en     km
en     km

ភរិយាមេសហជីពវិស័យទេសចរណ៍ ទ្រទ្រង់ជីវភាពតែម្នាក់ឯង ដោយទន្ទឹងរង់ចាំស្វាមីចេញពីពន្ធនាគារ

Share

 

ជិត ៩ខែ ដែលលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយសារសកម្មភាពតវ៉ាជូនកម្មករ។ ភរិយាមេសហជីពរូបនេះ ក្លាយជាមេគ្រួសាររកចំណូលចិញ្ចឹមកូនតែម្នាក់ឯង ដោយតែងតែទន្ទឹងរង់ចាំផ្លូវស្វាមី និងសង្ឃឹមតុលាការដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី គង់ សុដា៖ «ចូលទៅជួបគាត់ឃើញគាត់រស់នៅស្ថានភាពបែបហ្នឹង រហូតដល់ពេលភ្ជុំបិណ្ឌគេបើកឱ្យជួបបងអត់ហ៊ានយកកូនតូចៗទៅទេ ខ្លាចគាត់មានអារម្មណ៍ដិតដាម តែកូនស្រីទី៣ គាត់ចេះតែទាមទារចង់ទៅ តែបងចេះតែលួងគាត់ កូនឯងទ្រាំទៅ ខំប្រឹងរៀនឱ្យបានពូកែទៅប៉ាមកវិញសប្បាយចិត្ត នៅពេលដែលកូនស្រលាញ់ប៉ា កូនត្រូវខំរៀន ដល់អ៊‌ីចឹងគាត់ខំ»។

នេះជាប្រសាសន៍អ្នកស្រី ​គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី ប្រធាន​​សហព័ន្ធ​​សហជីព​​វិស័យ​​ទេស​​ចរណ៍ និង​សេវា​កម្ម​កម្ពុជា និងជាអនុប្រធានសហភាពការងារកម្ពុជា (CLC)។

នៅខាងមុខបន្ទប់ជួលមួយ ដែលមានហាងលក់សម្លៀកបំពាក់ ជាប់នឹងផ្ទះសំណាក់វរ្ម័នអង្គរ ស្ថិតក្នុងក្រុងសៀមរាប ទីនោះជាកន្លែងស្នាក់នៅអ្នកស្រី សុដា និងកូនៗ។ ភរិយាមេសហជីពរូបនេះ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា កាលរស់នៅជាមួយស្វាមី អ្នកស្រីគ្រាន់តែជាស្ដ្រីមេផ្ទះ មើលថែកូន រៀបចំផ្ទះ និងម្ហូបអាហារប៉ុណ្ណោះ តែដោយសារស្ថានភាពជំងឺកូវីដ១៩ ក្នុងអំឡុងពេលនោះ ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ដូច្នេះជាហេតុឱ្យគ្រួសារអ្នកស្រី សម្រេចចិត្តលក់លំនៅឋានខ្លួន ដើម្បីដោះបំណុល។ ក្រោយពីវិបត្តិជំងឺកូវីដ១៩មក លោក ម៉ម រិទ្ធី ក៏ត្រូវជាប់ឃុំខ្លួនក្នុងពន្ធនាគារ អ្នកស្រី សុដា និងកូនៗទាំង ៤នាក់ បានទៅជួលបន្ទប់ស្នាក់នៅ ជាប់និងហាងដែលខ្លួនជួលលក់សម្លៀកបំពាក់។

លោក ម៉ម រិទ្ធី និងក្រុមគ្រួសារ។ រូបភាពពីអ្នកស្រី គង់ សុដា។

អ្នកស្រី គង់ សុដា៖ «អ៊‌ីចឹងបងចង់ឱ្យគាត់ត្រឡប់មកវិញដើម្បីមើលកូនៗ ដូចជាកូនស្រីទីពីរហ្នឹងគាត់ស្រលាញ់ប៉ាខ្លាំង គាត់បារម្ភពីប៉ាខ្លាំងរហូតដល់គាត់ បងបារម្ភខ្លាចគាត់ប្រឡងទី១២អត់ចប់»។

អង្គុយលក់សម្លៀកបំពាក់ក្នុងហាងបណ្ដើរ និងផុសសម្លៀកបំពាក់សម្លៀកបំពាក់តាមប្រព័ន្ធអនឡាញ ភរិយាមេសហជីពរូបនេះថា ចំណូលដែលរកបានពីរបរលក់សម្លៀកបំពាក់ ជួយទប់ទល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ និងបង់ថ្លៃជួលបន្ទប់ ​ហើយនិងថ្លៃជួលហាង។ ចំណែកថ្លៃសិក្សាកូនៗ និងការចំណាយទៅសួរសុខទុក្ខស្វាមីក្នុងពន្ធនាគារ គឺពឹងលើរបរលក់ទឹកសណ្ដែក និងរបរបោកគក់។

អ្នកស្រី គង់ សុដា៖ «នៅពេលដែលបាត់បង្គោលគ្រួសារមួយ ហើយនៅពេលដែលយើងជាស្ដ្រីម្នាក់ដែលរ៉ាប់រង បើថាយើងជាស្ដ្រីមេម៉ាយ គ្រួសារបែកបាក់វាផ្សេង វាបែបផ្សេង តែអានេះជាគ្រួសារមួយដែលុយើងរស់នៅដោយភាពកក់ក្ដៅ។ ពេលហើយបែរជាសុខៗបាត់បង់គាត់ម្នាក់ដែលយើងអត់ដឹងថាហេតុអ្វីបានជាត្រូវទៅបែបហ្នឹង អាហ្នឹងគឺវាពិបាកខ្លាំងមែនទែនអូន ពិបាកតែមិនដឹងថាត្រូវនិយាយថាម៉េច?»។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ត្រូវសាលាដំបូងរាជធានីភ្នំពេញ  កាត់ទោសកំបាំងមុខ ដោយសម្រេចផ្ដន្ទាដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។ បទចោទនេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អំពីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន ជីនប៉ីគ្រុប (JIN BEI Group) នៅខេត្តព្រះសីហនុ ដែលលោក ម៉ម រិទ្ធី បានបង្ហោះសារទាក់ទងនឹងភាពយុត្តិធម៌ផ្សេងៗជាទស្សនៈរបស់លោកជុំវិញវិវាទការងារនេះ និងបានរិះគន់ស្ថាប័នតុលាការផងដែរ។

ជាស្ដ្រីដែលត្រូវទទួលបន្ទុកជំនួសស្វាមី ប្រឹងប្រែងធ្វើរបរជាច្រើន ដើម្បីរកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ ទោះបីរបរទាំងនោះផ្ដល់ប្រាក់ចំណេញតិចតួចក្ដី តែអ្នកស្រី សុដា បន្តធ្វើរបរទាំងនោះតែម្នាក់ឯងដោយគ្មានវត្តមានស្វាមីនៅក្បែរ។ លំបាកយ៉ាងណាក៏តស៊ូ ទ្រាំដើរទៅមុខ ដោយអ្នកស្រីចាត់ទុកការលំបាកទាំងនោះ គឺមានតម្លៃខ្លាំងណាស់ ដោយយល់ថា ស្វាមីមានទោសទណ្ឌព្រោះតែជួយដល់កម្មករដែលរងអយុត្តិធម៌ និងជួយដល់សង្គមជាតិប៉ុណ្ណោះ។

អ្នកស្រី គង់ សុដា ភរិយាលោក ម៉ម រិទ្ធី។ WMC/Kim chanchav

អ្នកស្រី គង់ សុដា៖ «បងមានមោទនភាពបានគាំទ្រគាត់មករហូត ព្រោះអីគាត់ស្រលាញ់កម្មករដូចជាស្រលាញ់គ្រួសារដែរ ពីព្រោះពេលដែលឃើញប្រាក់ខែអីតិចៗអ៊‌ីចឹងទៅពីថៅកែដែលគាបសង្កត់អីអ៊‌ីចឹងណា អាហ្នឹងបងគាំទ្រកន្លែងហ្នឹងដែលឃើញពួកគាត់ទាមទារប្រាក់ខែពីថៅកែព្រោះថៅកែតែងតែកេងប្រវ័ញ្ចលើកម្មករ ការឈប់សម្រាក ដូចជាស្ដ្រីពោះធំអីអ៊‌ីចឹងឯង។ បងឃើញកន្លែងហ្នឹងបានបងស្រលាញ់ដែលគាត់ជួយដោយចិត្តស្មោះត្រង់ដោយឥតទាមទារអី ពីព្រោះនិយាយទៅបើយើងចង់បានមិនមែនស្ថានភាពបងបែបហ្នឹងទេដោយសារគាត់អត់ចង់បានអ្វីទាំងអស់ ដូច្នេះហើយយើងគាំទ្រគាត់ ព្រោះអីគាត់មិនបានប្រព្រឹត្តអ្វីដែលខុសច្បាប់»។

មកដល់វ័យ ៣៩ឆ្នាំនេះ អ្នកស្រី សុដា មិនដែលមានគំនិតបោះបង់ចោលស្វាមីឡើយ ពីព្រោះសកម្មភាពលោក រិទ្ធី មិនមែនដើម្បីខ្លួនឯង និងគ្រួសារទេ គឺដើម្បីផលប្រយោជន៍កម្មករ និងប្រទេសជាតិ ដូច្នេះដោយសារសកម្មភាពទាំងនោះហើយ អ្នកស្រីប្រឹងប្រែងថែរក្សាគ្រួសារ និងកូនៗ ដើម្បីរង់ចាំស្វាមីវិលត្រឡប់មកវិញ។

អ្នកស្រី គង់ សុដា៖ «គិតទៅម្នាក់ឯងទៅធ្វើម៉េចឱ្យគាត់មានសុខភាពល្អ ឱ្យខាងតុលាការគាត់ពិចារណាក្ដីឡើងវិញ ឱ្យគាត់បានចេញក្រៅឃុំ សម្រាលទោស គឺមានតែបែបហ្នឹងឯង ហើយនិងស្នើសុំទៅអង្គការនានាគាត់បានជួយយើងអស់ហើយ តាំងពីជួយនិយាយទៅទាំងពីការសួរសុខទុក្ខ តាំងពីផ្ដល់ទំនុកចិត្តកុំឱ្យយើងបារម្ភអ៊‌ីចឹងណា ហើយឱ្យយើងរឹងមាំ ក៏ពួកគាត់បានជួយច្រើនផងដែរ។ តែនៅតែម្យ៉ាងធ្វើម៉េចឱ្យគាត់ត្រឡប់មកវិញ បងក៏អត់ដឹងដែរ»។

សមត្ថកិច្ចបឹងទំពុន ចាប់ខ្លួនលោក ម៉ម រិទ្ធីនៅស្នាក់ការលោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រៅពីមេសហជីពរូបនេះ ក៏នៅមានមេសហជីពផ្សេងទៀតត្រូវចាប់ខ្លួន និងឃុំខ្លួន ព្រោះសកម្មភាពតវ៉ាជូនកម្មករ ក្នុងនោះមាន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ លោក ជា ចាន់ ប្រធាន​សហជីពរោង​ចក្រ​​វីងស្តារស៊ូ និងលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង។ ក្នុងចំណោមពួកគេមានអ្នកខ្លះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងអ្នកខ្លះទៀតមានសេរីភាពឡើងវិញ ក្រោយអនុវត្តទោសចប់៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង