en     km
en     km

ខេត្ត ៣ សំខាន់ៗទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៦០ម៉ឺននាក់ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នំាថ្មី

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ភ្ញៀវទេសជាតិ និងអន្តរជាតិប្រមាណ ៦៤ម៉ឺននាក់បានសម្រុកទៅដើរកំសាន្តនៅក្នុងខេត្តចំនួន៣ ដែលជាតំបន់ទេសចរណ៍ពេញនិយមជាងគេរបស់កម្ពុជា ក្នុងអំឡុងពិធីឆ្លងឆ្នាំសកល។ នេះបើយោងតាមរបាយការណ៍បឋមដែលប្រធានមន្ទីរទេសចរណ៍ខេត្តទាំង៣ប្រាប់វិទ្យុនៅថ្ងៃទី ០១ មករា ឆ្នាំ២០១៨នេះ។

ខណៈកម្ពុជាប្រារព្ធពិធីបុណ្យឆ្លងឆ្នំា ២០១៧ ឈានចូល ឆ្នំា២០១៨ ដែលទើបតែកន្លងផុតពីយប់រំលងអធ្រាត្រកាលពីយប់មិញនេះ ត្រូវបានប្រធានមន្ទីរទេសចរណ៍ខេត្តសំខាន់ៗចំនួន៣នៅកម្ពុជា បានឱ្យដឹងថាខេត្តរបស់ខ្លួនសុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរច្រើនជាងឆ្នំាមុនគួរឱ្យកត់សម្គាល់។

តំបន់ទេសចរណ៍ទាំងនោះ មានខេត្តព្រះសីហនុ សៀមរាប និងខេត្តកែប ដែលទទួលបានភ្ញៀវទេសចរសរុបជាង ៦៤ម៉ឺននាក់ ត្រឹមរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យឆ្លងឆ្នំាសកល។

ប្រធានមន្ទីរទេសចរណ៍ប្រចាំខេត្តព្រះសីហនុលោក តំាង សុចិត្រគ្រឹស្នា បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងនារសៀលថ្ងៃទី០១ មករា នេះថា រយៈពេល ៣ថ្ងៃក្នុងពិធីបុណ្យឆ្លងឆ្នំាសកល មានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ២១ម៉ឺននាក់ចូលទៅកំសាន្តតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

លោក តំាង សុចិត្រគ្រឹស្នា បន្តថា អំទ្បុងពេលប្រារព្ធពិធីបុណ្យឆ្លងឆ្នំានេះ ពុំមានហេតុការណ៏ណាមួយមិនប្រក្រតីកើតទ្បើងនោះទេ។ ដោយទ្បែកការផ្តល់សេវាស្នាក់នៅ សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងការលក់ម្អូបអាហារវិញ មានការតំទ្បើងថ្លៃតិចតួចដោយសារកំណើនប្រជាពលរដ្ឋទៅទស្សនាច្រើន ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់សេវាជូនប្រជាពលរដ្ឋមានការខ្វះខាត ពិសេសគឺសណ្ឋាគារ និងផ្ទះសំណាក់។ តែទោះជាយ៉ាងណាលោកថា ករណីនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបានដោះស្រាយរួចរាល់ហើយដែរ។

ប្រធានមន្ទីរទេសចរណ៍រូបនេះបន្តថា រយៈពេល ១១ខែក្នុងឆ្នំា២០១៧នេះ ខេត្តព្រះសីហនុទទួលបានកំណើនភ្ញៀវទេសចរណ៍សរុប ១៦ ភាគរយ។ ក្នុងនោះភ្ញៀវជាតិជាង ១០ភាគរយ ភ្ញៀវបរទេសជាង ៣ភាគរយ។ លោក តំាង សុចិត្រគ្រឹស្នា ប្តេជ្ញាថានឹងពង្រឹងសេវាសាធារណៈ ជូនប្រជាពលរដ្ឋដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅកំសាន្តនៅទីនោះ។

លោក តំាង សុចិត្រគ្រឹស្នា ៖«កែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ តុបតែងក្នុងមួយឆ្នំាវិស័យឯកជនក៏ចូលរួមសហការដើម្បីរៀបចំឱ្យមានព្រឹត្តិការណ៍ប្លែកៗធំៗ ហើយយើងមន្ទីរជំនាញក៏រៀបចំឱ្យមានសកម្មភាពកំសាន្ត ហើយព្រឹត្តិការណ៍អីប្លែកៗសម្រាប់មួយឆ្នំាទៅមួឆ្នំាដើម្បីឱ្យភ្ញៀវទេសចរគាត់បានមកទស្សនា នឹងត្រទ្បប់មកកំាសន្តកាន់តែច្រើនថែមទៀត»។

រីឯប្រធានមន្ទីរទេសចរណ៍ខេត្តកែបលោក សោម ចិន្តា បានប្រាប់វិទ្យុស្ដ្រីឱ្យដឹងដែរថា អំទ្បុងពិធីបុណ្យឆ្លងឆ្នំាថ្មីនេះ តំបន់ទេសចរណ៍ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបជាង១០ម៉ឺននាក់។ នៅក្នុងពិធីបុណ្យឆ្លងឆ្នំានេះលោកអះអាងថា មិនមានករណីគ្រោះថ្នាក់ចរា ចរណ៍ ក៏ដូចជាចោរឆក់ ចោរប្លន់ កើតទ្បើងគួរកត់សម្គាល់នោះទេ។ តែយ៉ាងណាលោកថា មានឧប្បទ្ទហេតុមួយកើតទ្បើងដោយមានការឆេះខ្សែភ្លើងបាញ់កាំជ្រួចបណ្តាលឱ្យមានមនុស្សរងរបួសស្រាលចំនួន ៨នាក់ ក្នុងនោះមានស្រ្តីចំនួន៣នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានលើកទៀតថា ក្នុងពិធិបុណ្យឆ្លងឆ្នំាសកលឆ្នំានេះមានការកើនទ្បើងភ្ញៀវទេសចរឱ្យចូលមកកំសាន្តនៅតំបន់នេះ។ ការណ៍នេះលោកសង្កត់ធ្ងន់ថា ដើម្បីឱ្យមានភ្ញៀវទេសចរមកកំសាន្តតំបន់ទេសចរណ៍ខេត្តកែបឱ្យកាន់តែច្រើន ថែមទៀតនោះ គឺអាជ្ញាធរខេត្តមានកត្តាសំខាន់ៗមួយចំនួនត្រូវរៀបចំដូចជា«បញ្ហាសន្តិសុខសសណ្តាប់ធ្នាប់ចំណុចចម្បងទី០១ ទី០២ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកផ្លូវ កន្លែងកំសាន្ត កន្លែងសូនច្បារ ទី០៣ បញ្ហាអនាម័យបរិស្ថានជាចំណុចសំខាន់ៗគឺបញ្ហាសំរាមការគ្រប់គ្រង បរិស្ថាននេះឯង ទី០៤ គឺការព្រឹងផលិតផលទេសចរណ៍ថ្មីមានន័យថាយើងពង្រីកគោលដៅទេសចរណ៍តំបន់ផ្សេងៗឱ្យបានច្រើន ទី០៥ ពង្រឹងលើម្អូបអាហារ បដិសណ្ឋារកិច្ចការស្វាគមន៏ភ្ញៀវជាដើម »។

ដោយទ្បែកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានប្រាប់វិទ្យុស្រ្តីឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ មានភ្ញៀវជាតិ និងអន្តរជាតិសរុប ៣៣ម៉ឺននាក់បានចូលមកកំសាន្តតំបន់ទេសចរណ៍ខេត្តសៀមរាប។ ក្នុងនោះភ្ញៀវជាតិមានប្រ មាណ ៣០ម៉ឺននាក់ និងភ្ញៀវអន្តរជាតិ៣ម៉ឺន ៣ពាន់នាក់។

តំបន់ដែលភ្ញៀវទេសចរណ៍ទៅកំសាន្តច្រើនជាងគេមានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី បារាយ  ភ្នំគូលែន និងតំបន់កំសាន្តនៅផាប់ស្រ្ទីតជាដើម។

ទោះបីជាការរឹតបន្តឹងបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋល្អប្រសើរក្តី តែប្រធានមន្ទីរខេត្តសៀមរាបរូបនេះគូសបញ្ជាក់ថា ក៏នៅតែមានជនខិលខូចមួយចំនួនអាចឆ្លៀតឱកាសឆក់យកកាបូប ទូរស័ព្ទ ពីភ្ញៀវបានដដែល។ តែលោកថាករណីនេះមានចំនួនតិចតួចប៉ុណ្ណោះ។ «យើងមានករណី លួចទូរស័ព្ទអីតិចតួចសំខាន់គឺយើងមានកិច្ចការពារសន្តិសុខតាមរបស់ក្រុមសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្តជាប្រធានក៏ដូចជាកងកម្លំាងប្រដាប់អាវុធទំាងអស់បានខិតខំប្រឹងប្រែងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរក្នុងថ្ងៃឆ្លងឆ្នំាទៅតាមគោលដៅនីមួយឃើញថាមានភាពល្អប្រសើរ»។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានប្តេជ្ញាចិត្តថានឹងពង្រឹងសេវាផ្គត់ផ្គង់សំខាន់ៗមួយចំនួនជូនប្រជាពលរដ្ឋដើម្បី ទាញយកកំណើនភ្ញៀវទេសចរឱ្យទៅកំសាន្តនៅទីនោះ។

គួរម្រាបថានាពេលថ្មីៗកន្លងមកនេះរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន បានឱ្យដឹងថា កាលពីឆ្នំា២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០%។ ដោយទ្បែកក្នុងរយៈពេល ៩ ខែដើមឆ្នំា ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣លាន ៩សែន នាក់ កើនទ្បើង ១១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០១៦ ដែលក្នុងនោះទេសចរចិនមានចំនួនជាង ៨៤ម៉ឺននាក់ កើនទ្បើង ៣៥.៦%៕

Share

Image
Image
Image