en     km
en     km

អភិបាលក្រុងព្រះវិហារចុះសម្របសម្រួលភ្លាមៗករណីក្រុមហ៊ុនមិនចេញប្លង់រឹងជូនអតិថិជន៥៧នាក់

Share

ព្រះវិហារ៖ ក្រោយពីទទួលបានព័ត៌មានពីសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តព្រះវិហាររាយការណ៍ករណីប្រជាពលរដ្ឋសុំកិច្ចអន្តរាគមន៍ជាថ្មី លើបញ្ហាក្រុមហ៊ុនលក់ដីឡូត៌មួយមិនចេញប្លង់រឹងជូនពលរដ្ឋរួចមក គឺនៅរសៀលថ្ងៃដដែលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលក្រុងព្រះវិហារក៏បានចុះជួបពលរដ្ឋភ្លាមៗដើម្បីជួបពិភាក្សាជួយសម្របសម្រួលបញ្ហានេះ។

នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីខេត្តព្រះវិហារបញ្ជាក់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

នៅក្នុងជំនួបពិភាក្សានោះលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារបានកំណត់នូវគោលការណ៍គន្លឹះសំខាន់ៗចំនួន ៣ ដើម្បីជួយអន្តរាគមន៍ជួយពលរដ្ឋដែលកំពុងមានបញ្ហាទិញដីឡូត៌មិនទទួលបានប្លង់រឹងពីក្រុមហ៊ុន យូតា ណាយូមិ ស៊ូតា ឯ.ក ។

សកម្មភាពនៃជំនួបរបស់អភិបាលក្រុងព្រះវិហារជួបជាមួយពលរដ្ឋក្រោយទទួលបានសេចក្តីរាយការណ៍ព័ត៌មានពីសិក្ខាកាមវិទ្យុស្រ្តី។រូបភាពពី សុវណ្ណារិទ្ធ។

ក្នុងនោះទី១ លោកអភិបាលក្រុងព្រះវិហារស្នើទៅកាន់ប្រជាពលរដ្ឋកុំទាន់ចាត់ចែងទិញ លក់ ឬផ្ទេរកម្មសិទ្ធិលើដីនោះ ក៏ប៉ុន្តែអាចសាងសង់លំនៅឋានរស់នៅបាន។ ទី២ លោកក៏ផ្តាំផ្ញើទៅពលរដ្ឋករណីបើសិនខាងក្រុមហ៊ុនតម្រូវឱ្យបង់ប្រាក់ទៀតនោះ គឺមិនត្រូវយល់ព្រមនោះទេដោយត្រូវរង់ចាំការដោះស្រាយវិវាទត្រូវបិទបញ្ចប់ជាមុនសិន។ និងទី៣ ករណីបើសិនជាភាគីក្រុមហ៊ុនចុះមករុះរើផ្ទះ ឬទាមទារយកដីដែលបានទិញនោះ ត្រូវរាយការណ៍មកកាន់រដ្ឋបាលក្រុងភ្លាម ដើម្បីសមត្ថកិច្ចក្រុងចាត់ចែងទប់ស្កាត់បានទាន់ពេលវេលា។

បន្ថែមក្នុងជំនួបនោះដែរ លោកអភិបាលក្រុងបានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា មន្រ្តីក្រុងនិងខេត្តតែងយកចិត្តទុកដាក់នោះសុខទុក្ខរបស់ពលរដ្ឋ និងសន្យាជួយពន្លឿនរៀបចំដោះស្រាយជូនពលរដ្ឋឱ្យឆាប់ទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ឆាប់ៗខាងមុខនេះ៕

អត្ថបទខ្លីសរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។​

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង