en     km
en     km

ស្ពានផ្សាររាត្រីទៅក្រុងអរិយក្សត្រត្រូវការសិក្សាលម្អិតពីលំហូរចរាចរធានាគ្មានការកកស្ទះពេលដំណើរការ

Share

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ដំណើរការចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មុខផ្សាររាត្រីឆ្ពោះទៅកាន់ក្រុងអរិយក្សត្រកំពុងបោះជំហានមួយដ៏វែងនិងយ៉ាងល្អិតល្អន់ មុននឹងប្រកាសបើកការដ្ឋានសាងសង់នាពេលខាងមុខ។ អ្វីដែលក្រុមការងារកំពុងផ្តោតការយកចិត្តទុកដាក់សិក្សាបច្ចុប្បន្ននេះ គឺការសិក្សាពីលំហូរចរាចរចេញចូលរាជធានីភ្នំពេញត្រង់ចំណុចផ្សាររាត្រី ព្រោះចំណុចនេះមានចរាចរមមាញឹក។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឬស្ពានមុខផ្សាររាត្រីកាត់ជ្រោយចង្វារឆ្ពោះទៅក្រុងអរិយក្សត្របានវិវត្តន៍បោះមួយជំហានដ៏វែង ដោយក្រុមការងារបានឈានដល់ការគូសចេញប្លង់លម្អិតចុងក្រោយមុននឹងឈានទៅសម្ពោធការសាងសង់នាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥នេះ។

គំរូប្លង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មុខផ្សាររាត្រី។រូបភាពពីហ្វេសប៊ុកក្រសួង។

លោកបន្ថែមថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គនេះ គឺជាមធ្យោបាយតភ្ជាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលត្រូវការការសិក្សាឱ្យបានល្អិតល្អន់ លើលំហូរចរាចរចេញចូលរាជធានីភ្នំពេញ បញ្ហាការប៉ះពាល់លើហេដ្ឋានរចនាសម្ព័ន្ធនានាជាដើម។

លោក ផន រឹម៖«ការគូរប្លង់លម្អិតចុងក្រោយនេះ ក៏ជាលទ្ធផលនៃការទទួលបានពីការសិក្សាកន្លងមក ដែលយើងដឹងហើយថា ស្ពានមិត្តភាពកម្ពុជាកូរ៉េនេះ គឺនៅភ្នំពេញផង និងនៅខេត្តកណ្តាលផង។បានន័យថាស្ពាននេះ ឆ្លងកាត់ទន្លេសាបផង និងទន្លេមេគង្គផង ចឹងការសិក្សាបញ្ហាចរាចរនិងលំហូរចរាចរ​ហើយនឹងផលប៉ះពាល់លើហេដ្ឋានរចនាសម្ព័ន្ធនានាគឺត្រូវសិក្សាខ្ពស់ចំពោះបញ្ហានេះ មុននឹងឈានដល់ដំណាក់កាលនៃការបើកការដ្ឋានសាងសង់នាពេលខាងមុខ»។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។រូបភាពពីតេឡេក្រាមលោក ផន រឹម។

សម្រាប់លោក ផន រឹម បញ្ហាលំហូរចរាចរចេញចូលភូមិសាស្រ្តរាជធានីភ្នំពេញគឺជាកត្តាចាំបាច់របស់ក្រុមការងារសាងសង់ ដ្បិតចំណុចផ្សាររាត្រីគឺជាតំបន់មួយមានសកម្មភាពសេដ្ឋកិច្ច ការលក់ដូរ និងការផ្តល់សេវាកម្មនានា ពិសេសគឺមានភាពមមាញឹកនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នោះហើយ ទើបក្រុមបច្ចេកទេស ត្រូវសិក្សានូវលំហូរចរាចរច្បាស់លាស់ ដើម្បីធានាថា ការដំណើរការប្រើប្រាស់ស្ពាននាពេលអនាគតនឹងមិនមានបញ្ហាកកស្ទះចរាចរកើតឡើងនោះឡើយ។

លោក ផន រឹម៖«សកម្មភាពរបស់យើងគឺចុះទៅមើលលំហូរចរាចរ ដែលយើងដឹងហើយថា ស្ពានរបស់យើងឆ្លងកាត់ផ្សាររាត្រី ហើយជើងស្ពានរបស់យើងប៉ះកន្លែងមួយចំនួន​ដែលមានចរាចរមមាញឹកទាំងចេញពីភ្នំពេញនិងចូលមកភ្នំពេញ ដែលបញ្ហានេះហើយយើងត្រូវគិតគូរឱ្យបានឌិតដល់ទាំងពេលធ្វើស្ពានក៏មានលំហូរចរាចរល្អហើយក្រោយធ្វើស្ពានក៏មានចរាចរល្អ»។

សកម្មភាពក្រុមការងារកំពុងពិនិត្យប្លង់គម្រោងសាងសង់ស្ពាន។រូបភាពពីហ្វេសប៊ុកក្រសួង។

សូមជម្រាបជូនថា  គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ដែលគម្រោងនេះទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។ ស្ពានមុខផ្សាររាត្រីនេះ ជាប្រភេទស្ពានខ្សែកាប មានសសរមេជាទម្រង់ដៃប្រណម ឬ(សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម ឆ្លងទន្លេមេគង្គមានប្រវែង ១ ២៦២ម មានទទឹង ២៦,៥ម និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៕

 

Share

ព័ត៌មានទាក់ទង