អង្គការតម្លាភាពកម្ពុជា អំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលពង្រឹង និងពន្លឿនការផ្ដន្ទទោសរាល់អំពើពុករលួយទាំងទ្រង់ទ្រាយធំ និងតូចឱ្យបានម៉ឺងម៉ាត់ ជាពិសេសដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធ ក្រោយពីកម្ពុជានៅតែទទួលបានចំណាត់ថ្នាក់ទាបក្នុងតំបន់អាស៊ាន លើការងារលុបបំបាត់អំពើពុករលួយ។ យ៉ាងណាមន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍អង្គការនេះ ថាមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ស្របពេលរដ្ឋាភិបាលប្រឹងប្រែងលុបបំបាត់អំពើពុករលួយ។ លោក គីម ចាន់ចាវ រាយការណ៍
ការអំពាវនាវបែបនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍អង្គការតម្លាភាពកម្ពុជា (TI) នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដោយបង្ហាញពីសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយ (CPI) ឆ្នាំ២០២៤ គឺប្រទេសកម្ពុជា ទទួលបានពិន្ទុ ២១លើ១០០ ដែលថយចុះមួយពិន្ទុ បើធៀបនឹងឆ្នាំ២០២៣ ដែលទទួលបានពិន្ទុ ២២លើ១០០ ក្នុងនោះមាត្រដ្ឋានពិន្ទុសូន្យ មានន័យថា ពុករលួយខ្លាំង ចំណែកមាត្រដ្ឋានពិន្ទុមួយរយ មានន័យថា ស្អាតស្អំខ្លាំង។ ដូច្នេះកម្ពុជា នៅតែស្ថិតចំណាត់ថ្នាក់ទាបក្នុងលំដាប់ទី២ ក្នុងតំបន់អាស៊ាន ដែលនាំមុខប្រទេសមីយ៉ាន់ម៉ាតែមួយប៉ុណ្ណោះ និងស្ថិតនៅចំណាត់ថ្នាក់ទាបលំដាប់ទី៤ ក្នុងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ថា ពិន្ទុដែលទទួលបាននេះ ធ្វើឱ្យកម្ពុជានៅលេខរៀងទី១៥៥ ក្នុងចំណោម ១៨០ប្រទេស សម្រាប់សន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៤ ដែលមានន័យថា កម្ពុជានៅតែស្ថិតនៅជិតបាតតារាង និងកំពុងបន្តបោះជំហ៊ានយឺតក្នុងការប្រឆាំងអំពើពុករលួយ។
ឆ្លើយតបនឹងចំណាត់ថ្នាក់នេះ លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមនៅថ្ងៃទី១២ ខែកុម្ភៈនេះថា លោកចាត់ទុករបាយការណ៍អង្គការតម្លាភាពកម្ពុជាបង្ហាញជារៀងរាល់ឆ្នាំថាមិនមានមូលដ្ឋាន មិនមានទំងន់ និងមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងដែលកើតមាននៅកម្ពុជាឡើយ។ ជាក់ស្ដែងរាជរដ្ឋាភិបាល ខិតខំខ្លាំងលើការងារប្រឆាំងអំពើពុករលួយ ដោយបានធ្វើកំណែទម្រង់ទាំងអស់ ដើម្បីធ្វើឱ្យសង្គមជាតិមានភាពស្អាតស្អំ យុត្តិធម៌ និងតម្លាភាព។
ថ្វីដ្បិតចាត់ទុករបាយការណ៍នេះមិនមានទម្ងន់ក្ដី តែលោកថាអង្គភាពនឹងយករបាយការណ៍នេះជាព័ត៌មានមួយ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
ប៉ុន្តែលោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បញ្ជាក់ថា សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយឆ្នាំ ២០២៤ បង្ហាញថា កម្ពុជានៅតែមានអំពើពុករលួយធ្ងន់ធ្ងរនៅឡើយ ហើយអំពើពុករលួយនេះ ធ្វើឱ្យរារាំងក្នុងការអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ ជាពិសេសវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យសិទ្ធិមនុស្សជាដើម។
លោក ប៉ិច ពិសី៖ «អ៊ីចឹងមានសូចនាករច្រើនដែលគេមើល ហើយមូលហេតុដែលកម្ពុជាយើងធ្លាក់ពិន្ទុហ្នឹង គឺដោយសារតែពិន្ទុក្នុងសូចនាករនីមួយៗហ្នឹងមានពិន្ទុទាប»។
នាយកអង្គការរូបនេះ បន្តទៀតថា សូចនាករដែលគេមើលមានចំនួន៨ ក្នុងនោះសូចនាករដែលសំខាន់ជាងគេ គឺការឃ្លាំមើលទៅលើនីតិរដ្ឋ ដែលសំដៅទៅលើប្រព័ន្ធយុត្តិធម៌ សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋ។ ក្រៅពីនេះលោកថា មើលទៅលើបរិយាកាសវិនិយោគ មើលលើប្រព័ន្ធប្រជាធិបតេយ្យ និងមើលលើការផ្ដល់សេវាសាធារណៈផ្សេងៗ ហើយនិងយន្តការគតិយុត្តិ ដែលជួយគាំទ្រដល់សិទ្ធិមនុស្ស និងអភិបាលកិច្ច។
លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា។ រូបភាពពីបណ្ដាញសង្គម។
លោក ប៉ិច ពិសី៖ «គួរតែត្រួតពិនិត្យទៅលើក្របខ័ណ្ឌច្បាប់មួយចំនួន ដែលជួយកាត់បន្ថយអំពើពុករលួយ ទីពីរការជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទាំងអំពើពុករលួយខ្នាតតូច ខ្នាតធំ។ ទីបីគឺការលើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង រួមទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិនៃការចូលរួមផ្សេងៗ ហើយនិងការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងមិនអំពើពុករលួយជាដើមបាទ!»។
ជុំវិញរឿងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់វិទ្យុស្ដ្រីដែរថា រដ្ឋាភិបាល មិនបដិសេធថាកម្ពុជា ជាប្រទេសគ្មានអំពើពុករលួយនោះទេ ពីព្រោះប្រទេសផ្សេងទៀត សុទ្ធតែមានអំពើពុករលួយកើតឡើង ដោយក្នុងទំហំតិច ឬច្រើនដូចៗគ្នា។ ដូច្នេះការងារលុបបំបាត់អំពើពុករលួយនេះ រដ្ឋាភិបាលខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយបានដាក់ចេញវិធានការជាច្រើន ដូចជាការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ការធ្វើកំណែទម្រង់អភិបាលកិច្ច កំណែទម្រង់រដ្ឋបាលសាធារណៈ និងការដាក់ឱ្យមានច្រកចេញ-ចូលតែមួយជាដើម។
លោក ប៉ែន បូណា៖ «ប្រទេសនីមួយៗក្នុងហ្នឹងក៏មានកម្ពុជាដែរ កិច្ចការងារប្រឆាំងអំពើពុករលួយ គឺត្រូវធ្វើឡើងក្នុងឆន្ទៈរៀងៗខ្លួន កិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួនដើម្បីធ្វើម៉េចឱ្យប្រទេសយើងហ្នឹង កាត់បន្ថយអំពើពុករលួយ ហើយការឈានទៅរដ្ឋាភិបាលមានគោលដៅ ចក្ខុវិស័យច្បាស់ណាស់ គឺកម្ពុជាឆ្នាំ២០៣០ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ២០៥០ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ទាំងអស់នេះយើងធ្វើដំណើរដោយស្វាហាប់ ដោយមុះមុត និងអមដោយកំណែទម្រង់គ្រប់បែបយ៉ាងទាំងអស់ ដើម្បីឈានទៅសម្រេចគោលដៅហ្នឹងបាទ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការងារប្រឆាំងអំពើពុករលួយនេះ រដ្ឋាភិបាលធ្វើឡើងដោយខ្លួនឯង អនុវត្តវិធានការដែលដាក់ចេញ ដោយមិនចាំបាច់ទទួលយកអនុសាសន៍ ឬយោបល់ពីអង្គការណា ពីព្រោះប្រសិនរដ្ឋាភិបាលធ្វើមិនបាន គឺប្រទេសជាតិមកដល់ពេលនេះ មិនអាចមានការអភិវឌ្ឍន៍ឡើយ។
ចំណែកលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លើកឡើងទៀតថា កម្ពុជាតែងគោរពតាមយន្តការរបស់អង្គការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ (UNCAC) ក្នុងនាមជារដ្ឋភាគីដែលកម្ពុជាបានចូលជាសមាជិកតាំងពីឆ្នាំ២០០៧មក។ ក្នុងនាមជារដ្ឋភាគីកម្ពុជាមានកាតព្វកិច្ចបំពេញតាមលក្ខខណ្ឌតម្រូវទាំងឡាយនៃអនុសញ្ញានេះ ទាំងក្របខ័ណ្ឌច្បាប់ និងការអនុវត្តសកម្មភាព។
កាលពីឆ្នាំ២០២៣ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំនោះ កម្ពុជាទទួលបានពិន្ទុចំនួន ២២ និងស្ថិតនៅលេខរៀងទី ១៥៨ ក្នុងចំណោមប្រទេស ១៨០ លើពិភពលោក៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី