ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ យកចិត្តទុកដាក់ និងការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងធានានូវលក្ខខណ្ឌការងារល្អប្រសើរ។ ក្រសួងក៏បានព្រមានផ្តន្ទាទោសតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិផងដែរ ប្រសិនបើម្ចាស់ ឬ នាយកសហគ្រាស អនុវត្តមិនបានត្រឹមត្រូវ តាមវិធានការណែនាំ។
នៅក្នុងសេចក្តីណែនាំស្តីពីការការពារ ជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះដែលទើបចេញផ្សាយនៅពាក់កណ្ដាលខែកុម្ភៈនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកយកអនុសាសន៍របស់នាយករដ្ឋមន្ត្រីក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតជាស្ត្រី និងដើម្បីធានា នូវលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសសម្រាប់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ហាមរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ។
សហគ្រាស គ្រឹះស្ថានត្រូវបើកផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព។ មិនត្រូវព្យួរកិច្ចសន្យាការងារកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុង រយៈពេល ៩ ខែ ក្រោយការសម្រាកលំហែមាតុភាព លើកលែងតែជាការព្យួរកិច្ចសន្យាការងារទាំងស្រុងនៅក្នុងផ្នែកណាមួយ នៃសហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិតទាំងអស់។ ត្រូវបានលើកទឹកចិត្តឱ្យបន្តកិច្ចសន្យាការងារដោយស្វ័យប្រវត្តិចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ ឆ្នាំ ក្រោយសម្រាលកូន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីការងារ ហាមឃាត់រាល់ការបញ្ឈប់ពីការងារចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬ កម្មករនិយោជិត ជាស្ត្រីក្នុងរយៈពេល ១ ឆ្នាំ ក្រោយសម្រាលកូន លើកលែងតែមានការប្រព្រឹត្តកំហុសធ្ងន់។ ត្រូវស្នើសុំការពិនិត្យ និងសម្រេចជាមុនពីអធិការការងារក្នុងការបញ្ឈប់ពីការងារចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬ កម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ ឆ្នាំ ក្រោយសម្រាលកូន។ ក្នុងករណី ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន មិនអនុវត្តតាមវិធានការណែនាំនេះ ត្រូវទទួលរងការផ្ដន្ទាទោសស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕