en     km
en     km

អង្គការចំនួន៣ ខកចិត្តខណៈសាជីវកម្ម Oikocredit មិនបង្ហាញកិច្ចសម្របសម្រួលលើកូនបំណុលដែលរងបញ្ហាបំពានសិទ្ធិមនុស្ស

Share

ភ្នំពេញ៖ អង្គការចំនួន ៣ ស្ថាប័នដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ដោយសម្តែងការខកចិត្តលើសាជីវកម្ម Oikocredit ដែលមិនបានបង្ហាញកិច្ចដំណើរការដោះស្រាយជាក់លាក់ជូនកូនបំណុលនៅកម្ពុជា ខណៈពួកគេទទួលរងការរំលោភបំពានសិទ្ធិមនុស្សព្រោះកម្ចីរបស់ធនាគារមួយចំនួននៅកម្ពុជា។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

សម្ព័ន្ធខ្មែរជំរឿននិងការពាសិទ្ធិមនុស្ស លីកាដូ (LICADHO)  អង្គការសមធម៌កម្ពុជា (EC) និងអង្គការ FIAN អាឡឺម៉ង់ (FIAN Germany) អង្គការទាំងបីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបង្ហាញការខកចិត្ត ដ្បិតដំណើរការសម្រុះសម្រួល ស្តីពីការរំលោភបំពានសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនបានឈានដល់ការព្រមព្រៀងណាមួយរវាងភាគីសមីអង្គការ និងភាគីក្រុមហ៊ុនសាជីវកម្ម Oikocredit។

សេចក្តីថ្លែងការណ៍បានរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការទាំងបីបានដាក់ពាក្យបណ្តឹងទៅស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ពាក់ព័ន្ធសាជីវកម្ម Oikocredit មានមូលដ្ឋាននៅប្រទេសហូឡង់ ដែលបានផ្តល់ថវិកាដល់ធនាគារនៅកម្ពុជាមួយចំនួន ធ្វើប្រតិបត្តិការរកស៊ីផ្តល់ប្រាក់កម្ចីជូនពលរដ្ឋខ្មែរបង្កឱ្យជាប់ផុងក្នុងបំណុលធ្ងន់ធ្ងរលេចឡើងរូបភាពរំលោភបំពានផ្នែកសិទ្ធិមនុស្ស។

បើតាមលោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការ លីកាដូ បញ្ជាក់ថា រូបភាពដែលធនាគារនៅកម្ពុជាផ្តល់កម្ចីជូនកូនបំណុលរហូតបង្កជាការរំលោភបំពានសិទ្ធិមនុស្សនោះ គឺការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និងការប្រមូលឥណទានដោយបង្ខិតបង្ខំ។ នោះគឺការផ្តល់កម្ចីមានការប្រាក់ខ្ពស់ ហើយបង្ខំឱ្យកូនបំណុលលក់ដីធ្លី ផ្ទះសម្បែង សងបំណុល ឬកូនបំណុលត្រូវបង្ខំចិត្តឱ្យកូនៗរបស់ពួកគេដែលមិនទាន់គ្រប់អាយុចេញរកការងាររកប្រាក់មកលួសបំណុលទាំងវ័យក្មេង។

បើតាមលោក អំ សំអាត ក្រុមហ៊ុនសាជីវកម្ម Oikocredit ខាងលើ បានចូលរួមក្នុងដំណើរការសន្ធានកម្ម ឬដំណើរការសម្រុះសម្រួលជាមួយអង្គការទាំងបី ជាច្រើនលើកច្រើនសា និងបានចុះសិក្សាស្រាវជ្រាវករណីនេះ ដោយពិតជាបានរកឃើញ ព្យសនកម្ម ឬ ការខូចខាតលើកូនបំណុលនៅកម្ពុជាមែន ដោយខ្លះត្រូវបាត់បង់ដីធ្លី ផ្ទះសម្បែង ហើយកុមារត្រូវបាត់ឱកាសសិក្សាដោយសារតែបំណុលវ័ណ្ឌក។ លោកបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ សាជីវកម្ម Oikocredit បានប្រកាសជួយសម្រួលបញ្ហារបស់កូនបំណុលមែន តែនីតិវិធីនិងទំហំសំណងមិនត្រូវបានបង្ហាញនោះទេ ដែលប្រការនេះមិនបង្ហាញពីតម្លាភាពនៃឆន្ទៈដោះស្រាយពិតប្រាដកនោះឡើយ។

លោក អំ សំអាត៖«យើងមានការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង នៅពេលក្រោយពីការជួបគ្នាគឺនៅសប្តាហ៍មុននេះ គឺខាងក្រុមហ៊ុនគាត់ប្រកាសសេចក្តីថ្លែងការណ៍ដោយឯកគ្គតាតែម្តង។មានចំណុចខ្លះក្នុងសេចក្តីប្រកាសហ្នឹងយើងអត់ព្រម ដោយសារយើងចង់ឃើញអ្វីដែលយើងចង់បាននោះគឺចំនួនទឹកប្រាក់ដែលគ្រោងហ្នឹងច្បាស់លាស់ និតីវិធីច្បាស់លាស់ ការសិក្សាច្បាស់លាស់ ឬនីតិវិធីនៃការសង និងការផ្តល់ការអនុគ្រោះដល់កូនបំណុលនោះច្បាស់លាស់ ចឹងចំណុចទាំងអស់ហ្នឹងមិនទាន់ព្រមព្រៀងគ្នា»។

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការ លីកាដូ។

សម្រាប់ចំនួននិងឈ្មោះធនាគារនៅកម្ពុជាដែលទទួលបានប្រាក់មករកស៊ីពីក្រុមហ៊ុនសាជីវកម្ម Oikocredit ពុំទាន់បានទម្លាយនោះទេ ចំណែកចំនួនកូនបំណុលដែលរងគ្រោះពីកម្ចីបែបកេងប្រវ័ញ្ចក៏សេចក្តីថ្លែងការណ៍រួមមិនទាន់អាចបញ្ចេញជាសាធារណៈបានដែរ។ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា សកម្មភាពផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងនោះ បានបង្កឱ្យមានស្ថានភាពបំណុលវ័ណ្ឌកដល់ពលរដ្ឋកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលធ្លាក់ក្នុងបំណុលវ័ណ្តកកំពុងតែរងទុក្ខវេទនា និងមិនមានស្ថាប័នណាមួយជួយដោះស្រាយបញ្ហាជូនពួកគេនោះទេ។

វិបត្តិកាន់តែធ្ងន់ធ្ងរកើតឡើងៗពីមួយឆ្នាំទៅមួយឆ្នាំដែលរកឃើញនោះ គឺជនរងគ្រោះនៃអំពើរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ មិនអាចការពារដីធ្លីរបស់ពួកគេពីការបង្ខំឱ្យលក់របស់មន្ត្រីឥណទានបានហើយម្ចាស់បំណុលខ្លះតែងព្យាយាមធ្វើអត្តឃាតខ្លួនឯងដោយសារជាប់បំណុលវ័ណ្ឌកនេះ។

ចំពោះមុខបញ្ហានេះ អង្គការសង្គមស៊ីវិលទាំងបីខាងលើចង់ឱ្យស្ថាប័នថ្នាក់ជាតិរបស់ប្រទេសហូឡង់ បន្តធ្វើការសម្របសម្រួលជាថ្មីទៀត ដើម្បីអាចចេញជាចំណុចរួមរវាងភាគីសង្គមស៊ីវិលនិងក្រុមហ៊ុនសាជីវកម្ម ក្នុងការស្វែងរកដំណោះស្រាយដល់ជនរងគ្រោះក្នុងអំពើរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ៕

 

 

 

Share

ព័ត៌មានទាក់ទង