en     km
en     km

បក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនសកម្មជនបក្សថាជាទង្វើធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ

Share

ភ្នំពេញ៖ គណបក្សភ្លើងទៀនកាលពីថ្ងៃទី០៤ ខែមិថុនា ម្សិលមិញបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយចាត់ទុកហេតុការណ៍សមត្ថកិច្ចចាប់ឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀនមួយរូប ថាជាទង្វើធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលផ្ទុយពីច្បាប់និងរដ្ឋធម្មនុញ្ញ។ យ៉ាងណា​ សមត្ថកិច្ចភ្នំពេញបំភ្លឺថា ការឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀននេះ គឺអនុវត្តតាមនីតិវិធីច្បាប់ព្រោះមានពាក់ព័ន្ធបទចោទក្លែងបន្លំឯកសារសារធារណៈ។

លោក រឿន សុភាន់ ជូនសេចក្តីរាយការណ៍

បន្ទាប់ពីលោក មឿក ឆាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខណ្ឌមានជ័យ និងជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងការចាប់ខ្លួន គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានចាត់ទុកថា ជារូបភាពមួយបង្ហាញពីចេត នាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើសមាជិកបក្សរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់បក្សភ្លើងទៀន បានរំលឹកថា លោក មឿក ឆាន ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី ១ ឃាត់ខ្លួន ក្រោយពីបានទៅបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចកាលពីថ្ងៃទី០៣​ ខែមិថុនា ឆ្នាំ២០២៥។

សម្រាប់បក្សប្រឆាំងយល់ថា ការចាប់ឃាត់ខ្លួនសកម្មជនរបស់ខ្លួននេះ បានស្តែងច្បាស់ពីសកម្មភាពគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ បង្គប់បំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សមាជិកគណបក្សភ្លើងទៀន។

ជាការប្រកាសតបនឹងសកម្មភាពចាប់ខ្លួនសកម្មជននយោបាយខាងលើ គណបក្សភ្លើងទៀន សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវដោះលែង លោក មឿក ឆាន រួមទាំងសកម្មជនគណបក្សទាំងអស់ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើសកម្មជនគណបក្ស ភ្លើងទៀន តទៅទៀត។

លោក មឿក ឆាន។រូបភាពពីបក្សភ្លើងទាន។

ជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺរបស់ខ្លួនភ្លាមៗដោយបញ្ជាក់ថា ការឈានទៅចាប់ឃាត់ខ្លួនលោក ​មឿក ឆាន គឺដោយសារសមត្ថកិច្ចទទួលបានចម្លើយសារភាព និងប្រមូលបានភស្តុតាង បញ្ជាក់ថា បុគ្គលខាងលើមានជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារសារធារណៈ ដែលមានឈ្មោះ ឡេង វ៉ាន់ឌី ជាអ្នកប្តឹង។

សមត្ថកិច្ចរាជធានីភ្នំពេញ បញ្ជាក់ភាពស្អាតស្អំថា ខ្លួនអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។

បន្ថែមពីនេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំបដិសេធ និងច្រានចោលទាំងស្រុងរាល់ការចោទប្រកាន់ ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន។

​របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៣របស់ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​ដែល​​ចេញផ្សាយ​ជា​សាធារណៈ​កាលពីខែមេសាឆ្នាំមុនបានបញ្ជាក់ថា ការ​ចាប់​ខ្លួន​តាម​តែ​អំពើចិត្ត ឬ​ការ​ឃុំខ្លួន​ដោយ​បំពាន​ចំពោះ​អ្នក​ទោស​នយោបាយ​ បាន​បន្ត​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍ដដែល ​​បង្ហាញទៀត​ថា​ គិត​ត្រឹម​ខែ​តុលាការ​ឆ្នាំ២០២៣ មាន​ការ​ចាប់ខ្លួន​តាម​តែអំពើ​ចិត្ត​ចំនួន ​៤០ករណី​ទៅ​សកម្មជន​នយោបាយ​២៨នាក់​ ក្នុង​នោះ​មាន​១១នាក់​ត្រូវបាន​ដក​ហូត​ដីធ្លី​ ហើយ​ម្នាក់​ជា​សមាជិក​សហជីព។

បើតាម​របាយការណ៍ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​ដែលផ្អែកតាមទិន្នន័យពីអង្គការ​ក្រៅ​រដ្ឋាភិបាលនៅកម្ពុជា​ដែល​ធ្វើការ​ក្នុងវិស័យ​សិទ្ធិមនុស្ស​ បាន​ប៉ាន់ស្មាន​ថា​ ចំនួន​នៃការ​ចាប់​ខ្លួន​ និង​ការ​ឃុំ​ខ្លួន​តាម​តែ​អំពើចិត្ត​មាន​ចំនួន​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយសារ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​សង​សឹក​ ជនរងគ្រោះ​និង​គ្រួសារ​របស់​ពួកគេ​ពុំហ៊ាន​រាយការណ៍​អំពី​ឧប្បត្តិ​ហេតុ​នោះទេ​៕

អត្ថបទដោយ រឿន សុភាន់

Share

ព័ត៌មានទាក់ទង