ព័ត៌មាននៃការលុបឈ្មោះ លោក លី រតនរស្មី ពីទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា និងសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ផុសផ្សាយព្រោងព្រាត បន្ទាប់ពីសមត្ថកិច្ចថៃ រកឃើញថា គេពាក់ព័ន្ធនឹងការជួលខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្រខ្មែរ។ ប៉ុន្តែគណបក្សប្រជាជនថា មូលហេតុនៃការលុបឈ្មោះលោក លី រតនរស្មី ចេញពីបក្សដោយសារហេតុផលអ្វី ជាផ្ទៃក្នុងបក្ស ដោយមិនបញ្ជាក់ថាទីប្រឹក្សារូបនេះលុបឈ្មោះចេញពាក់ព័ន្ធនឹងករណីឃាតកម្មនេះឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
លោក លី រតនរស្មី ត្រូវបានសម្ដេច ហ៊ុន សែន តែងតាំងជាទីប្រឹក្សាសម្ដេច កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក៏មានលិខិតដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចលុបឈ្មោះលោក លី រតនរស្មី ចេញពីតួនាទីជាទីប្រឹក្សាសម្ដេច ក្រោមហេតុផលលោក លី រតនរស្មី បានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។ លិខិតលុបឈ្មោះនោះ ត្រូវបានបណ្ដាញសារព័ត៌មានមួយចំនួនដែលស្និទនឹងរដ្ឋាភិបាល ចុះផ្សាយលើស្ថាប័នព័ត៌មានខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី១៧ ខែមករានេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៧ ខែមករានេះថា ពីមុនលោក លី រតនរស្មី ធ្លាប់ជាអតីតគណបក្សប្រឆាំង តែក្រោយមកគណបក្សប្រជាជន ទទួលយកការចុះចូលលោក រស្មី ដោយផ្ដល់តួនាទីជាទីប្រឹក្សា។ ថ្វីត្បិតលោក លី រតនរស្មី មានតួនាទីជាទីប្រឹក្សា តែសកម្មភាពលោក រស្មី មិនបានធ្វើការនៅកម្ពុជាទេ តែលោកមានជំនួញរកកម្រៃជើងសារផ្នែកសម្រួលឯកសារ និងលិខិតស្នាមផ្សេងៗជូនពលករចំណាកស្រុកខ្មែរនៅប្រទេសថៃយូរឆ្នាំមកហើយ។
អ្នកនាំពាក្យរូបនេះ បដិសេធថាមិនដឹងពីមូលហេតុនាំឱ្យលុបឈ្មោះលោក លី រតនរស្មី ចេញពីទីប្រឹក្សាសម្ដេចឡើយ។ ប៉ុន្តែនៅពេលវិទ្យុស្ដ្រីសួរថា ការលុបឈ្មោះលោក រតនរស្មី ចេញពីតួនាទីនេះ ដោយសារលោក រស្មី ជាប់ពាក់ព័ន្ធឃាតកម្មអតីតតំណាងរាស្រ្តបក្សប្រឆាំងឬទេ? លោក ឥសាន មិនបានឆ្លើយថាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធទេ តែលោកឆ្លើយប្រាប់ថា គណបក្សប្រជាជនមិនទុកទេ រាល់សមាជិកដែលធ្វើខុសច្បាប់ និងខុសលក្ខន្ដិកៈផ្ទៃក្នុងបក្ស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
លោក សុខ ឥសាន៖ «បើល្អគេលុបចោលធ្វើអី សមាជិកបក្សគឺការធានាគោរពលក្ខន្តិកៈរបស់គណបក្ស បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ហើយបើគាត់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ បានសេចក្ដីថាគាត់មិនគោរពលក្ខន្តិកៈរបស់គណបក្សទេ។ សមាជិកគណបក្សគឺជាសមាជិកដែលមានគោលជំហរល្អ ហើយបើអ្នកឯងល្អគេនឹងបញ្ជូលអ្នកឯងជាសមាជិក ប៉ុន្តែបើអ្នកឯងថ្ងៃក្រោយមិនល្អ អាហ្នឹងគេថ្នាក់ដឹកនាំគណបក្សមានសិទ្ធិលូកដៃលុបចេញពីគណបក្សដែរ អាហ្នឹងជារឿងធម្មតាទេក្មួយ»។
មុន ២ថ្ងៃដែលបែកធ្លាយលិខិតលុបឈ្មោះលោក លី រតនរស្មី ចេញពីតួនាទី សមត្ថកិច្ចថៃ បានទទួលដីកាពីតុលាការព្រហ្មទណ្ឌឱ្យចាប់ខ្លួន លោក លី រតនរស្មី ដែលជាជនជាតិខ្មែរ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ជួលឃាតកឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរមកពីគណបក្សសង្រ្គោះជាតិ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី១៥ ខែមករានេះ។
សមត្ថកិច្ចថៃ អះអាងថា លោក លី រតនរស្មី មានឈ្មោះថៃ ស៊ុមវ៉ាំង បាមរុងគីត (Somwang Bamrungkit) អាយុ ៤៣ឆ្នាំ ត្រូវចោទប្រកាន់ថាជាអ្នកជួលខ្មាន់កាំភ្លើងជាជនជាតិថៃលោក ឯកឡាក់ ភាណយ (Ekkalak Pheanoi) ឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។
កាសែតបាងកកប៉ុស្ដិ៍ សរសេរទៀតថា ខ្មាន់កាំភ្លើងនោះ បានសារភាពប្រាប់ប៉ូលីសថា លោក លី រតនារស្មី ជួលគេឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ដោយសាររឿងជម្លោះបុគ្គល ហើយខ្មាន់កាំភ្លើងនោះ ក៏សារភាពថាខ្លួនមិនដឹងអ្នកដែលត្រូវបាញ់សម្លាប់ជាតំណាងរាស្រ្តខ្មែរនោះដែរ។
ក្រៅពីលោក លី រតនរស្មី ក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះលោក ពេជ្រ គឹមស៊្រិន ពាក់ព័ន្ធជាមួយឃាតករ ដោយសារសារព័ត៌មានប្រទេសថៃ ទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលមានរូបភាពលោក ធ្វើដំណើរនៅលើឡានក្រុងជាមួយលោក លិម គិមយ៉ា រហូតដល់កន្លែងដែលខ្មាន់កាំភ្លើងធ្វើសកម្មភាពបាញ់សម្លាប់។
វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាក់ទងនឹងកិច្ចសហការតាមចាប់ជនសង្ស័យដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា តែលោកប្រាប់ថាជាប់ប្រជុំ ដោយស្នើឱ្យផ្ញើរសំណួរតាមប្រព័ន្ធតេលេក្រាម ប៉ុន្តែមកដល់រសៀលថ្ងៃទី១៧ មករានេះ មិនទាន់មានការឆ្លើយតបពីលោកឡើយ។
ងាកមកលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានឱ្យដឹងដែរថា ទោះបីសមត្ថកិច្ចថៃរកឃើញករណីឃាតកម្មនេះជារឿងទំនាស់បុគ្គល ច្រើនជាងរឿងនយោបាយក្ដី ប៉ុន្តែនាពេលថ្មីៗនេះ អ្វីដែលលោកដឹង គឺក្រុមគ្រួសារលោក លិម គិមយ៉ា មិនអស់ចិត្តថាឃាតកម្មបាញ់សម្លាប់នេះជារឿងគំនុំផ្ទាល់ខ្លួន ដោយពួកគេបានប្ដឹងទៅតុលាការបារាំងឱ្យជួយស្វែករកយុត្តិធម៌ និងអាថ៌កំបាំងនៅពីក្រោយឃាតកម្មនេះ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុកលោក។
ដោយឡែកបុគ្គលដែលពាក់ព័ន្ធឃាតកកម្មនេះ មានសមាសភាពពីបក្សប្រជាជន តែក៏ត្រូវលុបឈ្មោះចេញវិញពីសមាជិកបក្ស លោកមិនអាចធ្វើការសន្និដ្ឋាន និងធ្វើការវិភាគការលុបឈ្មោះលោក លី រតនរស្មី ចេញ ពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា ឫពាក់ព័ន្ធរឿងផ្សេងបានឡើយ ព្រោះជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
លោក មាជ សុវណ្ណារ៉ា៖ «ប្រសិនជាឯកសារហ្នឹងឯកសារពិតដែលចេញពីអតីតនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជន យើងឃើញការតែងតាំងមិនបានដល់ជា ២ខែផង ក៏ស្រាប់តែមានការបញ្ឈប់ជាទីប្រឹក្សាបែបណាតាំងពីខែមករា ទៅដល់ខែមីនា ឆ្នាំ២០២៤ ឯណោះ ឥលូវឆ្នាំ២០២៥ យើងទើបតែឃើញឯកសារហ្នឹងចេញមកបែបណាៗ វាដូចជានៅចន្លោះវែងឆ្ងាយ នៃការជាប់ពាក់ព័ន្ធ និងការឃុបឃិតការបាញ់សម្លាប់អតីតតំណាងរាស្ត្រលោក លិម គិមយ៉ា។ យើងមិនមានកិច្ចការចាំបាច់អីត្រូវការវិភាគត្រូវការអី វាជាកិច្ចការផ្ទៃក្នុងរបស់គណបក្សកាន់អំណាចបាទ!»។
លោក មាស នី អ្នកវិភាគបញ្ហាសង្គម សង្កេតឃើញថា ភាគីថៃ ព្យាយាមស៊ើបអង្កេតខ្លាំងណាស់លើករណីឃាតកម្មនេះ ជាពិសេសនៅពេលរកឃើញអ្នកពាក់ព័ន្ធ គឺថៃបើកលម្ហ ដែលផ្ទុយពីសមត្ថកិច្ចកម្ពុជា បែរជារិះគន់ចំពោះការបើកលម្ហភាគីថៃ ដែលពួកគេគិតថានាំឱ្យមានការលំបាកក្នុងការងារស៊ើបអង្កេតទៅវិញ។
ការស៊ើបអង្កេតឃាតកម្មលើលោក លិម គិមយ៉ា លោកយល់ថា ទាំងកម្ពុជា និងថៃ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ទើបអាចសង្ឃឹមមានយុត្តិធម៌ ប៉ុន្តែបើឃាតកម្មនេះ មិនបានស៊ើបអង្កេតគ្រប់ជ្រុងជ្រោយ នឹងបន្សល់ទុកផលអវិជ្ជមានច្រើន។ សម្រាប់ប្រទេសថៃ នឹងរងសម្ពាធពីគណបក្សប្រឆាំង និងប្រជាជន ជាពិសេសប៉ះពាល់ទៅលើវិស័យទេសចរណ៍។ ដោយឡែកប្រទេសកម្ពុជា បើសិនមិនសហការជាមួយថៃ នឹងរងការរិះគន់ឃាតកម្មនេះ ជារឿងនយោបាយ ជាពិសេសរដ្ឋាភិបាល ក៏រងការចោទប្រកាន់ពីអតីតមេដឹកនាំគណបក្សប្រឆាំង។
លោក មាស នី៖ «អ៊ីចឹងប្រសិនបើរដ្ឋាភិបាល ខាងអាជ្ញាធរកម្ពុជាមិនបានបង្ហាញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទេនោះ គឺករណីនេះយើងមិនអាចរកយុត្តិធម៌ឃើញទេ ហើយបន្សល់ទុកនូវការចោទគ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ និងវង្វេងបន្តទៅទៀតបាទ! នេះជារឿងសំខាន់ ហើយប្រសិនបើប្រទេសទាំងពីរហ្នឹងមិនបានយកចិត្តទុកដាក់សហការគ្នាឱ្យបានគ្រប់ជ្រុងជ្រោយទេនោះ ក៏និងទទួលរងនូវការរិះគន់ពីភាគីមួយទៀត គឺភាគីខាងបារាំង ព្រោះលោក លិម គិមយ៉ា គាត់ជាពលរដ្ឋបារាំង អ៊ីចឹងពលរដ្ឋ អាជ្ញាធរ និងរដ្ឋាភិបាលបារាំង ក៏គេកំពុងតាមដានមើលទៅលើករណីនេះលើការស៊ើបអង្កេតរឿងទាំងអស់ហ្នឹងដែរបាទ!»។
លោក លិម គិមយ៉ា អតីតតំណាងរាស្ដ្របក្សសង្គ្រោះជាតិ។ រូបពីបណ្ដាញសង្គម។
លោក លិម គិមយ៉ា ជាអ្នកនយោបាយបក្សប្រឆាំងម្នាក់ មានសញ្ជាតិពីរ គឺខ្មែរ និងបារាំង ដែលតែងតែប្រើហ្វេសប៊ុករិះគន់លើការដឹកនាំរបស់រដ្ឋាភិបាលក្នុងការងារអភិឌ្ឍន៍សង្គមជាតិ។ លោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្រោយមួយថ្ងៃឃាតកម្មនេះ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនឃាតករបាន កាលពីថ្ងៃទី៨ ខែមករានេះ។
ក្រៅពីអ្នកនយោបាយបក្សប្រឆាំងត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កន្លងមកក៏មានឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគសង្គម លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ លោក ជា វិជ្ជា មេដឹកនាំសហជីពការពារសិទ្ធិកម្មករ និងរួមទាំងអ្នកសារព័ត៌មានដែលរាយការណ៍ពីការកាប់ទន្ទ្រានព្រៃឈើ លោក ឈឿង ឈឹង ត្រូវបាញ់សម្លាប់កាលពីខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី