en     km
en     km

តុលាការបំភ្លឺឆ្លើយទៅនឹងអ្វីដែលខ្លួនបានសម្រេចផ្តន្ទាទោសឱ្យលោក កឹម សុខា ជាប់ទោស២៧ឆ្នាំ

Share

ភ្នំពេញ៖ បន្ទាប់ពីសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យមានទោស២៧ឆ្នាំនិងដកសិទ្ធិធ្វើនយោបាយផងនោះ គឺនៅថ្ងៃទី០៣ ខែមីនានេះដដែរនេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនរៀបរាប់ពីទោសកំហុសរបស់លោក កឹម សុខា  ដែលហាក់កំពុងឆ្លើយតបទៅនឹងការរិះគន់នានាពីស្ថានទូតលោកខាងលិច អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួនដែលកំពុងចោទសួរពីដំណើរការលទ្ធិប្រជាធិបតេយ្យធាក់ថយក្រោយ។

សេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកម្រាស់បីទំព័របានរៀបរាប់ពីអង្គហេតុ និងអង្គច្បាប់ដែលឈានដល់ការសម្រេចទុកយ៉ាងចាស់ដៃលើអ្នកនយោបាយចាស់វស្សាឱ្យចេញពីផ្ទះមិនរួច និងថ្លោះសិទ្ធិស្ទើរគ្រប់យ៉ាងក្នុងនាមជាអ្នកនយោបាយ ដោយសូម្បីតែជួបជាមួយអ្នកដទៃ វាលលែងតែសមាជិកគ្រួសាររបស់ខ្លួន។

អ្វីរឹតតែធ្ងន់កទៀតនោះ គឺតុលាការភ្នំពេញបានផ្តល់សិទ្ធិដល់កម្លាំងសមត្ថកិច្ច​ ធានាអនុវត្តវិធានការត្រួតពិនិត្យតាមផ្លូវតុលាការបានទៀតផង ពិសេសនោះ ករណីបើសិនលោក កឹម សុខា បំពានកាតព្វកិច្ចតុលាការនោះលោកនឹងត្រូវបញ្ជូនខ្លួនទៅឃុំនៅក្នុងគុកវិញ។

ការសម្រេចដែលត្រូវបានស្ថានទូតប្រទេសលោកសេរីសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភពីការដើរប្រាដចាកពីគន្លងប្រជាធិបតេយ្យនេះ ត្រូវបានតុលាការបង្ហាញទល្ហ៉ីករមួយចំនួនថា មកពីការប្រព្រឹត្តិរបស់លោក កឹម សុខា គឺជាទង្វើជួយជ្រោមជ្រែង ឃុបឃិត ត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេសជាសម្ងាត់ក្នុងបំណងមកផ្តួលរំលំរដ្ឋាភិបាល។ តុលាការចាត់ទុកសកម្មភាពបែបនេះ គឺអាចនាំឱ្យកើតមានការប្រើប្រាស់កម្លាំងមហាជន ឬនាំឱ្យកើតមានបដិវត្តន៍ពណ៌ធ្វើឱ្យអស្ថិរភាពសង្គម គ្រោះថ្នាក់ដល់សន្តិសុខ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពិសេសសន្តិភាពដែលប្រឹងកសាងនឹងត្រូវបាត់បង់។

ចំពោះមុខរងើកភ្លើងបដិវត្តន៍នេះ តុលាការបញ្ជាក់ថាត្រូវផ្តន្ទាទោសលោក កឹម សុខា ចំនួន២៧ឆ្នាំ ឃុំខ្លួននៅក្នុងផ្ទះ ដែលតុលការថា ទង្វើក្បត់ជាតិផ្ទុយពីច្បាប់មិនមែនជាការជំរុញលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចលោក កឹម សុខា តែងយកមកធ្វើជាឈ្នាន់ប្រមូលកម្លាំងមហាជនមកចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ។

លោក កឹម សុខា ត្រូវបានតុលាការសម្រេចទោសជាប់ឃុំក្នុងផ្ទះនៅខណ្ឌទួលគោក រាជធានីភ្នំពេញចំនួន២៧ឆ្នាំ។ ក្នុងសេចក្តីសម្រេចបានកំណត់ឱ្យលោក កឹម សុខា ដែលមានប្រភពចេញពីប្រធានអង្គការសិទ្ធិមនុស្សមួយដ៏ល្អ ឱ្យអនុវត្តតាមកាតព្វកិច្ចតុលាការ ក្នុងនោះមិនឱ្យចេញពីផ្ទះលុះណាមានការអនុញ្ញាតពីតុលាការ។ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗត្រូវដកហូតទាំងស្រុងរបស់ដល់ផុតកំណត់នៃអំណាចសាលក្រម។

ជាការកត់សម្គាល់ ស្ថានទូតមហាអំណាចពិភពលោកគឺទូតសហរដ្ឋអាមេរិកនៅកម្ពុជា ទូតចក្រភពអង់គ្លេស និងទូតអូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការសោកស្តាយចំពោះការសម្រេចលើលោក កឹម សុខា នេះ។

ទូតទាំងនោះ យល់ថា ព្រឹត្តិការណ៍នៅថ្ងៃនេះ បានរុញនាវាកម្ពុជាចេញពីគន្លងប្រជាធិបតេយ្យដែលរដ្ឋាភិបាលប្រឹងប្រែងកែលម្អកន្លងមក។ទូតទាំងអស់នោះអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញ ព្រោះការសម្រេចនេះនឹងអាចធ្វើឲ្យប៉ះពាល់ មុខមាត់ប្រទេសកម្ពុជា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង