en     km
en     km

សមាគមខ្មែរកម្ពុជាក្រោមនិងបក្សនយោបាយមួយចំនួនទាមទារឱ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម

Share

ភ្នំពេញ៖ ក្នុងពិធីរំឭក​ខួប ៧៦ឆ្នាំ ដែលបារាំងផ្ទេរការគ្រប់គ្រងទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាម សមាគមខ្មែរកម្ពុជាក្រោម និងគណបក្សនយោបាយប្រឆាំងមួយចំនួន ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ស្នើរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ពលរដ្ឋខ្មែរក្រោម និងទាមទារវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម រួមទាំងដោះលែងសកម្មជន និងព្រះសង្ឃខ្មែរក្រោម។ យ៉ាងណា ការទាមទារខាងលើ ត្រូវបានមន្ត្រីបក្សកាន់អំណាចចាត់ទុកជាសិទ្ធិបញ្ចេញមតិ ខណៈទឹកដីកម្ពុជាក្រោមបានក្លាយជាកម្មសិទ្ធិរបស់វៀតណាមទៅហើយ។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

 

​ការទាមទាររបស់សមាគម និងគណបក្សនយោបាយទាំងនោះ ធ្វើឡើងនាឱកាសរំឭក​ខួប ៧៦ឆ្នាំ ដែលរៀបចំនៅស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ។ ពិធីរំឭក​ខួបនេះ មានការចូលរួមពីពលរដ្ឋខ្មែរ និងខ្មែរក្រោម ព្រះសង្ឃ គណបក្សកម្លាំងជាតិ គណបក្សភ្លើងទៀន គណបក្សជំនាន់ថ្មី និងគណបក្សឆន្ទៈខ្មែរ ហើយក៏មានការឃ្លាំមើលពីបណ្ដាអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិផងដែរ។

លោក សឺន ជុំជួន អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ថ្លែងក្នុងពិធីរំឭក​ខួបថា ក្រោយពីបារាំង បានផ្ទេរទឹកដីកម្ពុជាក្រោមឱ្យវៀតណាម គឺប្រទេសវៀតណាមព្យាយាមប្រើយុទ្ធសាស្ត្រច្របាច់ទឹកដីកម្ពុជាក្រោមឱ្យក្លាយជាប្រទេសវៀតណាមទាំងមូល ហើយយុទ្ធសាស្ដ្រនេះបានសម្រេចកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ នៅពេលទឹកដីកម្ពុជាក្រោម ត្រូវបានវៀតណាមគ្រប់គ្រងហើយ លោកថា ប្រជាជនវៀតណាមខាងជើងរាប់លាននាក់ត្រូវបានទម្លាក់មកឱ្យរស់នៅលើទឹកដីកម្ពុជាក្រោមជាបន្តបន្ទាប់។

រូបភាពគណបក្សនយោបាយនានា ប្រារព្វខួប ៧៦ឆ្នាំ បារាំងកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាម។

ក្រៅពីប្រជាជនវៀតណាមមករស់​នៅលើទឹកដីកម្ពុជាក្រោមហើយ អនុប្រធានរូបនេះថ្លែងទៀតថា រដ្ឋាភិបាលវៀតណាម បានចេញក្រឹត្យចំនួន៤ រួមមាន៖ ទីមួយ លុបឈ្មោះខ្មែរកម្ពុជាក្រោម ដោយប្ដូរឈ្មោះថា យួនកំណើតខ្មែរ ទីពីរ រឹតត្បិតការសិក្សា អប់រំ របស់កូនចៅខ្មែរក្រោម ខណៈវិធានការទាំងនេះ បន្ថែមការចាប់ខ្លួន និងការសម្លាប់ខ្មែរក្រោមថែមទៀតផង។ ទីបី គោលនយោបាយកំណែទម្រង់ដីធ្លី ដែលវៀតណាមយកដីធ្លីជារបស់ខ្មែរក្រោមទៅឱ្យប្រជាជនខ្លួន និងទីបួន ហាមដាច់ខាតនៅតាមវត្តអារាមព្រះពុទ្ធសាសនានីមួយៗ មានព្រះសង្ឈមិនលើសពី ១៥អង្គ និងដាក់បម្រាមមិនឱ្យទេសនាផ្ទាល់មាត់ ហើយបើសឹកត្រូវធ្វើជាទាហានវៀតណាម។

លោក សឺន ជុំជួន៖ «រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាមបានចូលគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ននេះ ស្ថានភាពសិទ្ធិខ្មែរក្រោមរងការគាប់សង្កត់ជាបន្តបន្ទាប់សារជាថ្មី គេតែតែងអនុវត្តផែនការកំណែទម្រង់ដីធ្លី។ បន្ថែមលើនេះរាស្ដ្រខ្មែរទាំងអស់រស់នៅក្រោមការគ្រប់គ្រងរឹតបន្ដឹង ធ្វើទុក្ខបុម្នេញគ្រប់ពេល អ្វីៗទាំងអស់ត្រូវបានបាត់បង់នាពេលនោះ ដូចជា អក្សរសិល្បិ៍ វប្បធម៌ សាសនា សិទ្ធិសេរីភាព និងសិទ្ធិជាម្ចាស់វាសនាខ្លួនឯង ព្រះសង្ឈត្រូវបក្សកុម្មុយនិស្តចាប់សឹក យកចេញពីវត្តអារាមដាក់គុកស្ទើតែគ្រប់វត្តនៅទូទាំងប្រទេស ហើយមិនអនុញ្ញាតរៀនអក្សរខ្មែរ ជាពិសេសភូមិវិទ្យា និងប្រវត្តិវិទ្យារបស់ខ្មែរ គឺមិនឱ្យរៀន និងអានជាដាច់ខាត»។

ឆ្លៀតក្នុងឱកាសប្រារព្ធខួបនេះ លោកថា​ សមាគមខ្មែរកម្ពុជាក្រោម ទាមទាររដ្ឋាភិបាលវៀតណាមចំនួន ៤ចំណុច ទីមួយ ទាមទារឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៦អង្គ/រូប ទីពីរ ទាមទារសាងសង់សាលាឆទានឡើងវិញនៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចកាលពីខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។ ទីបី ទាមទារបញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម និងទីបួន ពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាមឱ្យស្របទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញវៀតណាម និងស្របតាមគោលការណ៍សិទ្ធិមនុស្សដែលវៀតណាមបានផ្ដល់សច្ចាប័ន។

ជុំវិញពិធីរំឭកខួបនេះ គណបក្សកម្លាំងជាតិ ចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការរើសអើង ដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលបានចាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ បន្ថែមពីនេះ គណបក្សកម្លាំងជាតិ ក៏ស្នើឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម បើកលំហសេរីភាពឱ្យបានពេញលេញ ផ្នែកវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំអក្សរសាស្ត្រខ្មែរ និងការការពារទ្រព្យសម្បត្តិដូនតា។

ការអំពាវនាវបែបនេះ ដោយសារគណបក្សមួយនេះ មើលឃើញថា រយៈពេល ៧៦ឆ្នាំកន្លងមកនេះ ប្រជាជនខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម បាននិងកំពុងរស់នៅវេទនាក្នុងទឹកដីកំណើតរបស់ខ្លួន ដោយការធ្វើទុក្ខបុម្នេញ រើសអើង ជិះជាន់ បំបិទសិទ្ធិសេរីភាព ប្រើអំពើហិង្សា និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរវៀតណាម។

ជាមួយគ្នានេះដែរ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី សរសេរលើទំព័រហ្វេសប៊ុកដោយសំណូមពរទៅដល់រដ្ឋបាលក្រុងហាណូយ មេត្តាកុំជាន់ឈ្លីសិទ្ធិសេរីភាព និងគ្មានការរឹតត្បិតទៅដល់ពលរដ្ឋខ្មែរក្រោម មិនថាជំនឿសាសនា ប្រពៃណី វប្បធម៌ ឬក៏អក្សរសាស្រ្តខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរកម្ពុជាក្រោម ។

ក្រៅពីនេះលោក សុវណ្ណារ៉ា ក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជា ស្នើសុំទៅរដ្ឋាភិបាលវៀតណាមឱ្យជួយមើលថែរក្សាពលរដ្ឋខ្មែរកម្ពុជាក្រោម ដូចដែលមេដឹកនាំកំពូលៗ មិនថាជាអគ្គលេខាបក្ស ប្រធានាធិបតី ប្រធានរដ្ឋសភា ឬក៏នាយករដ្ឋមន្រ្តីវៀតណាមនោះទេ សុទ្ធតែស្នើដល់មេដឹកនាំកម្ពុជាជារឿយៗ ឱ្យយកចិត្តទុកដាក់ និងបង្កលក្ខណៈដល់ការរស់នៅរបស់ជនជាតិខ្លួន ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។

រូបភាពពីហ្វេសប៊ុកលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់វិទ្យុស្ដ្រីថា បញ្ហាពលរដ្ឋខ្មែរក្រោមនេះ មិនមែនគណបក្សប្រជាជនជាអ្នកចរចា ដោះស្រាយឡើយ តែបញ្ហានេះទាមទារឱ្យរដ្ឋាភិបាលប្រទេសទាំងពីរទៅវិញទេ ដើម្បីជួបជជែកគ្នាដោះស្រាយ។

លោក សុខ ឥសាន៖ «គណបក្សណាៗដែលមានយោបល់វាជារឿងរបស់គេ ការមើលឃើញរបស់គេ ក៏ប៉ុន្តែយើងដឹងហើយថាទឹកដីកូសាំងស៊ីនដែលជាអតីតខ្មែរកម្ពុជាក្រោមនេះ គឺត្រូវបានបារាំងប្រគល់ដាច់ស្រេចទៅឱ្យស្ដេចបាវដាយហើយពីថ្ងៃ៤ ខែមិថុនា ឆ្នាំ១៩៤៩ ហើយការធ្វើនេះវាមាននីតិវិធីរបស់គេត្រឹមត្រូវមិនអាចរើបានទេ»។

ទោះបីយ៉ាងណាអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងបរិបទស្ថិតក្នុងក្របខណ្ឌអនុសញ្ញា និងកតិកាសញ្ញា ដែលមានចែងនៅក្នុងអង្គការសហប្រជាជាតិ នោះពលរដ្ឋខ្មែរក្រោមមានសិទ្ធិតវ៉ា និងមានសិទ្ធិប្ដឹងទៅអង្គការសហប្រជាជាតិ ក្នុងករណីមានការរំលោភបំពានពីអាជ្ញាធរវៀតណាម។

លោក សុខ ឥសាន៖ «ជាយោបល់ខ្ញុំគឺយើងមិនអាចចេះតែទៅអីអ្នកនយោបាយមួយចំនួន ចេះតែនិយាយថានៅតែមានលទ្ធភាពទាមទារអី ទាមទារអី បើគេនៅពេញទឹកពេញដីទៅហើយ កោះត្រល់ហ្នឹងគេធ្វើសណ្ឋានគារ គេធ្វើតារាងកាប៉ាល់ហោះពេញទឹកពេញដីទៅហើយ មិនអាចទៅនិយាយថាកោះត្រល់ហ្នឹងមានចំណាយតែ១៥គីឡូមកឆ្នេរកំពត និង៤៥គីឡូទៅឆ្នេរខេត្តហាទៀន។ អ៊‌ីចឹងមិនត្រូវបានមកខ្មែរទេ គេមិនយកអាជិតហ្នឹងទេ គេមិនយកជិត ឫឆ្ងាយធ្វើជាកម្មសិទ្ធិរបស់ប្រទេសណាមួយទេ»។

កាលពីថ្ងៃទី២៩ ខែមេសាកន្លងមកនេះ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានដាក់ញត្តិទៅកាន់ជូនក្រសួងការបរទេស ទាមទារចំនួន ៣ចំណុច ទីមួយ ទាមទារឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៦អង្គ/រូប ក្នុងនោះមាន៖ ព្រះតេជគុណ គឹម សំរិន្ទ លោក ថាច់ ង៉ា លោក ថាច់ ស្វឹងដុង ដែលទើបតែចាប់ខ្លួននាពេលថ្មីៗនេះ។ ទីពីរ ទាមទារសាងសង់សាលាឆទានឡើងវិញនៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចកាលពីខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។ និងទីបី ទាមទារបញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង