en     km
en     km

នាយករដ្ឋមន្រ្តីមិនអនុញ្ញាតឱ្យវិនិយោគឯកជនអភិវឌ្ឍភ្នំខ្នងផ្សារដោយរដ្ឋនឹងជួយសហគមន៍អភិវឌ្ឍតំបន់នេះ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីប្រកាសជាសាធារណៈ មិនអនុញ្ញាតឱ្យមានវិស័យឯកជនអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារនោះទេ ដោយទុកអាទិភាពជូនក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍ជាអ្នករៀបចំអភិវឌ្ឍតំបន់ដោយខ្លួនឯង។ ការថ្លែងប្រកាសបែបនេះធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ និងបន្ទាប់ពីសម្តេចបានស្តាប់សំណូមពរក្តីកង្វល់ពីប្រជាពលរដ្ឋសហគមន៍គ្រាដែលសម្តេចនិងមន្រ្តីមួយចំនួនបានទៅដល់តំបន់ភ្នំខ្នងផ្សារកាលពីពេលថ្មីៗនេះ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ការចង្អុលបង្ហាញពីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ក្រោយពីសម្តេចដឹកនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យមើលស្ថានភាពទេសចរណ៍ក្នុងតំបន់ភ្នំខ្នងផ្សារ ដោយបានជួបពលរដ្ឋសហគមន៍ ហើយពួកគេបង្ហាញក្ដីបារម្ភខ្លាចមានវិស័យឯកជនមកវិនិយោគក្នុងមូលដ្ឋានរបស់ពួកគេ បណ្តាលឱ្យបាត់បង់ចំណូល។

បន្ទាប់ពីទទួលស្តាប់នូវក្តីកង្វល់របស់ពលរដ្ឋសហគមន៍  សម្ដេចចាត់ទុកថា ភ្នំខ្នងផ្សារនេះ ជាតំបន់មានសក្ដានុពល ហើយមានក្រុមហ៊ុនឯកជនជាច្រើនចង់វិនិយោគអភិវឌ្ឍបង្កើតជារីសតនៅលើភ្នំនេះ តែសម្តេចនឹងមិនអនុញ្ញាតឱ្យមានការអភិវឌ្ឍលើភ្នំនេះឡើយ។ ដើម្បីឆ្លើយតបនឹងតម្រូវការចង់បានរបស់ពលរដ្ឋ សម្តេចបានណែនាំឱ្យក្រសួងទាំងពីរ ជួយគាំទ្រ និងបង្រៀនដល់សហគមន៍ឱ្យចេះប្រើប្រាស់សក្ដានុពលក្នុងតំបន់នេះទាក់ទាញភ្ញៀវទេសចរបង្កើនចំណូល។

សម្ដេច ហ៊ុន ម៉ាណែត៖ «ខ្ញុំឱ្យលុបប៉ុន្មានគម្រោងនៅលើនោះ ដែលការគិតគូររៀបចំវិនិយោគ ដែលយើងពិនិត្យជាក់ស្ដែង វាអត់សមស្រប ទុកអាហ្នឹងឱ្យសហគមន៍គេធ្វើទៅ ហើយធ្វើម៉េចបងប្អូនគាត់ព្រួយបារម្ភថាតើឥលូវសម្ដេចប្រសិនជាសហគមន៍គាត់អត់ចេះ គាត់អត់មានសមត្ថភាពក្នុងការប្រហែលជាត្រូវការវិនិយោគឯកជនបានខ្ញុំប្រាប់ ថាជម្រើសនេះជាជម្រើសចុងក្រោយបំផុត។ កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី កុំទៅយកអ្នករកស៊ីទៅធ្វើការជំនួសសហគមន៍ហើយត្រឹមបង្កើតការងារ កន្លែងណាដែលសហគមន៍គាត់ចេះរកស៊ី បង្រៀនគាត់ជួយគាត់ បង្កើនសមត្ថភាពគាត់ឱ្យចេះរកធុរកិច្ច យើងកសាងរចនាសម្ព័ន្ធគាំទ្រឱ្យ យើងកសាងកន្លែងបន្ទប់ទឹក កសាងកន្លែងលក់អីឱ្យស្រួល ឱ្យគាត់ឡគ្រប់គ្រង»។

នាយករដ្ឋមន្ត្រីបន្តទៀតថា នៅពេលដែលប្រជាសហគមន៍ចេះរបៀបធ្វើបដិសណ្ឋាកិច្ច និងចេះទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនចំណូល នោះពួកគេនឹងបោះបង់របរកាប់ព្រៃឈើ ដាក់អន្ទាក់សត្វ ដោយងាកមកចាប់របរក្នុងវិស័យទេសចរណ៍ជំនួសវិញ។

 

សម្ដេច ហ៊ុន ម៉ាណែត៖ «ត្រឹមតែបដិសណ្ឋារកិច្ច អូតែល សេវាកម្មមួយចំនួននៅទីនោះ ខ្ញុំគិតថាត្រូវតែបង្រៀន ហើយយើងបានបង្រៀនបានច្រើន ហើយកន្លែងខ្លះសហគមន៍នៅក្រចេះ នៅស្ទឹងត្រែងអីគាត់រកបាន អ៊‌ីចឹងគឺគោលការណ៍នេះហើយធ្វើអភិវឌ្ឍមូលដ្ឋាន គឺធ្វើយ៉ាងម៉េចមិនមែនត្រឹមតែមាន ហេដ្ឋារចនាសម្ព័ន្ធល្អ សេវានៅហ្នឹងកន្លែងតែមួយទេ ប៉ុន្តែត្រូវឱ្យផលសហគមន៍ឱ្យបានច្រើនជាអតិបរិមានេះជាគោលដៅ សម្រាប់ប្រជាជននៅទីនោះ នេះជាការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។

យោងតាមក្រសួងទេសចរណ៍ ខ្នងផ្សារ គឺជាតំបន់​ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង ឃុំតា​សាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយជាទីតាំងប្រសព្វ​មុំបីដែល​​ភ្ជាប់ខេត្តចំនួនបី គឺ កោះកុង កំពង់ស្ពឺ និង​ខេត្ដ​ពោធិ៍សាត់។ តំបន់នេះ សម្បូរ​ទៅ​​ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗមានដើមស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ជុំវិញរឿងនេះ លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ បានឱ្យដឹងថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះនេះជាការផ្ដល់ឱកាសសម្រាប់ប្រជាសហគមន៍ក្នុងមូលដ្ឋាន ដើម្បីទទួលបានចំណូលតាមរយៈការអភិវឌ្ឍទេសចរណ៍បែបលក្ខណៈធម្មជាតិ។ ក្រៅពីតំបន់ភ្នំខ្នងផ្សារនេះ លោកក៏ចង់ឱ្យរដ្ឋាភិបាលមានគំនិតផ្ដួចផ្ដើមបែបនេះនៅតំបន់ដែលមានសក្ដានុពលទេសចរណ៍ផ្សេងទៀតដែរ ព្រោះកន្លងមកតំបន់ដែលមានសក្តានុពលទេសចរណ៍សំខាន់ៗ តែងត្រូវបានអ្នកមានលុយចាប់យកកសាងជារីសត ផ្ទះលំហែ និងសណ្ឋានគារទំនើបៗ នាំឱ្យបានបាត់បង់ប្រភពចំណូលពីប្រជាពលរដ្ឋសហគមន៍។

លោក សាន់ ម៉ាឡា។ រូបភាពពីហ្វេសប៊ុករបស់លោក។

លោក សាន់ ម៉ាឡា៖ «អ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំដែរនោះ ខ្ញុំខ្លាចអ្នកដែលគាត់មានលុយ មានអំណាចមួយចំនួននោះ ឃុបឃិតគ្នាក្នុងពុះជ្រៀង ឬលក់ដីក្នុងតំបន់ខ្នងផ្សារឱ្យទៅបុគ្គលឯកជន។ ម្ល៉េះហើយក៏យើងសំណូមពរ និងអំពាវនាវឱ្យរដ្ឋាភិបាល មេត្តាគិតបច្ច័យទៅលើបញ្ហានេះផង ព្រោះធម្មតាកាលណាមានការអភិវឌ្ឍ ច្បាស់ណាស់អ្នកដែលគាត់មានលុយ គាត់តែងតែមានបំណងដើម្បីចង់ដីសម្រាប់សាងសង់សំណង់អីផ្សេងៗ អ៊‌ីចឹងយើងត្រូវការធានាថាការទិញដីទាំងអស់នោះ មិនមែនជាការពុះជ្រៀងចេញពីដីក្នុងតំបន់ការពារធម្មជាតិទេ ហើយដីតំបន់ទាំងអស់នោះធ្វើឡើងប្រកបដោយភាពយុត្តិធម៌ មិនមែនកើតឡើងដោយការបំភិតបំភ័យ ឬទន្ទ្រានយកពីប្រជាជនមូលដ្ឋាន»។

កាលពីថ្ងៃទី៨ ខែមីនាកន្លងមកនេះ សម្ដេច ហ៊ុន ម៉ាណែត បានដឹកនាំរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញ។ តាមរយៈការចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនេះ សម្ដេចសម្រេចឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ និងកន្លែងសង្គ្រោះបន្ទាន់ទុកជាប្រយោជន៍ជូនសហគមន៍។

បន្ថែមនេះនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងទាំងពីរ និងអាជ្ញាធរមូលដ្ឋាន សហការគ្នា ដើម្បីអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍តំបន់ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញឱ្យបានល្អ ជាផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នោះផងដែរ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង