en     km
en     km

សាលាឧទ្ធរណ៍ បដិសេធមិនផ្ដល់នីតិសម្បទាឱ្យលោក រ៉ុង ឈុន ក្រោមហេតុផលមិនទាន់សងសំណង

Share

 

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បដិសេធមិនផ្ដល់នីតិសម្បទាឱ្យលោកឡើងវិញ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយ ក្រោមហេតុផលទីប្រឹក្សារូបនេះ មិនទាន់សងសំណងទៅឱ្យគណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែនរួចរាល់។ លោក គីម ចាន់ចាវ រាយការណ៍

 

 

​នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បើកសវនាការលើការស្នើសុំផ្ដល់នីតិសម្បទាលោក រ៉ុង ឈុន។ ក្នុងបន្ទប់សវនាការ ជំនុំជម្រះអស់រយៈពេលជិត ២ម៉ោង លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចបដិសេធមិនផ្ដល់នីតិសម្បទាឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ ដោយសារពាក្យស្នើសុំនីតិសម្បទា ធ្វើឡើងមិនត្រឹមត្រូវ និងរួមផ្សំលោក រ៉ុង ឈុន មិនទាន់សងសំណងខូចខាតនៅឡើយ។

ការស្នើសុំនីតិសម្បទានេះ ធ្វើឡើង​ដើម្បី​លុប​ចោល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ ​និង​ស្តារ​សិទិ្ធ​នយោបាយ​របស់​លោក រ៉ុង ឈុន​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក​កាលពី​ឆ្នាំ​២​០​២​១​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​  «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ​ដោយ​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ​១​៥​​ខែ​ ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​ដែល​ជា​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ ចំនួន​ ​៤​០​០​​លាន​រៀល​ ​ឬប្រមាណ​ជាង​ ​១​០​ម៉ឺនដុល្លារ​។ ការបង់ប្រាក់សំណងប្រមាណ ១០ម៉ឺនដុល្លារនេះ ពាក់ព័ន្ធនឹងសកម្មភាពលោក រ៉ុង ឈុន ចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពេលនោះលោក ចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ក៏ប៉ុន្តែគណៈកម្មាធិការព្រំដែនកម្ពុជាបានចេញមុខទាត់ចោលការលើកឡើងរបស់លោក រ៉ុង ឈុន នាពេលនោះ។

ក្រោយចេញពីបន្ទប់សវនាការ លោក រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ ថ្លែងប្រាប់អ្នកសារព័ត៌មានថា សាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញ បដិសេធមិនផ្តល់​នីតិ​សម្បទា​ដល់​រូប​លោក ក្រោមហេតុផលថា លោកមិនទាន់បង់ប្រាក់ពិន័យទៅឱ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។ លោកចាត់ទុកហេតុផលបដិសេធនេះ ជាលេសរបស់សាលាឧទ្ធរណ៍ ដើម្បីដោះខ្លួនពីការទទួលខុសត្រូវ ដែលធ្វើឱ្យលោកមិនអាចទទួលបានយុត្តិធម៌ឡើយ។

ទោះបីពេលនេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ​ បដិសេធការផ្ដល់នីតិសម្បទាក្ដី ប៉ុន្តែនៅចុងឆ្នាំ២០២៦ លោកនឹងទទួលបាននីតិសម្បទាពេញលេញដោយស្វ័យប្រវត្តិ ដើម្បី​​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ធ្វើ​សកម្ម​ភាពនយោ​បាយ​។

 

លោក រ៉ុង ឈុន៖ «ការសម្រេចសេចក្ដីរបស់តុលាការយើងមិនអាចទទួលយកបានទេ ពីព្រោះថាសម្រេចយកអំណះអំណាងបែបអ៊‌ីចឹងមិនផ្ដល់នីតិសម្បទា​ វាគ្រាន់តែជាលេស ភាសាដោះសារទេ មិនមែនជាភាសាទទួលខុសត្រូវរឿងសវនាការទេ ហើយបើតុលាការនៅតែប្រកាន់ឥរិយាបទបែបហ្នឹង មិនអាចរកយុត្តិធម៌ជូនពលរដ្ឋបានទេ ពីព្រោះឈរនៅលើជំហរនយោបាយ ច្រើនជាងវិជ្ជាជីវៈរបស់ខ្លួនបាទ!»។

​ទីប្រឹក្សាគណបក្សរូបនេះ នឹងមិនរង់ចាំដល់ថ្ងៃទទួលបាននីតិសម្បទាស្វ័យប្រវត្តិឡើយ លោក និងមេធាវី បន្តនីតិវិធីតាមផ្លូវច្បាប់ ដោយប្ដឹងទៅតុលាការកំពូល ដើម្បីស្នើសុំផ្ដល់នីតិសម្បទាឱ្យលោក។

លោក រ៉ុង ឈុន៖ «យើងត្រូវសង្ឃឹមតុលាការនៅស្រុកយើងមាន ៣ថ្នាក់ មានដំបូង មានឧទ្ធរណ៍ និងកំពូល ប៉ុន្តែមានតុលាការមួយថ្នាក់ទៀត គឺតុលាការប្រជាពលរដ្ឋ ថ្វីត្បិតតែតុលាការថ្នាក់ទីមួយទីពីរមិនផ្ដល់យុត្តិធម៌ឱ្យខ្ញុំ។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយតុលាការថ្នាក់ទីបួន ដែលជាតុលាការប្រជាពលរដ្ឋលោកនឹងផ្ដល់យុត្តិធម៌ឱ្យខ្ញុំ ហើយយើងនឹងរុញធ្វើម៉េចឱ្យសង្គមយើងមានយុត្តិធម៌ ហើយប្រជាពលរដ្ឋខ្មែរមិនមានការបែងចែកឋានៈទេស្មើភាពចំពោះមុខច្បាប់ដូចដែលច្បាប់បានកំណត់»។

កាលពី​ខែ​មេសា​កន្លងទៅនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បង្គាប់​ឱ្យ​រឹបអូស​អចលនវត្ថុ​របស់​លោក​ ​រ៉ុង ឈុន ​ដើម្បី​លក់​ឡៃ​ឡុង​យក​ប្រាក់​សង​ការខូចខាត​របស់​ដើមបណ្តឹង ដែលជាគណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា។ មុនឈានដល់ការរឹបអូសនេះ កន្លងមក លោក រ៉ុង ឈុន ទទួលបានលុយពីសប្បុរសជនឧបត្ថម្ភជួយលោកជាង ២ម៉ឺនដុល្លារ និងលុយខ្មែរជាង ៧លានរៀល ដើម្បី​សងការខូចខាត ប៉ុន្តែទឹកប្រាក់នេះមិនគ្រប់ចំនួន ត្រូវសាលាដំបូងបដិសេធមិនទទួលយក។

ប៉ុន្តែលោក ​ឃុន លាង​ម៉េង​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា មុនសម្រេចបដិសេធនេះ សាលាឧទ្ធរណ៍ បានធ្វើការដេញដោល និងពិនិត្យឃើញទម្រង់នៃពាក្យស្នើសុំផ្ដល់នីតិសម្បទារបស់លោក រ៉ុង ឈុន មិនត្រឹមត្រូវតាមទម្រង់មាត្រា៥៣៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយចំណុចមួយទៀត លោក រ៉ុង ឈុន មិនទាន់រួមគ្នាសងសំណងថ្លៃខូចខាតនៅឡើយ។

លោក ឃុន លាងម៉េង៖ «ចៅក្រមប្រឹក្សាគាត់ពិនិត្យឃើញថាពាក្យស្នើសុំរបស់គាត់ហ្នឹងធ្វើឡើងវាអត់ត្រឹមត្រូវតាមទម្រង់ និងចំណុចមួយទៀតដោយសារសមីខ្លួនហ្នឹងអត់ទាន់រួមគ្នាសងសំណងខូចខាត អ៊‌ីចឹងការស្នើសុំហ្នឹងវាអត់ត្រឹមត្រូវតាមនីតិវិធី»។

វិទ្យុស្ដ្រីព្យាយាមសួរលោក លាងម៉េង ចំពោះការបដិសេធនេះពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ដូចអ្វីដែលោក រ៉ុង ឈុន លើងឡើងដែរទេ? ប៉ុន្តែអ្នកនាំពាក្យរូបនេះ បដិសេធក្នុងការឆ្លើយតប ដោយប្រាប់ថាខ្លួនរវល់ប្រជុំ។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីដែរថា បើមើលទៅតាមនីតិវិធីផ្លូវច្បាប់ ទណ្ឌិតទាំងឡាយណាដែលអនុវត្តទោសរួចរាល់ ទាំងទណ្ឌកម្ម និងសំណង ដូច្នេះពួកគេអាចស្នើសុំតុលាការផ្ដល់នីតិសម្បទា។ ប៉ុន្តែលោកថា ចំពោះករណីលោក រ៉ុង ឈុន សាលាឧទ្ធរណ៍បានលើកហេតុផលថា លោក រ៉ុង ឈុន មិនទាន់អនុវត្តទោសសងសំណងជាង ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែនរួចរាល់នៅឡើយ។

 

លោក អំ សំអាត៖ «លោក រ៉ុង ឈុន ទីមួយគាត់ជាសកម្មជនសង្គម ទីពីរ សកម្មជនសិទ្ធិការងារ ទីបីជាសកម្មជននយោបាយ អ៊‌ីចឹងគាត់ជាអ្នកនយោបាយគាត់ត្រូវការនីតិសម្បទា ដើម្បីធ្វើនយោបាយ ដើម្បីធ្វើជាមន្ត្រីជាន់ខ្ពស់ ឬក៏មេដឹកនាំគណបក្សនយោបាយ។ នៅពេលដែលគាត់អត់មានការផ្ដល់នីតិសម្បទា បានន័យថាគាត់អត់អាចធ្វើបាន អាហ្នឹងបើយើងនិយាយពីសិទ្ធិវាប៉ះពាល់ដល់សិទ្ធិធ្វើនយោបាយរបស់គាត់បាទ!»។

បច្ចុប្បន្ននេះ លោក រ៉ុង ឈុន ក៏​កំពុង​ជាប់ក្តី​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ ​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញចោទ​ពី​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម» ​និងបទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ង​រ​ដល់​សន្តិ​សុខ​សង្គម»​ កាល​ពី​ខែ​សីហា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​វិទ្យុ​អាស៊ី​សេរី ​អំពីវត្ត​មាន​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​តាម​បន្ទាត់​ព្រំដែន ការ​ចុះសួរ​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​រស់​នៅ​បឹង​តាមោក ការ​ចុះជួបប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅព្រលាន​យន្ត​ហោះ​ថ្មីក្នុង​ខេត្ត​កណ្តាល ​និង​នៅ​ពេល​លោកទៅ​សម្ពោធ​ទីស្នាក់​ការ​គណបក្ស​នៅ​ស្រុក​កោះធំ​ ខេត្ត​កណ្តាល។ នៅក្នុងសំណុំរឿង​ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានដកហូត​សិទ្ធិ​បោះឆ្នោត ​និង​ឈរឈ្មោះ​បោះឆ្នោតរបស់លោក រ៉ុង ឈុន ​ជាអចិន្ត្រៃយ៍៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង