តាមរយៈគំនិតផ្តួចផ្តើមរបស់អង្គការលីកាដូទាក់ទិននឹងការផ្តល់សំឡីអនាម័យទៅកាន់កុមារីនិងស្រ្តីនៅតាមពន្ធនាគារប្រមាណ ១៩ទីតាំងសម្រាប់ឆ្នាំ២០២៥ បានបិទបញ្ចប់ជាទីមោទកក្រោយមានសប្បុរសជនចូលរួមជាហូរហែ។ យ៉ាងណា បញ្ហាកង្វះសំឡីអនាម័យនេះបានបង្ហាញពីតម្រូវការចាំបាច់របស់ស្រ្តីជាប់ឃុំ ដែលត្រូវការប្រើប្រាស់ជារៀងរាល់ខែ។ ទាំងអង្គការសង្គមស៊ីវិល និងមន្រ្តីពន្ធនាគារមើលឃើញថា ទោះមានអង្គការមិនមែនរដ្ឋាភិបាល សប្បុរសជន និងរបបរដ្ឋផ្តល់ឱ្យកុមារីនិងស្រ្តីថែទាំអនាម័យសុខភាពខ្លួនប្រាណបានខ្ជាប់ខ្ជាន់យ៉ាងណាក្តី ក៏ប៉ុន្តែក្រុមគ្រួសារគឺជាបុគ្គលដ៏សំខាន់ដែលត្រូវចូលរួមនៅក្នុងកាតព្វកិច្ចនេះ។
(កញ្ញា កែវ សុជាតា រាយការណ៍)
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ថា គម្រោង«កុមារតាមម្តាយក្នុងពន្ធនាគារ» ដែលធ្វើឡើងក្នុងគោលបំណងប្រមែប្រមូលសំឡីអនាម័យឱ្យទៅកុមារីនិងស្រ្តីជាប់ឃុំក្នុងពន្ធនាគារប្រើប្រាស់ដោយឥតគិតថ្លៃ បានឈានដល់សម្រេចបានជាផ្លែផ្កា ដែលក្នុងនោះស្ត្រី និងក្មេងស្រីជាអនីតិជនសរុបជាង ២៨០០នាក់ នឹងទទួលបានការផ្គត់ផ្គង់សំឡីអនាម័យប្រើប្រាស់ជាប់លាប់ពេញមួយឆ្នាំ២០២៥។ មូលហេតុចម្បងដែលធ្វើឱ្យអង្គការលីកាដូផ្តួចផ្តើមគំនិតនេះឡើង គឺដោយសារតែសង្កេតឃើញថា ស្រ្តី និងក្មេងស្រីក្នុងពន្ធនាគារកំពុងខ្វះខាតសំឡីអនាម័យដើម្បីប្រើប្រាស់ប្រចាំខែ ដែលធ្វើឱ្យការថែទាំសុខភាពនៅពេលមករដូវហាក់នៅមានចន្លោះប្រហោង។ ក្នុងន័យនេះ លោកពន្យល់ថា ក្រុមគ្រួសារជនជាប់ឃុំមួយចំនួនបានមើលរំលងនិងមិនសូវអើបពើពីសុខភាព អនាម័យ និងរបៀបរស់នៅរបស់សមាជិកដែលជាប់ឃុំក្នុងពន្ធនាគារ ពិសេសចំពោះស្រ្តីនិងកុមារីដែលត្រូវការការយកចិត្តទុកដាក់បន្ថែមពីអ្នកផ្ទះ។
លោក អំ សំអាត៖«បើយើងមើលទៅបញ្ហាសំឡីអនាម័យឬក៏បញ្ហាសុខភាពគឺការមករដូវរបស់ស្រ្តីឬក៏ការមករដូវរបស់កុមារអនីតិជនដែលជាស្រ្តីហ្នឹង ហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍ទាំងក្រុមគ្រួសារក៏ដោយ។ អ៊ីចឹងហើយបានជាការដែលយើងធ្វើការទៅ យើងមើលឃើញថា ពួកគាត់គឺមានការខ្វះខាត ហើយជាបញ្ហាសំខាន់សម្រាប់ស្រ្តីនិងអនីតិជនជាស្រ្តីដែលគាត់ត្រូវការចាំបាច់រឿងសុខភាពនៅពេលមានរដូវ។»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ។ រូបភាព៖ WMC/Sithy
នាយកប្រតិបត្តិអង្គការលីកាដូខាងលើដដែល សង្កត់ធ្ងន់ថា បច្ចុប្បន្ននៅក្នុងពន្ធនាគារមានសភាពចង្អៀត ដ្បិតមានចំនួនអ្នកជាប់ឃុំខ្លួនច្រើន ដូច្នេះបញ្ហាសុខភាពអនាម័យចំពោះស្រ្តីនិងក្មេងស្រីជាអនីតិជនក្លាយជាក្តីកង្វល់ដែលក្រុមគ្រួសារមិនគួរមើលរំលង។ លោកថា បញ្ហាសុខភាពទាំងនោះអាចមានដូចជា ការចម្លងរោគដោយសារកត្តាខ្វះអនាម័យនៅពេលមករដូវប្រចាំខែ អាចបង្កឱ្យមានជំងឺថប់បារម្ភពេលបរិយាកាសមិនអំណោយផលនិងកន្លែងតូចចង្អៀតជាដើម និងអាចបង្កជាបញ្ហាសុខភាពនានា។
រូបភាព៖ អង្គការលីកាដូ
រូបភាព៖ អ៊ីនធឺណេត
ចំពោះការផ្តល់ឱ្យនូវសំឡីអនាម័យនេះ លោក អំ សំអាត បញ្ជាក់យ៉ាងច្បាស់ថា នឹងផ្តល់ឱ្យស្រ្តី និងកុមារីជាអនីតិជនទាំងអស់ដែលជាប់ឃុំក្នុងពន្ធនាគារចំនួន ១៩កន្លែងនៅទូទាំងប្រទេសក្នុង២០២៥ ដោយមិនប្រកាន់វណ្ណៈឬនាមត្រកូលអ្នកជាប់ឃុំខ្លួននោះឡើយ ពោលគឺអង្គការលីកាដូនឹងផ្តល់ជូនស្រ្តីនិងកុមារីដែលមានតម្រូវចាំបាច់ប្រើប្រាស់សំឡីអនាម័យទាំងអស់។ ជុំវិញករណីនេះដែរ មន្រ្តីជំនាញដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សកម្ពុជារូបនេះ បានបង្ហាញគោលជំហរថា ក្រៅតែពីជួយទៅដល់អ្នកជាប់ឃុំខ្លួន គម្រោងនេះក៏បានជួយសម្រួលទៅដល់ពន្ធនាគារដែលរួមចំណែកផ្គត់ផ្គង់សំឡីអនាម័យទៅដល់ស្រ្តីនិងកុមារីដែលជាប់ឃុំ។
ជុំវិញរឿងនេះ លោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ជាក់ស្តែងខាងពន្ធនាគារបានជ្រាបពីការចូលរួមផ្សព្វផ្សាយនិងការរៃអង្គាសថវិកាដើម្បីទិញសំឡីអនាម័យឱ្យជនជាប់ឃុំជាស្រ្តី និងក្មេងស្រី ក៏ប៉ុន្តែពន្ធនាគារពុំទាន់ទទួលបានសម្ភារៈអនាម័យពីអង្គការលីកាដូនៅឡើយ។ ចំពោះបញ្ហាអនាម័យស្រ្តីនេះដែរ លោកថា បច្ចុប្បន្នពុំទាន់មានបញ្ហាអ្វីជាគួរទីកត់សម្គាល់នោះទេ ដោយហេតុថានៅពេលជនជាប់ឃុំនៅក្នុងពន្ធនាគារមានបញ្ហាឈឺថ្កាត់ណាមួយគឺនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលសេវាសុខភាពដូចអ្នកនៅក្រៅឃុំដែរ។ រីឯសម្ភារៈអនាម័យរបស់ស្រ្តីដែលត្រូវប្រើប្រាស់ជារៀងរាល់ខែ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ពួកគេទទួលបានរបបសម្ភារៈអនាម័យជាប្រចាំពីខាងពន្ធនាគារដែលក្នុងនោះមានដូចជាសំឡីអនាម័យជាដើម ក៏ប៉ុន្តែការផ្គត់ផ្គង់នេះមានចំនួនកំណត់។
លោក ឃៀង សុណាឌីន៖«ទី១ចំពោះបញ្ហាសុខភាពដូចជាមិនមានអីជាការកត់សម្គាល់ខុសប្លែកពីជនជាប់ឃុំទូទៅទេ ប្រសិនជាគាត់ឈឺអី គាត់ទទួលសេវាហ្នឹង។ ខ្ញុំចង់បញ្ជាក់អ៊ីចឹងណា៎។ ហើយជាទូទៅស្រ្តីនៅក្នុងពន្ធនាគារក៏ដូចជាស្រ្តីនៅក្នុងសហគមន៍ខាងក្រៅដែរ គឺគាត់មានតម្រូវការពាក់ព័ន្ធនឹងសុខភាពអនាម័យ ខ្ញុំចង់បញ្ជាក់អ៊ីចឹងណា៎។ អ៊ីចឹងពន្ធនាគារយើងខ្ញុំបានព្យាយាមដើម្បីគិតគូរពីបញ្ហានេះជូនពួកគាត់។»។
លោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ។ រូបភាព៖ អ៊ីនធឺណេត
ស្រដៀងគ្នានឹងលោក អំ សំអាត ដែរ ដើម្បីដោះស្រាយបញ្ហាកង្វះតម្រូវការនេះ ក្រុមគ្រួសារជនជាប់ឃុំអាចទិញយកមកផ្ញើសាច់ញាតិដែលជាប់ឃុំបានទៅតាមតម្រូវជាក់ស្តែង។ ក្នុងនាមជាមន្រ្តីធ្វើការជាប់លាប់និងតាមដានស្ថានភាពក្នុងពន្ធនាគារ លោកយល់ថា សមាជិកគ្រួសារដើរតួយ៉ាងសំខាន់សម្រាប់ជនជាប់ឃុំ។
លោក ឃៀង សុណាឌីន៖«អ្វីដែលខ្ញុំចង់បន្ថែមគឺថា ស្នើសុំឱ្យក្រុមគ្រួសារសាច់ញាតិគាត់ហ្នឹងយកចិត្តទុកដាក់ចំពោះស្រ្តីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារយើង មានន័យថា បង្កើនការសួរសុខទុក្ខ បង្កើនការសួរនាំអំពីការរស់នៅប្រចាំថ្ងៃរបស់ជនជាប់ឃុំនៅពេលដែលគាត់មកសួរសុខទុក្ខអ៊ីចឹងណា៎។ សូមឱ្យមានសកម្មភាពសួរសុខទុក្ខនេះឱ្យបានច្រើនចំពោះស្រ្តីនៅក្នុងពន្ធនាគារ ហើយហ្នឹងមួយទៀតស្នើសុំឱ្យមានការគាំទ្រផ្សេងៗពីសប្បុរសជន ក៏ដូចជាអង្គការផ្សេងៗពាក់ព័ន្ធទៅនឹងស្រ្តីនៅក្នុងពន្ធនាគារ។»។
គួរបញ្ជាក់ថា គម្រោង «កុមារតាមម្តាយក្នុងពន្ធនាគារ» របស់អង្គការលីកាដូ ធ្វើការងារលើកកម្ពស់សិទិ្ធស្រ្តី និងអនីតិជនស្រីនៅក្នុងពន្ធនាគារ និងខិតខំព្យាយាមផ្តល់ឱ្យអ្នកទាំងនោះនូវសំឡីអនាម័យដោយឥតគិតថ្លៃ និងលទ្ធភាពក្នុងការប្រើប្រាស់សំឡីអនាម័យឱ្យបានជាប់លាប់។ ជាលទ្ធផលនៃសកម្មភាពបរិច្ចាគ ស្ត្រីនិងក្មេងស្រីជាអនីតិជនក្នុងពន្ធនាគារសរុបជាង ២៨០០នាក់ នឹងទទួលបានការផ្គត់ផ្គង់សំឡីអនាម័យដោយឥតគិតថ្លៃ និងជាប់លាប់សម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២៥។ តាមរយៈការបរិច្ចាគជាថវិកា និងជាសំឡីអនាម័យ អង្គការលីកាដូទទួលបានជាសំឡីអនាម័យសរុបចំនួនជាង ២,៦០០០ កញ្ចប់ដែលនឹងត្រូវចែកចាយទៅកាន់ស្ត្រីជាង ២៥០០នាក់នៅក្នុងពន្ធនាគារចំនួន ១៦កន្លែង នឹងមានសំឡីអនាម័យប្រើប្រាស់សម្រាប់រយៈពេលប្រាំពីរខែក្នុងឆ្នាំ២០២៥ ។ រីឯក្មេងស្រីជាអនីតិជន ស្ត្រីមានផ្ទៃពោះ និងម្តាយដែលមានកូនតូចក្នុងពន្ធនាគារចំនួនជាង ២៤០នាក់ នឹងមានសំឡីអនាម័យប្រើប្រាស់រយៈពេលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៥៕