ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រុមជនជាតិដើមភាគតិចប្រមាណ៥០០នាក់ ក្នុងខេត្តមណ្ឌលគិរីរៀបចំពិធីសែនព្រេន បួងសួងកុំឱ្យមានការកសាងវារីអគ្គិសនីស្រែពកក្រោម ៣ កើតឡើង។ មូលហេតុដែលរៀបចំពិធីនេះឡើង បន្ទាប់ពីក្រុមពលរដ្ឋទទួលដំណឹងមកថា ការទូទាត់សំណងដោះដូរលំនៅឋាននៅមិនទាន់សមរម្យ ខណៈពលរដ្ឋក៏ព្រួយបារម្ភបញ្ហាការបណ្តេញចេញទាំងបង្ខំផងដែរ។ យ៉ាងណាអភិបាលស្រុកកោះញែកពន្យល់ថា ព័ត៌មានដែលបានផ្សព្វផ្សាយកន្លងទៅនេះគ្រាន់តែជាការសិក្សាជាបឋមនៅឡើយ ហើយក្រុមហ៊ុននិងសហការជាមួយមន្រ្តីពាក់ព័ន្ធនឹងគ្រោងបើកវេទិកាសាធារណៈនាពេលខាងមុខបន្តទៀត ដើម្បីស្វែងយល់តម្រូវការរបស់ប្រជាពលរដ្ឋ ឈានដល់ការព្រមព្រៀងគ្នាដោយសន្តិវិធី។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ មានអនុភាពតម្លើងចរន្តភ្លើងកម្លាំង ៣៦៧ មេហ្គាវ៉ាត់ មានទីតាំងនៅទន្លេស្រែពក ខេត្តរតនគិរី តែវិសាលភាពនៃផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីមួយនេះគ្របដណ្តប់លើភូមិមួយចំនួនក្នុងស្រុកចំនួន ២ នៃខេត្តរតនគិរី និងភូមិស្រុកផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី។
ជុំវិញគោលនយោបាយដោះស្រាយផលប៉ះពាល់របស់គម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ នេះ ប្រជាពលរដ្ឋដែលភាគច្រើនជាជនជាតិដើមភាគតិចនៅពុំទាន់ពេញចិត្តនៅឡើយទេ សម្រាប់សំណងជាប្រាក់និងការដោះដូរលំនៅឋានដែលអាជ្ញាធរនិងក្រុមហ៊ុនចុះមកផ្សព្វផ្សាយនៅដំណាក់កាលសិក្សាដំបូងនេះ។
ឯកសារគម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម៣។រូបភាពទទួលបានពីប្រជាសហគមន៍។
ការមិនពេញចិត្តនេះហើយ ទើបនាំឱ្យពលរដ្ឋជនជាតិដើមភាគតិចក្នុងភូមិណងប៊ួរ និងភូមិជីមាត ស្ថិតក្នុងឃុំណងឃីលិក ស្រុក កោះញែក ខេត្តមណ្ឌលគិរី ជិត៥០០នាក់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំពិធីសែនព្រេនឡើងអ្នក តាពានជីមាត ដោយបានកាប់ក្របីមួយក្បាលសែនផង ដើម្បីសុំបញ្ចៀសកុំឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីខាងលើ។
សម្រាប់ពលរដ្ឋការសែនព្រេនគឺជាពិធីតាមជំនឿរបស់ពួកគេ តែសារសំខាន់គឺពួកគេមិនចង់ឱ្យមានការរើភូមិកំណើត ផ្នូរដូនតាម ព្រៃជំនឿ ពិសេសគឺដីស្រែចម្ការនិងឈើហូបផ្លែដែលកំពុងឱ្យផលគិតជាទឹកប្រាក់មានទំហំច្រើនជាទ្វេដង បើធៀបនឹងសំណងដោះដូររបស់ក្រុមហ៊ុនដែលបានបង្ហាញនៅជំហានដំបូងនេះ។
លោក កង ខាំពី ពលរដ្ឋភូមិណងប៊ួរដែលចូលរួមក្នុងពិធីសែនអ្នកតាមួយរូបបញ្ជាក់យ៉ាងដូច្នេះថា៖«ដោយ សារតែមិនចង់ចាកចេញពីក្នុងភូមិស្រុកហ្នឹងណា ដោយសារតែដីធ្លីក៏មានហើយធ្លាប់ស្រណុកសុខស្រួលហើយ ដូចជាដីស្រែដីចម្ការដើមវាធំជិតបានផលស្រួលទាំងអស់គ្នាហើយ បើគាត់ធ្វើទំនប់វារីអគ្គិសនីវាលិចក្រតែម្តង ហើយឱ្យទៅនៅថ្មីវាមិនងាយណា។ កសាងភូមិថ្មីៗមួយយូរណាស់បងចឹងបានជាចេះតែបន់ៗទៅ»។
ក្រុមប្រជាពលរដ្ឋដែលស្ថិតក្នុងគម្រោងទំនប់វារីអគ្គិសនី។រូបភាពទទួលបានពីប្រជាសហគមន៍។
ភូមិណងប៊ួរជាភូមិមួយស្ថិតក្នុងការសិក្សាផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពក ៣ នេះ។ សរុបភូមិដែលត្រូវរងផលប៉ះពាល់មានចំនួន ៩ ភូមិស្ថិតក្នុងខេត្តរតនគិរី និងភូមិចំនួន៥ ផ្សេងទៀតស្ថិតក្នុងខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវទទួលសំណងគោលនយោបាយ។ សម្រាប់គម្រោងសាងសង់និងការទូទាត់សំណង ជាភារៈរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង។ នេះបើផ្អែកតាមឯកសារដែលពលរដ្ឋទទួលបានអំឡុងពេលក្រុមហ៊ុននិងអាជ្ញាធរចុះផ្សព្វផ្សាយពីសំណងរបស់គម្រោងវារីអគ្គិសនីនេះ។
សម្រាប់សំណងទូទាត់ក្នុងក្នុងសេចក្តីសង្ខេបផែនការស្នើសុំគោលនយោបាយដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ ដែលអ្នកសារព័ត៌មានវិទ្យុស្រ្តីទទួលបានបញ្ជាក់ថា ក្រុមហ៊ុននឹងសង់ផ្ទះឈើពីរខ្នងទំហំ ៨០ម៉ែត្រការ៉េ មានបណ្តោយ ១០ម៉ែត្រនិងទទឹង ៨ម៉ែត្រ។ ក្នុងនោះបូកបញ្ចូលនូវដីលំនៅឋានទំហំក្បាលដី ២៥ម៉ែត្រនិងបណ្តោយ ៥០ម៉ែត្រ ជាមួយដីធ្វើស្រែចំការទំហំ ០៥ ហិកតា សម្រាប់គ្រួសារដែលមានសមាជិកពេញរស់នៅជុំគ្នា។ តែសម្រាប់គ្រួសារដែលទើបបំបែកថ្មីក្រុមហ៊ុនផ្តល់ជូនតែដីលំនៅឋានទំហំដូចខាងលើ តែដីធ្វើស្រែនិងចម្ការទទួលបានតែ ២ ហិកតាតែប៉ុណ្ណោះ ខណៈផ្ទះវិញពុំមាននោះទេ។
ក្រៅពីសំណងជាផ្ទះនិងដីលំនៅឋាននេះ ក្រុមហ៊ុនក៏មានគោលការជួយឧបត្ថម្ភបន្ថែមលើការរុះរើនិងដឹកជញ្ជូនសម្ភារៈមកទីតាំងថ្មីចំនួន ២០០ដុល្លារអាមេរិក និងថែម ២០០ដុល្លារពីលើថែមទៀតសម្រាប់គ្រួសារណារុះរើចេញតាមការកំណត់ក្នុងផែនការព្រមព្រៀង។
ជាងនេះក្រុមហ៊ុនក៏ជួយសង់បង្គន់ ផ្ទះស្រែ អណ្តូង អាងទឹក ជង្រុកស្រូវ ផ្ទះបាយ របងផ្ទះ ក្រោលគោ រោងមាន់ ទា ជ្រូក ជាដើម។ សម្រាប់ដីចំការវិញក្រុមហ៊ុននឹងជួយដាំដើមឈើហូបផ្លែមួយចំនួនផងដែរ។
ឯកសារគោលនយោបាយដោះដូររបស់ក្រុមហ៊ុនដែលអ្នកសារព័ត៌មានទទួលបាន។រូបភាពទទួលបានពីប្រជាសហគមន៍។រូបភាពទទួលបានពីប្រជាសហគមន៍។
សម្រាប់លោក សេវ រ៉ាឈួន ប្រជាពលរដ្ឋមួយរូបទៀតរស់ក្នុងឃុំណងឃីលិកនិយាយថា លោកនិងប្រជាពលរដ្ឋក្នុងភូមិមួយចំនួនមិនទាន់អាចទទួលយកសំណងពីក្រុមហ៊ុនដែលព្រៀងនេះនៅឡើយទេ ដ្បិតពលរដ្ឋមានដីស្រែចម្ការយ៉ាងហោចណាស់ក្នុងមួយគ្រួសារប្រមាណពី ១៥ និង២០ ហិកតាបាត់ទៅហើយ។ ជាងនេះ ឈើហូបផ្លែក្នុងចម្ការតួយ៉ាងដូចជា ដើមស្វាយចន្ទីសុទ្ធតែពេញប្រមូលផលដែលពលរដ្ឋចំណាយពេលដាំជាង ៧ឆ្នាំ និងចម្ការដំឡូងមីផងដែរ។
អ្វីជាស្នូរសំខាន់ដែលពលរដ្ឋពុំទាន់សម្រេចចិត្តទទួលសំណង គឺពលរដ្ឋមិនចង់ចាកចេញពីភូមិកំណើតដែលធ្លាប់រស់នៅមានមុខរបរស្រេចស្រាប់ ពិសេសផ្នូរបុព្វបុរសដូនតា ព្រៃជំនឿ ព្រៃសហគមន៍ដែលអាចអាស្រ័យផលអនុផលព្រៃឈើជាដើម។ អ្វីដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ជនជាតិដើមភាគតិចនៅទីនោះគឺទន្លេស្រែពកដែលផ្តល់នូវទិន្នផលត្រីមកទទួលទានតាមរយៈការនេសាទតាមលក្ខណៈប្រពៃណី គ្រួសារ។
លោក សេវ រ៉ាឈួន៖«ប្រជាពលរដ្ឋភាគច្រើនព្រួយបារម្ភខ្លាំង ទី១ខ្លាចបាត់បង់ប្រពៃណីកន្លែងសក្ការៈ ដូចជាព្រៃកប់ខ្មោច។ហើយមួយទៀតបារម្ភរឿងសេដ្ឋកិច្ចគ្រួសារតែម្តង ព្រោះជនជាតិដើមភាគតិចយើងធ្វើចម្ការវិលជុំ ដីស្រែយើងមាត់ទន្លេក៏ល្អៗ ការនេសាទត្រីក៏បាត់បង់ហើយ បើគាត់នៅក្បែរទន្លេគាត់អាចរកត្រីដូចខែនេះគាត់អាចរកត្រីដោះស្រាយជីវភាព បើទៅកន្លែងថ្មីនៅឆ្ងាយទន្លេរកអ្វីបាន»។
លោក សេវ រ៉ាឈួន ប្រជាពលរដ្ឋស្ថិតក្នុងគម្រោងសាងសង់វារីអគ្គិសនី។រូបភាពទទួលបានពីប្រជាសហគមន៍។
លោក សេវ រ៉ាឈួន បន្ថែមថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ និងមានអាជ្ញាធរឃុំស្រុកនិងខាងក្រុមហ៊ុនបានចុះមកផ្សព្វផ្សាយពីគោលនយោបាយសំណងនានារបស់ក្រុមហ៊ុន ជាថ្នូរនៃការព្រមចាកចេញរបស់ប្រជាពលរដ្ឋ។ គ្រានោះលោកថា មានពលរដ្ឋជាច្រើនពុំពេញចិត្តនឹងទំហំសំណងនោះទេ ហើយពលរដ្ឋខ្លះបានបំបែកជួរដើរចេញពីកម្មវិធី។ បន្តបន្ទាប់មកលោកក៏ឃើញមានខាងក្រុមហ៊ុននៅព្យាយាមផ្សព្វផ្សាយដល់ពលរដ្ឋតាមខ្នងផ្ទះតែម្តង ដើម្បីឱ្យទទួលគោលនយោបាយដោះដូររបស់ក្រុមហ៊ុន។ លោកថា មានពលរដ្ឋចំណូលថ្មីមួយចំនួនបានព្រមផ្តិតមេដៃទទួលយក តែសម្រាប់ជនជាតិដើមភាគតិចពូនងដែលរស់នៅទីនោះជាយូរណាស់គឺមិនទាន់ព្រមទទួលនោះទេ។
សកម្មភាពបន់ស្រន់របស់ជនជាតិដើមភាគតិចនៅអ្នកតាមពានជីមាតសុំកុំឱ្យសាងសង់វារីអគ្គិសនី។រូបភាពទទួលបានពីប្រជាសហគមន៍។
ទាក់ទងគោលនយោបាយដោះដូរដែលអាជ្ញាធរឃុំស្រុកបានចុះមកផ្សព្វផ្សាយនេះ លោកអភិបាលស្រុកកោះញែកមានឈ្មោះ ស្រី ទូច បញ្ជាក់ថា គោលការណ៍សំណងខាងលើនេះគឺនៅមិនទាន់មានការឯកភាពកំណត់យកដាច់ណាត់នោះទេ ដោយអំឡុងពេលនេះខាងក្រុមហ៊ុនកំពុងតែសិក្សាពីប្រជាពលរដ្ឋដើម្បីស្វែងយល់ឈានទៅកំណត់ទំហំសំណងមួយដែលសមរម្យតែប៉ុណ្ណោះ។ យ៉ាងណាលោកអភិបាលស្រុកបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ឆាប់ៗនេះ ខាងក្រុមហ៊ុនសហការជាមួយអាជ្ញាធរខេត្តនិងស្រុកនឹងបើកវេទិកាសាធារណៈមួយ ដើម្បីបើកចំហឱកាសដល់ប្រជាពលរដ្ឋបញ្ចេញមតិ និងបង្ហាញនូវតម្រូវការចង់បានដែលជាធាតុចូលមួយងាយស្រួលដល់ភាគីក្រុមហ៊ុនពិចារណាទូទាត់សំណង។
លោកអភិបាលស្រុកកោះញែកឈ្មោះ ស្រី ទូច៖«ថ្ងៃច័ន្ទក្រោយនេះខាងក្រុមហ៊ុន និងតំណាងខេត្ត/ស្រុកនឹងចុះទៅបើកវេទិកាជួបប្រជាពលរដ្ឋក្នុងឃុំណងឃីលិកហ្នឹង យើងអាចជជែកគ្នាយ៉ាងម៉េចៗទាក់ទងសំណង ទីតាំងអីៗហ្នឹងយើងជជែកគ្នា។»។
អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានលោក សាន់ ម៉ាឡា ប្រាប់វិទ្យុស្រ្តីថា ការសាងសង់ទំនប់វារីអគ្គិសនីនីមួយៗពុំមែនសុទ្ធតែផ្តល់នូវថាមពលស្អាតទាំងអស់នោះទេ ដ្បិតការសម្អាតមាត់អាងទំនប់បានផ្តល់នូវផលប៉ះពាល់ផ្នែកបរិស្ថានជាច្រើនទាំងការកាប់ព្រៃឈើ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ។ យ៉ាងណាសម្រាប់តម្រូវការអភិវឌ្ឍប្រទេស អ្នកការពារបរិស្ថានរូបនេះមិនបដិសេធនោះទេ តែអ្វីដែលលោកចង់ឃើញ គឺការជជែកគ្នារវាងពលរដ្ឋនិងក្រុមហ៊ុនឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ជៀសវាងបាននូវបាតុភាពតវ៉ា ការបណ្តេញចេញទាំងបង្ខំដែលប៉ះពាល់ដល់សិទ្ធិមនុស្ស ពិសេសសិទ្ធិលំនៅឋាននិងមុខរបបចិញ្ចឹមជីវិតជាដើម។
លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន។រូបភាពពីហ្វេសប៊ុកលោក ម៉ាឡា។
លោក សាន់ ម៉ាឡា៖«ត្រូវតែដោះស្រាយឱ្យបានម៉ត់ចត់ ជាពិសេសត្រូវតែមានការជូនដំណឹង ពិគ្រោះយោបល់ជាមួយប្រជាជនមូលដ្ឋាន ពិភាសក្សាថាតើគាត់អាចទទួលយកនូវដំណោះស្រាយនិងសំណងដែលក្រុមហ៊ុន និងអាជ្ញាធរផ្តល់ជូននោះទេ។ កន្លងទៅរាល់ការអភិវឌ្ឍការផ្លាស់ប្តូរពលរដ្ឋពីកន្លែងមួយទៅកន្លងមួយ តែងតែធ្វើឱ្យពលរដ្ឋទឹកភ្នែកមានរឿងអាស្រូវទាក់ទងការរំលាភបំពានសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន ដែលអ្នកខ្លះគាត់ធ្លាប់ប្រកបរបរតាមដងទន្លេឬតាមតំបន់ព្រៃភ្នំ ដល់ពេលឱ្យគាត់ទៅនៅកន្លែងផ្សេងធ្វើឱ្យពួកគាត់មិនដឹងប្រកបរបរអ្វី នាំឱ្យប្រឈមបញ្ហាជីវភាពជាដើម។ដូច្នេះរដ្ឋាភិបាលត្រូវតែគោរពតាមការសម្រេចចិត្តរបស់ពួកគាត់ ធ្វើយ៉ាងណាឱ្យប្រជាជនយល់ព្រមឬមិនយល់ព្រមដោយមិនមានការភ័យខ្លាច គ្មានការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ »។
ជាការកត់សម្គាល់ ការសាងសង់ទំនប់វារីអគ្គិសនីកន្លងទៅនៅទំនប់វារីអគ្គិសនីសេសានក្រោម ២ ប្រជាពលរដ្ឋនៅឃុំក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជិត៥.០០០នាក់ រងការប៉ះពាល់ពីទឹកលិចលំនៅឋានដីស្រែចម្ការ និងផលដំណាំ ដែលធ្វើឱ្យពលរដ្ឋត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅ ហើយទទួលយកសំណងមិនសមរម្យពីក្រុមហ៊ុន។ ហើយទំនប់វារីអគ្គិសនីសេសានក្រោម២ នេះក៏ជាសាងសង់រួមគ្នាដោយក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ផងដែរ មានការសហការជាមួយក្រុមហ៊ុនចិន និងវៀតណាម។
សម្រាប់លោក កង ខាំពី ដែលបច្ចុប្បន្នកំពុងបង្កបង្កើនផលដាំដុះស្រូវនិងដំណាំស្វាយចន្ទីជាង ៧ ឆ្នាំមកនេះឱ្យដឹងថា លោកបានខ្ចីប្រាក់ពីធនាគារជាច្រើនដើម្បីធ្វើចម្ការចន្ទី ខណៈសំណងបច្ចុប្បន្នមិនទាន់សមាមាត្រនឹងទំហំសាច់ប្រាក់ដែលលោកបោះទុននោះទេ។ ជាជំហររបស់លោកនិងពលរដ្ឋមួយចំនួនទៀតនៅចំពោះមុខទំហំសំណងដែលមានក្នុងពេលបច្ចុប្បន្ននេះ គឺពលរដ្ឋមិនព្រមទទួលយកនោះទេ ហើយបេ្តជ្ញាថាមិនព្រមចាកចេញ លុះត្រាមានគោលនយោបាយសំណងសមរម្យ។
លោក កង ខាំពី៖«មិនចេញៗ អត់ចង់សំណងអីទេប៉ុណ្ណេះវាបានហើយ ពួកយើងមិនចង់ចេញទៅណាទេ ឥឡូវនេះគឺដឹងតែមិនចេញតែម្តង»។
សូមបញ្ជាក់ថា ទីតាំងថ្មីដែលត្រូវដោះដូរជាមួយពលរដ្ឋឃុំណងឃីលិកពុំទាន់ត្រូវបានដឹងច្បាស់ថានៅទីណាឡើយទេ តែបើតាមសេចក្តីសង្ខេបផែនការស្នើសុំគោលនយោបាយដោះស្រាយផលប៉ះពាល់ ខាងក្រុមហ៊ុនបញ្ជាក់ថា នឹងរៀបចំប្រព័ន្ធទឹកស្អាត ហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់មានភ្លើងអគ្គិសនីប្រើប្រាស់៕