en     km
en     km

ក្រសួងរកឃើញករណីបង្ហូរទឹកកខ្វក់ជាលើកទី២របស់ក្រុមហ៊ុនកាងស៊ីនឡុងខណៈធ្លាប់រងពិន័យ៣០លាន៛ម្តងរួចមកហើយ

Share

ភ្នំពេញ៖​ ក្រសួងបរិស្ថានរកឃើញថា ក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd ដែលមានទីតាំងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបង្ហូរសំណល់រាវបំពុលប្រភពទឹកអូររអិល ដោយបង្កឱ្យទឹកមានក្លិនស្អុយ ផលប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ការរកឃើញនេះ ជាលើកទី២ហើយ បន្ទាប់ពីក្រុមហ៊ុនមួយនេះធ្លាប់រងការផាកពិន័យជាប្រាក់ចំនួន ៣០ លានរៀលម្តងរួចមកហើយ កាលពីឆ្នាំមុនលើកករណីបង្ហូរទឹកកខ្វក់ស្រដៀងគ្នានេះ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ក្រសួងបរិស្ថាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះករណីបំពុលបរិស្ថានថ្មីមួយទៀតលើទំព័រហ្វេសប៊ុក បន្ទាប់ពីក្រសួង នារយៈពេលចុងក្រោយ តែងបង្ហាញអត្តសញ្ញាណក្រុមហ៊ុនដែលប្រតិបត្តិការរកស៊ីដោយគ្មានទំនួលខុសត្រូវផ្នែកសង្គមបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅរបស់មនុស្សក្បែរតំបន់រោងចក្រ។

ដោយឡែកក្រសួងបរិស្ថានបញ្ជាក់នៅថ្ងៃនេះថា ក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd ដែលធ្លាប់រងការផាកពិន័យជាប្រាក់ចំនួន ៣០លានរៀលកាលពីឆ្នាំ២០២៤ម្តងរួមហើយនោះ បច្ចុប្បន្នក្រុមហ៊ុននេះនៅតែគឃ្លើនបង្ហូរទឹកកខ្វក់ចូលប្រភពទឹកនៅក្បែររោងចក្រនោះដដែរ ដែលករណីនេះក្រសួងកំពុងពិនិត្យអាចឈានដល់ការអនុវត្តតាមក្រមបរិស្ថាន បើសិនជារកឃើញថា ក្រុមហ៊ុនពិតជាមិនរាងចាល។

ស្ថានភាពទឹកកខ្វក់ក្នុងអូររអិលបង្កពីក្រុមហ៊ុន Cangxinlong Food។រូបភាពពីហ្វេលប៊ុកក្រសួងបរិស្ថាន។

ផ្អែកតាមក្រសួងបរិស្ថានក្រុមហ៊ុនរោងចក្រកែច្នៃដំណាបស្វាយនេះ មានទីតាំងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍  ក្រុមការងារ «ប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត» នៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈរបស់ក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. កាលពីថ្ងៃទី១៨ និងទៅ១៩ ខែមីនា ឆ្នាំ២០២៥។

តាមការយកសំណាកមកពិនិត្យបញ្ជាក់ថា ស្ថានភាពទឹកក្នុងអូររអិល ពិតជារងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយមែន ដោយជាក់ស្តែង ទឹកបានប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមតាមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។

សកម្មភាពក្រុមការងារពិនិត្យគុណភាពទឹក។រូបភាពពីហ្វេលប៊ុកក្រសួងបរិស្ថាន។

យោងតាមការរកឃើញខាងលើនេះ ក្រុមការងារ«ប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត»វាយតម្លៃថា ករណីបំពុលនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។

ជំហានបន្ទាប់ក្រុមការងារខាងលើ  បានប្រមូលយកសំណាកចំនួន ៦បន្ថែមទៀត ទៅវិភាគដើម្បីវាយតម្លៃគុណភាពធៀបកម្រិតកំណត់ស្តង់ដារដែលបានកំណត់ដោយអនុក្រឹត្យលេខ២៧ និងអនុក្រឹត្យលេខ១០៣ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

សកម្មភាពក្រុមការងារពិនិត្យគុណភាពទឹក។រូបភាពពីហ្វេលប៊ុកក្រសួងបរិស្ថាន។

សូមរំលឹកជូនថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥សប្តាហ៍នេះលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យ ក្រុមហ៊ុនចក្រកែច្នៃដំណាប់ស្វាយមួយនេះ ត្រូវបញ្ឈប់សកម្មភាពបង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងតម្រូវឱ្យស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះលោករដ្ឋមន្រ្តី តម្រូវឱ្យក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈផងដែរ៕

Share

ព័ត៌មានទាក់ទង