយ៉ាងនឹងមិនមានគីមជុងទៀតទេ។ ដោយប្រតិកម្មនឹងការព្រមានដូចនេះ កូរ៉េខាងជើង បានគំរាមថា នឹងមានសង្រ្គាមនុយក្លេអ៊ែរហើយបានវាយប្រហារលោកដូណាល់ត្រាំ ថាមិនមានភាពស្មោះត្រង់ក្នុងការចរចា។   

ឆន្ទៈរបស់កូរ៉េខាងជើង

ដោយបន្ទន់ជំហររួចដើម្បីរំសាយអាវុធនុយក្លេអ៊ែរ  ក្រុងព្យុងយ៉ាង មិនបានចេញសារគំរាមអាមេរិកដូចមុននោះទេ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានស្រង់សម្ដី អនុរដ្ឋមន្ត្រីការបរទេស Kim Kye Gwan  មកចុះផ្សាយថា ទោះជាអាមេរិក ទំលាក់ចោលរឿងនេះក្ដី តែសម្រាប់ក្រុងព្យុងយ៉ាងនៅតែមានឆន្ទៈចរចាជានិច្ចជាមួយអាមេរិក។​ក្រុងព្យុងយ៉ាងចាត់ទុក ជំហររបស់លោកត្រាំថាជារឿងគួរអោយសោកស្ដាយជាខ្លាំង។

Kim Kye Gwan  ៖ «យើងបានចាត់ទុកការខិតខំប្រឹងប្រែងរបស់លោកត្រាំដ៏ខ្ពង់ខ្ពស់ គឺជាជំនួបជាប្រវត្តិសាស្រ្ត។ជាថ្មីម្ដងទៀត យើងនៅតែមានឆន្ទៈ ជួបដោយផ្ទាល់ នៅពេលណាមួយ ដើម្បីដោះស្រាយ បញ្ហាដែលកើតមានយើងគិតថា ការលុបចោលជំនួបដែលធ្វើឡើងដោយលោកត្រាំ មិនមែនជាបំណងប្រាថ្នានៃពិភពលោកនោះទេហើយសម្រាប់ លោកគីមជុងអ៊ុនបានខិតខំ ជាច្រើន ដើម្បីដោះស្រាយ ទំនាក់ទំនងដែលជាសត្រូវនឹងគ្នានេះ»។

កូរ៉េខាងត្បូងនិងចិននឹងក្លាយជាអ្នកសម្របសម្រួល

អ្នកសង្កេតការណ៍ព្រមានថា បើជំនួបនេះ មិនអាចកើតឡើង ដូចការរំពឹងទុក ហើយ ភាគីទាំងពីរមិនអាចរកពេលជួបគ្នាបាន គឺក្ដីហន្តរាយ មួយអាចកើតលើឧបទ្វីបកូរ៉េ គឺជាការបង្កភាពតានតឹងជាងមុន ហើយ ការបង្ហាញភាពជាសត្រូវរវាងអាមេរិកនិងកូរ៉េខាងជើងកាន់តែ ខ្លាំង។

តែបែបនេះក្ដី អ្វីៗអាចអាស្រ័យលើ កូរ៉េខាងត្បូងនិងចិន ថាតើអាចដើរតួនាទីមានប្រសិទ្ធភាពកម្រិតណា ទើប ធ្វើអោយភាគីអាមេរិក និងកូរ៉េខាងជើងជាពិសេសលោកត្រាំនិងលោកគីមជុងអ៊ុនអាច ជួបគ្នាបាន។

ប្រទេសទាំងនេះ ចិននិងកូរ៉េខាងត្បូង ម្នាក់ៗមានភាពស្និទ្ធស្នាល់ខុសគ្នា ជាមួយកូរ៉េខាងជើងនិងអាមេរិក។ ក្រុងប៉េកាំង នៅតែជាចៅហ្វាយរបស់ក្រុងព្យុងយ៉ាង ហើយនៅតែជាអ្នកណែនាំ កូនជឹងរបស់ខ្លួនអោយធ្វើតាមខ្លួនបានគ្រប់ពេល។ ចំណែកក្រុងសេអ៊ូលជាសម្ព័ន្ធមិត្តស្លាប់រស់ជាមួយក្រុងវ៉ាស៊ីនតោន។ ក្រុងសេអ៊ូល នៅតែមានភក្ដីភាពនឹងក្រុងវ៉ាស៊ិនតោន ហើយជាអ្នកធ្វើមានជំនួបថ្នាក់ កណ្ដាលម្ដងហើយ ដែលរដ្ឋមន្ត្រីការបរទេសថ្មីអាមេរិក លោកMike Pompeo បានមកជួបលោកគីមជុងអ៊ុនកាលពីថ្មីៗនេះ។ ដើម្បីអោយមានជំនួបអាចធ្វើបាន ក្រុងសេអ៊ូលត្រូវដើរតួនាទីយ៉ាងសកម្ម ហើយមានប្រសិទ្ធភាព ធ្វើអោយកូរ៉េខាងជើង ទទួលស្គាល់ថា ក្រុងព្យុងយ៉ាងត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយមានជំនួបកំពូលរវាងលោកគីមជុងអ៊ុន និងលោកដូណាល់ត្រាំអាចធ្វើបានហើយធ្វើឡើងក្នុងបរិយាកាសមួយដែលភាគីអាមេរិកអាចទុកចិត្តបានថា ក្រុងព្យុងយ៉ាងត្រូវការអភិវឌ្ឍប្រទេស ជាជាងប្រទេសស្ថិតនៅក្រោមទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ៕    

 

 

 

Share

Image
Image
Image