en     km
en     km

គ្រួសារសកម្មជនទីក្រុងប៉ារីសបន្តធ្វើតាមនីតិវិធីច្បាប់ដោយរំពឹងថាតុលាការផ្តល់យុត្តិធម៌ជូនពួកគេ

Share

ក្រុមគ្រួសារសកម្មជនទីក្រុងប៉ារីស ដែលជាប់ឃុំខ្លួនដោយការបញ្ចេញមតិពាក់ព័ន្ធគម្រោង CLV បញ្ជាក់ថា ពួកគេនឹងបន្តជួយសកម្មជនទាំងនោះទៅតាមនីតិវិធីច្បាប់ ទោះបីសាលាដំបូងរាជធានីភ្នំពេញ ពន្យារពេលសវនាការជំនុំជម្រះក្ដី។ ពួកគេរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ជូនសកម្មជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញ។ កញ្ញា ជា សុខនី រាយការណ៍

 

 

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសកម្មជនទីក្រុងប៉ារីស មានលោក ស្រ៊ុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែសវនាការនេះត្រូវពន្យារពេល ដោយសារមេធាវីការពារក្ដីអវត្តមាន និងរង់ចាំនីតិវិធីសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។

ស្ថានភាពនៅថ្ងៃបើកសវនាការសកម្មជនលើកនេះ ហាក់ដូចជាស្ងប់ស្ងាត់ មិនមានវត្តមានអ្នកសារព័ត៌មាន និងអ្នកគាំទ្រចូលរួមអ៊ូអរដូចសវនាការលើកមុនឡើយ។ ថ្ងៃនេះមានតែមន្រ្តីអ្នកឃ្លាំមើលសិទ្ធិមនុស្សពីអង្គការសហប្រជាជាតិ (UN) និងអង្គការសិទ្ធិមនុស្សជាតិមួយចំនួនទៀតប៉ុណ្ណោះ មានវត្តមានចូលរួមក្នុងនោះមានទាំងក្រុមគ្រួសារសកម្មជនផងដែរ។

កញ្ញា ភឹង សោភ័ណ បងស្រីកញ្ញា ភឹង សោភា បានចូលរួមសវនាការនេះ ប្រាប់វិទ្យុស្ដ្រីថា ក្នុងសវនាការនេះ មានវត្តមានកញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ តែលោក ស្រ៊ុន ស្រ៊ន មិនមានវត្តមានមកចូលរួមឡើយ។ ដោយសារតែគ្មានវត្តមានមេធាវីការពារក្ដី និងការសម្រេចពីសាលាឧទ្ធរណ៍ ដែលកន្លងមកមេធាវីប្ដឹងទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបំបែកសំណុំរឿងទៅជា៥ករណី ពីបទញុះញង់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ដូច្នេះហេតុផលទាំងនេះ ធ្វើឱ្យតុលាការសម្រេចពន្យារពេលជំនុំជម្រះសំណុំរឿងនេះ ដោយលើកពេលសវនាការជំនុំជម្រះនៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះ។

កញ្ញា ភឹង សោភ័ណ៖ «ការឃុំខ្លួនបណ្ដោះអាសន្នហ្នឹង វាប៉ះពាល់ពលរដ្ឋផ្សេងទៀត ជាពិសេសពួកគាត់ទាំងពីរ ពីព្រោះពួកគាត់ទាំងពីរតែងតែធ្វើដំណើរទៅចែករំលែកអ្វីដែលគាត់ចេះ អ្វីដែលគាត់ដឹង អ៊‌ីចឹងវាប៉ះពាល់ដល់ការរៀនសូត្ររបស់បងប្អូនដទៃទៀត»។

បើតាមកញ្ញា ភឹង សោភ័ណ ស្ថានភាពប្អូនស្រីខ្លួនរស់នៅក្នុងពន្ធនាគារ មានភាពល្អប្រសើរទេ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយកញ្ញា សោភា បានយកពេលវេលានោះទៅចំណាយលើការអានសៀវភៅច្រើន។

កញ្ញា ភឹង សោភ័ណ បងស្រីកញ្ញា ភឹង សោភា។ WMC/Chea sokny

កញ្ញា ភឹង សោភ័ណ៖ «ខ្ញុំសង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៌ និងត្រឹមត្រូវចំពោះមនុស្សល្អដូចជាពួកគាត់ ហើយពួកយើងសង្ឃឹមថា នឹងទទួលបានភាពយុត្តិធម៌ត្រឹមត្រូវ ដែលស្របទៅតាមច្បាប់ស្របទៅតាមនីតិវិធី»។

ភរិយាលោក ស៊្រុន ស្រ៊ន គឺអ្នកស្រី ស៊ឹង សុភីណា បញ្ជាក់ដែរថា សវនាការនេះ គ្មានវត្តមានស្វាមីអ្នកស្រីមកចូលរួម គឺដោយសារគ្មានដីកាកោះហៅទៅដល់ស្វាមីរបស់អ្នកស្រី។ ថ្វីដ្បិតគ្មានវត្តមានស្វាមីក្នុងសវនាការលើកនេះ តែអ្នកស្រីរំពឹងថា តុលាការនឹងអនុវត្តឱ្យត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ដែលមានទាំងអស់។

អ្នកស្រី សុភីណា លើកឡើងថា រយៈពេលដែលស្វាមីជាប់ឃុំកន្លងមកនេះ ជីវភាពក្នុងគ្រួសារមានការលំបាកច្រើន ព្រោះគ្មានវត្តមានមេគ្រួសារ ដោយអ្នកស្រីត្រូវទទួលរងបន្ទុកទាំងការសិក្សាកូន ការចំណាយលើអាហារប្រចាំថ្ងៃ និងការចំណាយទៅសួរសុខទុក្ខស្វាមីក្នុងពន្ធនាគារ។

អ្នកស្រី ស៊ឹង សុភីណា៖ «សង្ឃឹមថាពួកគាត់ដែលជាប់ទាំងអស់គ្នាហ្នឹងទទួលបានយុត្តិធម៌ ហើយក៏នៅតែសង្ឃឹមថាតុលាការនឹងដំណើរការទៅតាមនីតិវិធីច្បាប់ចាស»។

អ្នកស្រី ស៊ឹង សុភីណា ប្រពន្ធលោក ស្រ៊ុន ស្រ៊ន។ WMC/Chea sokny

កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៉ានមុន្នី និងលោក សាន សិទ្ធិ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤។ បទចោទនេះពាក់ព័ន្ធនឹងលោក ស្រ៊ុន ស្រ៊ន និងសហការីរបស់លោក ចេញវីដេអូលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ ​វៀតណាម ហៅកាត់ថា CLV។

ក្នុងចំណោមជនជាប់ចោទទាំង ៤នាក់ ក្នុងនោះលោក ចក់ ប៉ានមុន្នី ត្រូវបានដោះលែងឱ្យនៅក្រៅបណ្ដោះអាសន្នហើយ។ ចំណែក ៣នាក់ទៀត គិតមកដល់ពេលនេះ នៅជាប់ឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ៦ខែហើយ។

ក្រៅពីសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងនោះក៏មានសកម្មជនសង្គម អ្នកនយោបាយ និងយុវជនមួយចំនួន ដែលពាក់ព័ន្ធព្រឹត្តិការណ៍គម្រោង CLV នៅបន្តជាប់ឃុំខ្លួនក្នុងពន្ធនាគារផងដែរ។

ជុំវិញរឿងនេះ លោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធទូរស័ព្ទថា មូលហេតុដែលលោកមិនចូលរួមសវនាការនេះ ដោយមើលឃើញថាខុសនីតិវិធី។ ខុសនីតីវិធីនេះ លោកបកស្រាយថា កន្លងមកកូនក្ដីទាំង៣ មិនព្រមទទួលយកសាលក្រមកាត់ក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចបំបែកសំណុំរឿងទៅជា ៥ករណី កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយលោកជាមេធាវីបានប្ដឹងទាស់លើសាលក្រមនេះទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ តែមិនទាន់មានការសម្រេចយ៉ាងណាពីសាលាឧទ្ធរណ៍ផង បែរជាសាលាដំបូងបើកសវនាការជំនុំជម្រះ។

លោក សឺន ជុំជួន៖ «ការប្ដឹងឧទ្ធរណ៍ សាលាឧទ្ធរណ៍កំពុងដំណើរការនីតិវិធី អ៊‌ីចឹងបើយើងនិយាយទៅតាមបញ្ញត្តិច្បាប់ អនុភាពនៃការអនុវត្តសាលក្រម ទាល់តែរង់ចាំសេចក្ដីសម្រេចពីឧទ្ធរណ៍សិន ទើបនីតិវិធីដំណើរការសវនាការនៅសាលាដំបូង។ អ៊‌ីចឹងមានន័យថាសវនាការថ្ងៃហ្នឹង តុលាការលើកយកសំណុំរឿងផ្អែកទៅលើសាលក្រមសម្រេចកន្លងមក អ៊‌ីចឹងទៅវាផ្ទុយទៅនឹងបញ្ញត្តិច្បាប់ យើងមិនអាចចូលរួមសវនាការហ្នឹងបានទេ»។

ងាកមកអ្នកស្រី ស្វាយ ពៅ ភរិយាលោក សាន សិទ្ធិ លើកឡើងថា មូលហេតុដែលអ្នកស្រីមិនបានមកចូលរួមសវនាការនេះ ដោយសារមិនមានថវិកាធ្វើដំណើរឡើងមករាជធានីភ្នំពេញ ហើយមួយទៀតក្រោយពីលោក សាន សិទ្ធិ ជាប់ឃុំ បន្ទុកក្នុងគ្រួសារត្រូវធ្លាក់លើអ្នកស្រីទាំងស្រុង។ ទោះបីជីវភាពក្នុងគ្រួសារលំបាក តែអ្នកស្រីនៅតែមានក្ដីសង្ឃឹមថា តុលាការនឹងអនុវត្តទៅតាមច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនស្វាមីខ្លួន។

អ្នកស្រី ស្វាយ ពៅ៖ «ខ្ញុំនៅតែជឿជាក់ទៅលើប្រព័ន្ធផ្លូវច្បាប់អ៊‌ីចឹង ហើយខ្ញុំនៅតែជឿជាក់ទៅលើប្រព័ន្ធតុលាការអ៊‌ីចឹង តុលាការខ្មែរ គឺថាបើមានទោសក៏គួររកទោសឱ្យឃើញចុះ តែបើមិនមានទោសទេ សុំឱ្យតុលាការទម្លាក់បទចោទ ហើយដោះលែងគាត់ឱ្យជុំកូន ជុំប្រពន្ធវិញទៅ ព្រោះអីយើងក៏ជំពាក់បំណុលគេក៏វាច្រើនដែរ សុំឱ្យដោះលែងគាត់មកវិញមក យើងរកស៊ីសងគេអ៊‌ីចឹងណា»។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។

ក្រោយពីប្រកាសសម្រេចដកខ្លួន មានពលរដ្ឋ សកម្មជនសង្គម និងយុវជនមួយចំនួន ដែលរងបទចោទពាក់ព័ន្ធការ​​ចូលរួម​បញ្ចេញមតិ​ ​ឬ​លើកឡើង​ពី​ផែនការ​ប្រមូលផ្តុំ​គ្នា​ ជុំវិញព្រឹត្តិការណ៍គម្រោង C​L​V​ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នជាបន្តបន្ទាប់ ក្រោយពួកគេបានចេញវីដេអូសុំទោស។

យោងតាមរបាយការណ៍អង្គការលីកាដូ បានកត់ត្រាចាប់ពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះអង្គការលីកាដូ រកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់ឃុំនៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍គម្រោង CLV៕

Share

ព័ត៌មានទាក់ទង