en     km
en     km

នាយកដ្ឋានបច្ចេកវិទ្យាក្រើនរំលឹកពលរដ្ឋប្រយ័ត្នកម្ចីតាមអនឡាញក្រោយជនរងគ្រោះជាច្រើនចាញ់បោកជនខិលខូច

Share

 

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នកម្ចីប្រាក់តាមអនឡាញ ក្រោយមានជនរងគ្រោះជាច្រើនចាញ់បោកជនល្មើសផ្ដល់ប្រាក់កម្ចីតាមអនឡាញនេះតាមរូបភាព និងសារផ្សព្វផ្សាយបែបទាក់ទាញ។ យ៉ាងណាអ្នកធ្វើការវិស័យហិរញ្ញវត្ថុ និងវិស័យសិទ្ធិមនុស្ស ស្នើឱ្យអាជ្ញាធរបង្កើនការអប់រំដល់ប្រជាពលរដ្ឋ និងផ្ដន្ទាទោសឱ្យតឹងរ៉ឹងលើបុគ្គលដែលប្រព្រឹត្តអំពើឆបោកនេះ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

សារក្រើនរំលឹករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ បង្កើតឡើងបន្ទាប់ពីមានជនរងគ្រោះជាច្រើន ត្រូវជនអនាមិក ប្រើប្រាស់បណ្ដាញហ្វេសប៊ុក និងតេលេក្រាម ដោយមានការដាក់ឈ្មោះជាក្រុមហ៊ុនផ្សេងៗ ហើយបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចី ក្រោមលក្ខខណ្ឌផ្តល់កម្ចីងាយស្រួលជាដើម។ តាមរយៈការផ្សព្វផ្សាយលក្ខខណ្ឌងាយស្រួលនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋទាក់ទងស្នើសុំកម្ចីពីជនឆបោកទាំងនោះ ហើយពួកគេក៏បានថតឯកសារផ្សេងៗដែលជាអត្តសញ្ញាណរបស់ខ្លួនផ្ញើទៅឱ្យជនឆបោក។

សមត្ថកិច្ចបន្តប្រាប់ពីល្បិចឆបោករបស់ជនខិលខូចយ៉ាងដូច្នេះថា បន្ទាប់ពីទទួលបានឯកសារពីជនរងគ្រោះ ជនឆបោកទាំងនោះ ក៏បានឱ្យជនរងគ្រោះផ្ញើលុយមកពួកគេដែលជាថ្លៃរត់ឯកសារ និងថ្លៃរដ្ឋបាលដើម្បីឈានទៅទទួលបានកម្ចីនោះ។ នៅពេលទទួលបានលុយពីជនរងគ្រោះ ជនឆបោកទាំងនោះ មិនបានផ្ដល់កម្ចីឱ្យតាមការសន្យាឡើយ និងថែមទាំងយកឯកសារអត្តសញ្ញាណរបស់ជនរងគ្រោះទៅបង្ហោះ បង្កាច់បង្ខូចឈ្មោះ ដើម្បីគំរាមយកលុយពីជនរងគ្រោះបន្ថែមទៀតជាដើម។

ចំពោះមុខបញ្ហាទាំងអស់នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ពលរដ្ឋគប្បីប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់។

យ៉ាងណា លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៤ ខែមីនានេះថា ក្រុមហ៊ុន ឬបុគ្គល ដែលអះអាងថាខ្លួនជាអ្នកផ្ដល់ប្រាក់កម្ចីតាមអនឡាញ សុទ្ធតែមិនមានច្បាប់អនុញ្ញាតនោះទេ។ នៅពេលមិនមានច្បាប់អនុញ្ញាត លោកថា​ របររកស៊ីរបស់ក្រុមកម្ចីអនឡាញទាំងនោះ មានលក្ខណៈបោកប្រាស់ និងគ្មានក្រមសីលធម៌ប្រតិបត្តិការអាជីវកម្មឡើយ។

លោកថា ថ្វីបើបច្ចុប្បន្ននេះសមាគមមិនមានទិន្នន័យគ្រប់គ្រាន់ដែលបញ្ជាក់ថាមានប្រជាពលរដ្ឋប៉ុន្មាន បានចាញ់បោកកម្ចីអនឡាញក្ដី ប៉ុន្តែជាក់ស្ដែងសូម្បីតែលេខទូរស័ព្ទរបស់លោក ក៏មានក្រុមកម្ចីអនឡាញទាក់ទងមកដើម្បីផ្ដល់កម្ចី ក្នុងមួយខែពី៣នាក់ ទៅ៤នាក់ដែរ។ ដូច្នេះលោកទាញការសន្និដ្ឋានថា ប្រជាពលរដ្ឋដែលមិនសូវយល់ដឹងកម្ចីអនឡាញនេះ ពួកគេកាន់តែងាយចាញ់បោកជនខិលខូចទាំងនោះ។

លោក កាំង តុងងី៖ «ការប្រាក់ទាំងអស់នេះសុទ្ធតែការប្រាក់អារក ចន្លោះពី ៤០ ទៅ​ ៦០ភាគរយ អ៊‌ីចឹងវាបង្កការលំបាក វាប៉ះពាល់ដល់ប្រជាពលរដ្ឋយើងច្រើនមែនទែន។ ពពួកកម្ចីទាំងអស់នេះ ពេលខ្លះយើងមើលទៅវាស្រួលយកមែន ក៏ប៉ុន្តែកើតឡើងបន្ទាប់ពីទទួលកម្ចីហ្នឹងវាមានបញ្ហាច្រើន មិនថាការប្រាក់ត្រូវបង់ត្រឡប់ទៅវិញ មិនការគំរាមកំហែង ហើយមានករណីខ្លះមិនមែនការផ្ដល់កម្ចីទេ វាបោកប្រាស់យើងតែម្ដង វាឱ្យយើងបង់លុយនេះបង់លុយនោះ ដើម្បីទទួលបានកម្ចីហ្នឹងណា»។

លោក កាំង តុងងី។ WMC

អ្នកជំនាញលើវិស័យធនាគាររូបនេះ បង្ហាញពីគន្លឹះមួយចំនួនដែលអាចសន្និដ្ឋានបានថាជាក្រុមបោកប្រាស់ ដោយការផ្តល់កម្ចីរបស់ជនខិលខូចទាំងនោះតែងមានអត្រាការប្រាក់ខ្ពស់ និងការបង់ថ្លៃសេវាផ្សេងៗជាច្រើនជាលក្ខខណ្ឌតម្រូវដើម្បីទទួលបានកម្ចី។

លោក កាំង តុងងី«អ៊‌ីចឹងពលរដ្ឋត្រូវស្វែងយល់បញ្ហាទាំងអស់ហ្នឹង ហើយទម្លាប់ប្រើសេវាហិរញ្ញវត្ថុ ឬកម្ចីពីគ្រឹះស្ថានផ្លូវការដែលមានច្បាប់ និងមានទីតាំងច្បាស់លាស់ ដោយសារគ្រឹះស្ថានដែលមានច្បាប់ ទីមួយ ការប្រាក់គេមិនលើសពី ១,៥ភាគរយទេក្នុងមួយខែ។ ទីពីរ គឺមានការការពារដោយច្បាប់ មានបញ្ហាអីគឺយើងអាចប្ដឹងទៅគ្រឹះស្ថានខ្លួនឯង ប្ដឹងសមត្ថកិច្ច ឬតុលាការអីជាដើមធម្មតាដូចមានច្បាប់ការពារយើង។ អ៊‌ីចឹងពលរដ្ឋខ្លួនឯងត្រូវយល់ពីបញ្ហានេះ និងសហការជាមួយអាជ្ញាធរដាក់ពាក្យបណ្ដឹងដើម្បីឱ្យអាជ្ញាធរ ចាត់វិធានការបង្ក្រាបពួកហ្នឹងបាន»។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងដែរថា មូលហេតុដែលនៅតែឃើញប្រជាពលរដ្ឋបន្តចាញ់បោកកម្ចីអនឡាញនេះ ដោយភាពក្រីក្រ និងជំពាក់បំណុល។ ដូច្នេះភាពក្រីក្រី និងការជំពាក់បំណុលគេនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋធ្លាក់ចូលក្នុងទីផ្សាររបស់ក្រុមអ្នកផ្ដល់កម្ចីអនឡាញ។

លោក អំ សំអាត៖ «ពេលបច្ចុប្បន្ននេះទាក់ទងនឹងកម្ចីអនឡាញហ្នឹង វាហាក់ដូចជារីកដុះដាលច្រើន ហើយជាភាពងាយស្រួលខ្ចីតាមប្រព័ន្ធបច្ចេកវិទ្យា ពីព្រោះការបង្កើតវានេះមិនមែនជាការពិបាកទេ អ៊‌ីចឹងហើយបានឱ្យមានកម្ចីអនឡាញច្រើន ហើយក៏មានពលរដ្ឋជាច្រើននាក់ ត្រូវបានរងគ្រោះដោយសារកម្ចីអនឡាញហ្នឹង។ បញ្ហាកម្ចីអនឡាញនេះវាជារឿងមួយដ៏គួរឱ្យព្រួយបារម្ភ ហើយពលរដ្ឋអាចនឹងបន្តរងគ្រោះជាបន្តបន្ទាប់»។

ជាដំណោះស្រាយកុំឱ្យពលរដ្ឋចាញ់បោកកម្ចីអនឡាញនេះ លោក អំ សំអាត ស្នើឱ្យអាជ្ញាធរត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីភាពរងគ្រោះនៃកម្ចីនេះទៅកាន់ប្រជាពលរដ្ឋឱ្យបានច្រើន។ បន្ថែមពីនេះអាជ្ញាធរត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងទៅលើបុគ្គល ឬក្រុមហ៊ុន ដែលផ្ដល់កម្ចីអនឡាញខុសច្បាប់ឱ្យប្រជាពលរដ្ឋ។

បញ្ហាប្រជាពលរដ្ឋចាញ់បោកកម្ចីអនឡាញនេះ ជាក្ដីកង្វល់របស់រដ្ឋាភិបាល ហើយបញ្ហានេះត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ដោយថ្មីៗនេះបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា (គ.ប.ឆ.ប.) ដោយផ្ដល់អំណាចដល់អាជ្ញាធរបង្ក្រាប និងអនុវត្ដច្បាប់ប្រឆាំងអំពើឆបោកតាមអនឡាញគ្រប់ទម្រង់៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង