ការផ្សព្វផ្សាយ និងចែករំលែកបន្ត(share)អំពីល្បែងស៊ីសងខុសច្បាប់កាន់តែរីកដូចផ្សិតលើបណ្តាញសង្គមពីសំណាក់បុគ្គលល្បីៗមានប្រជាប្រិយភាព អ្នកផលិតមាតិកាសង្គមមួយចំនួន។សម្រាប់បញ្ហានេះ ពលរដ្ឋមួយចំនួនដែលវិទ្យុស្រ្តីបានសម្ភាសន៍ ពួកគេលើកឡើងប្រហាក់ប្រហែលគ្នាថា ទាំងរូបភាព វីដេអូ បង្ហោះរឿងល្បែងអនឡាញនេះ គឺបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ជាក់ស្តែងថ្មីៗនេះ ក៏មានករណីឃាតកម្មដោយសារបញ្ហាលង់ខ្លួនក្នុងល្បែងអនឡាញនេះផងដែរ។ ដោយមើលឃើញឥទ្ធិពលល្បែងខុសច្បាប់កាន់តែគឃ្លើន ប្រជាជនកាន់តែព្រួយបារម្ភ ដោយស្នើដល់អ្នកបង្កើតមាតិកាល្បែងស៊ីសងប្រយោជន៍ផ្ទាល់ខ្លួនពេក និងស្នើដល់អ្នកពាក់ព័ន្ធជួយចាត់វិធានការតឹងរឹតក្នុងការបង្ក្រាបករណីនេះ។ (កញ្ញា ងិន ស៊ាងលីម រាយការណ៍)
នេះជាការមតិលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនទាក់ទងបញ្ហាល្បែងអនឡាញ។
ជាការអង្កេតនាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនានា ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។ បញ្ហានេះ បង្កឱ្យអាណាព្យាបាល និងយុវជននានាព្រួយបារម្ភជាខ្លាំង។
អង្គុយលក់ភេជ្ជសៈនៅទីតាំងក្បែរសកលវិទ្យាល័យកសិកម្មចម្ការដូង រាជធានីភ្នំពេញ មួយកន្លែង អ្នកស្រី សារ៉ាយ សុខុម។ស្ត្រីវ័យ ៥៣ឆ្នាំផ្តល់សម្ភាសន៍ទាំងត្អូញត្អែរថា អ្នកស្រីកើតក្តីបារម្ភជាខ្លាំង ព្រោះសង្កេតឃើញថា បច្ចុប្បន្នក្មេងៗ យុវវ័យ យុវតី មួយចំនួនធ្លាក់ក្នុងការផ្សព្វផ្សាយអូសទាញតាមរូបភាពនានា ដូចជា ល្បែងស៊ីសង ឬហ្គេមអនឡាញជាដើម។ អ្នកស្រីបន្តថា ពួកគេមានស្មាតហ្វូន ស្ទើតែគ្នា អ្នកខ្លះវក់នឹងការលេងហ្គេម មិនសូវខ្វាយខ្វល់នឹងការសិក្សា មិនអើពើនឹងការទូន្មានរបស់អាណាព្យាបាល ឬគ្រូនោះទេ ដែលប្រការនេះបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ។
អ្នកស្រី សារ៉ាយ សុខុម អ្នកលក់ភេសជ្ជៈ។WMC/Ngeen seanglim
«និយាយទៅកម្មវិធីគេបើកតាមហ្វេសប៊ុក(Facebook)មួយកគោកហ្នឹង គាត់ក្មេងៗគេចេះជាយើងចាស់ៗ។ គាត់អាចមើលតាមហ្វេសប៊ុកបាន គាត់អាចបង្កើតតាមអាប្រដាប់គេដោនអីៗហ្នឹង(បង្កើតDownload)បាន ដល់អ៊ីចឹងគាត់ចេះជាងយើងច្រើន។ គាត់លេងអាហ្នឹងទៅគាត់ភ្លេចរៀនហើយម៉ែឪនិយាយប្រៀនប្រដៅអីគាត់អត់សូវយល់ អត់សូវស្តាប់ អ៊ីចឹងហាណាស់ ដល់អ៊ីចឹងវាលំបាក វាមានផលលំបាកដល់ម៉ែឪទាំងអស់ ទាំងកូនគេ កូនខ្ញុំ បើសិនជាមានបង្កើតអាហ្នឹងឡើងវា ម៉ែឪគ្រប់រូបសុទ្ធតែជួបទុក្ខលំបាកដូចខ្ញុំៗក៏ដូចតែគេអ៊ីចឹងហាណាស់»។
ទទឹមគ្នានេះលោក ឈឺន ឈន់ ជាគ្រូបង្រៀនម្នាក់នៅរាជធានីភ្នំពេញលើកឡើងថា សព្វថ្ងៃអ្នកបង្កើតល្បែងអនឡាញមានវិធីសាស្រ្តអូសទាញជាច្រើន មិនថាតាមរូបភាពផ្តល់រង្វាន់ក្តី រូបភាពស៊ិចស៊ីក្តី ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាសង្គមងាយធ្លាក់ខ្លួនប្រព្រឹត្តិល្បែងស៊ីសងតាមអនឡាញ។
«អ៊ឹម! បច្ចុប្បន្នទាក់ទងនឹងវិស័យអនឡាញ ពិសេសហ្គេមអនឡាញហាណាស់គេប្រើពាក្យថាហ្គេមកម្សាន្តអនឡាញគឺគេលែងប្រើពាក្យថាល្បែងអនឡាញឲ្យគេប្រើពាក្យថាហ្គេមកម្សាន្តអនឡាញ ដើម្បីជាការទាក់ទាញទៅដល់ទស្សនិកជន ក៏ដូចជាប្រជាជននៅក្នុងស្រុកយើងឲ្យចាប់អារម្មណ៍ថា វាគ្រាន់តែជាគ្រាន់តែសម្រាប់កំសាន្តឲ្យឈ្នះលុយទៀត អាហ្នឹងៗអីដែលខ្ញុំឃើញបច្ចុប្បន្ន ហើយទាក់ទងនឹងល្បែងនេះទៀតសោត គឺបច្ចុប្បន្នសុសសាយនៅលើអនឡាញខ្លាំងមែនទែន ហើយទាក់ទងនឹងវិស័យក្រៅពីអនឡាញក៏វា មានដែរ ក៏ប៉ុន្តែវាអត់រីកចម្រើនខ្លាំងដូចវិស័យអនឡាញនោះទេ»។
រីឯលោក យា ឈឺន ជាយុវជនស្ម័គ្រចិត្តជនជាតិដើមភាគតិចកួយនៅភូមិត្រឡែកចាស់ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលកំពុងបន្តរៀបចំឱ្យកុមារា-កុមារី ជួបជុំគ្នា អានសៀវភៅ រៀនរបាំ ហាត់កីឡា និងចងមិត្តភាពគ្នា ជៀសវាងពីការប្រើប្រាស់ទូរសព្ទលើកឡើងថា ប្រទេសកម្ពុជាមានវប្បធម៌សម្បូរបែប តំបន់ទេសចរណ៍ ជាច្រើនដែល គួរផ្សព្វផ្សាយ ជាជាងការផ្សព្វផ្សាយមាតិកាហ្គេមអនឡាញ ដែលបង្កឲ្យមានភាពអសន្តិសុខសង្គម និងផលប៉ះពាល់នានា។
«ហ្គេមអនឡាញគឺប៉ះពាល់ខ្លាំងទៅដល់ក្មេងៗ ទៅដល់យុវជន ឬមួយក៏យុវវ័យដែលតាមសម័យអ៊ីចឹងហាណាស់អ៊ីចឹងវាប៉ះពាល់ធ្ងន់ខ្លាំងមែនទែនសម្រាប់ពួកគាត់ ហើយមិនមែនប៉ះពាល់តែប៉ុណ្ណឹងទេ វាប៉ះពាល់ដល់សង្គមក៏ដូចជាប្រទេសយើងទាំងមូលដែរ ដែលរងការប៉ះពាល់ពីល្បែងអនឡាញ។ វាគ្រាន់តែជាប្រព័ន្ធមួយដែលធ្វើឱ្យយើងវក់ជាមួយនឹងការលេង តែយើងបែរជាធ្វើឱ្យសង្គមយើងជះឥទ្ធិពលមកដល់បងប្អូនដែលមិនដឹងអី។ រូបភាពហ្នឹងវាអាចថាទាក់ទាញភ្នែករបស់យុវជនក៏ដូចជាក្មេងៗជំនាន់ក្រោយ។ ប្រសិនណាយើងនៅតែព្យាយាមបង្កើតអាប្រព័ន្ធអនឡាញហ្នឹងឡើងកាន់តែច្រើនបញ្ហាកាន់តែកើនសម្រាប់មកដល់ហគមន៍ ជាពិសេសក្មេងៗគាត់មិនដឹងអី គាត់មើលរូបភាពអ៊ីចឹងវាប៉ះពាល់ខ្លាំងមែនទែន»។
ជាការកត់សម្គាល់ដាច់ដោយឡែកទាក់ទងបញ្ហាល្បែងអនឡាញនេះ បានធ្វើឱ្យមនុស្សមួយចំនួនលង់ខ្លួនចាញ់ល្បែងរហូតសម្រេចចិត្តធ្វើអត្តឃាត។ ហើយមាតិកាផ្សព្វផ្សាយល្បែងអនឡាញទាំងនោះ ក៏មានការចូលរួមផ្សព្វផ្សាយពីតារាល្បីៗ និងអ្នកបង្កើតមាតិកាមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនងាយលង់ខ្លួនសាកល្បងលេង។
បើតាមកញ្ញា កូវ ចន្តា និស្សិតឆ្នាំទី៤ និង កញ្ញា បូរី សុម៉ាលីស និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង យល់ថា មួយរយៈក្រោយមកនេះ ការផ្សព្វផ្សាយប្រព័ន្ធហ្គេមអនឡាញកាន់តែកឃ្លើនពីសំណាក់បុគ្គលដែលមានប្រជាប្រិយភាពដែលកាន់តែធ្វើឲ្យមានឥទ្ធិពល និងការអូសទាញកាន់តែច្រើន ពិសេសអ្នកចង់សាកល្បងលេងរហូតដល់លងខ្លួនក្នុងបំពុល និងឈានដល់ការធ្វើឃាតនៅក្នុងគ្រួសារផងដែរ។
កញ្ញា កូវ ចន្តា «សម្រាបសង្គមសព្វថ្ងៃ និងMedia សព្វថ្ងៃចំពោះហ្គេមអនឡាញហ្នឹងគឺមានការផ្សព្វផ្សាយច្រើនបងពីសំណាក់បុគ្គលល្បីមួយចំនួនដែលគាត់ផ្សព្វផ្សាយដើម្បីទទួលបានប្រាក់កម្រៃពីខាងហ្នឹងហើយមើលឃើញថាវាក៏មានផលជះច្រើនដែរ ទៅកាន់មនុស្ស និយាយទៅវាប៉ះពាល់ច្រើនខ្លាំងព្រោះប្រជាជនយើងឥឡូវពេញនិយមប្រើប្រាស់ប្រព័ន្ធMedia អ៊ីចឹងណាស់បង។ ខ្ញុំឃើញតាមប្រព័ន្ធMedia ដែលសូម្បីតែគ្រូបង្រៀន គាត់រៀនគាត់សិក្សាមានចំណេះដឹងគាត់នៅតែចាញ់បោក ទម្រាំតែអ្នកធម្មតាអ្នកដែលគាត់គ្រាន់តែចង់លេងធម្មតាអីទៀត អ៊ីចឹងវាកាន់តែលងខ្លួនជ្រៅហាបង»។
កញ្ញា បូរី សុម៉ាលីស៖ «ឃើញដូចថារីកសុសសាយមួយរយៈនេះរាងខ្លាំង ដោសារអ្នកខ្លះគាត់មានគ្រួសារទៅ គាត់វក់នឹងល្បែងអនឡាញហាស! ហើយគាត់អាចឈានដល់ជំពាក់បំណុលច្រើន។ ដូចព័ត៌មានប៉ុន្មានថ្ងៃមុនហ្នឹង គាត់សម្លាប់គ្រួសារទាំងអស់ហាស! អាហ្នឹងខ្ញុំគិតថាគាត់មានវិបត្តិសេដ្ឋកិច្ចទៅ យើងជំពាក់គេខ្លាំងហើយយើងកាន់តែឬលេងទៅវាធ្វើឱ្យយើងកាន់តែដុនដាបហើយណាមួយសេដ្ឋកិច្ចឆ្នាំ២០២៤នេះវាស្រុតចុះវារកអត់សូវបាន»។
កញ្ញា បូរី សុម៉ាលីស និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យកសិកម្មចំការដូង។ WMC/Ngeen seanglim
ជុំវិញបញ្ហានេះ ជនជាតិដើមភាគតិចកួយលោក យា ឈឺន ថា នៅក្នុងសហគន៍របស់លោកក៏មានអ្នកលេងល្បែងស៊ីសងដោយផ្ទាល់ និងតាមបណ្តាញសង្គមនានា ពោលគេតាមប្រព័ន្ធអនឡាញនេះតែម្តង ប៉ុន្តែមានតិចតួចប៉ុណ្ណោះ។ លោកស្នើសុំដល់អ្នកបង្កើតមាតិការមួយចំនួនគិតដល់ផលប៉ះពាល់ ហើយអ្នកពាក់ព័ន្ធជួយយកចិត្តទុកដាក់ ធ្វើអន្តរាគមន៍លើបញ្ហានេះ។
«តាមជាក់ស្តែងទៅទី១ អ្ហឹៈ! យើងតម្រូវការឱ្យយើងបញ្ចូលកាត់ទូរសព្ទ បញ្ចូលលុយអ៊ីចឹងទៅដើម្បីលេងអ៊ីចឹងហាណាស់ហើយអ្នកនៅតាមជនបទនៅក្នុងសហគមន៍គឺ យើងមិនមានលុយគ្រប់គ្រាន់សម្រាប់បញ្ចូលលុយហើយទៅលេងអីប្រព័ន្ធអនឡាញអ៊ឹចឹងទេ អ៊ីចឹងទៅពួកគាត់ក៏ប្រែចិត្តព្រោះវា ចំណាយគ្រាន់តែកាតទូរសព្ទហ្នឹង គ្រាន់តែ១ខែ ១សប្តាហ៍ហ្នឹងមិនដឹងដាក់អស់ប៉ុន្មានដុល្លាទេបញ្ចូលលេងហ្គេម ឬមួយបញ្ចូលលុយទៅតាមក្រុមនីមួយៗអ៊ីចឹងទៅ»។
ពាក់ព័ន្ធបញ្ហាល្បែងស៊ីសងនេះ មួយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ៥ចំណុច។ ដោយក្នុងនោះ លោកបង្គាប់ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បញ្ឈប់ជាបន្ទាន់រាល់ការបង្កើតគេហទំព័រ គណនី ឬមាតិកា ក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ជាងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ មាននាទីអប់រំដល់ប្រជាពលឲ្យយល់ដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឲ្យបានតឹងរឹងតាមដែនសមត្ថកិច្ចរបស់ខ្លួនចំពោះករណីនេះ៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម