en     km
en     km

រដ្ឋាភិបាលដកហូតដី៤០ហិកតាពីក្រុមហ៊ុនប្រគល់ជូនប្រជាសហគមន៍នៅភ្នំខ្នងផ្សារប្រកបរបរផ្នែកទេសចរណ៍

Share

ភ្នំពេញ៖ តាមការគ្រោងទុកនិងការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល ឥឡូវក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍បានអនុវត្តចុះដកបង្គោលព្រំរបស់ក្រុមហ៊ុនឯកជនសរុបមានទំហំ ៤០ហិកតា ប្រគល់ជូនប្រជាសហគមន៍តាំងបំពង់លើភ្នំខ្នងផ្សារ ដើម្បីម្ចាស់ការផ្តល់សេវាកម្មទេសចរណ៍ដោយខ្លួនឯង។ ការចុះដកបង្គោលព្រំរបស់ក្រុមហ៊ុនឯងជនដែលជាផ្នែកមួយនៃការលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារនេះ បានអនុវត្តកាលពីថ្ងៃទី១៣ ខែមីនា ម្សិលមិញដោយទំព័រហ្វេសប៊ុកអ្នកនាំពាក្យរដ្ឋាភិបាលទើបបង្ហោះនៅព្រឹកថ្ងៃទី១៤ ខែមីនានេះ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

អនុវត្តតាមអនុសាសន៍ចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៨ ខែមីនា នោះ បច្ចុប្បន្ននេះរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាននិងអភិបាលខេត្តកំពង់ស្ពឺ ចាប់ផ្តើមធ្វើការងារហើយដោយដំបូងដៃនោះគឺដកបង្គោលព្រំដីរបស់ក្រុមហ៊ុនឯកជនចេញពីតំបន់ភ្នំខ្នងផ្សារ។ ជំហានបន្ទាប់ ក្រុមការងារបន្តសិក្សាប្លង់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ក្នុងការផ្តល់សេវាជូនទេសចរដែលមកកម្សាន្ត។ មិនតែប៉ុណ្ណោះ ក្នុងការសិក្សានេះ ក្រុមការងារក៏ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

សកម្មភាពដកបង្គោលព្រំរបស់ក្រុមហ៊ុនឯកជន។រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី៨ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារពីក្រុមហ៊ុនឯកជន ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ។ ការសម្រេចនេះ ក៏កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីបានដឹកនាំរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនចុះជួបប្រជាពលរដ្ឋនៅតំបន់ភ្នំខ្នងផ្សារ និងស្វែងយល់ពីតម្រូវការរបស់ប្រជាសហគមន៍។ ក្នុងជំនួបនោះ ប្រជាសហគមន៍បានលើកជាសំណើចង់ទុកតំបន់នេះជាកន្លែងអាស្រ័យផលផ្នែកទេសចរណ៍ដោយខ្លួនឯង ពោលមិនចង់ឱ្យរដ្ឋវិនិយោគទៅកាន់ក្រុមហ៊ុននោះទេ ព្រោះអាចធ្វើឱ្យពលរដ្ឋបាត់បង់ប្រភពចំណូលផ្នែកទេសចរណ៍។

សកម្មភាពសម្តេចនិងមន្រ្តីមួយចំនួនចុះជួបបងប្អូនប្រជាពលរដ្ឋនៅភ្នំខ្នងផ្សារស្វែងយល់ពីជីវភាពនិងតម្រូវការ។រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

ក្រោយត្រឡប់ពីស្វែងយល់ជីវភាពនិងតម្រូវរបស់ពលរដ្ឋវិញ បច្ចុប្បន្នេះរដ្ឋាភិបាលបានសម្រេចបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៤ ដោយបានដកហូតបង្គោលព្រំរបស់ក្រុមហ៊ុនចេញ​ហើយប្រគល់ដីទំហំ៤០ហិក ប្រគល់ជូនដល់សហគមន៍តាំងបំពង់ដើម្បីបម្រើសេវាកម្មទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងបេសសកម្មរបស់ក្រុមមន្រ្តីនៃក្រសួងជាសេនាធិការរដ្ឋាភិបាលទាំង ២ អបដោយអភិបាលដែនដីខេត្តកំពង់ស្ពឺផង ក្រុមការងារបានពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង​ ដើម្បីជំរុញគម្រោងអភិវឌ្ឍន៍នេះ ក្លាយជាទេសចរណ៍ធម្មជាតិ ជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ ដែលនេះជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំខ្នងផ្សារ និងខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញ។

សកម្មភាពដកបង្គោលព្រំរបស់ក្រុមហ៊ុនឯកជន។រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

ពីជ្រុងមួយនៃសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សវិញ លោក សាន់ ម៉ាឡា ធ្លាប់បានសម្តែងការសាទរចំពោះចំណាត់ការនេះពីប្រមុខរដ្ឋាភិបាលដែលទុកលទ្ធភាពដល់ប្រជាសហគមន៍អាចម្ចាស់ការលើការមប្រើសេវាកម្មផ្នែកទេសចរណ៍ដោយខ្លួនឯងនេះ។ តែយ៉ាងណាលោកចង់ឃើញបន្ថែមទៀត ឱ្យរដ្ឋាភិបាលបន្តយន្តការបែបនេះទៅតំបន់ដែលមានសកត្តានុពលទេសចរណ៍ផ្សេងទៀត ព្រោះភាគច្រើនលោកតែងប្រទះឃើញថា តំបន់ណាដែលមានភាពអំណោយផលទាក់ទងទេសចរតែងតែក្លាយជារបស់ក្រុមហ៊ុនឯកជនជាអ្នកគ្រប់គ្រង។

សូមបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសម្បូរទៅដោយព្រៃឈើក្រាស់ៗ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត ជាមួយនឹងសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារមានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តការកម្សាន្តបែបធម្មជាតិដើរភ្នំជាដើម។ ភ្នំខ្នងផ្សារ មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាងនេះនៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សារ ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត៕

Share

ព័ត៌មានទាក់ទង